អ្នកប្រកបរបររើសអេតចាយជាង២០គ្រួសារនៅក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អំពាវនាវសុំទីកន្លែងរស់នៅដើម្បីបានប្រកបរបរចិញ្ចឹមជីវិត ខណៈតំបន់ដែលពួកគាត់រស់នៅត្រូវអាជ្ញាធរខណ្ឌរៀបចំធ្វើកន្លែងរំដោះទឹក។
ពលរដ្ឋរើសអេតចាយទាំងនោះអះអាងថា ពួកគាត់ទៅរស់នៅកន្លែងនោះចន្លោះពី១០ទៅ១៥ឆ្នាំ ដោយបោះតង់ និងខ្លះទៀតរៀបចំធ្វើជាកូនផ្ទះសម្រាប់រស់នៅ។ ពួកគាត់អាចរកចំណូលបានមធ្យមចន្លោះពី១ម៉ឺនរៀលទៅ២ម៉ឺនរៀលក្នុង១ថ្ងៃ ប៉ុន្តែក្នុងស្ថានភាពកូវីដនេះចំណូលកាន់តែទាប។
អ្នកស្រី យ៉ាង ផល្លឹង អាយុ៤៩ឆ្នាំឱ្យដឹងថា រូបគាត់ និងក្រុមគ្រួសារ ធ្វើដំណើរពីខេត្តព្រៃវែងដើម្បីរកចំណូលចិញ្ចឹមជីវិតនៅភ្នំពេញ ហើយការរស់នៅន្លែងមិនរៀបរយតែងត្រូវអាជ្ញាធរដេញជាបន្តបន្ទាប់។ ស្ត្រីដែលមានកូន៣នាក់កំពុងរៀននៅសាលាអង្គការមួយ បានបញ្ជាក់ថា គាត់មិនដឹងទៅទីណាទេបើអាជ្ញាធរមិនឱ្យរស់នៅបន្តទៀត។
អ្នកស្រី យ៉ាង ផល្លឹង និយាយថា៖«ដីហ្នឹងបើគេមិនយកទេ យើងចេះតែរស់នៅហើយរកចំណូលបានគ្រាន់តែទប់ទល់ៗទៅ។ រកបានល្មមកូនរៀន និងចាយ តែបើគេយក កំពុងពិបាកចិត្តមិនដឹងទៅណាទៀតទេ។ ឥឡូវកំពុងពិបាកចិត្តបើគេមិនយកចេះតែខំរកតក់ៗទៅ»។
អ្នករើសអេតចាយម្នាក់ទៀត គឺលោក គីម ចន្ទ្រា បាននិយាយថា អំឡុងពេលកូវីដនេះ ថ្ងៃខ្លះលោករើសអេតចាយមិនបានលុយចូលផ្ទះទេ។ លោកកំពុងបារម្ភពីបញ្ហាគ្មានជម្រករស់នៅ និងកូនស្រីម្នាក់កំពុងរៀនថ្នាក់ទី២ដោយមានការជួយឧត្ថម្ភពីអង្គការសប្បុរសធម៌។
លោក គីម ចន្ទ្រា និយាយថា៖«បញ្ហាដែលយើងត្រូវជួបមិនមានផ្ទះ មិនមានដីរស់នៅ។ និយាយទៅសំខាន់បំផុតកូនរៀនហ្នឹងហើយ មិនដឹងនៅណានៅណីទេ»។
លោក គីម ចន្ទ្រា ថ្លែងថា លោក មិនមានដីសម្រាប់រស់នៅទេ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ដែលធ្វើឱ្យលោកជួបការលំបាកខ្លាំងបើអាជ្ញាធរតម្រូវឱ្យចាកចេញ។
អ្នកស្រី អាំ ផល្លាក់ រុះរើកូនផ្ទះគាត់ចេញ១សប្តាហ៍មុនហើយតាមការណែនាំពីអាជ្ញាធរ ប៉ុន្តែអ្នកស្រីថា មិនអាចរកកន្លែងផ្សេងរស់នៅបានទេ ទើបត្រូវរកចន្លោះដីទំនេរបោះទីតាំងរស់នៅបន្តក្បែរនោះទៀត។
អ្នកស្រី អាំ ផល្លាក់ និយាយថា៖ «ខ្ញុំអត់ចេញទេ មិនដឹងទៅណាទេ។ បើគេនៅតែមិនឱ្យនៅខ្ញុំត្រូវរកកន្លែងជួលនៅក្បែរៗហ្នឹង»។
អ្នកស្រី អាំ ផល្លាក់ មានកូន៧នាក់ក្នុងនោះ៥នាក់កំពុងរៀនជាមួយសាលាអង្គការ។ អ្នកស្រីថា រស់កន្លែងបច្ចុប្បន្ននេះ កូនងាយរៀន និងទទួលបានការឧត្ថម្ភស្បៀងអាហារបន្តបន្ទាប់ពីអង្គការសប្បុរសធម៌ដែរ។
អ្នកស្រី យ៉ាង ផល្លា អាយុ៦២ឆ្នាំឱ្យដឹងថា ផ្ទះរបស់គាត់រុះរើរួចហើយ ប៉ុន្តែពួកគាត់មិនចាកចេញទេគឺនៅតែបន្តរស់នៅក្បែរនោះគឺរៀបចំកន្លែងដេកផ្ទាល់ដី។ អ្នកស្រីអំពាវនាវសុំឱ្យសប្បុរសជនជួយរកកន្លែងរស់នៅ។
