សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋស្រុកថ្មគោលតំណាងឱ្យ៦ភូមិបានតវ៉ាប្រឆាំងក្រុមហ៊ុនឯកជនមួយដាក់គ្រឿងចក្របម្រុងបូមខ្សាច់ក្នុងអូរបូរាណមួយកន្លែង

លោក រិទ្ធ សាវង់ ឪពុកក្មេងម្ចាស់ក្រុមហ៊ុនបូមខ្សាច់ និងកម្មករ កំពុងរុះរើម៉ាស៊ីនក្រោយពេលអាជ្ញាធរណែនាំ ស្ថិតនៅក្នុងឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ។ ខេមបូចា/ សុខ សាវី
លោក រិទ្ធ សាវង់ ឪពុកក្មេងម្ចាស់ក្រុមហ៊ុនបូមខ្សាច់ និងកម្មករ កំពុងរុះរើម៉ាស៊ីនក្រោយពេលអាជ្ញាធរណែនាំ ស្ថិតនៅក្នុងឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ។ ខេមបូចា/ សុខ សាវី

ពលរដ្ឋប្រហែល៥០នាក់តំណាងឱ្យ៦ភូមិស្មើនឹងជាង១ពាន់គ្រួសារលើកគ្នាទៅតវ៉ាដល់សាលាស្រុក និង​ដល់​ទី​តាំង​ក្រុមហ៊ុនឯកជនមួយ ដើម្បីស្នើសុំអាជ្ញាធរអន្តរាគមន៍ឱ្យក្រុមហ៊ុន បញ្ឈប់​សកម្មភាពកាយ​អូរ​បូរាណដើម្បីបូមយកខ្សាច់​ដោយគ្មានច្បាប់នៅចំណុចទួលតាស្វាយ ភូមិ​ច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១០ ខែកក្កដា​ឆ្នាំ ២០២៣។

នៅពេលដែលពលរដ្ឋតវ៉ាដល់មុខសាលាស្រុកថ្មគោល មន្រ្តីសាលាស្រុកបានចេញមក​ប្រាប់​ពលរដ្ឋឱ្យនាំគ្នាទៅមូលដ្ឋានវិញភ្លាមៗ ដោយសន្យាថា អាជ្ញាធរនឹងចុះ​ទៅដោះស្រាយ​ដល់​ទី​តាំង​ក្រុមហ៊ុនតែម្តង។

ប្រជាពលរដ្ឋ​លោកប៉ាក់ ឈៀន បានថ្លែងថា ពួកខ្ញុំឡើងមកតវ៉ានេះដោយព្រួយបារម្ភថា​ក្រុមហ៊ុន​ធ្វើសកម្មភាព បូមខ្សាច់អាចធ្វើឱ្យបាក់ច្រាំង ប៉ះពាល់ផ្ទះសម្បែងពួកគាត់ដែលនៅ​ជាប់មាត់អូរ និងប៉ះពាល់ដល់ប្រជាពលរដ្ឋច្រើនភូមិ ដែលកំពុងប្រើប្រាស់ទឹកនិងស្រោចស្រព​ដំណាំពីអូរបូរាណនេះជាយូរមកហើយ។

លោក ឈៀន បន្ថែមថាក្រុមហ៊ុននេះបានមកជួលដីអ្នកភូមិមួយកន្លែងក្នុងទីតាំងខាង​លើដាក់​គ្រឿងចក្រ និងមានសម្ភារៈបូមខ្សាច់ប្រហែលមួយខែមកហើយ ដោយប្រជាពលរដ្ឋមិនស្គាល់​ឈ្មោះក្រុមហ៊ុន​ទេសូម្បីអាជ្ញាធរ ភូមិឃុំ ក៏មិនដឹងនោះដែរ។ ពលរដ្ឋបន្តថា មេការ​ក្រុមហ៊ុន​នេះ​​ប្រាប់អ្នកភូមិថាម្តងគេថាបូមខ្សាច់ ម្តងថាស្តារអូរ ធ្វើផ្លូវ មិនដឹងគោលបំណងអ្វីច្បាស់ លាស់​នោះទេធ្វើឱ្យប្រជាពលរដ្ឋ មានការសង្ស័យ និងព្រួយបារម្ភ ដេកមិនលក់។

លោក ឈាន ឱ្យដឹងថា៖ «បើសិនរដ្ឋចុះមកស្តារអូរពួកខ្ញុំយល់ព្រម តែនេះក្រុមហ៊នមាន​អេស្ការ​មួយគ្រឿង និង សម្ភារៈបូមខ្សាច់ ដើរកាយអូរចំណុចនេះបន្តិចចំណុចនោះបន្តិច ហើយកាយដីបិទមុខទឹកមិនឱ្យហូរទៀត ម្តងគេថាបូមខ្សាច់ ម្តងថា​កាយស្តារអូរ​មិនច្បាស់​លាស់ ខ្ញុំសំណូមពរដល់អាជ្ញាធរជួយដោះស្រាយដល់ពលរដ្ឋផង»

កាលពីថ្ងៃទី១៩ ខែមិថុនា​ ឆ្នាំ២០២៣ ប្រជាពលរដ្ឋបីភូមិប្រហែលជិត១០០នាក់មាន​ភូមិ​តាស្វាយ ភូមិច្រនៀង និងភូមិតាមាឃឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង បានលើក​គ្នាតវ៉ា​​ដល់សាលាឃុំគោកឃ្មុំ និងសាលាស្រុកថ្មគោល សុំអន្តរាគមន៍ឱ្យក្រុមហ៊ុន​ដក​គ្រឿង​ចក្រ​ចេញពីមូលដ្ឋានម្តងហើយ តែមកទល់ពេលនេះ ក្រុមហ៊ុននៅបន្ត សកម្មភាពដដែល។

ប្រជាពលរដ្ឋអ្នកស្រី ហ៊ីង ដែលមានផ្ទះជាប់មាត់អូរបាននិយាយថាគាត់ និងអ្នកភូមិមានការ ព្រួយបារម្ភខ្លាចគេបូម ខ្សាច់ ធ្វើឱ្យ​បាក់ច្រាំងប៉ះពាល់ផ្ទះសម្បែងពួកគាត់។ អ្នកស្រីបន្ថែមថា កន្លងមកពេលអ្នកភូមិតវ៉ា ក្រុមហ៊ុនបានយល់ព្រមដកម៉ាស៊ីនបូមខ្សាច់ធុនធំចេញ ដោយគេ​ប្រាប់​ពលរដ្ឋថាស្តារអូរ និងធ្វើផ្លូវសងខាង៤ម៉ែត្រឱ្យពលរដ្ឋប្រើប្រាស់  ប៉ុន្តែមកទល់ពេលនេះ​មួយខែ​ហើយ​មិនឃើញស្តារអូរនោះទេ ឃើញតែកាយកន្លែងនេះបន្តិចកន្លែងនោះបន្តិច ។ 

អ្នកស្រី ហ៊ីង បន្ថែមថា៖ «យើងព្រួយបារម្ភរឿងម៉ាស៊ីនតែមួយប៉ុណ្ណោះ ពីមុនគេដាក់ម៉ាស៊ីន​ធំមក តែ​ក្រោយ​តវ៉ាគេដាក់ម៉ាស៊ីនតូចមក មិនដឹងបូមអីទៀតទេ ​ហើយប៉ុន្មានថ្ងៃនេះគេដើរ​ជួលដី​អ្នក​ភូមិ​ក្បែរមាត់អូរបន្ថែមទៀត និងដាក់ស្លាកហាមប្រជាពលរដ្ឋមិនឱ្យចូលទៀតផង ពួកខ្ញុំមិន​ហ៊ានចូលទេ មិនដឹងក្នុងហ្នឹងក្រុមហ៊ុនគេធ្វើអីគេ មានតែ ហៅអាជ្ញាធរមកចូលមើល​ដើម្បី​ឱ្យ​ដកគ្រឿងចក្រចេញ»

អ្នកស្រី ​យ៉ង់ ឌៀ ដែលជាម្ចាស់ដីដែលជួលឱ្យក្រុមហ៊ុនខាងលើបោះទីតាំង បាននិយាយថា មុនដំបូង តំណាងក្រុមហ៊ុនម្នាក់មិនស្គាល់ឈ្មោះ បានមកចចារសុំជួលដីរបស់អ្នកស្រី ដើម្បី ដាក់គ្រឿងចក្រស្តារអូរ ពេលនោះដោយ អ្នកស្រីគិតថាបានគេមកស្តារអូរឱ្យជ្រៅ ដើម្បីមាន​ទឹកប្រើប្រាស់ផង គាត់ក៏យល់ព្រមជួលឱ្យ១ខែ៣០ម៉ឺនរៀល ប៉ុន្តែគាត់មិនទាន់បាន​ទទួល​លុយ​នោះទេ​។​

អ្នកស្រី យ៉ង់ ឌៀ បន្ថែមថា៖ «បើគេស្តារអូរទៅបានទឹកប្រើ ព្រោះអីខ្ញុំដាំដំណាំអីអត់បានទេ​ទឹក​លិច​រហូត ព្រោះវារ៉ាក់ ដល់ពេលគេថាស្តារអូរឱ្យជ្រៅហើយ ធ្វើផ្លូវ៤ម៉ែត្រសងខាងអូរ​បាន​ធ្វើ​ដំណើរ​ស្រួលទៀត ខ្ញុំនិងប្អូនក៏​យល់ព្រមជួលឱ្យ១ខែ៣០ម៉ឺនរៀលយកលុយមកចែកគ្នា ដើម្បី​ទិ​ញអង្ករអីហូប ព្រោះរកអីអត់បានផង»

ទោះបីយ៉ាងណា ជាងដែកម្នាក់ឈ្មោះ រិទ្ធ រតនា​ ដែលកំពុងផ្សារដែកនៅ​ក្នុងការដ្ឋាន​ក្រុមហ៊ុន​ខាងលើនេះ​បាននិយាយថា គាត់មិន​ស្គាល់ឈ្មោះក្រុមហ៊ុននេះដែរ ហើយគាត់ត្រូវ​បានមេការ​ក្រុមហ៊ុនជួលមកផ្សារជើងទម្រម៉ាស៊ីនដើម្បីបណ្តែតលើទឹករយៈពេល១០ថ្ងៃមកហើយ។

លោក​ រិទ្ធ រតនា បញ្ជាក់ថា៖ «គេជួលខ្ញុំមួយថ្ងៃ៥ម៉ឺនរៀល ដោយគេប្រាប់ថាឱ្យផ្សារជើងទម្រ​សម្រាប់​ដាក់ម៉ាស៊ីនបូមខ្សាច់​ ខ្ញុំមិនដឹងក្រុមហ៊ុនឈ្មោះអីនោះទេ»

យ៉ាងណាក៏ដោយក្រោយពីពលរដ្ឋឡើងមកតវ៉ានេះ ឃើញមានវត្តមានអាជ្ញាធរស្រុក ឃុំ ភូមិ និង​សមត្ថកិច្ចបានចុះមកកាន់ទីតាំងក្រុមហ៊ុនខាងលើនេះ ដើម្បីធ្វើការដោះស្រាយភ្លាមៗដែរ។

លោក ភួង ស៊ីល្យា អភិបាលរងស្រុកដឹកនាំ​មន្រ្តីចុះដោះស្រាយបញ្ហាជូនពលរដ្ឋ​ដល់​ទីតាំង​ក្រុមហ៊ុនដែលរៀបចំសម្ភារៈបម្រុង​បូមខ្សាច់ពីអូរបូរាណ​ ស្ថិតនៅក្នុងឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣​។ ខេមបូចា/ លោក សុខ សាវី

លោក ភួង ស៊ីល្យា អភិបាលរងស្រុកថ្មគោល ដែលដឹកនាំមន្រ្តីចម្រុះមកដោះស្រាយបាន​ថ្លែងថា អូរនេះជាអូរបូរាណ ដែលមានទទឹង៤០ម៉ែត្រ តែដោយសារបាក់ច្រាំងធ្វើឱ្យ​កន្លែង​ខ្លះរួមតូចកន្លែងខ្លះធំ ដែលពលរដ្ឋអាស្រ័យផលច្រើនភូមិក្នុងស្រុកថ្មគោល ។

