សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជីវកម្មខ្សាច់កំពុងគំរាមកំហែងជីវភាពពលរដ្ឋមួយចំនួននៅភ្នំពេញនិងខេត្តកណ្ដាល

សាឡង់បូមខ្សាច់កំពុងបណ្ដែតខ្លួនលើផ្ទៃទឹកដឹកខ្សាច់នៅទន្លេបាសាក់ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល។ រូបថតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ រូបថតដោយ វណ្ណ វិចារ
សាឡង់បូមខ្សាច់កំពុងបណ្ដែតខ្លួនលើផ្ទៃទឹកដឹកខ្សាច់នៅទន្លេបាសាក់ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល។ រូបថតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ រូបថតដោយ វណ្ណ វិចារ

អាជ្ញាធរ​ជំនាញអះអាងថា ​អាជីវ​កម្ម​ខ្សាច់ទន្លេបាសាក់មានប្រយោជន៍​យ៉ាងខ្លាំងចំពោះវិស័យ​សំណ​ង់​និងជាប្រភពចំណូលថវិកាជាតិ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនកំពុងរងផលប៉ះពាល់​ជាអវិជ្ជមានធ្ងន់ធ្ងរបណ្ដាលមកពីការធ្វើអាជីវកម្មខ្សាច់នៅតំបន់នោះ។

ជំនន់ទឹកស្អុយព្រោះតែខ្សាច់ចូលកកស្ទះប្រព័ន្ធលូរំដោះទឹក

នៅខាងត្បូងស្ពានអាកាសក្បាលថ្នល់តាមបណ្ដោយផ្លូវជាតិលេខ២ ចម្ងាយប្រមាណជាង​១គីឡូម៉ែត្រ មានពលរដ្ឋរាប់សិបគ្រួសារក្នុងការរស់នៅជាមួយនឹងទឹកស្អុយ។ អ្នកទាំង​នោះ​ជាអ្នកភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ពាក់អាវដៃវែង ខោវែងមួរជើងមនុស្សស្រីវ័យជាង៤០ឆ្នាំ ឈ្មោះ ឆាម សុគន្ធ កំពុងអង្គុយ​ក្នុង​តូបលក់ចាប់ហួយជាប់ផ្លូវខាងមុខផ្ទះ។ សុគន្ធ ប្រាប់ថា ដើមឡើយផ្លូវខាង​មុខផ្ទះរបស់អ្នកស្រី​ជាផ្លូវគោក មានក្មេងក្មាងអ្នកភូមិមករត់លេង និងមានអ្នកដំណើរធ្វើដំណើរទៅមកឥតដាច់ ប៉ុន្ដែ​សព្វថ្ងៃផ្លូវលំបាកក្លាយជាប្រឡាយទឹកស្អុយទៅវិញ។

 អ្នកស្រីសំឡឹងទឹកស្អុយបណ្ដើរនិយាយបណ្ដើរថា៖ «ទឹកនេះលិចយូរខែហើយ លិចតាំងពីមុន​ចូលឆ្នាំខ្មែរទៀត។ ខ្ញុំនិងកូនរមាស់ជើងរហូតមក ព្រោះដើរកាត់ទឹករាល់ថ្ងៃ។ បន្ទប់ជួលរបស់ខ្ញុំ​១៥បន្ទប់គេចេញអស់១២ នៅសល់តែបីបន្ទប់ប៉ុណ្ណោះ»

អ្នកស្រី សុគន្ធ បន្តថា៖ «ខ្ញុំចង់ឱ្យថ្នាក់លើ(អាជ្ញាធរ) ជួយដោះស្រាយបញ្ហាស្ទះលូនេះ​ឱ្យ​បាន​ឆាប់ទៅបងអើយ វេទនា(ទុក្ខវេទនា)ណាស់»។

អ្នកភូមិព្រែកតាគង់ម្នាក់ទៀត អ្នកស្រី នួន ហ៊ាង អាយុ៦៧ឆ្នាំ លើកឡើងថា ចៅរបស់គាត់​មាន​សុខភាពកាន់តែខ្សោយចាប់ពីពេលមានជំនន់ទឹកស្អុយ។

អ្នកស្រីនួន ហ៊ាង អះអាងយ៉ាងដូច្នេះ៖ «ខ្ញុំនៅភូមិនេះ៣០ឆ្នាំហើយមិនដែលទឹកលិចអាក្រក់​ដូចឆ្នាំនេះទេ។ តាំងពីមានទឹកស្អុយហ្នឹងមក ចៅខ្ញុំងាកៗចូលពេទ្យ គ្រុនផងក្ដៅផង ពេល​ភ្លៀង​មកម្ដងៗពួកយើងឱបគ្នាដូចកូនសត្វអីចឹងកូនអើយ»។