អ្នកស្រី យ៉ាង ផល្លា៖«អំពាវនាវសុំឱ្យសប្បុរសជួយដល់កូនចៅនៅកន្លែងរើសអេតចាយ ទាំងអស់គ្នាបានផ្ទះនៅទាំងអស់គ្នា គ្មានផ្ទះរស់នៅទេ គ្មានកន្លែងរស់នៅទេ»។
អ្នកប្រកបរបររើសអេតចាយនៅក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១នេះមានជាង២០គ្រួសារហើយក្នុងនោះជាង១០គ្រួសារ បានរុះរើផ្ទះ ឬ តង់កន្លែងស្នាក់កាលពី១សប្តាហ៍មុន ដោយអាជ្ញាធរខណ្ឌផ្តល់ថវិកា១គ្រួសារ៥០ម៉ឺនរៀលដើម្បីធ្វើដំណើរទៅរកទីតាំងថ្មីរស់នៅ ចំណែកអ្នកនៅសេសសល់ត្រូវរើបន្តបន្ទាប់។ ប៉ុន្តែអ្នករើសអេតចាយទាំងនេះមិនទៅរកទីតាំងថ្មីទេគឺបន្តរស់នៅជ្រៀតជ្រកក្បែរនោះ ដោយសារជិតកន្លែងកូនរៀន និងជាកន្លែងដែលសប្បុរជនតែងតែយកស្បៀងអាហារទៅចែកជូន។
អ្នកនាំពាក្យក្រសួងសង្គមកិច្ចលោក តូច ចាន់នី ថ្លែងថា ករណីអ្នករើសអេតចាយនៅសង្កាត់បឹងទំពន់នេះ ជាការទទួលខុសត្រូវដោះស្រាយរបស់អាជ្ញាធរដែនដី។ លោក បន្តថា បើសិនជា អ្នករើសអេតចាយទាំងនោះមិនមានគោលដៅបន្ត អាចរស់នៅក្នុងមណ្ឌលរបស់ក្រសួងសង្គមកិច្ចមួយរយៈបាន។
លោក តូច ចាន់នី និយាយថា៖«ខាងខ្ញុំដោះស្រាយតែជនអាណាថា បើគាត់អត់ទីពឹងអីអាចមករស់នៅក្នុងមណ្ឌលបាន។ មិនមែនរស់នៅរហូតទេគឺនៅមួយរយៈហើយនៅពេលមានលទ្ធភាពបញ្ជូនគាត់ត្រឡប់វិញ»។
អភិបាលខណ្ឌមានជ័យលោក ពេជ្រ កែវមុនី បានឆ្លើយសារតាមប្រព័ន្ធតេឡេក្រាមថា លោកនឹងពិនិត្យមើលករណីនេះ ប៉ុន្តែលោកពុំបានផ្តល់ព័ត៌មានលម្អិតនោះទេ។
ប្រធានសមាគមប្រធានធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ថ្លែងថា អ្នករើសអេតចាយមានជីវភាពលំបាកស្រាប់ ហើយថា បើតម្រូវឱ្យរុះរើកន្លែងរស់នៅក្នុងស្ថានភាពកូវីដនេះហាក់ដូចជាសម្លាប់ពួកគាត់។ លោកអំពាវនាវឱ្យរដ្ឋាភិបាលអន្តរាគមន៍រកជំរកឱ្យអ្នកទាំងនេះ។
លោក វន់ ពៅ និយាយថា៖«អ្នកក្រីក្របំផុតហើយ អ្នករើសអេតចាយនេះ។ ចឹងរដ្ឋត្រូវមានកាតព្វកិច្ចធ្វើផ្ទះជូនគាត់ខ្ញុំគិតថា រដ្ឋមានលទ្ធភាព ព្រោះកន្លងមករដ្ឋបានធ្វើដីសម្បទានសង្គមកិច្ចច្រើន។ ដីមួយចំនួនធំដូចជា បឹងតាមោកអីទុកឱ្យ…កូនលោកនេះ កូនលោកនោះបាន រឿងអីជួយអ្នកក្រីក្រប៉ុណ្ណឹងមិនបាន»។
តាមលិខិតរបស់សាលារាជធានីភ្នំពេញកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២០ គឺអាជ្ញាធររៀបចំទីតាំងនៅក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យនេះ ជាកន្លែងអាងរំដោះទឹក។ ក្នុងដំណើរការរៀបចំនេះ ក៏មានប្រជាពលរដ្ឋចំនួន៣៨គ្រួសារ ចេញមុខតវ៉ាដោយអះអាងថា ប៉ះពាល់ដីរបស់ពួកគេមានទំហំជាង១២ហិកតា ដែលរហូតដល់ចុងខែមិថុនាឆ្នាំ២០២១នេះ សកម្មភាពតវ៉ារបស់ពលរដ្ឋទាំងនោះនៅតែបន្តក្រោមរូបភាពផ្សេងៗដូចជា តាមបណ្តាញសង្គមហ្វេសប៊ុក និងតវ៉ានៅកន្លែងដីផ្ទាល់៕