ប្រជាពលរដ្ឋ៧នាក់ ដែលជាអ្នកការពារព្រៃឈើនៃសហគមន៍«ឧត្តមស្រែពស់» ត្រូវបានតុលាការខេត្តកំពង់ស្ពឺសាកសួរកាលពីថ្ងៃទី១៨ ខែតុលា ជុំវិញទំនាស់ដីធ្លីមួយកន្លែងជាមួយមន្ត្រីទាហានកងពលតូច«ង៧០»ស្ថិតក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ យោងតាមប្រជាសហគមន៍ និងដីកាកោះសាលាដំបូងខេត្ត។
ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក រ៉ែន នរិន្ទ បានចេញដីកា នៅថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២៣ កោះហៅពលរដ្ឋចំនួន៧នាក់ នៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ឱ្យចូលបំភ្លឺនៅថ្ងៃទី១៨ ខែតុលា ក្រោមបទចោទដូចៗគ្នា រួមមាន«ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស រំលោភ រំលោភលើកម្មសិទ្ធិ គំរាមសម្លាប់ និងជេរប្រមាថ» យោងតាមបណ្ដឹងរបស់បុគ្គលឈ្មោះ អៀម ម៉ៅ ដែលពលរដ្ឋអះអាងថាជាមន្ត្រីទាហាន ខណៈពួកគាត់ទើបតែទទួលបានដីកាកោះមុនមួយថ្ងៃប៉ុណ្ណោះ។
អ្នកនាំពាក្យតុលាការខេត្តកំពង់ស្ពឺ លោក ផេង ស៊ីភ័ណ្ឌ បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់ការសាកសួរពីម្សិលមិញនេះ គឺតុលាការពុំទាន់មាននីតិវិធីបន្តទៀតនោះទេ ដោយថាតុលាការកំពុងប្រមូលព័ត៌មានបន្ថែម។
សមាជិកសហគមន៍ម្នាក់ដែលត្រូវបានកោះហៅ គឺលោក ឃន សារិទ្ធ អាយុ៤២ឆ្នាំ ថ្លែងប្រាប់ ខេមបូចា នៅថ្ងៃពុធនេះថា រូបលោកនិងពលរដ្ឋមិនបានគំរាមសម្លាប់ និងរំលោភកម្មសិទ្ធិ ជេរប្រមាថ ដូចទៅនឹងដីកាឲ្យចូលខ្លួនបំភ្លឺ ដែលមានដើមបណ្ដឹងជាទាហាន ឈ្មោះ អៀម ម៉ៅ នោះទេ។ ចំពោះបណ្ដឹងនេះ លោកបញ្ជាក់ថា តុលាការក៏មិនទាន់សម្រេចចោទប្រកាន់រូបលោកទាំង៧នាក់ដែរ។
លោក សារិទ្ធ ពន្យល់ថា ពលរដ្ឋបានដាំកូនឈើទៅលើដីដែលនៅក្បែរវត្តមេត្តាធម្មជាតិ ត្បិតទីនោះមានសត្វព្រៃឆ្លងកាត់ និងចង់ថែរក្សាដើម្បីជាប្រយោជន៍ជាតិ ខណៈកន្លងទៅធ្លាប់មានក្រុមការងារអតីតនាយករដ្ឋមន្ត្រីធ្លាប់ចុះមកអន្តរាគមន៍ ថានឹងជួយកាត់ដីដែលនៅក្បែរវត្តទុកឲ្យសហគមន៍ថែរក្សា ក្នុងនោះក្រសួងដែនដីក៏ធ្លាប់ចេញលិខិតមកអភិបាលខេត្តជុំវិញបញ្ហាដីសហគមន៍នេះដែរ។ ដូច្នេះទើបពលរដ្ឋសុំការពារដីដែលបានដាំកូនឈើរួចព្រោះជាដីដែលសហគមន៍ថែរក្សាកន្លងមក បើទោះបីដីនោះស្ថិតក្នុងដីដែលត្រូវកាត់ឆ្វៀលក៏ពិតមែន។