ស្ដ្រីវ័យចំណាស់ម្នាក់ទៀត ដៃឆ្វេងកាន់ម្ហូបអាហាររណេងរណោង ដៃស្ដាំដឹកដៃក្មេងស្រី២នាក់​កំពុងដើរកាត់ទឹកស្អុយចូលឆ្ពោះទៅផ្ទះរបស់គាត់។ អ្នកភូមិស្គាល់ថាស្ត្រីម្នាក់នោះ ឈ្មោះ ចែម អន ជាជំនួយការភូមិព្រែកតាគង់។

 អ្នកស្រី ចែម អន លើកឡើងថា៖ «ពួកខ្ញុំជាអាជ្ញាធរមូលដ្ឋាននេះដើរទៅណា ប្រជាជនសួរដែរ គេបង្អាប់ក៏មានអីក៏មានតែធ្វើម៉េចផ្ទះខ្ញុំលិចដែរ។ យើងដឹងទាំងអស់គ្នាថា ទឹកស្អុយវាមិន​ទៅ​ណាព្រោះស្ទះលូ លូស្ទះគឺមកពីខ្សាច់ហ្នឹងឯងមានមកពីអីទេ»។

មេភូមិព្រែកតាគង់និងជាអ្នករៀបចំប្លង់ប្រព័ន្ធលូក្នុងភូមិ​ លោក គាម សុខា បានពន្យល់ថា មូលហេតុដែលនាំឱ្យលូកកស្ទះគឺបណ្ដាលមកពីដីខ្សាច់ហូរចូលកកស្ទះប្រព័ន្ធលូ។

លោក គាម សុខា ឱ្យដឹងថា៖ «លូហ្នឹងយើងសង់តាំងពីឆ្នាំ២០០៨ ខ្ញុំគូរប្លង់ និងសុំថវិកា​ពី​សាលារាជធានី ដល់បច្ចុប្បន្ននេះលូយើងតូចស្រាប់។ ខាងបឹងទំពុនគេសង់ផ្លូវចាក់ខ្សាច់ និងម្យ៉ាងឡានខ្សាច់​ដឹករាល់ថ្ងៃនេះវាកំពប់វាហូរចូលលូ ទៅណាវាមិនស្ទះ?»។

លោក គាម សុខា បន្តទៀតថា៖ «មូលហេតុធំបំផុតគឺខ្សាច់ចូលលូហ្នឹងហើយ ចូលឡើងខះ​គាំងណែនទៅទៀត ណែនខ្លាំងលើសកម្លាំងដែលខាងមូលដ្ឋានយើងមាន»។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បញ្ជាក់ថា អភិបាលរាជធានីភ្នំពេញ​បាន​ចេញ​បញ្ជា ឱ្យបិទដេប៉ូបូមខ្សាច់ស្ថិតនៅបណ្ដោយផ្លូវជាតិលេខ២ក្នុងខណ្ឌមានជ័យ ព្រោះ​តែ​ដេប៉ូខ្សាច់ទាំងនោះមិនបំពេញតាមកិច្ចសន្យាជាមួយអាជ្ញាធរកាលពីដើមខែសីហា។ ប៉ុន្តែ​លោកមិនបញ្ជាក់ទេថាដេប៉ូខ្សាច់ទាំងបួនកន្លែងត្រូវបិទជារៀងរហូតឬយ៉ាងណាទេ។ ចំពោះ​បញ្ហា​ទឹកស្អុយវិញ លោកថាមិនបានដឹងនោះឡើយ។

លោក ម៉េត មាសភក្ដី ថ្លែងថា៖ «ខ្ញុំមិនទាន់ទទួលបានព័ត៌មាននេះ(ទឹកស្អុយ)នៅឡើយទេ »។

មេការដេប៉ូខ្សាច់មួយក្នុងសង្កាត់ចាក់អង្រែក្រោមបញ្ជាក់ ឈ្មោះ សុខា ប្រាប់ថា ដេប៉ូរបស់គាត់​កំពុងរកវិធីដើម្បីដំណើរការអាជីវកម្មឡើងវិញ។

លោក សុខា ឱ្យដឹងថា៖ «ខាងថៅកែខ្ញុំកំពុងរៀបចំឯកសារផ្សេងៗសុំទៅសាលាក្រុងវិញបង យើងសន្យាជាមួយអាជ្ញាធរកែលម្អនិងសុំការយោគយល់ពីគាត់(លោកឃួងស្រេង)។យើង​ទទួលស្គាល់ថាកន្លងទៅយើងធ្វេសប្រហែស»

រថយន្ដដឹកខ្សាច់បានបើកបរពេញមួយយប់ជារៀងរាល់ថ្ងៃ ដែលបណ្ដាលឱ្យខ្សាច់កំពប់​ពាស​ពេញផ្លូវ។ ក្រុមហ៊ុនដឹកខ្សាច់បានជួល​ឡានបាញ់ទឹកលាងជម្រះផ្លូវជាប្រចាំ ជាហេតុបណ្ដាល​ឱ្យខ្សាច់ដែលកំពប់លើផ្លូវហូរចូលពេញលូនៅអមសងខាងផ្លូវ ពិសេសលូក្នុងភូមិព្រែកតាគង់។ ផ្ទះសម្បែងជាង២០០គ្រួសារត្រូវបានជន់លិចជារៀងរាល់ពេលមានភ្លៀងធ្លាក់ម្ដងៗ និងផ្ទះ​ពលរដ្ឋ​ប្រមាណជាង​៥០​គ្រួសារត្រូវទឹកស្អុយជន់លិចជាប្រចាំ។

សាឡង់ធំៗ២គ្រឿងកំពុងបូមខ្សាច់នៅខាងមុខវេទិកាអុំទូកក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ រូបថតកាលពីថ្ងៃ១០ ខែសីហា ឆ្នាំ២០២២។ រូបថតដោយ វណ្ណ វិចារ

មុនបូមខ្សាច់ពលរដ្ឋរស់នៅធម្មតា បូមខ្សាច់រួចកាលណាបាក់ផ្ទះចូលទន្លេ

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែនិងថាមពលបញ្ជាក់ថាការផ្ដល់អាជ្ញាបណ្ណបូមខ្សាច់ទន្លេគឺដើម្បីស្ដារ​ទន្លេ​ដែលគោករាក់ឱ្យជ្រៅងាយស្រួលចរាចរក្នុងទន្លេ។ ប៉ុន្ដែបើបូមខ្សាច់ខុស​បច្ចេកទេស​នោះ​នឹងនាំឱ្យបាក់ច្រាំងដោយចៀសមិនរួច។

ភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ​ស្ថិតនៅចំងាយ២៧គីឡូម៉ែត្រពីក្រុងតាខ្មៅទីរួម​ខេត្តកណ្ដាល។ ផ្ទះសម្បែងរបស់អ្នកភូមិកោះខែល១៥ខ្នង​បានបាក់ស្រុតស្ទើរ​គ្មាន​សល់ចូល​ក្នុងទន្លេ​​កាលពីដើមឆ្នាំ។

នៅរសៀលថ្ងៃមួយកាលពីចុងខែកក្កដា ប្ដីប្រពន្ធមួយគូវ័យជាង៥០ឆ្នាំកំពុងបញ្ចុកចំណី​ចៅ​ប្រុស​តូចរបស់គាត់ នៅក្នុងផ្ទះដែលសល់ពីច្រាំងបាក់។ ដើមឡើយផ្ទះនេះមានទំហំ៥ម៉ែត្រ​គុណ​នឹង១៦ម៉ែត្រ តែសព្វថ្ងៃផ្ទះសល់មានទទឹងប្រាំម៉ែត្រនិងបណ្ដោយ៦ម៉ែត្រប៉ុណ្ណោះ ដោយ​ល្វែងខាងក្រោយ១០ម៉ែត្របានបាក់ធ្លាក់ចូលក្នុងទន្លេបាត់ ។ 

ម្ចាស់ផ្ទះមានសម្បុរស្រអែមសក់រួញស្លៀកក្រម៉ាដោះអាវ បុរសវ័យ៥៣ឆ្នាំ លោក សែម ផាន ប្រាប់ថា ពួកគាត់ជួបការលំបាកយ៉ាងខ្លាំងបន្ទាប់ពីផ្ទះបានបាក់ចូលក្នុងទន្លេ។

លោក សែម ផាន បានប្រាប់ថា៖ «ក្មួយជួយគិតមើល! គ្នីគ្នាខ្ញុំសរុបទៅ៧នាក់ រស់នៅក្នុង​ផ្ទះ​ប៉ុណ្ណឹង។ មុននោះ ផ្ទះយើងសមរម្យដូចគេដួចឯង តែតាំងពីបាក់ផ្ទះអស់មកយើង រកកន្លែង​ដេកសឹងមិនចង់បាន។ ខ្ញុំអាណិតកូនអាណិតចៅណាស់»។

ផ្ទះគាត់ជាតូបលក់ឥវ៉ាន់មានដូចជា ទ្រូ លប ចង្ក្រានឆ្នាំងចាន លុះយប់ឡើងឥវ៉ាន់ទាំងអស់​ត្រូវ​ប្រមូលដាក់គរគ្នាទុកកន្លែងសម្រាក។ លោក សែម ផាន ដាក់ការសង្ស័យថាព្រឹត្តិការណ៍​បាក់​ច្រាំង​នោះ​អាចជាប់ពាក់ព័ន្ធនឹងការបូមខ្សាច់ក្នុងទន្លេ។

លោក សែម ផាន ថ្លែងថា៖ «កាលពី៧ឆ្នាំមុន ហ្នឹងនៅច្រាំងខាងកើតហ្នឹងមានគេបូមខ្សាច់ដែរ មានសាឡង់មានមានទូកធំៗបូម។ ខ្ញុំគិតថាអាចមកពីបញ្ហាហ្នឹង(បូមខ្សាច់)ដែរ តែមិនហ៊ាន​ចោទ​គេ​ទេ ព្រោះយើងគ្មានអំណះអំណាង បើបូមហើយបាក់តែហ្មងអាហ្នឹងវាច្បាស់»។

លោក សែម ផាន បន្ថែមថា លោកមិនបានដឹងថា សាឡង់បូមខ្សាច់ដែលធ្លាប់បូម​ទន្លេជិតផ្ទះ​របស់លោកនោះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឈ្មោះអ្វីនោះទេ។

តំបន់ផ្សេងទៀតក្នុងខេត្តកណ្ដាល មានករណីបាក់ផ្ទះចូលក្នុងទន្លេដែរ។ អ្នកភូមិព្រែកថី ឃុំរការខ្ពស់ ស្រុងស្អាង  ចំនួនជិត២០គ្រួសារបានបាត់បង់ផ្ទះសម្បែងបន្ទាប់ពីបាក់ច្រាំងព្រែក កាលពីខែកក្កដា។ ផ្ទះខ្លះធ្លាក់ចូលព្រែកទាំងស្រុង ផ្ទះខ្លះទៀតដាច់បាត់ត្រឹមមួយកំណាត់ និង​ផ្ទះ​ខូចខាតផ្នែកខាងក្រោយ។​ពលរដ្ឋដែលបាត់បង់លំនៅឋានទាំងនោះបានបោះតង់​លើ​ចញ្ចើម​ផ្លូវដើម្បីស្នាក់នៅបណ្ដោះអាសន្នសិន។ អាជ្ញាធរមូលដ្ឋានអះអាងថា ហេតុការណ៍បាក់​ច្រាំង​ព្រែកនេះ បណ្ដាលមកពីការស្ដារព្រែកជ្រៅពេក។

សកម្មជនបរិស្ថាន លោក ហ៊ុន វណ្ណៈ ធ្លាប់ត្រូវនគរបាលចាប់ខ្លួន ពេលឃ្លាំមើលសកម្មភាព តវ៉ាជាមួយអ្នកភូមិប្រឆាំងនឹងការបូមខ្សាច់ដោយខុសច្បាប់កាលពីឆ្នាំ២០១៧នៅភូមិសាស្ត្រ ​ ខេត្ត​កណ្ដាល។ លោករំលឹកថា ហេតុការណ៍បូមខ្សាច់កាលនោះពិតជាអាក្រក់ណាស់ហើយ​ប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់អ្នកស្រុក។

លោក ហ៊ុន វណ្ណៈ ឱ្យដឹងថា៖ «ឆ្នាំហ្នឹងគេបូមខ្សាច់ដល់បាក់ផ្ទះអ្នកភូមិចូលក្នុងទន្លេ។ ខ្ញុំមិនចាំ​ច្បាស់ថាមានប៉ុន្មានខ្នងផ្ទះដែលខូចខាតទេតែ ក្នុងនោះមានពូម្នាក់រងរបួសពិការភ្នែក​ពេលផ្ទះ​គាត់​បាក់ចូលទន្លេហើយឈើបុកត្រូវ»។ លោក ហ៊ុន វណ្ណៈ បន្ថែមថា៖ ​«ពេលគេឃាត់ខ្លួនខ្ញុំរួច(២០១៧) អ្នកភូមិតវ៉ា ខាងក្រសួងរ៉ែ​ក៏​ចុះបិទទីតាំងបូមខ្សាច់ទាំងនោះទៅ។ កាលណោះច្រើនមែនទែនពេញទន្លេបាសាក់ យើង​ឃើញ​គេបូមសព្វថ្ងៃនេះនៅតិចជាងមុនទេ»។

អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែនិងថាមពល លោក អ៊ឹង ឌីប៉ូឡា មាន​ប្រសាសន៍ថាក្រសួងរ៉ែនិងថាមពលតែងតែត្រួតពិនិត្យជាប្រចាំលើទីតាំងបូមខ្សាច់នៅតាម​បណ្ដោយទន្លេបាសាក់។

លោក អ៊ឹង ឌីប៉ូឡា ថ្លែងថា៖ «ក្រុមការងារក្រសួងរ៉ែនិងថាមពលមានយន្តការច្បាស់លាស់​​នៅក្នុងការចុះត្រួតពិនិត្យភាពអនុលោមនៃក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មខ្សាច់នៅតាមដង​ទន្លេ»។

លោក បន្ថែមថា អ្នកដែលមានតួនាទីពិនិត្យបច្ចេកទេសបូមខ្សាច់មានបីក្រុម រួមមាន ក្រុម​ការងារ​អធិការកិច្ចចុះពិនិត្យផ្ទៀងផ្ទាត់ ក្រុមការងារឆ្មាំទន្លេចុះធ្វើការទាំងយប់ទាំងថ្ងៃ​ក្នុង​ករណីចាំ​បាច់និងក្រុមការងារមន្ទីររ៉ែនិងថាមពលដែលជាសេធិការឱ្យក្រសួងធ្វើការ​ចុះ​ពិនិត្យជាប្រចាំ។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា តាមការសង្កេត​ផ្ទាល់​ខ្លួន អាជីវកម្មខ្សាច់នៅតាមបណ្ដោយទន្លេបាសាក់នេះ បានបង្កផលប៉ះពាល់​ធ្ងន់ធ្ងរ​លើជីវភាពរស់នៅរបស់ពលរដ្ឋ។

លោកប៉ិច ពិសី៖«ការការពារសិទ្ធិនៃការរស់រានអចលនទ្រព្យពលរដ្ឋជាកាត្វកិច្វ​របស់​អាជ្ញាធរ។ មេភូមិមេឃុំ ចៅហ្វាយស្រុកចៅហ្វាយខេត្តដែលកាន់កាប់ ត្រូវដោះស្រាយ​ផល​ប៉ះពាល់ដែលបណ្ដាលមកពីការបូមខ្សាច់ជូនពលរដ្ឋ មិនមែនឆ្លើយដាក់តែគ្នា​យក​មួយរួច​ខ្លួននោះឡើយ»

ល្វែងផ្ទះរបស់ប្រជាពលរដ្ឋដែលបាក់ធ្លាក់ចូលទន្លេនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាងា ខេត្តកណ្ដាល។ រូបថតនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។ រូបថតដោយ វណ្ណ វិចារ

អាជីវកម្មបូមខ្សាច់នៅតាមបណ្ដោយទន្លេបាសាក់ខ្វះតម្លាភាព

របាយការណ៍ពីក្រសួងរ៉ែនិងថាមពលឱ្យដឹងទៀតថា ក្រសួងរ៉ែបានផ្តល់អាជ្ញាបណ្ណ​ធ្វើអាជីវកម្ម​ខ្សាច់​នៅតាមដងទន្លេបាសាក់ចំនួន៦ក្រុមហ៊ុន។ ប៉ុន្តែតាមការរាប់ជាក់ស្ដែងនៅបណ្ដោយដង​ទន្លេ​បាសាក់ពីភ្នំពេញដល់ស្រុកស្អាងខេត្តកណ្ដាល អ្នកសារព័ត៌មានបានរាប់ឃើញ​ចំនួនទី​តាំងបូមខ្សាច់យ៉ាងតិចជាង១០កន្លែងផ្សេងៗគ្នាដែលបញ្ឈរសាឡង់ធំៗបូមខ្សាច់។

មន្ត្រីរាជការនៃក្រសួងមួយ វ័យជាង៤០ឆ្នាំ ដែលសុំត្រឹមប្រាប់ថាគាត់ឈ្មោះ សុភាពកំពុង​មើល​កូនលេងកម្សាន្តនៅបរិវេណសួនកុមារក្រុងតាខ្មៅ។ លោក សុភាព រិះគន់ចំពោះការអនុញ្ញាត​ឱ្យបូមខ្សាច់នៅតាមបណ្ដោយទន្លេបាសាក់។

លោក សុភាព បន្តថា៖ «ដីចម្ការខ្ញុំនៅជាប់ច្រាំងវាបូមបាក់ស្រុត ខ្ញុំគ្មានមធ្យោបាយ ក៏ទៅទិញ​ខ្សាច់ពីដេប៉ូក្បែរហ្នឹងចាក់ចំការទៅ។ ទន្លេយើងនេះគ្មានចរចរណ៍អីក្រៅពីអាសាឡង់​បូម​ខ្សាច់​ហ្នឹងទេ បូមរាប់ឆ្នាំហើយមិនអាជ្ញាប័ណ្ណពួកនេះអស់ពេលណាទេ»

នៅពេលដែលសួរថា តើលោកធ្លាប់ឃើញទីតាំងបូមខ្សាច់ផ្សព្វផ្សាយពីផ្ទៃក្រឡា​នៃផ្ទៃទឹក​ដែល​ត្រូវបូមខ្សាច់ឬទេ? លោកសុភាព  អះអាងថា៖ «ខ្ញុំតាមដានមើលជាប្រចាំ មិនធ្លាប់ឃើញមាន​ផ្សព្វផ្សាយអីទេ។ ខ្ញុំទៅសួរទៀតម្ចាស់ទីតាំងគេប្រាប់ថាគេមានច្បាប់។ និយាយទៅក្ដៅហ្មង​អូនអើយ»

អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែនិងថាមពល លោក អ៊ឹង ឌីប៉ូឡា បញ្ជាក់​ប្រាប់​ថា ក្រុមហ៊ុនទាំងអស់មុនទទួលបានអាជ្ញាបណ្ណធ្វើអាជីវកម្មខ្សាច់​ត្រូវរៀបចំ​វេទិកា​សាធារណៈដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋដែលរស់នៅទីតាំង​គ្រោងធ្វើអាជីវកម្មជាមុន។

លោក អ៊ឹង ឌីប៉ូឡា បន្ថែមថា៖ «មន្រ្តីជំនាញក្រសួងរ៉ែនិងថាមពលពន្យល់ពីលក្ខណៈ​បច្ចេកទេស ទំហំ និងរយះពេល​នៃការធ្វើអាជីវកម្មព្រមទាំងពន្យល់ពី​អត្ថប្រយោជន៍​ដែល​ភូមិឃុំទទួលបានពីការបូមខ្សាច់។ ក្នុងករណីមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ​បណ្តាលមក​ពី​ការ​ធ្វើអាជីវកម្មខ្សាច់ ក្រុមហ៊ុនត្រូវទទួលខុសត្រូវដោះស្រាយ»។ 

លោក ឌីប៉ូឡា បន្តទៀតថា គ្រប់ទីតាំងធ្វើអាជីវកម្មខ្សាច់ទាំងអស់ក្រសួងតម្រូវឱ្យបោះពោង​សម្គាល់​ទីតាំងដែនអាជ្ញាបណ្ណ និងរក្សាឱ្យបានគង់វង្ស។ លោកថា ក្នុងការបោះពោងកំណត់​ទីតាំងនេះបានប្រឈមនឹងបញ្ហាមួយចំនួន  ដូចជាការកាត់ផ្តាច់ដោយអ្នកនេសាទ​ដោយលើក​មូលហេតុពីការប៉ះពាល់ខ្លះៗដល់ការនេសាទរបស់ពួកគាត់។

លោក ឌីប៉ូឡា បន្ថែមទៀតថា៖ «ពេលខ្លះពោងសំគាល់នោះបានហូរដាច់ទៅតាមទឹក។ ក្រុម​ការងារ​ក្រសួងតែងតែនាំឱ្យក្រុមហ៊ុនថែរក្សាពោងនោះឱ្យបានល្អ បើមានដាច់ត្រូវដាក់​ឡើង​វិញ។ តម្រូវឱ្យបូមទីតាំងដែលបានកំណត់ និងត្រូវបំពាក់ស្លាកសញ្ញារបស់ក្រុមហ៊ុន»

ទោះជាបែបណាក្ដីអ្នកឃ្លាំមើលអាជីវកម្មបូមខ្សាច់អះអាងក្រុមហ៊ុនបូមខ្សាច់ទាំងនោះមិនបើកចំហរព័ត៌មានឱ្យពលរដ្ឋបានដឹងពីអាជីវកម្មរបស់ខ្លួនឡើយ។

​សកម្មជនបរិស្ថាន លោក ហ៊ុន វណ្ណៈ លើកឡើងថា ឈ្មួញទាំងអស់ដែលរកស៊ីបូមខ្សាច់មិន​ដែលចង់បង្ហាញពីអាជ្ញាបណ្ណ ឬសុពលភាពនៃអាជ្ញាប័ណ្ណរបស់ខ្លួនជាសាធារណឱ្យពលរដ្ឋ​បាន​ដឹងឡើយ។

លោក ហ៊ុន វណ្ណៈ បន្តថា៖ «គេតែងតែលើកឡើងថាការបាក់ច្រាំងទន្លេជាគ្រោះធម្មជាតិ​ហើយ​នេះជាការពិតកន្លែងខ្លះគឺបែបហ្នឹងមែន ប៉ុន្តែកន្លែងជាច្រើនទៀតច្រាំងទន្លេមិនទាន់ត្រូវបាក់ទេ​តែវាបាក់គឺបាក់ដោយសារបូមខ្សាច់តែម្ដង»។

លោក ហ៊ុន វណ្ណៈ បន្ថែមថា៖« ​ខ្ញុំគិតថាដ៏រាបណាអត់មានស្ថាប័នឯករាជ្យណាមួយអាចចូលរួម​ឃ្លាំមើលដោយ​តាមដានដោយពេញលេញនោះ គឺមិនមានដំណោះស្រាយសមស្រប​ជូន​ពលរដ្ឋ​ទេ»

ច្បាប់ថវិកាជាតិបង្ហាញចំណូលជាតិបានមកពីអាជីវកម្មរ៉ែ(គ្រប់ប្រភេទ) មានចំនួនប្រមាណ​ជាង​៧៥ពាន់លានរៀល ឬប្រហាក់ប្រហែល​នឹងជាង១៨លានដុល្លារ​សហរដ្ឋអាមេរិក។ រាជរដ្ឋាភិបាលកម្ពុជារំពឹងថា​ចំណូលបានមកពីអាជីវកម្មរ៉ែគ្រប់ប្រភេទនឹងកើនដល់ជាង​១១៦ពាន់លានរៀលឬស្មើនឹងជិត៣០លានដុល្លារសហរដ្ឋអាមេរិក។ យ៉ាងណាម៉ិញច្បាប់​ថវិកាជាតិមិនបានលម្អិតទេថាចំណូលបានមកពីការធ្វើអាជីវកម្មខ្សាច់មានទំហំជាទឹកប្រាក់​ប៉ុន្មានឡើយ។

យ៉ាងណាក៏ដោយក្រសួងរ៉ែនិងថាមពលអះអាងថា ការផ្ដល់អាជ្ញាបណ្ណ​បូមខ្សាច់ក៏ជាផ្នែកមួយ​នៃការស្វែងរកចំណូលចូលរដ្ឋ។ របាយការណ៍ក្រសួងរ៉ែនិងថាមពលបង្ហាញថា កាលពីឆ្នាំ​២០២១​កន្លងទៅក្រុមហ៊ុនទាំងអស់បានបង់សួយសារ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងៗ​លើមាន​បរិមាណខ្សាច់ ៦១០ ០០០ម៉ែត្រត្រីគុណ ស្មើនឹងទឹកប្រាក់ចំនួន $៤៦៣ ៦០០(អត្រា $០,៧៦ ក្នុង១ម៉ែត្រត្រីគុណ)។

ស្ត្រីម្នាក់ពរកូនឆ្លងទឹកស្អុយក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រូបថតកាលពី១០ ខែសីហា​ ឆ្នាំ២០២២។ រូបថតដោយ វណ្ណ វិចារ

រថយន្ដដឹកខ្សាច់បើកបរក្នុងល្បឿនលឿនបង្កក្ដីព្រួយបារម្ភដល់ពលរដ្ឋ

រថយន្ដធំៗរាប់រយគ្រឿងបានបើកបរដឹកខ្សាច់ពីដេប៉ូនានា ទៅចាក់បំពេញតាមភូមិសាស្ត្រ​នានា​ក្នុងរាជធានីភ្នំពេញនិងខេត្តកណ្ដាល។ ម្ដងម្កាលរថយន្ដធំៗទាំងនោះបានជួបប្រទះ​គ្រោះថ្នាក់ចរាចរណ៍រហូតមានការបាត់បង់អាយុជីវិតពលរដ្ឋទៀតផង។

អង្គុយលើរឺម៉ករង់ចាំម៉ូយនៅជិតរង្វង់មូលក្រុងតាខ្មៅ បុរសវ័យ៤៥ឆ្នាំ លោក ចេង ធឿន រៀបរាប់ថា រូបគាត់បារម្ភពីសុវត្ថិភាពជាខ្លាំងពេលធ្វើដំណើរ​តាមដងផ្លូវម្ដងៗ​ពិសេសពេល​បើកទន្ទឹមនឹងរថយន្ដដឹកខ្សាច់។

លោក ចេង ធឿន បញ្ជាក់ថា៖ «អាឡានដឹកខ្សាច់នេះវាបើកលឿនៗណាស់ដូចផ្ដាច់ព្រលឹង​អីចឹង។ ខ្ញុំដឹកភ្ញៀវរាល់ថ្ងៃនេះភ្នែកកញ្ចឹងក»។

លោក ចេង ធឿន​ បន្ថែមថា ៖«ពេលគ្រោះថ្នាក់ញឹកទៅ ឡានខ្សាច់មិនសូវចេញពេលថ្ងៃទេ តែពេលយប់ចាប់ពីម៉ោង៨ទៅវាស៊ុតយកហើយមួយយប់ទល់ភ្លឺ។ លឿនៗណាស់ ខ្ញុំពេល​យប់អត់ហ៊ានបើផ្លូវវាងក្រុងនេះទេ»។

ពលរដ្ឋម្នាក់ទៀតលក់ដូរលើបណ្ដោយផ្លូវជាតិលេខ២ម្ដុំព្រែកកំពឹសស្ត្រីវ័យជាង៤០ឆ្នាំ អ្នកស្រី ជុំ​ ស្រីណា លើកឡើងថា គាត់បារម្ភពីសុវត្ថិភាពកូនៗ​របស់គាត់ជាខ្លាំងដោយសារ​រថយន្ដធំៗ​ដឹកខ្សាច់នេះ។

អ្នកស្រី ជុំ ស្រីណា ឱ្យដឹងថា៖ «ថ្ងៃមុននោះមានក្មេងសិស្សសាលាហ្នឹងវា​បើម៉ូតូដួលទៅ​ឡាន​ខ្សាច់កិនស្លាប់។ គេមកប្រាប់ខ្ញុំចោលតូបរត់ទៅមើលយំផងអីផង តែសំណាងល្អ​អ្នកស្លាប់​មិនមែនជាកូនខ្ញុំ»។

អ្នកស្រីបន្ថែមទៀតថា៖ «សូមស្នើប៉ូលីសហ្នឹងមើលឱ្យមែនទែន ណែរនាំពួកតៃកុងឡាន ប្រាប់​ថៅកែពួកវា ឱ្យជួយប្រដៅកុំឱ្យបើកលឿនៗពេក ងាប់គេងាប់ឯងអស់»

កាលពីថ្ងៃទី៥ ខែសីហា រថយន្ដដឹកខ្សាច់មួយបានបើកកិនសិស្សសាលាពីរនាក់ស្លាប់​ភ្លាមៗ​នៅចំណុចភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្ដាល។ កុមាររងគ្រោះម្នាក់​អាយុ១៣ឆ្នាំ  ម្នាក់ទៀតអាយុ១៤ឆ្នាំ ។ កាលពីខែឧសភា នៅចំណុចព្រែកសំរោងក៏មានករណី​រថយន្ដ​ដឹកខ្សាច់កិនសិស្សសាលាម្នាក់ស្លាប់ដែរ។

មេការដេប៉ូខ្សាច់ម្នាក់ ឈ្មោះ សុខ តារា អះអាងថា ដេប៉ូរបស់លោកតែងណែនាំដល់​អ្នក​បើកបរ​ថយន្ដឱ្យគោរពច្បាប់។

លោក សុខ តារា និយាយថា៖ «យើងណែនាំនិយាយល្អផងអាក្រក់ ជេរថែមទៀតឱ្យ​ពួកវាហ្នឹង​បើកបរដោយយកចិត្តទុកដាក់ ។ពេលមានគ្រោះថ្នាក់ម្ដងៗក្រុមហ៊ុនអ្នកខាតអស់មិនតិចទេ។ ដេប៉ូខ្លះ គេមិនខ្វល់គេប្រញាប់ដេញតៃកុងឱ្យបើកឱ្យឆាប់ដល់ក៏មាន»។

អ្នកនាំពាក្យសាលាខេត្តកណ្ដាល​លោក ចាប វន្នី មានប្រសាសន៍ថា ករណីគ្រោះថ្នាក់​ចរាចរណ៍​​បង្កដោយឡានដឹកខ្សាច់នេះក៏ជាក្ដីបារម្ភរបស់អាជ្ញាធរខេត្តដែរ។

លោក ចាប វន្នី បន្ថែមថា៖ «សប្ដាហ៍មុន ឯកឧត្តមអភិបាលខេត្តលោកបានដាក់បញ្ចាទៅកាន់​គណៈបញ្ជាការឯកភាពខេត្ត ឱ្យពង្រឹងការត្រួតពិនិត្យ រឹតបន្តឹង ព្រោះបើនៅបណ្ដោយឱ្យ​បែបហ្នឹងវាប៉ះពាល់ដល់អាយុជីវិតពលរដ្ឋនិងទ្រព្យសម្បត្តិសាធារណៈ»។

ក្រសួងរ៉ែនិងថាមពលធ្លាប់បានបញ្ជាក់ប្រាប់ ខេមបូចា ថា ក្រសួងមួយចំនួនកំពុងកាន់កាប់​មូលនិធិរ៉ែ ដែលមានទំហំទឹកប្រាក់៨លានដុល្លារ ដែលប្រាក់នេះប្រើសម្រាប់ជួយអភិវឌ្ឍន៍​សហគមន៍ដែលរងផលប៉ះពាល់ដោយសារអាជីវកម្មរ៉ែទាំងអស់នៅទូទាំងប្រទេស។ យ៉ាង​ណាក្ដីប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញនិងខេត្តកណ្ដាលដែលរងផលប៉ះពាល់ដោយសារអាជីវកម្មខ្សាច់មិនបានដឹងព័ត៌មានពីមូលនិធិរ៉ែនេះទេ។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា អាជីវកម្មខ្សាច់​បង្កជាបញ្ហាមួយចំនួនប៉ះពាល់ធ្ងន់ធ្ងរចំពោះជីវភាពរបស់ប្រជាពលរដ្ឋ។

លោក​ ប៉ិច ពិសី លើកឡើងថា៖ «ខ្ញុំឃើញថាពលរដ្ឋអាលូវគាត់ធុញទ្រាន់ គាត់មានការបារម្ភ អ្នកដែលទទួលផលប៉ះពាល់ផ្ទាល់ហ្នឹងគាត់បារម្ភមែនទែនមិនដឹងដោះស្រាយបែបណាទេ»។

លោកបន្ថែម៖ «ឡានចង្កូតស្ដាំក៏មាន បើកលឿនៗ លើសចំណុះក៏មាន ផ្លូវខូច បញ្ហានេះ​កើត​មានច្រើនហើយរដ្ឋាភិបាល ត្រូវដោះស្រាយបញ្ហានេះឱ្យបានជាដាច់ខាត។ ចាំចាប់​ត្រូវ​មាន​ការ​ត្រួតពិនិត្យជាប្រព័ន្ធជាទៀងទាត់លើអាជីវកម្មខ្សាច់ទាំងអស់ដោយតម្លាភាព ដើម្បីធានាឱ្យពលរដ្ឋរស់នៅបានសុខសាន្តផង»

1,342 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម