អ្នកមានមុខរបរពឹងផ្អែកលើវិស័យទេសចរណ៍នៅក្នុងក្រុងសៀមរាបអះអាងថា ពួកគេកំពុងប្រឈមមុខជាថ្មីទៀតចំពោះគោលការណ៍ស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុដែលរឹតបន្តឹងចំពោះអ្នកដែលរកលុយបង់សងបំណុលមិនបានតាមកិច្ចសន្យា។ អ្នកទាំងនេះអះអាងថា ត្បិតភ្ញៀវទេសចរហាក់កើនឡើងបន្តិចមែន ប៉ុន្តែភាគច្រើនជាភ្ញៀវជាតិ ហើយពួកគេនៅតែរកចំណូលមិនបានទៀងទាត់សម្រាប់បង់សងបំណុលដដែល។
អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី ថ្លែងថា អ្នកដែលធ្លាប់ស្នើសុំរៀបចំកម្ចីឡើងវិញដើម្បីសម្រួលការបង់សងដោយសារវិបត្តិកូវីដនៅពេលកន្លងមក ហើយចាប់ពីឆ្នាំ២០២២នេះ នៅតែមិនអាចបង់សងបានទៀត អ្នកទាំងនោះនឹងធ្លាក់ចំណាត់ថ្នាក់ឬជាប់ឈ្មោះមិនល្អ។
លោក កាំង តុងងឺ ពន្យល់ថា៖«អតិថិជនដែលធ្លាប់ស្នើរៀបចំឥណទានម្តងពីរដងបីដងរួចហើយ ស្នើសុំទៀត យើងនៅតែរៀបចំជូនគាត់ដដែលប៉ុន្តែឥណទានរបស់គាត់ត្រូវដូរចំណាត់ថ្នាក់ហើយ។ ដូរទៅជាឥណទានដែលមានហានិភ័យនិយាយឱ្យចំគាត់ត្រូវធ្លាក់ឥណទានរបស់គាត់»។
លោកពន្យល់ពីមូលហេតុនៃការរឹតបន្តឹងនេះថា៖«ការធ្វើបែបនេះ ការរឹតបន្តឹងបែបនេះ ដើម្បីធានាថា វិស័យយើងត្រូវរឹតបន្តឹងឡើងវិញដើម្បីឱ្យមានភាពរឹងមាំ។ យើងដឹងហើយថា វិស័យមីក្រូហិរញ្ញវត្ថុក៏ដូចជាវិស័យធានាគារហ្នឹងវាដូចជាសរសៃឈាម[អ៊ី]ចឹង កាលណាវិស័យហ្នឹងមានភាពរង្គោះរង្គើមានបញ្ហាវាជះឥទ្ធិពលដល់វិស័យសេដ្ឋកិច្ចទាំងមូល»។
ងាកមកមើលស្ថានភាពប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបដែលភាគច្រើនពឹងលើវិស័យទេសចរណ៍ ហើយភាគច្រើនជំពាក់លុយធនាគារអះអាងថា ពួកគេជួបបញ្ហាលំបាកជាថ្មីបន្ទាប់ពីឥទ្ធិពលកូវីដ២ឆ្នាំកន្លងទៅ គឺគោលការណ៍ថ្មីនៃស្ថាប័នផ្តល់កម្ចីនេះ ព្រោះពួកគាត់នៅតែរកដំណូលមិនបានដដែល។
លោក យឹម សីហា អ្នកគ្រប់គ្រងនៅសណ្ឋាគារមួយនៅក្រុងសៀមរាបថ្លែងថា ពេលមុនវិបត្តិកូវីដ សណ្ឋាគារដែលលោកគ្រប់គ្រងនេះមានបុគ្គលិកជាង៦០នាក់ ប៉ុន្តែពេលបច្ចុប្បន្នបន្ថយមកត្រឹមតែ១៥នាក់គ្រាន់តែនៅប្រចាំការតែប៉ុណ្ណោះ។ លោកបន្តថា មូលហេតុដែលមិនរើសបុគ្គលិកថែមទៀតនោះព្រោះភ្ញៀវមានចំនួនតិចហើយមិនសូវមានអ្នកស្នាក់នៅទេ។
លោក យឹម សីហា បន្តថា រូបលោកនៅបន្តធ្វើការដដែល ប៉ុន្តែប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតបាត់បង់អស់ជាងពាក់កណ្តាល។ លោកថា ពីមុនលោកធ្វើការងារតែម្នាក់ឯង ចំណែកប្រពន្ធនៅមើលថែកូនតូចៗ២នាក់ ប៉ុន្តែដោយសារតែបញ្ហានេះបានបង្ខំចិត្តឱ្យលោក និងប្រពន្ធយកកូនទៅផ្ញើជាមួយឪពុកម្តាយ ហើយប្រពន្ធរបស់លោកប្រឹងប្រែងរកការងារដើម្បីបានចំណូលបន្ថែម។
លោក យឹម សីហា៖«ប្រពន្ធគាត់ទៅធ្វើការងាររោងចក្របាត់ហើយ។ ចំណែកកូនគឺយ៉ាប់គឺពឹងម៉ែឱ្យជួយមើល»។
លោក យឹម សីហា ឱ្យដឹងថា រូបលោកត្រូវបង់ធនាគារក្នុង១ខែជាង១០០ដុល្លារ ក្នុងរយៈពេលជាង២ឆ្នាំទៀត។ លោកថា ក្នុងស្ថានភាពនេះលោកជួបការលំបាក ហើយអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធកុំរឹតបន្តឹងហើយងាកមកបន្ធូរបន្ថយបន្ថែមទៀត។
លោក យឹម សីហា៖«មានតែការបន្ធូរបន្ថយដូចជា ការប្រាក់ បង់តែការផ្អាកបង់ដើម។ វាអាចជួយបន្ធូរបន្ថយខ្លះដែរ»។
អ្នកគ្រប់គ្រងសណ្ឋាការនៅក្នុងក្រុងសៀមរាបម្នាក់ទៀតលោក សែន សាក់ ឱ្យដឹងថា សណ្ឋាគាររបស់លោកគ្រប់គ្រងនេះ មុនកូវីដមានបុគ្គលិកជាង៥០នាក់ ប៉ុន្តែបច្ចុប្បន្នបន្ថយនៅសល់តែ១១នាក់តែប៉ុណ្ណោះ។ លោកបន្តថា សណ្ឋាគារនៅតែខាតបង់ស្ទើររាល់ខែ ដូច្នេះមិនទាន់អាចទទួលយកបុគ្គលទាំងអស់ចូលធ្វើការងារវិញបានទេ។
លោក សែន សាក់ ឱ្យដឹងថា រូបលោកផ្ទាល់ក៏បាត់បង់ប្រាក់ចំណូលជាងពាក់កណ្តាលដូចលោក យឹម សីហាដែរ។ លោក បន្តថា លោកក៏ជួបការលំបាកខ្លាំងដែរ ដោយត្រូវបែងចែកប្រាក់ខែសម្រាប់ចំណាយក្នុងគ្រួសារ និងបែងចែកជាង១០០ដុល្លារដើម្បីសងធនាគាររាល់ខែ។
លោក សែន សាក់ បាននិយាយថា៖«ស្ថានភាពផ្ទាល់ខ្លួនដុនដាប ខែខ្លះទៅរួច ខែខ្លះចង់ដាច់ខ្យល់ដែរហ្នឹង»។
លោក គុណ កុយ អ្នកបើកហាងលក់ម៉ាស៊ីនថតរូបអះអាងថា របររបស់លោកប៉ះពាល់ខ្លាំងនៅពេលដែលភ្ញៀវទេសចរធ្លាក់ចុះ។
លោក គុណ កុយ បាននិយាយថា៖ «ពីមុនរកបាន១០០ភាគរយ ឥឡូវធ្លាក់មកត្រឹម២៥ភាគរយ។ នៅសៀមរាបអត់ដូចខេត្តគេផ្សេងទេបង ព្រោះយើងពឹងផ្អែកលើវិស័យទេសចរណ៍ បើអត់ទេសចរហើយ មិនថា ការរកស៊ីមុខជំនួញអីទេគឺធ្លាក់ចុះទាំងអស់គ្នា»។