ប្រជាសហគមន៍រូបនេះថ្លែងថា៖ «ដីនោះគេឈូសហើយ តែវានៅក្នុងបរិវេណវត្តមេត្តាធម្មជាតិដូច្នេះពួកយើងសុំដីម្ដុំហ្នឹងដោយសារមានព្រះ ដើម្បីដាំដើមឈើឡើងវិញ ម្យ៉ាងទៀតយើងបានធ្វើលិខិតទៅក្រសួងជាច្រើនដើម្បីសុំដំណោះស្រាយ ដូច្នេះបានជាយើងឃាត់គាត់[ទាហាន] ឲ្យចាំដំណោះស្រាយសិន។ យើងចង់សុំមួយចំណែកទុកតំបន់ហ្នឹងជាទីសក្ការៈបូជា»។
ចំណែកលោក ឈន ធា ប្រជាសហគមន៍ឧត្តមស្រែពស់ ដែលត្រូវបានតុលាការកោះហៅ ថ្លែងថា ជារឿងដ៏អយុត្តិធម៌ចំពោះរូបលោកនិងប្រជាសហគមន៍ផ្សេងទៀត ដែលគ្រាន់តែការពារដីព្រៃសហគមន៍សម្រាប់សម្បត្តិរដ្ឋ និងជាប្រយោជន៍រួម មិនមែនដើម្បីប្រយោជន៍បុគ្គល បែរជាត្រូវរងបណ្ដឹងពីមន្ត្រីទាហាន«ង៧០» ពីបទគំរាមសម្លាប់ និងជេរប្រមាថទៅវិញ ត្បិតកន្លងមកពលរដ្ឋទេ ដែលរងការគំរាម និងហិង្សាពីក្រុមទាហាន។
លោក ធា បញ្ជាក់ថា៖ «ពាក្យបណ្ដឹងមកលើពួកខ្ញុំទាំង៧នាក់គឺមានភាពអយុត្តិធម៌ ព្រោះពួកខ្ញុំថែរក្សាធនធានធម្មជាតិ មិនមែនយកជាកម្មសិទ្ធិបុគ្គល បែរជាគាត់ចោទពួកខ្ញុំ៧នាក់ វាអយុត្តិធម៌សម្រាប់ពួកខ្ញុំ»។
លោក ធា បន្ថែមឲ្យដឹងថា ប្រជាពលរដ្ឋទាំងអស់នៃសហគមន៍ឧត្តមស្រែពស់ បានដាំកូនឈើប្រមាណ១ម៉ឺនដើម ដើម្បីស្ដារព្រៃឡើងវិញ ដោយសង្ឃឹមថានឹងជាប្រយោជន៍សម្រាប់សង្គមជាតិ ពិសេសជាជម្រកសត្វព្រៃផងដែរ។ ប៉ុន្តែក្រុមទាហាននៅតែមកឈូសឆាយបំផ្លាញដីដែលពលរដ្ឋដាំកូនឈើ ខណៈដីនោះនៅមិនទាន់មានដំណោះស្រាយនៅឡើយ ត្បិតពលរដ្ឋបានស្នើសុំដីនោះជាដីសហគមន៍។
លោកបានលើកឡើងថា៖ «យើងខ្ញុំមិនបានប្រព្រឹត្តធ្វើឲ្យខូចខាត ឬគំរាមសម្លាប់ រំលោភកម្មសិទ្ធិនោះទេ គាត់ឈ្មោះអៀម ម៉ៅ ដែលប្ដឹងខ្ញុំគឺជាទាហាននៅ ង៧០ គាត់មកឈូសកូនឈើដែលពលរដ្ឋដាំ ហើយគាត់ថាជាដីរបស់គាត់។ ដីនោះស្ថិតក្នុងទំនាស់ជាមួយសហគមន៍ សហគមន៍គ្រាន់តែហាម[ឃាត់]កុំឲ្យឈូសដើម្បីស្ដាព្រៃឡើងវិញ»។
លោក ធា បន្តថា កន្លងទៅអភិបាលខេត្តកំពង់ស្ពឺ និងមន្រ្តីពាក់ព័ន្ធធ្លាប់ចុះមកអន្តរាគមន៍ដែរ ប៉ុន្តែមិនទាន់បានកំណត់ព្រំដីឲ្យច្បាស់លាស់រវាងដីសម្រាប់សហគមន៍ និងដីដែលកាត់ឲ្យក្រុមទាហាននោះទេ។
លោក ធា បន្ថែមថា៖ «ពួកខ្ញុំស្នើឲ្យស្ថាបនរដ្ឋដោះស្រាយឲ្យសហគមន៍កុំឲ្យមានទំនាស់ជាមួយទាហាន ដើម្បីស្ដារព្រៃឡើងវិញ»។
អ្នកស្រី ឃន ខន ជាប្រជាសហគមន៍ឧត្តមស្រែពស់ អាយុ៦៧ឆ្នាំ ឲ្យដឹងថា ពួកគាត់មិនបានរំលោភបំពាន គំរាមសម្លាប់ទៅលើមន្រ្តីទាហាន ដែលមានកាំភ្លើងនោះទេ គឺពួកគាត់ការពារដីព្រៃ និងដាំដើមឈើដើម្បីស្ដារព្រៃឡើងវិញ នៅលើដីដែលនៅក្បែរវត្តមេត្តាធម្មជាតិប៉ុណ្ណោះ។
ស្រ្តីចំណាស់រូបនេះ ថ្លែងបន្តថា ប្រជាសហគមន៍មិនមានអំណាច ឬអាវុធទៅគំរាមសម្លាប់មន្រ្តីទាហានឡើយ ហើយអ្វីដែលពលរដ្ឋធ្វើកន្លងមកគឺដើម្បីការពារដីព្រៃសម្រាប់ប្រយោជន៍ជាតិប៉ុណ្ណោះ។
អ្នកស្រី ខន បាននិយាយថា៖ «ខ្ញុំឆ្ងល់ថាពួកខ្ញុំជាប្រជាពលរដ្ឋ ខំថែរក្សាដីព្រៃទុកឲ្យក្មេងជំនាន់ក្រោយមើល ទៅជាខុសវិញ។ ឯគាត់[ទាហាន]អ្នកឈូសឆាយ ពួកខ្ញុំឃាត់ថាឲ្យចាំមានដំណោះស្រាយសិន ខ្ញុំពិបាកណាស់អ្នកគ្រូ ឃាត់ថ្ងៃ យប់ឡើងលួចឈូស»។
អ្នកស្រី ខន សំណូមពរទៅរដ្ឋាភិបាល និងតុលាការឲ្យជួយរកដំណោះស្រាយជូនប្រជាសហគមន៍ ជាជាងយកប្រព័ន្ធតុលាការមកដាក់គំនាបពលរដ្ឋ ខណៈពលរដ្ឋទាំងអស់តស៊ូការពារព្រៃ លះបង់ពេលវេលា និងប្រឈមបញ្ហាជីវភាពយ៉ាងលំបាក។
អ្នកស្រីថ្លែងទៀតថា៖ «សូមគ្រប់ស្ថាប័នជួយប្រជាពលរដ្ឋយើងខ្ញុំ ជួយរកដំណោះស្រាយឲ្យយើងខ្ញុំផង ឥឡូវកំពុងពិបាកវេទនាខ្លាំងណាស់ ពួកខ្ញុំមិនបានធ្វើអីខុសទេ គ្រាន់តែការពារដីទុកជាសម្បត្តិរដ្ឋ ទុកឲ្យក្មេងជំនាន់ក្រោយមើលផងនៅតិចតួចហ្នឹង»។
ព្រះតេជគុណ ព្រំ សុជាតិ ជាព្រះសង្ឃគង់នៅវត្តព្រៃមេត្តាធម្មជាតិ មានសង្ឃដីកាថា ប្រជាពលរដ្ឋសហគមន៍ការពារព្រៃមេត្តាធម្មជាតិនៃសហគមន៍ឧត្តមស្រែពស់ រងបណ្ដឹងពីក្រុមទាហាន ខណៈក្រុមទាហានចូលភ្ជួរបំផ្លាញចោលកូនឈើចម្រុះ ដែលប្រជាសហគមន៍បានដាំក្នុងពេលកន្លងមកចំនួនប្រមាណជា ៤ ០០០ដើម ដោយក្រុមទាហានបានយកដើមចេកមកដាំនៅលើដីនោះវិញ។
ព្រះតេជគុណ មានសង្ឃដីកាថា៖ «អាត្មាបានដឹងបានឮ បានឃើញ ព្រឹត្តិការណ៍អស់ហ្នឹងបានប៉ះពាល់ដល់អាត្មា គេវាយ គេបាញ់ គេដុតកុដិ តែយើងជាអ្នកបួសមិនកាន់ការធំដុំ»។
លោក ទេព ណែម មេឃុំត្រពាំងជោរ លើកឡើងថា រដ្ឋាភិបាលបានកាត់ដីតំបន់នោះឲ្យទៅកងទ័ពកាលពីឆ្នាំកន្លងទៅហើយ ចំពោះការតវ៉ារបស់ពលរដ្ឋ និងក្រុមទាហាន លោកមិនទាន់ដឹងច្បាស់នៅឡើយទេ ត្បិតកន្លងមកធ្លាប់មានការចុះវាស់វែងពីអភិបាលខេត្តម្ដងមកហើយ។
លោក ណែម ថ្លែងថា៖ «ខ្ញុំក្ដាប់មិនបានដែរ បើដីក្នុងវត្តដែលគេឈូស គេមានព្រំប្រទល់អស់ហើយ តែគេធ្វើអីទៀតខ្ញុំអត់យល់ដែរ»។
ខេមបូចា មិនអាចស្វែងរកការឆ្លើយតបពីលោក ច័ន្ទ ថេតថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានឡើយនៅថ្ងៃពុធនេះ។
អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង ប្រាប់ ខេមបូចា ថា លោកមិនបានជ្រាបអំពីព័ត៌មានថាប្រជាសហគមន៍ឧត្តមស្រែពស់ ត្រូវបានកោះហៅទៅតុលាការជុំវិញវិវាទរវាងសហគមន៍ និងមន្រ្តីទាហានឡើយ។ ហើយចំពោះបញ្ហាដែលពលរដ្ឋស្នើសុំឲ្យកាត់ឆ្វៀលដីដើម្បីទុកជាដីសហគមន៍ និងសម្បត្តិរដ្ឋ លោកនឹងជំរុញឲ្យមន្រ្តីពាក់ព័ន្ធដោះស្រាយ តែចំពោះបណ្ដឹងដល់តុលាការលោកមិនអាចលូកដៃបានទេ។
លោក សំណាង ថ្លែងថា៖ «ចុះរាល់ដងដែលគ្រវាត់ចោលពួកគាត់ឯណា ប្រជាជនយើងហ្នឹង មិនចោលពីណាទេ ឲ្យតែជាពលរដ្ឋល្អស្លូតត្រង់យើងនៅខាងគាត់ជានិច្ច។ ខ្ញុំនឹងជំរុញមន្រ្តីពាក់ព័ន្ធខិតខំសម្របសម្រួលដោះស្រាយរឿងហ្នឹង។ ចំណែកការកោះហៅ ជានិតិវិធីតុលាការ»។
គួរជម្រាបថា កាលពីខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាល បានចេញអនុក្រឹត្យមួយដោយធ្វើអនុប្បយោគផ្ទៃដីទំហំ២៦២,២៤ហិកតា ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នាភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិជូនក្រុមគ្រួសារយោធិនបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក ចំនួន៤១គ្រួសារ សម្រាប់សាងសង់លំនៅឋាន និងបង្កបង្កើនផល។
ក្រោយអនុក្រឹត្យចេញជាផ្លូវការ អ្នកភូមិជាច្រើននាក់បានតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចនេះជាបន្តបន្ទាប់ នៅពេលដែលទាហានមួយក្រុមមកពីអង្គភាពបញ្ជាការដ្ឋានរថក្រោះបានមកបោះបង្គោលព្រំដែនដី ហើយបានចាប់ផ្តើមឈូសឆាយព្រៃដោយប្រើគ្រឿងចក្រ។ ក្រោយការតវ៉ា អ្នកភូមិ៦នាក់ត្រូវបានកោះហៅមកសាកសួរកំឡុងខែកុម្ភៈ។
ប៉ុន្តែបើតាមប្រជាសហគមន៍ឧត្តមស្រែពស់ អះអាងថា មកទល់ពេលនេះ ពួកគេមិនឃើញមានគ្រួសារក្រីក្រ ឬគ្រួសារកងទ័ពណាមកសង់ទីលំនៅ កសាងគ្រួសារលើដីដែលរដ្ឋាភិបាលបានកាត់ឆ្វៀលប៉ះចំដីសហគមន៍ថែរក្សានោះទេ។
ខេមបូចា មិនអាចរកការឆ្លើយតបពីដើមបណ្ដឹង ឈ្មោះ អៀម ម៉ៅ ដែលពលរដ្ឋអះអាងថា ជាមន្រ្តីទាហាននោះទេ ខណៈអ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន លោក ថោង សូលីម៉ូ បដិសេធមិនធ្វើការអធិប្បាយនោះទេ ដោយលោកថាកំពុងនៅក្រៅប្រទេស និងក្ដាប់ព័ត៌មានមិនបាន។
អ្នកនាំពាក្យបញ្ជាការដ្ឋានកងទ័ពជើងគោក លោក ម៉ៅ ផល្លា បដិសេធមិនធ្វើអត្ថាធិប្បាយអំពីករណីនេះទេ ហើយគាត់បានឱ្យទៅសួរ លោក ថោង សូលីម៉ូ ជំនួសវិញ។
ទោះជាយ៉ាងនេះក្តី លោក ហេង គឹមហុង អ្នកគ្រប់គ្រងកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៅបណ្តាញយុវជនកម្ពុជា ថ្លែងថានេះជារបត់ថ្មីមួយ ខណៈប្រជាពលរដ្ឋជាអ្នកការពារព្រៃឈើរងបណ្ដឹងពីក្រុមទាហាន ដែលប្រើប្រាស់ហិង្សា ឬអាវុធ គំរាមសម្លាប់ប្រជាសហគមន៍ លោកបន្តថា តុលាការគួរផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋ។
លោក គឹមហុង ថ្លែងថា៖ «តុលាការមេត្តាពិនិត្យ និងទម្លាក់បទចោទ ហើយធ្វើការទៅលើពាក្យបណ្ដឹងដែលសហគមន៍ធ្លាប់ដាក់កន្លងមក ផ្ទុយទៅវិញទាហានដែលប្រព្រឹត្តហិង្សា ប្រើប្រាស់អាវុធគំរាមប្រជាពលរដ្ឋ ប្ដឹងទៅតុលាការទៅវិញ»។
លោក គឹមហុង ចង់ឃើញរដ្ឋាភិបាលអនុម័តច្បាប់អនុប្រយោគជាមុនសិន មុននឹងបន្តឆ្វៀលដីទៅឲ្យក្រុមហ៊ុនវិនិយោគ ឬបុគ្គលកាន់កាប់ ជៀសវាងជម្លោះកើតឡើ់ង និងការរំលោភសិទ្ធិមនុស្ស។
លោក គឹមហុង បន្ថែមថា៖ «អាចធ្វើឲ្យមានការរំលោភសិទ្ធិមនុស្សកើតឡើងដែរ បើសិនណារដ្ឋាភិបាលអត់មានការពិគ្រោះយោបល់ជាមុនកំណត់និតិវិធីអនុប្រយោគជាក់លាក់»។
មន្រ្តីអង្កេតការរបស់អង្គការអាដហុកប្រចាំខេត្តកំពង់ស្ពឺ លោក រ័ត្ន ថាវី រំពឹងថា តុលាការនឹងមិនចោទប្រកាន់ទៅលើប្រជាសហគមន៍នោះទេ ហើយលោកមានការសោកស្ដាយពលរដ្ឋដែលការពារព្រៃឈើតែងប្រឈមនឹងច្បាប់។
លោក ថាវី ថ្លែងថា៖ «យើងសង្គមស៊ីវិលស្នើសុំចំណាត់ការឲ្យមានតម្លាភាព ព្រោះការទាមទាររបស់ប្រជាពលរដ្ឋ គឺដើម្បីប្រយោជន៍សាធារណៈ»៕
រាយការណ៍បន្ថែមដោយ ផុន សុទ្ធីរ័ត្ន