ក្រុមហ៊ុនចិនគ្រប់គ្រងព្រលានយន្តហោះថ្មីនៅខេត្តសៀមរាបបានបញ្ចុះតម្លៃពី៣៣ភាគរយទៅ៥០ភាគរយនៃតម្លៃធ្វើដំណើរឆ្លងកាត់ផ្លូវចូលព្រលាន ខណៈអ្នកបើតាក់ស៊ីអះអាងថា នៅតែទទួលបានផលចំណេញតិចតួច។
សេចក្តីប្រកាសរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី១១ ខែមករា គណៈកម្មការចម្រុះដែលបង្កើត ឡើងដោយរដ្ឋាភិបាលបានសម្របសម្រួលជាមួយភាគីពាក់ព័ន្ធឈានដល់ការបញ្ចុះតម្លៃអ្នកធ្វើដំណើរលើផ្លូវចូល និងចេញពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានសម្រេចបញ្ចុះតម្លៃពី៣៣ភាគរយរហូតដល់៥០ភាគរយទៅតាមប្រភេទរថយន្ត។ តម្លៃពីមុនរថយន្តឆ្លងកាត់ផ្លូវចូល និងចេញពីព្រលានយន្តហោះចម្ងាយជាង២០គីឡូម៉ែត្រត្រូវបែងចែករថយន្តជា៤ប្រភេទ ដែលថ្លៃបង់ថ្លៃចន្លោះពី៣ដុល្លារដល់១២ដុល្លារ ក្នុងពេលធ្វើដំណើរឆ្លងកាត់ម្តង ប៉ុន្តែចាប់ពីថ្ងៃទី១៥ ខែមករា តម្លៃនឹងធ្លាក់មកនៅត្រឹមចន្លោះពី២ដុល្លារទៅ៨ដុល្លារវិញ។
សម្រាប់អ្នកបើកតាក់ស៊ីដឹកភ្ញៀវនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានសាទរចំពោះការសម្រេចនេះ។ ប៉ុន្តែពួកគេលើក ឡើងថា បច្ចុប្បន្នពួកគេរកបានចំណូលបានទាប ហើយរដ្ឋាភិបាលគួរ តែចរចាជាមួយក្រុមហ៊ុនចិនឈប់យកថ្លៃធ្វើដំណើរឆ្លងកាត់ផ្លូវទុកតែថ្លៃចំណតនៅក្នុងព្រលានបានហើយ។
អ្នកបើកតាក់ស៊ីម្នាក់លោក យិប ភារម្យ ថ្លែងថា អ្នកបើកតាក់ស៊ីដែលប្រើប្រាស់ប្រេងសាំង ឬម៉ាស៊ូតដូចក្រុមរបស់លោក គឺដឹកក្នុង១ជើងអាចសល់តែ៥ដុល្លារតែប៉ុណ្ណោះ ដោយមិនទាន់គិតលើចំណីអាហារផង។
លោក យិម ភារម្យ ថ្លែងថា៖«ខាងអូតែលគាត់ឱ្យថោកពេក ត្រឹម២០ ឬ ២៥ដុល្លារ ចឹងទៅ! ឡានដូចខ្ញុំទទួលអត់បាន។ អ៊ីចឹងទៅ! បងឯងគិតមើលថាគ្រាន់តែផ្លូវត្រូវចំណាយអស់៦ដុល្លារហើយ ហើយរឿងកន្លែងចតហ្នឹងថា១ម៉ឺនរៀលទៀតទៅ រឿងប្រេងទៀតអស់១០ដុល្លារល្មមហ្នឹងឯង ហើយនៅសល់ប្រមាណ៥ដុល្លារ។ វាយ៉ាប់ពេលខ្ញុំមានតែឱ្យពួកម៉ាកហ្នឹងឯងផ្សេង បោះឱ្យពួកម៉ាកផ្សេងដែលប្រើឡានហ្គាសវិញ»។
អ្នកបើកតក់ស៊ីម្នាក់ទៀតលោកសែន ស៊ិនបូណា ថ្លែងថា អ្នកធ្វើការងារលើសេវាទេសចរណ៍នៅក្នុងខេត្តសៀមរាបជួបការលំបាកខ្លាំង ដែលក្នុងស្ថានភាពនេះរដ្ឋាភិបាលគួរគិតអនុគ្រោះឱ្យបានច្រើន។
លោក សែន ស៊ិនបូណា ថ្លែងថា៖«វិស័យទេសចរណ៍នៅសៀមរាបមានការយ៉ាប់យឺនខ្លាំង ហ្នឹងហើយ! ទាមទារឱ្យមានការយកចិត្តទុកដាក់ និងផ្តល់នូវការអនុគ្រោះដល់អ្នករកទទួលទានពាក់ព័ន្ធនឹងវិស័យទេសចរណ៍ហ្នឹង។ អ្នករកស៊ីពាក់ព័ន្ធនឹងវិស័យទេសចរណ៍ដូចជាផ្ទះសំណាក់ សណ្ឋាគារអីហ្នឹងណា គ្នាទើបតែងើបប្រឹះៗតិចៗ បើយើងមកបន្ថែមបន្ទុកពីលើទៀតទៅវាហាក់ដូចជាប៉ះពាល់ដល់អារម្មណ៍ពួគាត់ច្រើន ប៉ះពាល់ខ្លាំ ប៉ះពាល់ទាំងអារម្មណ៍ ប៉ះពាល់ទាំងជីវភាពរបស់ពួកគាត់»។
សម្រាប់មគ្គុទេ្ទសក៍ទេសចរណ៍លោក ពេជ្រ ឆដា ថ្លែងថា រដ្ឋាភិបាលគួរសម្របសម្រួល លុបចោលការយកថ្លៃធ្វើដំណើរចូល និងចេញពីព្រលានយន្តហោះខេត្តសៀមរាបនេះ ដើម្បីជួយលើកកម្ពស់ជីវភាពពលរដ្ឋក៏ដូចជាការកាត់បន្ថយការចំណាយរបស់ភ្ញៀវទេសចរណ៍។
លោក ពេជ្រ ឆដា ថ្លែងថា៖«ដូចខ្ញុំឧទាហរណ៍ខាងដើមអ៊ីចឹង វាមិនដែលអាណាធ្វើបុរីធ្វើផ្ទះល្វែងលក់ឱ្យអតិថិជន ហើយពេលអតិថិជនចូលទៅក្នុងបុរីហ្នឹងតម្រូវឱ្យបង់លុយថ្លៃផ្លូវទេ។ ប្រសិនជាអាចខ្ញុំចង់សំណូមពរទៅគណៈកម្មការចំពោះកិច្ចហ្នឹងឱ្យលើកលែងការបង់ថ្លៃផ្លូវ ថ្លៃចំណតរក្សាធម្មតាអត់មានបញ្ហាទេ មិនជាបញ្ហាចោទ។ វាហួសហេតុចំពោះការបង់ថ្លៃផ្លូវ ទោះបីបញ្ចុះតម្លៃរយៈពេល២ឆ្នាំក៏ដោយ វាអត់សម ខ្ញុំគិតថាវាអត់សម»។

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលលោក ស៊ិន ចាន់សេរីវុត្ថា មានប្រសាសន៍ថា លោកដឹងពីការត្អួញត្អែររបស់អ្នករត់តាក់ស៊ី ប៉ុន្តែលោកថា ការដោះស្រាយត្រូវធ្វើឡើងជាជំហានៗ។ លោកបន្តថា ការចរចាឈានដល់ការសម្រេចនូវការបញ្ចុះតម្លៃនៅថ្ងៃទី១១ ខែមករានោះមានការលំបាកច្រើនណាស់។
លោក ស៊ិន សេរីវុត្ថា ថ្លែងថា៖«ពី១០០មកដល់៥០ពាក់កណ្តាលហ្នឹងវាល្មមដែរ វាអត់ដែលកន្លែងណាគេប្រើទទេទេ អត់ដែលមានម៉ង បើទទេមានតែរបស់រដ្ឋទេ របស់មានការចូលរួមពីការវិនិយោគវិស័យឯកជន វាតែងតែមានការបង់ថ្លៃខ្លះហើយ។ ពីដំបូងយើងចរចាមានភាពតឹងតែងដែរ ខាងវិនិយោគិនគេមានការគណនាពីចំណូលពីចំណាយរបស់គេ ហើយពេលចរចាទៅដោយសារហៅថាដើម្បីផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជន ក្រុមហ៊ុនក៏បានចុះរយៈពេល២ឆ្នាំសិន អ៊ីចឹងបន្ទាប់ពីពីរឆ្នាំ ចាំយើងទៅចរចាទៀត»។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ ស្នើរដ្ឋាភិបាលពិចារណាលុបចោលការយកថ្លៃលើផ្លូវចូលព្រលានយន្តហោះនៅខេត្តសៀមរាប។ ទន្ទឹមនឹងនេះ លោកក៏ស្នើឱ្យរដ្ឋាភិបាលរៀបចំគោលនយោបាយទម្លាក់ទុនបន្ថែមជួយដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ចនេះ។
លោក វ៉ន ពៅ លើកឡើងថា៖«ជាទូទៅបើសិនក្នុងស្ថានភាពបែបនេះរដ្ឋគួរតែធ្វើការឧបត្ថម្ភធនបន្ថែមទៀតទៅដល់អ្នកប្រកបមុខរបរទាំងអស់នោះ ដើម្បីគាត់មានប្រាក់ចំណូល មានធានាទៅដល់និរន្តរភាពសេដ្ឋកិច្ចរបស់ពួកគាត់ ហើយរដ្ឋគួរតែអន្តរាគមន៍មន្ថែមទៀតទៅក្រុមហ៊ុនឯកជនទាំងអស់ដែលធ្វើការជាមួយអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជាអ្នកដឹកជញ្ជូនភ្ញៀវជាដើមហ្នឹងត្រូវFreeជូន (អត់គិតថ្លៃ)ព្រោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រកបមុខរបរទាំងអស់ហ្នឹងគឺអ្នករងគ្រោះដំបូងមុនគេ»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមលោក មាស នី មានប្រសាសន៍ថា បញ្ហាស្មុគស្មាញនៅព្រលាន យន្តហោះខេត្តសៀមរាបនេះ ដោយសារតែរដ្ឋាភិបាលខ្វះខាតហើយពឹងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះលើរដ្ឋាភិបាលចិន។ លោកបន្តថា ករណីនៅព្រលានយន្ត ក៏ដូចជា ករណីជម្លៀសពលរដ្ឋ ចេញពីតំបន់អង្គរដែរគឺជាមេរៀនសំខាន់ដែលរដ្ឋាភិបាលត្រូវស្រាវជ្រាវឱ្យបានច្បាស់លាស់មុនដាក់ចេញគម្រោងណាមួយនៅពេលក្រោយ។
លោក មាស នី មានប្រសាសន៍ថា៖«បញ្ហានៅប្រលានយន្តហោះសៀមរាបនេះ ខ្ញុំគិតថាជាមេរៀនមួយ ដែលរដ្ឋត្រូវតែគ្រោងទុកជាមុនសម្រាប់ការវិនិយោគទុនដទៃទៀតនៅពេលខាងមុខ កុំឱ្យចាំមានប្រតិកម្មពីពលរដ្ឋបានយើងទៅដោះស្រាយនាំឱ្យពលរដ្ឋមានការរិះគន់។ ស្រដៀងគ្នានឹងបញ្ហាអាជ្ញាធរអប្សារានៅពេលដែលយើងចង់បានស្អីដែលដាក់ចូលបេតិកភណ្ឌយើងចេះតែនាំគ្នាសម្បាយចង់បានមោទនភាព ប៉ុន្តែពេលដេញពលរដ្ឋខ្លួនឯងចេញពីហ្នឹងទាំងភូមិៗនុះដែលធ្វើឱ្យពលរដ្ឋមានប្រតិកម្មមិនសប្បាយចិត្តនោះ សុទ្ធតែជមេរៀន»។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរសាងសង់អស់តម្លៃប្រមាណ១ពាន់ ១រយលានដុល្លារអាមេរិក ក្រោមគម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្មរបស់ចិន(BRI) បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៣។ គម្រោងនេះសាសង់ក្នុងទម្រង់ផ្ទេរ ឬ ហៅថា BOT បានន័យថា ព្រលានយន្តហោះនឹងប្រគល់ឱ្យរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងវិញនៅឆ្នាំ២០៧៣ ក្រោមការគ្រប់គ្រងទាំងក្រុមហ៊ុនចិនរយៈពេល៥០ឆ្នាំ៕