លោក គុណ កុយ ឱ្យដឹងថា រូបលោកបានខ្ចីលុយធនាគារ៣ម៉ឺនដុល្លារដើម្បីបើកកន្លែងលក់ម៉ាស៊ីនថតនេះ។ លោក បន្តថា ពលរដ្ឋដែលរស់នៅតំបន់លោកភាគរយច្រើនមិនមានលុយបង់សងធនាគារទេ ដូច្នេះពួកគេមិនហ៊ានយកលុយទៅចំណាយលើអ្វីផ្សេងច្រើនទេ។
លោក គុណ កុយ បានបន្ថែមថា៖ «តាមខ្ញុំមើលពលរដ្ឋ៨០ឬ៧៥ភាគរយហើយជំពាក់ធនាគារអត់មានលុយបង់សង»។
លោក តេង ទឿង អតីតបុគ្គលិកសណ្ឋាគារម្នាក់នៅក្រុងសៀមរាប ថ្លែងថា សណ្ឋាគារដែលលោកធ្វើការនោះបានបិទទ្វារតាំងពីផ្ទុះឆ្លងរាលដាលកូវីដដំបូង។ លោកថា អំឡុងពេលនៃការព្យួរការងារនេះលោកទទួលបានប្រាក់ឧត្ថម្ភពីក្រសួងការងារ១ខែ ចំនួន១៦ម៉ឺន២ពាន់រៀល។ ទោះយ៉ាងណាលោកថា ជីវភាពនៅតែលំបាកទោះជាបច្ចុប្បន្នលោករកចំណូលបានពីការធ្វើជាងភ្លើងជាងទឹកខ្លះក៏ដោយ។
លោក តេង ទៀង បានបន្តថា៖ «វាខ្វះខាតមែនទែនណាបង។ យើងរកការងារខាងក្រៅបានគ្រាន់តែម៉ាទប់ទល់ៗ»។
ទន្ទឹមការលើកពីក្តីលំបាករបស់ប្រជាពលរដ្ឋមួយចំនួននៅក្នុងក្រុងសៀមរាបនេះ នាយករដ្ឋបាលសាលាខេត្តសៀមរាប លោក ស៊ុន ចំណាន ថ្លែងថា បន្ទាប់ពីស្ថានភាពកូវីដធូរស្រាល ហើយរដ្ឋាភិបាលប្រឹងប្រែងធ្វើកិច្ចការផ្សេងៗរួមទាំងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាបនេះគឺ ភ្ញៀវទេសចរណ៍មានការកើនឡើង។
លោក ស៊ុន ចំណាន បាននិយាយថា៖ «បើយើងប្រៀបធៀបខែមីនាឆ្នាំនេះ និងខែមីនាឆ្នាំ២០២០ វាកើនឡើងជាង៦០ភាគរយ»។
លោក ស៊ុន ចំណាន បន្តថា បន្ទាប់ពីការកើនឡើងភ្ញៀវទេសចរ អ្នកធ្វើការងារនៅក្នុងវិស័យនេះក៏មានចំនួនកើនឡើងដែរ។ ចំពោះបញ្ហាបំណុលលោកថា រដ្ឋាភិបាល អាជ្ញាធរខេត្ត នៅបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការជួយដោះស្រាយជូនពលរដ្ឋ។
បើតាមសហភាពសហព័ន្ធយុវជនកម្ពុជា ជាស្ថាប័នរៀបចំកម្មវិធីអង្គរសង្គ្រាន្តនៅក្នុងក្រុងសៀមរាប បង្ហាញការប៉ាន់ស្មានថា ក្នុងពេលចូលឆ្នាំនៅឆ្នាំ២០២២នេះ នឹងមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចន្លោះពី១លានទៅ២លាននាក់នឹងទៅកម្សាន្តនៅក្នុងក្រុងសៀមរាប។
លោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជាថ្លែងថា ចំនួនភ្ញៀវទេសចរណ៍កើនឡើងក្នុងថ្ងៃបុណ្យជាតិនេះ មិនទាន់អាចធ្វើឱ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ឬ កន្លែងកម្សាន្តផ្សេងៗ បង្កើនបុគ្គលិកទេ ព្រោះបារម្ភក្រោយថ្ងៃបុណ្យភ្ញៀវថយចុះវិញដដែល។
លោក ទូច កុសល បានបន្តថា៖«ភ្ញៀវដែលមាននេះអាចទៅលេងមុនចូលឆ្នាំ អំឡុងពេលចូលឆ្នាំ និងក្រោយចូលឆ្នាំអាចថយវិញ។ ចឹងតាមខ្ញុំធ្លាប់ធ្វើការងារនៅអូតែល បើគេរើសបុគ្គលិកមកគេខ្លាចកាលណាអត់មានភ្ញៀវវិញទៅ ត្រូវចំណាយលើប្រាក់ខែអីចឹងទៅ»។
លោក កុសល មើលឃើញថា បច្ចុប្បន្នអ្នកធ្វើការងារនៅវិស័យទេសចរនៅតែប្រឈមខ្ពស់លើបញ្ហាជីវភាព និងបំណុល។
លោក ទូច កុសល បានបន្ថែមថា៖ «បំណុល បើតាមខ្ញុំសួរពួកគាត់គឺច្រើន សឹងតែទូទៅហើយឥឡូវនេះ អ្នកអត់ជំពាក់បំណុលទើបចម្លែក។ ចឹងគាត់ត្រូវបង់ប្រចាំខែ ហើយក្រោយពេលអត់ការងារពីវិស័យទេសចរណ៍ ទៅធ្វើស្អីក៏គាត់ធ្វើដែរ មិនថា សំណង់ មិនថា ស្អីទេ ធ្វើតែទាំងអស់»។
បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបគឺ មុនកូវីដមានសណ្ឋាគារចំនួន២៣០ ស្មើនឹង១៤ ៦១៨បន្ទប់ ប៉ុន្តែគិតត្រឹមចុងឆ្នាំ២០២១ មានតែសណ្ឋាគារ៣១ស្មើនឹង១៣,៤៧ភាគរយ បើកដំណើរការ។ ចំណែកផ្ទះសំណាក់មុនកូវីដមានចំនួន២៦១ស្មើនឹង៤ ៧៦០ បន្ទប់ គិតត្រឹមចុងឆ្នាំ២០២១ បើកដំណើរការបានតែ៧៥ ស្មើនឹង២៨,៧៣ភាគរយ។
ចំពោះបញ្ហាបំណុល វាមិនមែនជាបញ្ហាកើតមានតែលើអ្នករស់នៅក្នុងខេត្តសៀមរាបទេគឺនៅរាជធានី និងខេត្តផ្សេងទៀតក៏ជួបបញ្ហានេះដែរ។ របាយការណ៍វិទ្យាស្ថានស្ថិតិស្តីពីការសង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជាឆ្នាំ២០១៩-២០២០ បង្ហាញថា ពលរដ្ឋកម្ពុជាជាប់បញ្ហាបំណុលកម្រិតធ្ងន់តាំងពីមុនកូវីដចូលមកដល់។
របាយការណ៍បង្ហាញថា ក្នុងមួយគ្រួសារជាប់បំណុលជាមធ្យម៤ ៤៣៥ដុល្លារ ដែលចំនួននេះកើនឡើង៨៥ភាគរយបើធៀបឆ្នាំ២០១៧ ហើយបើធៀបជាមួយឆ្នាំ២០១៤ កើនឡើង៣៣៩ ភាគរយ។
បើទោះជាបញ្ហាបំណុលជាបន្ទុកលើពលរដ្ឋនៅទូទាំងប្រទេស ប៉ុន្តែសម្រាប់ខេត្តផ្សេងៗអាចពឹងពាក់ខ្លះលើវិស័យរោងចក្រកាត់ដេរ កសិកម្ម និងការវិស័យផ្សេងទៀត ចំណែកខេត្តសៀមរាបពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យទេសចរណ៍។ ដូច្នេះបើវិស័យនេះធ្លាក់ចុះពួកគេនឹងជួបការលំបាក។ បញ្ហាមួយទៀតគឺ ពលរដ្ឋមិនបានស្វែងយល់ពីសិទ្ធិរបស់គាត់គឺពួកគាត់មិនបានដឹងពីសិទ្ធិដែលអាចសុំពន្យារ ឬ ផ្អាកបង់ក្នុងអំឡុងពេលមានវិបត្តិកូវីដខ្លាំងទេ។ ដូច្នេះពួកគេត្រូវសម្រេចចិត្តលក់ទ្រព្យសម្បត្តិ ឬ ខ្ចីលុយកន្លែងផ្សេងដែលមានការប្រាក់ខ្ពស់ដើម្បីយកមកបង់សងធនាគារធ្វើឱ្យស្ថានភាពបំណុលកាន់តែធ្ងន់ធ្ងរនៅច្រើនកន្លែង។
លោក គុណ កុយ ថ្លែងថា លោកមិនបានដឹងថា ធនាគារដែលលោកខ្ចីលុយនេះអាចស្នើសុំពន្យារ ឬ ផ្អាកការបង់សងបានទេនៅក្នុងអំឡុងពេលកូវីដ។ ម្យ៉ាងទៀតលោក ឮគេនិយាយថា បើមិនអាចបង់សងទេត្រូវគេប្តឹងទៅតុលាការ ទើបលោកភ័យខ្លាចហើយរកមធ្យោបាយផ្សេងៗដើម្បីបង់សងទោះមុខរបររបស់លោកខាតបង់ក៏ដោយ។
លោក គុណ កុយ បានបន្ថែមថា៖«បើអ្នកណាអត់បានបង់ពីរយៈពេល៣ទៅ៦ខែ អត់បានបង់ទាំងការទាំងដើមអីហ្នឹង គេហៅទៅតុលាការ។ ពួកម៉ាកខ្ញុំជាក់ស្តែង គាត់ជំពាក់ហើយអត់មានលុយបង់៣ខែគេហៅទៅតុលាការ»។
ទោះយ៉ាងណាលោក កាំង តុងងី អះអាងថា បច្ចុប្បន្នបើមានពលរដ្ឋដែលធ្លាប់ស្នើ ហើយចង់ស្នើរៀបចំកម្ចីឡើងវិញទៀត ខាងស្ថាប័នផ្តល់កម្ចីនឹងរៀបចំឱ្យទៀត ប៉ុន្តែអតិថិជនធ្លាក់ចំណាត់ថ្នាក់ ឬ ស្ថិតនៅក្នុងបញ្ជីឈ្មោះមិនល្អ។ ចំពោះការលើកឡើងថា មានការប្តឹងទៅតុលាការនោះ លោកបញ្ជាក់ថា មិនមានទេ។
លោក កាំង តុងងី មានប្រសាសន៍ថា៖«ក្នុង២ឆ្នាំនេះខ្ញុំធានាថា មិនមានសមាជិកណាមួយ សមាជិកទាំង១២០នេះប្តឹងផ្តល់ យកករណីអតិថិជនប្តឹងទៅតុលាការទេ។ យើងបានដាក់គោលការណ៍ផ្ទៃក្នុងហើយ មានបញ្ហាអីយើងត្រូវសម្របសម្រួលដោយគោលការណ៍ទន់ភ្លន់។ យើងមិនឱ្យប្តឹងទៅតុលាការទេនៅពេលដែលអតិថិជនកំពុងរងគ្រោះដោយសារវិបត្តិកូវីដ១៩ហ្នឹង»។
បើតាមលោក កាំង តុងងី ក្នុងអំឡុងពេលកូវីដឆ្នាំ២០២០ និង ២០២១ សមាជិកសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង១២០ស្ថាប័នបានរៀបចំឥណទានឡើងវិញជូនអតិថិជនចំនួន៣៧ម៉ឺននាក់ ក្នុងទំហំទឹកប្រាក់ចំនួន១៧០០លានដុល្លារអាមេរិក៕