លោកបន្តថា ក្រុមហ៊ុនខាងលើនេះបានមកបោះទីតាំងដាក់គ្រឿងចក្រដោយមិនទាន់​មាន​ច្បាប់​អនុញ្ញាតិនោះទេ ប៉ុន្តែកន្លងមកក្រុមហ៊ុននេះបានដាក់ពាក្យស្នើសុំទៅខេត្តហើយ និង​មានតំណាងខេត្ត មន្ទីរជំនាញ និងស្រុកបាន ចុះមកពិនិត្យម្តងហើយ តែមិនទាន់មាន​ការសម្រេច​យ៉ាងណានៅឡើយទេ ។

ចំពោះគោលបំណងក្រុមហ៊ុននេះធ្វើអ្វីពិតប្រាកដយ៉ាងណានោះលោកហាក់មិនច្បាស់ដែរ​ដោយ​គ្រាន់តែដឹងថា ក្រុមហ៊ុន​នេះបានស្នើសុំកាយដីពីក្នុងអូរដើម្បីធ្វើផ្លូវបួនម៉ែត្រ សង​ខាង​អូរប្រវែង៨០០ម៉ែត្រ ។

លោកអភិបាលរងស្រុក លើកឡើងថា៖ «គាត់ប្រាប់យើងថាកាយអាចន៍ដីហើយមកធ្វើផ្លូវ​៤ម៉ែត្រ ប៉ុន្តែតាមការពិនិត្យជាក់ស្តែងវាអាចទាក់ទងរឿងខ្សាច់ហ្នឹងដែរ ប៉ុន្តែយើងមិនអាច​និយាយបានទេ យើងគ្រាន់តែដឹងថា​អូរនេះ វាមានខ្សាច់ប៉ុណ្ណឹងទេ! ប៉ុន្តែយើងមិនទាន់ឃើញ​សកម្មភាព​បូមខ្សាច់នៅឡើយ គ្រាន់តែឃើញកាយអូរខ្លះៗនៅឡើយ»

ទោះបីយ៉ាងណា លោក ភួង ស៊ីល្យា បានបញ្ជាក់ថា អាជ្ញាធរបានសម្រេចឱ្យក្រុមហ៊ុន​ខាង​លើ​នេះដកគ្រឿង ចក្រចេញសិន ហាមមិនអោយធ្វើសកម្មភាពអ្វីបន្ថែមទៀតនោះទេ បើសិន​គ្មាន​ច្បាប់អនុញ្ញាតត្រឹមត្រូវ។

ក្នុងកំណត់ហេតុរបស់អាជ្ញាធរស្រុកចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានកំណត់ឱ្យក្រុមហ៊ុន​រើគ្រឿងចក្រចេញពីទីតាំងដែលបានកាយព្រោះគ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវ ចាប់ពីពេលនេះត​ទៅ​ដោយ មិនឱ្យមានជាលើកទីពីរទៀតនោះទេ។​ ក្រោយពីចុះណែនាំហើយ ក្រុមហ៊ុនបាន​ឯកភាព​រុះរើចេញតាមការកំណត់របស់រដ្ឋបាលស្រុក ដោយក្រុមហ៊ុនសុំរយៈពេល៣ថ្ងៃ​រើចេញ​ឱ្យ​អស់  ហើយអាជ្ញាធរស្រុកបញ្ជាក់ថា បើសិនជាគ្មានច្បាប់ អនុញ្ញាតនោះទេ ហាមមិនឱ្យ​ក្រុមហ៊ុន​ធ្វើសកម្មភាពដាច់ខាតលើដីអូរនេះ។

ទាក់ទងករណីខាងលើនេះ បុរសចំណាស់ម្នាក់លោក រិទ្ធ សាវង់ វ័យ៥០ឆ្នាំ ដែលកំពុង​គ្រប់​គ្រងសម្ភារៈ និងគ្រឿងចក្រក្រុមហ៊ុនខាងលើ នេះបានអះអាងថា លោកគឺជាឱពុកក្មេក​របស់​ម្ចាស់ក្រុមហ៊ុននេះដែលមានឈ្មោះ គន្ធា ។ លោកបបញ្ជាក់ថាត្រូវបានកូនប្រសាររបស់គាត់​អោយមក​គ្រប់គ្រងទីតាំងនេះ នៅពេលដែលគេមិននៅ ដោយកូនរបស់គាត់ជួលដី អ្នកភូមិ ដើម្បីត​ម្លើងម៉ាស៊ីនបូមខ្សាច់ពីក្នុងអូរនេះ។

លោក ​រិទ្ធ សាវង់ បានបន្តថា៖ «ខ្ញុំមិនដឹងគម្រោងគេម៉េច ខ្ញុំអត់ដឹងច្បាស់ទេ គ្រាន់តែកូនឱ្យ​មក​មើលការខុសត្រូវជំនួស ដោយគេបានសុំភូមិសុំឃុំធ្វើតេស្ត អូរនេះមានខ្សាច់ រឺអត់ ពេល​តេស្តទៅ ឃើញមានខ្សាច់​មិន​ដល់​១០០ភាគរយទេ គឺមានខ្សាច់ ៦០ទៅ៧០ភាគរយ ប៉ុណ្ណោះ តែអាចរែងធ្វើអាជីវកម្មបាន»

លោកបញ្ជាក់ថា កូនប្រសាររបស់គាត់មានមុខរបរដើរបូមខ្សាច់យូរឆ្នាំ​មកហើយ​ដោយបូមតាម​ស្ទឹង តាមអូរ តាមទន្លេរនៅខេត្តកំពង់ធំ និងមណ្ឌលគីរី ដោយឡែកខេត្តបាត់ដំបង​ទើបតែ​លើក​​ទីមួយ​នេះប៉ុណ្ណោះ ក្រោយរៀបការនឹងកូនស្រីរបស់លោកបានពីរឆ្នាំ។

ជុំវិញការណែនាំរបស់រដ្ឋបាលស្រុកថ្មគោលនេះលោក បន្ថែមថា កូនប្រសាររបស់លោកយល់​ព្រម​ឱ្យរើគ្រឿងចក្រ និងសម្ភារៈចេញពីទីតាំងខាងលើវិញហើយ រង់ចាំការសុំច្បាប់តាមក្រោយ ។

លោក អ៊ិន គង់ជិត មន្រ្តីសម្របសម្រួលអង្គការលីកាដូរខេត្តបាត់ដំបង និងប៉ៃលិន ដែល​ចុះ​អង្កេត​ករណីនេះ បាន សាទរចំពោះចំណាត់ការរបស់អាជ្ញាធរស្រុក​ភ្លាមៗនៅពេល​ដែល​ពលរដ្ឋឡើងតវ៉ាស្នើសុំឱ្យដោះស្រាយកង្វល់របស់ពួកគាត់ធ្វើឱ្យពលរដ្ឋស្ងប់អារម្មណ៍និងមានទំនុកចិត្តលើរដ្ឋបាលស្រុក។

លោក គង់ជិត ថ្លែងថា៖ «សម្រាប់ក្រុមហ៊ុនចង់ធ្វើអាជីវកម្មបើចង់ផ្តល់ប្រយោជន៍ រឺគុណតម្លៃ ដល់សហគមន៍គួរដាក់ពាក្យទៅអាជ្ញាធរមានសមត្ថកិច្ច មន្រ្តីជំនាញដូចជា បរិស្ថាន ធនធានទឹក និងរ៉ែថាមពល ជាដើម ហើយអ្នកពាក់ព័ន្ធទាំងអស់ គួរនាំគ្នាចុះមកសិក្សា ស្រាវ​ជ្រាវ​ចំពោះសំណើសុំរបស់ក្រុមហ៊ុនថាតើការសុំហ្នឹងសមហេតុផល រឺអត់ ហើយគួរសិក្សា​មួយច្បាស់លាស់និងពិគ្រោះយោបល់ជាមួយសហគមន៍ផ្ទាល់»

 លោក បន្តថា៖ «បើសិនជាលក្ខណៈស្តាររឺអ្វីមួយគួរតែកំណត់ឱ្យមានស្តង់ដាបច្ចេកទេស​ត្រឹមត្រូវនិងឱ្យ ក្រុមហ៊ុនធ្វើកិច្ចសន្យាជាមួយអាជ្ញាធរដើម្បីបង្ការទៅថ្ងៃក្រោយ»

សូមបញ្ជាក់ថា អូរខាងលើនេះមានប្រជាជន៦ភូមិក្នុងឃុំគោកឃ្មុំ រស់នៅអមសងខាងអូរ និង ប្រជាជនច្រើនភូមិទៀតនៅឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង កំពុងប្រើប្រាស់ និង​​អាស្រ័យផលប្រចាំថ្ងៃ៕

224 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម