សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្មកររោងចក្រដែលផ្គត់ផ្គង់ផលិតផលឱ្យ Puma បាត់បង់ការងារជាថ្មី ដោយចោទថាកើតចេញពីការរើសអើងសហជីព

កម្មកររោងចក្រ East Crown បោះឆ្នោតជ្រើសរើសតំណាងសហជីពរបស់ពួកគេកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)
កម្មកររោងចក្រ East Crown បោះឆ្នោតជ្រើសរើសតំណាងសហជីពរបស់ពួកគេកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

កម្មករ​ចំនួន​១៣​នាក់​ដែល​បម្រើ​ការ​នៅ​រោងចក្រ​ផ្គត់​ផ្គង់​ផលិត​ផល​ឱ្យ​ក្រុម​ហ៊ុន​ Puma បាន​បាត់​បង់ការងារ​ក្រោយពីបាន​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​សហជីព​កាលពី​ដើម​ឆ្នាំនេះ​។​

សកម្ម​ជន​សិទ្ធិការងារ និង​សមាជិក​សហជីពបាន​លើក​ឡើងថា ​រោងចក្រ​ដេរស្បែក​ជើង​ East Crown ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ខេត្ត​កណ្ដាល​នេះ បាន​​បញ្ឈប់​សហជីព និង​បំពាន​លើ​សិទ្ធិ​កម្ម​ករ​ជា​ច្រើន​លើក​ច្រើន​សារ​។​​

ប្រធាន​សហជីព អ្នកស្រី សឹង វទុម លើក​ឡើង​ថា៖ «ខ្ញុំ​គិត​ថា​នេះជា​ការ​រើស​អើង​សហជីព មិន​បាន​បញ្ឈមប់តាម​ច្បាប់​ការងារ»។​

អ្នកស្រី វទុម បាន​ជាប់​ឆ្នោត​ជា​ប្រធាន​សហជីព​កាលពី​ខែ​កុម្ភៈ ហើយ​ក្រោយពី​ចប់​​កិច្ច​សន្យា​ការងារ​​ខ្លី​របស់ខ្លួន​កាលពីថ្ងៃទី​១៥ ខែឧសភា អ្នកស្រី វទុម មិន​ត្រូវ​បានខាង​រោងចក្រ​បន្ត​កិច្ច​សន្យា​​ការងារឱ្យ​ទៀត​ទេ។ កាលពី​ខែ​មេសា សមាជិក​សហជីព​ប្រចាំ​រោងចក្រ​ចំនួន​១៣​នាក់ ក្នុង​ចំណោម​១៦ មិន​បាន​ទទួល​កិច្ច​សន្យាការងារ​រយៈ​ពេល​ខ្លី​ពី​ខាង​រោង​ចក្រ​ទៀត​ទេ​។​

សមាជិក​សហជីព​ប្រាំ​បួន​រូប រួម​ទាំង​អ្នកស្រី វទុម កាល​ពីលើក​​មុន​ក៏​ធ្លាប់​បាត់​បង់​ការងារ​ម្ដង​រួច​មក​ហើយ​ពេល​ពួក​គេ​ព្យាយាម​បង្កើត​សហជីព​នៅក្នុង​រោងចក្រ​ក្នុង​ខែ​សីហា​។​​

អ្នកស្រី​បន្ត​ថា៖ «​ទាំងលើក​ទី​១ និង​លើក​ទី​២ ពួកគេ​រើស​អើង​ពួក​យើង។ ពួកគេ​នៅ​តែ​មិន​លើក​លែង​ឱ្យ​ពួក​យើង»។ អ្នកស្រីបន្ថែមថា៖ «​ខ្ញុំ​គិត​ថា​បើ​សិន​ជា​ អ្នក​បញ្ជាទិញ​ [Puma] ដាក់​សម្ពាធ​លើ​ក្រុម​ហ៊ុន ពួកគេ​នឹង​ទទួល​ពួក​យើង​ចូល​ធ្វើ​ការងារ​វិញ​»។​

