គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច នាថ្ងៃពុធ បានបោះឆ្នោតជាឯកច្ឆ័ន្ទជ្រើសរើសព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាបុត្រច្បងរបស់សម្តេចក្រុមព្រះនរោត្ដម រណឫទ្ធិ ជាព្រះប្រធានថ្មីគណបក្សនេះ ក្រោយពីមានជម្លោះផ្ទៃក្នុងអស់ជាច្រើនខែមក។
សមាជគណបក្សនេះ ក៏បានសម្រេចតែងតាំងអនុប្រធានថ្មីចំនួន៣នាក់ផងដែរ ដែលក្នុងនោះមានលោក ឆឹង ចំរើន លោក ពៅ អៀងគ្រី និង លោក ប៉ោ ប៊ុនស្រ៊ឺ ខណៈដែលសមាជិកជាន់ខ្ពស់ភាគច្រើនត្រូវបានតែងតាំងជាទីប្រឹក្សាបក្ស។
សមាជវិសមញ្ញរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានការចូលរួមពីសមាជិកមកពីថ្នាក់រាជធានី ខេត្ត និងថ្នាក់ស្រុកចំនួន៥០០នាក់នាថ្ងៃទី៩កុម្ភៈ ក៏បានបង្កើតក្រុមប្រឹក្សាជាន់ខ្ពស់សម្រាប់ផ្តល់យោបល់ដែលនឹងមានតួនាទីផ្តល់ជាគំនិតយោបល់ដល់ប្រធានគណបក្សជុំវិញទស្សនៈវិស័យ និងគោលនយោបាយរបស់គណបក្សនេះ។
ថ្លែងទៅកាន់អង្គសមាជ ព្រះអង្គម្ចាស់ ចក្រាវុធ បានសន្យាថានឹងដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចឱ្យទទួលបានប្រជាប្រិយភាពឡើងវិញ ខណៈត្រៀមចូលរួមការបោះឆ្នោតឃុំសង្កាត់ដែលនឹងឈានមកដល់ឆាប់ៗនេះ។
ព្រះអង្គម្ចាស់ ចក្រាវុធ មានព្រះរាជបន្ទូលថា៖«ខ្ញុំក្នុងឋានៈជាព្រះប្រធានគណបក្ស ខ្ញុំសូមប្រកាសជាឱឡារិកនៅចំពោះមុខអង្គសមាជវិសាមញ្ញដោយឧត្ដុងឧត្ដមថា ខ្ញុំនៅការពារគណបក្សឱ្យនៅគង់វង្សជាអមតៈ ដង្ហែរព្រំមាគារដឹកនាំ លោកតាខ្ញុំ សម្តេចបិតារបស់ខ្ញុំ នូវគោលនយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិ»។ « ខ្ញុំនឹងខិតខំ ប្រមែប្រមូលអតីតអ្នករាជានិយមទាំងអស់ សីហនុនិយម រណឬទ្ធនិយម ដើម្បីគណបក្សទទួលបានជ័យជំនះសារជាថ្មី»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គណបក្សហ៊្វុនស៊ិនប៉ិច ដែលទន់ខ្សោយជាយូរមក បានជួបប្រទះបញ្ហាជម្លោះផ្ទៃក្នុង ជាពិសេសនៅពេលដែលព្រះរាជសុខភាពរបស់ព្រះអង្គម្ចាស់រណឫទ្ធិបានធ្លាក់ចុះដោយសារគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៨។ ភាពចម្រូងចម្រាសលើបេក្ខភាពប្រធានគណបក្សនេះបានផ្ទុះឡើងបន្ទាប់ពីការសោយទិវង្គតរបស់ព្រះអង្គនៅចុងឆ្នាំ២០២១ ដោយសារតែមានអ្នកគាំទ្រព្រះអនុជ នរោត្តម អរុណរស្មី ដែលជាម្តាយមីងរបស់ព្រះអង្គម្ចាស់ចក្រាវុធ ប្រជែងជាមួយបក្ខពួករបស់ព្រះអង្គម្ចាស់ចក្រាវុធ។
កាលពីថ្ងៃទី៤ ខែកុម្ភៈ ខុទ្ទកាល័យរបស់ព្រះអនុជ នរោត្តម អរុណរស្មី បានប្រកាសថាអ្នកអង្គម្ចាស់សម្រេចដកខ្លួនចេញពីគណបក្ស ដោយបញ្ជាក់ថា នឹងមិនពាក់ព័ន្ធ ឬមានតួនាទីអ្វីនៅក្នុងបក្សទៀតទេ។
គណបក្សបានប្រកាសបើកទ្វារសម្រាប់ការផ្សះផ្សាក្នុងចំណោមក្រុមអ្នករាជានិយម ហើយព្រះអង្គម្ចាស់ ចក្រាវុធ បានប្រកាសពីកំណែទម្រង់ផ្ទៃក្នុងមួយចំនួន ដើម្បីបង្កើនកិត្យានុភាពបក្ស និងនាំមកនូវការបង្រួបបង្រួមផ្ទៃក្នុងឡើងវិញ។
មុនពេលសោយទិវង្គត សម្តេចក្រុមព្រះ បានពិភាក្សាពីការច្របាច់បញ្ចូលគ្នារវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ (KNUP) ដែលដឹកនាំដោយលោក ញ៉ឹក ប៊ុនឆៃ អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច។ នៅខែកញ្ញាឆ្នាំ២០២១ មេដឹកនាំបក្សទាំង២បានព្រមព្រៀងគ្នាច្របាច់បញ្ចូលគណបក្សរបស់ពួកគេមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ ។
អ្នកនាំពាក្យថ្មី របស់គណបក្សហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន បានថ្លែងថាគំនិតនៃការច្របាច់បញ្ចូលគ្នារបស់គណបក្សទាំងពីរនៅតែដដែល ដោយថានៅពេលនេះគណបក្សទាំងពីរកំពុងរង់ចាំពេលវេលាសាកសមប៉ុណ្ណោះ។ លោក បានលើកឡើងថា៖«គណបក្សហ្វ៊ុនស៊ិនប៉ិចបើកទ្វារសម្រាប់គ្រប់ភាគីចូលរួម មិនត្រឹមតែខ្មែររួបរួមជាតិប៉ុណ្ណោះទេ។ ហើយការបង្រួបបង្រួមនេះនឹងធ្វើឱ្យគណបក្សទទួលបានជោគជ័យម្តងទៀត»។
ធ្លាប់ជាគណបក្សដែលមានឥទ្ធិពលបំផុតនៅប្រទេសកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច បានឈ្នះការបោះឆ្នោតជាតិកាលពីឆ្នាំ១៩៩៣ ដែលពេលនោះត្រូវទទួលរងសម្ពាធដោយត្រូវចែកអំណាចជាមួយគណបក្សប្រជាជនកម្ពុជា។ នៅឆ្នាំ ១៩៩៧ ការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងកងកម្លាំងដែលស្មោះត្រង់នឹងគណបក្សប្រជាជន និងអ្នកដែលស្មោះត្រង់នឹងគណបក្សហ៊្វុនស៊ិនប៉ិច ដែលនាំឱ្យមានការបណ្តេញព្រះអង្គម្ចាស់រណឫទ្ធិ ចេញពីអំណាច ហើយការណ៍នេះធ្វើឱ្យគណបក្សហ៊្វុនស៊ិនប៉ិចចុះខ្សោយយ៉ាងឆាប់រហ័ស។ នៅឆ្នាំ១៩៩៨ គណបក្សហ្វ៊ុនស៊ិនប៉ិច បានទទួលអាសៈសភាចំនួន៤៣ បន្ទាប់មកធ្លាក់មកនៅ២៦នៅឆ្នាំ២០០៣ ហើយមកនៅត្រឹមតែ២អាសនៈប៉ុណ្ណោះនៅឆ្នាំ២០០៨។ គណបក្សនេះ មិនទទួលបានអាសនៈទៀតនោះទេនៅពេលបោះឆ្នោតថ្នាក់ជាតិនាឆ្នាំ២០១៣ និង២០១៨។
លោក មាស អូន ក្រុមប្រឹក្សាស្រុកគណបក្សហ្វ៊ុនស៊ិនប៉ិច ក្នុងខេត្តព្រៃវែង បានគាំទ្រគណបក្សតាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ។ បុរសវ័យ៦៨ឆ្នាំរូបនេះ មានប្រសាសន៍ថា លោកមានសុទិដ្ឋិនិយមថា គណបក្សលោកនឹងអាចទទួលបានអាសនៈមួយចំនួននៅក្នុងការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ។
លោកបានថ្លែងថា៖ «ខ្ញុំជឿថាយើងនឹងទទួលបានការគាំទ្រ ហើយយើងសង្ឃឹមថានឹងធ្វើបាន»។ លោកបានបន្ថែមថា៖ «ខ្ញុំស្រឡាញ់គណបក្សហ៊្វុនស៊ិនប៉ិច ហើយខ្ញុំនឹងបន្តគាំទ្ររហូតដល់ទីបញ្ចប់» ។
លោក សួន ពៅ អនុប្រធានប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិចខេត្តត្បូងឃ្មុំ បាននិយាយថាលោកជឿជាក់ថាក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់ចក្រាវុធ គណបក្សនេះនឹងទទួលបានប្រជាប្រិយភាពឡើងវិញ។
លោក បានថ្លែងថា៖« គាត់នឹងដឹកនាំគណបក្សទៅរកសន្តិភាព និងជ័យជំនះ»។ « យើងសង្ឃឹមឈ្នះបានអាសនៈខ្លះក្នុងការបោះឆ្នោតឃុំសង្កាត់ហ្នឹង ដោយសារតែពលរដ្ឋឥលូវគាត់ទទួលបានព័ត៌មានច្រើនពីគោលនយោបាយគ្រប់បក្សទាំងអស់»។
កម្ពុជា នឹងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣។ ចាប់តាំងពីគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំ ត្រូវបានរំលាយកាលពីឆ្នាំ២០១៧ អ្នកឃ្លាំមើលនយោបាយកម្ពុជា លើកឡើងថាការប្រកួតប្រជែងដែលមិនមានដៃគូណាសាកសមនឹងប្រកួតជាមួយគណបក្សប្រជាជននោះឡើយ។
គណបក្សប្រមាណជា៥០ កំពុងត្រៀមខ្លួនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិ។
អ្នកវិភាគបញ្ហាសង្គម លោក មាស នី កត់សម្គាល់ថា ធនធានមនុស្សដែលជាក្បាលម៉ាស៊ីនរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចជាច្រើន ត្រូវបានសម្លាប់ ឬកម្ទេចចោលស្ទើរតែអស់នៅឆ្នាំ១៩៩៧ ហើយរឿងអាស្រូវដែលកើតឡើងជាបន្តបន្ទាប់ក្នុងចំណោមមេដឹកនាំគណបក្សនេះ ក៏បានធ្វើឱ្យគណបក្សនេះបាត់បង់ការគាំទ្រ និងកាន់តែខ្សោយទៅៗ។
ទោះយ៉ាងណាក៏ដោយ លោក មាស នី បានលើកឡើងថាលោកនៅតែមានសុទិដ្ឋិនិយមចំពោះមនុស្សជំនាន់ក្រោយ ដែលមានការអប់រំប្រសើរ ហើយនឹងមកជំនួសមេដឹកនាំជំនាន់មុន។
លោក បានមានប្រសាសន៍ថា៖« យើងក៏រង់ចាំមើលដែរ ថាតើនឹងមានការខុសប្លែកគ្នាយ៉ាងម៉េចខ្លះពីអ្នកដឹកនាំចាស់ៗ ហើយវានឹងនាំមកនូវការកែទម្រង់សម្រាប់ប្រទេសជាតិ ក៏ដូចជានាំប្រទេសទៅកាន់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សមានការប្រសើរឡើងដែរឬទេ នេះជាអ្វីដែលយើងចង់បាន»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Ranariddh’s son elected as Funcinpec’s new president; pledges to restore the party’s reputation