ប្រជាពលរដ្ឋប្រមាណ១០០នាក់តំណាងឱ្យពលរដ្ឋចំនួន២៥០គ្រួសារដែលរស់នៅភាគខាងជើងនៃបឹងតាមោក ស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលកំពុងប្រឈមនឹងការបណ្ដេញចេញ បានធ្វើការតវ៉ាអស់រយៈពេលមួយសប្ដាហ៍មកហើយដើម្បីស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធចេញប្លង់កម្មសិទ្ធិស្របច្បាប់។
អ្នកស្រី សឿន ស្រីសុទ្ធ អាយុ៣២ឆ្នាំ បានរៀបរាប់ថា ហេតុដែលអ្នកស្រីសម្រេចធ្វើការតវ៉ានេះ ព្រោះអាជ្ញាធរបានចាក់ដីលុបបឹងកាន់តែខិតជិតនឹងផ្ទះរបស់អ្នកស្រី ខណៈអាជ្ញាធរនៅពុំទាន់មានការឆ្លើយតបទៅនឹងការស្នើសុំរបស់ប្រជាពលរដ្ឋនៅឡើយ។
អ្នកស្រី ស្រីសុទ្ធ និយាយថា៖ «ខ្ញុំឈឺចាប់ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋរស់នៅសង្កាត់សំរោងហ្នឹង ខ្ញុំមិនមែនទើបមកនៅ ខ្ញុំនៅតាំងឆ្នាំ១៩៩៨។ គាត់អត់ព្រមចេញប្លង់កម្មសិទ្ធិ សៀវភៅគ្រួសារឱ្យពួកខ្ញុំជាប្រជាពលរដ្ឋ ខ្ញុំឈឺចាប់ ព្រោះអីខ្ញុំជាប្រជាពលរដ្ឋខ្មែររស់លើដីខ្មែរ»។
ស្ត្រីប្រកបរបរនេសាទនិងចិញ្ចឹមត្រីរូបនេះ ស្នើសុំអាជ្ញាធរឱ្យពន្យាពេល៨ខែក្នុងការចាក់ដីលុបបឹង ព្រោះអ្នកស្រីត្រូវការប្រមូលផលពីការចិញ្ចឹមត្រីក្នុងបឹង។
ប្រជាពលរដ្ឋម្នាក់ទៀត អ្នកស្រី ខេង សាអយ អាយុ៣៦ឆ្នាំ បាននិយាយថា អ្នកស្រីនឹងធ្វើការទាមទាររហូតទាល់តែមានដំណោះស្រាយណាមួយដែលអាចទទួលយកបាន។
អ្នកស្រីឱ្យដឹងថា៖ «ពួកខ្ញុំស៊ូស្លាប់នៅកន្លែង គឺខ្ញុំអត់ចេញទេ។ ឱ្យដោះដូរទៅណាបើពួកខ្ញុំតស៊ូ ទម្រាំបានផ្ទះប៉ុណ្ណឹងនៅ ខ្ញុំទៅយកដីក្បាល១០ម៉ែត្រ៥ម៉ែត្រអី ខ្ញុំម៉េចសុខចិត្ត ផ្ទះខ្ញុំមានស្រាប់ ខ្ញុំធ្លាប់រស់នៅ២០ទៅ៣០ឆ្នាំហើយ។ កន្លែងនេះមានមន្ទីរពេទ្យ សាលារៀន ឱ្យខ្ញុំទៅនៅក្នុងព្រៃខ្ញុំអត់ទៅទេ»។
អ្នកស្រី ផន សុខុម ដែលជាតំណាងប្រជាពលរដ្ឋ បានថ្លែងថា ប្រជាពលរដ្ឋបានបដិសេធក្នុងការស្នើសុំដោះដូរដីពីសំណាក់អាជ្ញាធរ ព្រោះកន្លែងថ្មីនោះ ពុំអាចប្រកបរបរចិញ្ចឹមជីវិតបានឡើយ។ អ្នកស្រីឱ្យដឹងទៀតថា ក្នុងចំណោមប្រជាពលរដ្ឋចំនួន២៥០គ្រួសារ ក្នុងនោះមាន៣០គ្រួសារបានរស់នៅតាំងពីអំឡុងទសវត្សរ៍ទី៩០មក ខណៈអ្នកផ្សេងទៀត បានមកតាំងទីលំនៅជាបន្តបន្ទាប់។
អ្នកស្រី សុខុម បានសង្កត់ធ្ងន់ថា អាជ្ញាធរបានចាក់ដីលុបស៊ងចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋអស់ចំនួន២ ក្នុងចំណោមស៊ងចំនួន១០០ ដែលនេះក៏នាំឱ្យមានការផ្ទុះការតវ៉ាផងដែរ។ អ្នកស្រីបន្ថែមថា សំណង់បុរីមួយដែលទើបសាងសង់នៅក្បែរផ្ទះប្រជាពលរដ្ឋ ហើយជាតំបន់ដីស្រែប្រាំងដូចគ្នា ប៉ុន្តែមានប្លង់កម្មសិទ្ធិ។
អ្នកស្រី ប្រាប់ថា៖ «គាត់[បុរី]មានលុយគាត់មានឋានៈខ្ពស់ ចឹងគាត់ធ្វើបានទាំងអស់[ប្លង់កម្មសិទ្ធិ] កុំថាឡើយកន្លែងជាប់ខ្ញុំ សូម្បីនៅពីក្រោយខ្ញុំ[មានទឹក]ក៏មានរីសតដែរ។ រីសតរបស់ដណ្លងអភិបាលក្រុងឃួងស្រេង»។
ទោះយ៉ាងណា បើតាមតំណាងពលរដ្ឋ អ្នកស្រី សុខុម បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែមិថុនា អាជ្ញាធរនិងពលរដ្ឋបានប៉ះទង្គិចគ្នា ខណៈពលរដ្ឋព្យាយាមទៅហាមឃាត់គ្រឿងចក្រដែលកំពុងចាក់ដីលុបលើស៊ងចិញ្ចឹមត្រីពួកគាត់ ហើយអាជ្ញាធរបានចោទប្រកាន់ពលរដ្ឋថារឹងរូសនៅតែបន្តការតវ៉ា ព្រមទាំងគំរាមចាប់ដាក់គុកថែមទៀត។
អ្នកស្រី សុខុម បានបន្ថែមថា៖ «គាត់[អាជ្ញាធរ]ថាពួកយើងក្បាលរឹងណាស់ គេហាមឃាត់ហើយយើងនៅតែខំប្រឹងយកឈ្នះ។ គាត់នៅតែចាក់(ដី) (អាជ្ញាធរថា)អត់មានអ្នកណាមកហាមឃាត់គាត់បានទេ បើប្រជាពលរដ្ឋណាហ៊ានតតាំងគាត់ចាប់ដាក់គុកទាំងអស់»។
បើតាមតំណាងពលរដ្ឋរូបនេះ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍ក្រោយប្រជាពលរដ្ឋនឹងឡើងទៅតវ៉ាដល់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
គិតមកដល់ពេលបច្ចុប្បន្ន ផ្ទៃដីជិត២ពាន់ហិកតានៃទំហំសរុបជាង៣ពាន់ហិកតារបស់បឹងតាមោក ត្រូវបានផ្ទេរដោយអនុក្រឹត្យនានាទៅកាន់ក្រុមហ៊ុន និងបុគ្គលដែលមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើការអភិវឌ្ឍ។
អ្នកសារព័ត៌មានខេមបូចាពុំអាចសុំការអត្ថាធិប្បាយពីលោក យិន អ៊ីម ចៅសង្កាត់សំរោង, លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ និងលោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋាបាលរាជធានីភ្នំពេញបានទេ ដោយខលពុំមានអ្នកលើកទូរសព្ទ ខណៈលោកស៊ីម សុផង់ នាយករដ្ឋបាលខណ្ឌព្រែកព្នៅ បានបដិសេធឆ្លើយតាមទូរសព្ទ។
ចំណែកលោក ហែម ឫទ្ធី នាយករងរដ្ឋបាលខណ្ឌព្រែកព្នៅ នៅពេលសួរថាតើអាជ្ញាធរមាន ដំណោះស្រាយយ៉ាងដូចម្ដេចចំពោះការស្នើសុំរបស់ប្រជាពលរដ្ឋ។ លោក ឫទ្ធី បានប្រាប់អ្នកសារព័ត៌មានខេមបូចា ឱ្យពិនិត្យមើលករណីចាក់ស្ដែងថាតើពលរដ្ឋទាំងនោះរស់នៅកន្លែងណា?។
លោក ឫទ្ធី និយាយថា៖ «ឥឡូវអូនមើលជាក់ស្ដែងគាត់នៅមាត់ផ្លូវចំណីសាធារណៈចឹង។ អ្វីដែលផ្សេងទៀតខ្ញុំមិនទាន់ដឹងថាយ៉ាងម៉េចទេព្រោះមិនទាន់មានអ្វីអនុញ្ញាតឱ្យខ្ញុំឆ្លើយជាមួយសារព័ត៌មានពីថ្នាក់លើមក។
ក្រោយពេលប្រាប់ថា ពលរដ្ឋអះអាងថាបុរីដែលនៅក្បែរនោះបានធ្វើលើដីប្រភេទស្រែប្រាំងដូចគ្នាប៉ុន្តែមានប្លង់កម្មសិទ្ធិ ខណៈពួកគាត់រស់នៅតាំងពីទសវត្សរ៍៩០នៅតែពុំមានប្លង់។
លោក ឫទ្ធី ឆ្លើយតបថា៖ «អូនស្រាវជ្រាវផ្នែកផ្លូវច្បាប់ទៀតទៅ បងមិនឆ្លើយទេ»។
ជុំវិញការតវ៉ាស្នើសុំប្លង់កម្មសិទ្ធិនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានចម្ងល់ថាហេតុអ្វីបានជាប្រជាពលរដ្ឋទាំងនោះធ្វើការតវ៉ា ទាំងដែលអាជ្ញាធរពុំបានធ្វើអ្វី ដែលបង្កឱ្យមានការគំរាមកំហែងឡើយ។
លោក ស្រេង មានប្រសាសន៍ថា៖ «មានអីត្រូវតវ៉ាគេអត់មានធ្វើអីគាត់ផង គាត់មានរឿងអីត្រូវតវ៉ា»។
បន្ទាប់ពីប្រាប់ថាមានការចាក់ដីខិតកាន់តែជិតផ្ទះប្រជាពលរដ្ឋរស់នៅ ព្រមទាំងបានលុបស៊ងចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋ ទូរសព្ទត្រូវបានផ្ដាច់ ខណៈខលទៅម្ដងទៀត អភិបាលក្រុងរូបនេះប្រាប់ថាកំពុងនៅក្នុងតំបន់ដាច់ស្រយាល។
លោក ស៊ាង មួយឡៃ ប្រធានគម្រោងសិទ្ធិលំនៅឋាន និងស្រាវជ្រាវនៃអង្គការសមាគមធាងត្នោត មានប្រសាសន៍ថា តាមការចុះស្រាវជ្រាវពលរដ្ឋដែលរស់នៅតំបន់នោះ ពុំមែនទើបតែមកតាំងទីលំនៅថ្មីៗឡើយ ហើយអាជ្ញាធរថ្នាក់ក្រោមត្រូវផ្ដល់ព័ត៌មានពិតទៅកាន់ថ្នាក់ដឹកនាំជុំវិញករណីនេះ ដើម្បីឱ្យប្រជាពលរដ្ឋអាចទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់។
លោក មួយឡៃនិយាយថា៖ «ផ្ទៃបឹងតាមោកដែលស្ថិតនៅក្រោយផ្ទះប្រជាពលរដ្ឋមានការកាត់ផ្ទៃបឹងជាហូរហែ ចឹងមានការសាកសមអត់ដែលយើងឱ្យប្រជាពលរដ្ឋចាកចេញ ហើយយកដីយើងឱ្យអ្នកថ្មីបន្តទៀតជាអ្នកមានលុយ។ សម្រាប់ខ្ញុំ វាមិនសមទំនងនិងយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋនិងសង្គមរបស់យើង»។