កាល​ពី​ឆ្នាំ​កន្លង​ទៅ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា ​សង់ត្រាល់ បាន​អំពាវ​នាវ​ឱ្យ​ក្រុម​ហ៊ុន​ស្បែក​ជើង​ដ៏​ធំ​របស់​អាល្លឺម៉ង់​ Puma ឱ្យជំរុញ​ទៅ​រោងចក្រ​ទទួល​អ្នក​ស្រី វទុម និង​សហការី​ឱ្យ​ចូល​ធ្វើ​ការ​វិញ ហើយ​អ្នក​ទាំង​នោះ​ក៏​បាន​ទទួលធ្វើ​ការងារ​វិញ​នៅ​ដើម​ខែ​មករា​។​

​ច្បាប់​ស្ដីពី​សហជីព​របស់​កម្ពុជា​បាន​ហាម​ឃាត់​ «​ការរើស​អើង​លើ​សកម្ម​ភាព​សហជីព​នៅ​ក្នុង​រោង​ចក្រ» ដោយ​រួម​ទាំង​ «លក្ខខណ្ឌនៃ​ការបន្តកិច្ច​សន្យាការងារ​ថ្មី​ផង​»។​

អង្គការ​ Human  Rights Watch និងក្រុម​អង្គការ​ធ្វើ​ការ​លើ​សិទ្ធិ​ការងារ​បាន​ចាត់​ទុក​ថា ​ការប្រើ​​កិច្ច​សន្យាការងារ​រយៈពេល​ខ្លី ជា​វិធី​គន្លឹះ​របស់​រោងចក្រ​ក្នុង​ការ​គ្រប់​គ្រង​កម្មករ រួម​ទាំង​ការ​គំរាម​កំហែង​ប្រឆាំង​នឹង​ការ​បង្កើត​សហជីព និង​ការតស៊ូ​មតិ​ផង​ដែរ​។​

​អ្នកស្រី អាន យូសា អនុប្រធានសហជីព បាន​បាត់​បង់​ការងារ​លើក​ដំបូង​នៅ​ក្នុងខែ​​តុលា​ ឆ្នាំ​មុន ហើយ​ក៏​បាន​បាត់​បង់​ម្ដង​ទៀត​ដោយ​ខាង​រោង​ចក្រ​មិន​បន្ត​កិច្ច​សន្យាការងារ​ឱ្យ​នៅថ្ងៃទី​១១ ​ខែមេសា។ អ្នកស្រី និង​ស្វាមី ឯម សម្បត្តិ ដែល​ជា​ប្រធានសហជីព​ជាប់​ឆ្នោត​ ក៏​បាន​វិល​ត្រឡប់​​​ទៅ​ស្រុក​កំណើត​ក្នុង​ខេត្ត​ព្រៃ​វែង​វិញ​។​ អ្នក​ស្រី យូសា បាន​ត្រឡប់​ទៅ​ធ្វើ​ស្រែវិញ ហើយ​ស្វាមី​បាន​ទៅ​ធ្វើ​ជា​អ្នក​បើក​រថយន្តដឹក​ដី​ ប៉ុន្តែ​ចំណូល​អ្នក​ទាំង​ពីរ​មិន​គ្រប់​គ្រាន់​សម្រាប់​ទ្រទ្រង់គ្រួសារ​នោះ​ទេ​។​

​អ្នក​ស្រី​ឱ្យ​ដឹង​ថា៖ ​«​ខ្ញុំ​មិន​បាន​រក​ប្រាក់​អ្វី​ទៀត​ទេ ព្រោះ​ខ្ញុំ​នៅ​ផ្ទះ…​ហើយ​ប្ដី​ខ្ញុំ​វិញ​បាន​ទៅ​ធ្វើ​ជា​អ្នក​​បើក​ឡាន​ដឹក​ដី​​មួយ​សប្ដាហ៍​ហើយ តែ​មិន​ទាន់​មាន​ការងារ​ធ្វើ​ទេ ព្រោះ​តែ​ភ្លៀង​ពេក​»។​

​អ្នក​ស្រី​ វទុម ឱ្យ​ដឹង​ថា​​ កាលពី​ថ្ងៃទី​៥ ខែមិថុនា សមាជិក​សហជីព​បាន​ជួប​ជាមួយ​ក្រុម​ហ៊ុន និង​ក្រ​សួង​ការងារ ប៉ុន្តែ​មិន​មាន​ដំណោះ​ស្រាយ​ទេ​។ អ្នកស្រី​ឱ្យ​ដឹង​ទៀត​ថា អ្នកស្រី​មាន​​សង្ឃឹម​​តិច​ណាស់​លើ​​ក្រ​សួង​ការងារ​​ដែលថា ​​បាន​សម្រប​សម្រួល​លើ​ការ​ចរចា ដើម្បី​អាច​នាំ​ឱ្យ​អ្នក​ស្រី​បាន​ចូល​ធ្វើ​ការ​វិញ​នោះ​។​ អ្នកស្រី​បន្ត​ស្នាក់​នៅ​ទីក្រុង​ភ្នំពេញ និង​ថា​អ្នក​ស្រី​កំពុង​មាន​ការ​ពិបាក​ក្នុង​ការ​ចំណាយ​លើ​ថ្លៃ​ជួល​ផ្ទះ​។​ 

សមាជិក​សហជីព​ក៏​បាន​ឱ្យ​ដឹង​ដែរថា​ ពួកគេ​បាន​ប្រឈម​នឹង​ការ​រំលោភ​បំពាន​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​បន្ទាប់​ពី​ពួក​គេ​បាន​ចង​ក្រង​សហជីព​។​ បើ​តាម​របាយការណ៍​របស់​កម្មករ​ដែល​ចង​ក្រ​ង​ដោយ​អង្គការ​សង់ត្រាល់ សមាជិក​សហជីព​ត្រូវ​បាន​តាម​ដាន​​​យ៉ាង​ស្អិត​ពី​បុគ្គលិក​ផ្សេង​ទៀត រួម​មាន​ការ​ថត​ជា​វីដេអូ រូប​ថត និង​តាម​ទៅ​ដល់​ផ្ទះ​ជា​ដើម​។ ​សមាជិក​សហជីព​ផ្សេង​ទៀត​បាន​រាយការណ៍​ថា ​ពួក​ខ្លួន​ត្រូវ​គេ​រិត​ត្បិត​លើ​ការ​ធ្វើ​ការ​ថែម​ម៉ោង​ផង​ដែរ​។​​

​សមាជិកម្នាក់ត្រូវបាន​រាយការណ៍​ថា ​បាន​ស្រែក​ដាក់​សមាជិក​សហជីព ដោយ​បាន​ស្រែក​ជេរ​​ដូច​ជា​ពាក្យថា «មីថោក» និង «​មីអត់ប្រយោជន៍»។ វទុម និង​សមាជិក​សហជីព​ផ្សេង​ទៀត បាន​ចោទ​ប្រកាន់​បុគ្គលិក​ផ្សេង​ទៀត​ថា​បាន​រុញច្រាន និងធ្វើ​បាប​រាង​កាយ​​លើ​អ្នកស្រី ព្រម​ទាំង​បាន​កញ្ឆក់​យកឯកសារ​សហជីព​ពី​ដៃ​អ្នក​ស្រី​ទៀត​ផង​។​

អ្នក​គ្រប់​គ្រង​គម្រោង​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ មាន​ប្រសាសន៍ថា​ មេដឹក​នាំ​សហជីព​ជាប់​ឆ្នោត និង​ស្ថាបនិក គឺ​ត្រូវ​ទទួល​បាន​ការគាំពារ​ពិសេស​​រួច​ផុត​ពី​ការ​បញ្ឈប់​ពី​ការងារ​ទាំង​មុន​ពេល​ អំឡុង​ពេល និង​ក្រោយ​ពេល​ជាប់​ជា​ប្រធា​នសហជីព។ លោកបន្ថែម​ថា ការ​ប្រព្រឹត្ត​របស់​បុគ្គលិក​ដែល​ឈាន​ដល់​ការ​យាយី​សមាជិក​សហជីព គឺ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​​ប្រព្រឹត្ត​ខុស​ធ្ងន់​ធ្ងរ និង​ថា​បុគ្គលិក​រូប​នោះ​គួរ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​ផ្អែក​តាម​ច្បាប់​ស្ដីពី​ការងារ​។​

លោក​បន្ថែម​ថា៖ «​អង្គការ​សង់​ត្រាល់​ទាមទារ​ថា ​អ្នក​ដែល​បាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​បំភិត​បំភ័យ គំរាម​កំហែង និង​យាយី​ប្រឆាំង​នឹង​មេដឹក​នាំ ឬ​ស្ថាបនិក​សហជីព គួរ​​តែ​ទទួល​នូវ​ចំណាត់​ការ​ជាក់​លាក់​ភ្លាមៗ»

សមាជិក​សហជីព​នៅ​រោង​ចក្រ​ East Crown ម្នាក់​ដាក់​សន្លឹក​ឆ្នោតចូល​ប្រអប់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​​មេដឹកនាំ​សហជីព​របស់​ពួកគេ​​ ​កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

តំណាង​​ក្រុម​ហ៊ុន​ Puma ប្រាប់​ខេមបូចា​តាម​រយៈ​អ៊ីម៉ែល​ថា ថ្នាក់​គ្រប់​គ្រង​ក្រុម​ហ៊ុន​ Eastcrown បាន​ចូល​រួម​សិក្ខាសាលា​កាល​ពី​ឆ្នាំ​២០២១ ដែល​រៀប​ចំ​ដោយ​ Puma និង​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា ដែល​ពេល​នោះ​មាន​និយាយ​ពី​ «​សិទ្ធិ និង​កាតព្វកិច្ច​របស់​និយោជក តំណាង​សហជីព និង​កម្មករ និង​ទំនាក់​ទំនង​នៅ​កន្លែង​ការងារ​»។​

​លោក វ៉ាន់ អ៊ី ហុង រដ្ឋបាល​រោងចក្រ​ដេរ​ស្បែក​ជើង Eastcrown បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា ​រោង​ចក្រ​បាន​រើស​អើង​លើ​សមាជិក​សហជីព។ លោក​ថា ការ​បញ្ឈប់​កម្មករ​គឺ​ធ្វើ​ឡើង​ដោយ​សារ​តែ​វិបត្តិ​សេដ្ឋកិច្ច​សកល ដែល​នាំ​ឱ្យ​មាន​ការ​បញ្ឈប់​កម្មករ​ទ្រង់ទ្រាយ​ធំ​ទូទាំង​រោងចក្រ​។​

លោក​លើក​ឡើង​ថា៖ ​«​នេះ​គ្រាន់​តែ​ជា​ការ​ចោទ​ប្រកាន់ ប៉ុន្តែជាក់​ស្ដែង​ក្រុម​ហ៊ុន​បាន​ប្រកាស​ថា​ក្រុម​ហ៊ុន​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​សកល»។ លោក អ៊ីហុង បន្តថា៖ «ដូច​នេះ​ផ្អែក​តាម​កិច្ច​សន្យាការងារ អ្នក​ដែល​មាន​កិច្ច​សន្យា​ត្រូវ​ចប់ គឺខាង​ក្រុម​ហ៊ុន​មិន​បន្ត[ការងារ]​ឱ្យ​ទេ»។​

លោក​បន្ត​ទៀត​ថា បើ​សិន​ជា​រោង​ចក្រ​បាន​ទទួល​ការ​បញ្ជា​ទិញ​ល្អ នោះ​ក្រុម​ហ៊ុន​នឹង​ជួល​កម្មករ​ទាំង​នោះ​វិញ។​

លោកបន្ថែម​ថា៖ ​«​បើ​សិន​ជា​មាន​ទំនិញ​ត្រូវ​ធ្វើ​ច្រើន យើង​នឹង​ហៅ​បុគ្គលិក​មាន​បទ​ពិសោធន៍​មក​វិញ​។ ក្រុម​ហ៊ុន​នៅ​តែ​ត្រូវការ​ [ពួកគាត់]»។​

ទាក់​ទង​នឹង​ការ​លើក​ឡើង​ថា​មាន​ការ​ធ្វើ​បាប​រាង​កាយ​លើ​ អ្នកស្រី វទុម លោក ហុង ថា​ក្រុម​ហ៊ុន​បាន​ប្រគល់​កិច្ច​ការ​នេះ​ទៅ​ឱ្យ​សមត្ថកិច្ច។​

លោក ណេង សុធានី មន្ត្រី​នគរបាល​ប៉ុស្ដិ៍​ចាក់អង្រែក្រោមបាន​ឱ្យ​ដឹង​ថា ​លោក​មិន​បាន​តាម​ដាន​ករណី​ចោទ​ប្រកាន់​រឿង​ធ្វើ​បាប​រាង​កាយ​ទេ ដោយថា​សមាជិក​សហជីព​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​លោក​។​

អ្នកស្រី វទុម មាន​ប្រសាសន៍​ថា​ខ្លួន​បាន​ជ្រើស​រើស​មិន​ប្ដឹង​ទៅ​នគរបាល ដោយថា​អ្នកស្រី​ជឿ​ថា​រឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិនិត្យ​របស់​ក្រ​សួង​ការងារ និង​ថា​គួរ​តែ​ត្រូវ​បាន​ដោះ​ស្រាយ​តាម​រយៈក្រ​សួង​ការងារមិន​មែន​នគរបាល​ទេ។​

​អ្នកនាំពាក្យ​ក្រ​សួង​ការងារ លោក ហេង សួរ មិន​អាចទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​។​

លោក Kerstin Neuber ប្រធាន​ផ្នែក​ទំនាក់ទំនង​ជាន់​ខ្ពស់​របស់​ Puma បាន​ប្រាប់​ខេមបូចា​តាម​រយៈ​អ៊ីម៉ែល​ថា តាំង​ពីខែ​មេសាមក ខាង​ក្រុម​ហ៊ុន​បាន​ទទួល​ផែនការ​បញ្ឈប់​បុគ្គលិក​របស់​រោង​ចក្រ ដែល​​នាំ​ឱ្យមានការ​បាត់​បង់ការងា​រ​ជា​ច្រើន បាន​សម្ភាសថ្នាក់​ដឹក​នាំ​សហជីព​ចំនួន​បី​នាក់ និង​បាន​ចុះ​ទៅ​ទស្សនកិច្ច​ផ្ទាល់​មួយ​​កន្លែង​ផង​ដែរ។​

​លោក​សរសេរ​ទៀត​ថា៖ «​កម្មករ​ដែល​ត្រូវ​ជ្រើស​រើស​ក្នុង​ការ​បញ្ឈប់ គឺ​ផ្អែក​ទៅ​លើការ​អស់​សុពល​ភាព​នៃ​កិច្ច​សន្យាការងារ យ៉ាងណា គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ[sic]នៅ​កម្ពុជា​បាន​សិក្សា​ពី​រឿង​នេះ​កាលពី​ដើម​ខែ​ឧសភា ហើយ​លទ្ធផល​គឺ​កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សាគ្នា​ជាមួយ​ថ្នាក់​គ្រប់​គ្រ​ង​រោង​ចក្រ»។​

​លោក​ឱ្យ​ដឹង​ទៀត​ថា ក្រ​សួង​ការងារ​បាន​ដឹង​ពី​សំណើ​របស់​សហជីពក្នុង​ការ​ទាម​ទារ​ឱ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ ហើយ​ថា​របាយការណ៍​របស់​ក្រសួង​រំពឹង​ថា​នឹង​ត្រូវ​ធ្វើ​រួច​រាល់​នៅ​ចុង​ខែ​កក្កដា​ខាង​មុខ។​

​លោក​បន្ថែមថា រោង​ចក្រ​ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​ចិន Xinlong Group «នៅ​តែ​ជា​ដៃគូ​សំខាន់» សម្រាប់​ Puma ហើយ «ប្រទេស​កម្ពុជា​ក៏​នៅ​តែជា​ប្រទេស​ផលិត​ដ៏​សំខាន់​ដែរ»។​

អ្នកស្រី​ វទុម ដែល​ជា​ថ្នាក់​ដឹក​នាំ​សហជីព​មួយ​រូប​ បាន​និយាយ​ថា​ សមាជិក​សហជីព​នឹង​នៅ​តែ​បន្ត​តស៊ូ​ទាម​ទារ​ឱ្យ​មាន​ការ​ទទួល​យក​កម្មករ​ចូល​ធ្វើ​ការ​វិញ បើ​ទោះបីជា​ក្រសួង​ការងារ និង​ក្រុម​ហ៊ុន​ Puma មិន​​បាន​ជួយ​ឱ្យ​ពួក​គេ​បាន​ការងារ​វិញ​ក៏​ដោយ​។​

​អ្នកស្រីបន្ថែម​ថា៖ «​​យើង​នឹង​បន្ត​ដាក់​ពាក្យ​បណ្ដឹង ដោយ​មិន​បោះបង់ទេ»

ប្រែសម្រួលពីអត្ថបទអង់គ្លេស៖ Puma-Supplier Employees Lose Their Jobs Again in Alleged Union-Busting

519 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម