សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

យុវតីជនជាតិដើមភាគតិចមួយចំនួនតូចដែលចាប់អារម្មណ៍រៀនជំនាញ​ព័ត៌មានវិទ្យា

ប៉ាញូ ឡៃ ជាយុវតីជនជាតិដើមភាគតិច គ្រឹង មានអាយុ២២ឆ្នាំអង្គុយធ្វើការក្នុងការិយាល័យនៃពុទិ្ធកសកលវិទ្យាល័យព្រះសីហមុនីរាជា រាជធានីភ្នំពេញ។ រូបភាពថតនៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២២។ ខេមបូចា/ម៉ិច ជួឡាយ
ប៉ាញូ ឡៃ ជាយុវតីជនជាតិដើមភាគតិច គ្រឹង មានអាយុ២២ឆ្នាំអង្គុយធ្វើការក្នុងការិយាល័យនៃពុទិ្ធកសកលវិទ្យាល័យព្រះសីហមុនីរាជា រាជធានីភ្នំពេញ។ រូបភាពថតនៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២២។ ខេមបូចា/ម៉ិច ជួឡាយ

យុវតីជនជាតិដើមភាគតិចនៅមានចំនួនតិចតួចបំផុតដែលចាប់អារម្មណ៍សិក្សាមុខ​ជំនាញ​ព័ត៌មានវិទ្យា(IT) បន្ទាប់ពីពួកគេទទួលបានអាហារូបករណ៍ចំនួនបួនឆ្នាំថា្នក់បរិញ្ញាបត្រ​មករៀន​នៅ​រាជធានីភ្នំពេញ។  

យុវតី ប៉ាញូ ឡៃ ជាជនជាតិដើមភាគតិច គ្រឹង មានអាយុ២២ឆ្នាំ មានស្រុកកំនើតនៅភូមិ​ថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ដែលមានម្តាយជាអ្នកធ្វើស្រែចំការ។

នាងជាយុវតីជនជាតិភាគតិចដែលបានទទួលអាហារូបករណ៍ចំនួនបួនឆ្នាំមករៀននៅទីក្រុងភ្នំពេញមុខជំនាញព័ត៌មានវិទ្យា(IT) ក្នុងឆ្នាំ​២០១៩។

ដោយសារតែជីវភាពខ្វះខាតនាងត្រូវធ្វើការបណ្តើររៀនបណ្តើរនៅក្នុងពុទិ្ធកសកលវិទ្យាល័យព្រះសីហមុនីរាជា ដែលនាងកំពុងសិក្សា។ ឪពុកម្តាយនាងបានលែងគ្នាតាំងពីនាងនៅតូច ដូចនេះម្តាយរបស់នាងត្រូវចញ្ចឹម​កូន​បួននាក់ក្នុងបន្ទប់គ្រួសារ។

ទោះបីជាជីវភាពគ្រួសាររបស់នាងមានការលំបាកយ៉ាងណាក៏ដោយក៏ម្តាយរបស់នាងខិតខំព្យាយាមធ្វើស្រែចំការដើម្បីអោយនាងរៀនចប់មហាវិទ្យល័យដោយសារតែម្តាយរបស់នាង​បាន​ប្រាប់ថា ការសិក្សាគឺសំខាន់ខ្លាំងណាស់សម្រាប់ការរស់នៅប្រចាំថ្ងៃនិងពេល​អនាគត។

​យុវតី ឡៃ បានឱ្យដឹងថា៖«ម៉ែគ្មានដីកេរ អ្វីអោយកូនទាំងអស់គ្នាទេ ហើយម៉ែក៏មិនបាន​រៀន​សូត្រអ្វីដែរ ដូចនេះ​ហើយម៉ែចង់អោយកូនទាំងអស់របស់ម៉ែបានរៀន​ទាំងអស់គ្នាអោយ​ចប់​ចុងចប់ដើម ទោះបីជាជីវភាពគ្រួសាររបស់យើងលំបាកយ៉ាងណាក៏ដោយក៏ម៉ែអាច​តស៊ូ​ឱ្យ​កូនបានទៅរៀនគ្រប់ៗគ្នាដើម្បីទទួលបានចំណេះដឹងអាចចញ្ចឹមខ្លួនឯងនៅពេលថ្ងៃអនាគត។ នេះជាអ្វីដែលម៉ែអាចអោយកូនបាន»

យុវតីជនជាតិដើមភាគតិចរូបនេះបន្តថា៖«ពេលឃើញគេរៀនបានខ្ពង់ខ្ពស់នាង​ក៏ចង់រៀន​ដូចគេដែរ ពីព្រោះក្នុងសង្គមឥឡូវ​ពេលដែលយើងគ្មានចំណេះគ្មានអ្នកណាចង់​យកយើង​ធ្វើការអោយគេទេ»

សព្វថ្ងៃនេះអ្វីដែលជាឧបសគ្គរបស់យុវតីមួយនេះគឺ ការប្រើប្រាស់ភាសាអង់គ្លេស​ និងផ្លូវធ្វើ​ដំណើរទៅសាលារៀនឆ្ងាយ ប៉ុន្តែនេះជាអ្វីដែលយុវតីមួយនេះបានជ្រើសរើសហើយ ​ដូចនេះ​នាងត្រូវតែធ្វើ​អោយ​បានដើម្បីឈានទៅដល់គោលដៅដែលនាងបានកំណត់។

នាងបានបន្តថា ការរៀនសរសេរកូដត្រូវស្វែងរកឯកសារជំនួយជាច្រើនហើយក្នុងឯកសារ​ទាំងនោះភាគច្រើនគេ​ប្រើប្រាស់ជាភាសា​អង់គ្លេស។​ ម៉្យាងវិញទៀត ពីកន្លែងដែលនាង​ស្នាក់នៅមកកាន់​សកលវិទ្យាល័យគឺឆ្ងាយ។

យុវតីឱ្យដឹងទៀតថា នៅថ្ងៃអនាគតនាងចង់ក្លាយជាអ្នកបង្កើតWebsite ហើយនាងចង់​អោយយុវជន​ជំនាន់​ក្រោយក្នុងភូមិរបស់នាងមានការយល់ដឹង​ខាងផ្នែកព័ត៌មានវិទ្យា​អោយកាន់តែច្រើនដោយសារតែនៅក្នុងភូមិរបស់នាងមិនសូវមានអ្នកដឹង រឺ ក៍ស្គាល់ថា តើអ្វីទៅជាព័ត៌មានវិទ្យា? ហើយមិនតែប៉ុណ្ណោះ មនុស្សជាច្រើនគេតែងតែសួរនាងថា ខ្លួនឯងជាស្រីមូលហេតុអ្វីបានរៀន IT ពីព្រោះមិនដែលមានមនុស្សស្រីរៀន​ជំនាញ​មួយនេះពីមុនទេ?

លោគ្រូ ស៊ាន បូរី ដែលជាគ្រូបន្ទប់ថ្នាក់របស់យុវតី ឡៃ បានអោយដឹងថា នៅថ្នាក់​របស់គាត់​មាន​សិស្សប្រុស១៥នាក់ហើយសិស្សស្រី៤នាក់ប៉ុន្តែក្នុងចំនោមសិស្សស្រីបួននាក់​មានតែ ឡៃ​ម្នាក់ទេដែលជាជនជាតិដើមភាគតិច​កំពុងរៀនជំនាញ IT នៅក្នុងពុទិ្ធកសកលវិទ្យាល័យ​ព្រះសីហមុនីរាជា។ ​

តាមការសង្កេតរបស់គាត់អស់រយះពេល៦ឆ្នាំហើយពុំមានសិស្សស្រីជនជាតិដើមភាគតិចរៀនជំនាញ IT ទេ គឺឡៃជាសិស្សទីមួយដែលរៀនជំនាញមួយនេះ​ហើយទទួលបានពិន្ទុកល្អ​ថែម​ទៀតផង។

លោកគ្រូ បូរី ប្រាប់ថា៖«នៅក្នុងថ្នាក់​ ប៉ាញូ ឡៃ ជានិស្សិតដែលមានទំនាក់ទំនង់ល្អ​ជាមួយ​សិស្សដទៃទៀត មិនត្រឹម​តែប៉ុណ្ណោះការសិក្សារបស់នាងតែងតែទទួលបានលទ្ធផលល្អគឺ B+ និងA ពេលធ្វើការងារ​គឺមានភាពស្ងប់ស្ងាត់និងម៉ត់ចត់ »

លោកគ្រូបានបន្ថែមទៀតថា សិស្សមួយចំនួនបោះបង់ការសិស្សដោយសារតែ​ពួកគេ​មាន​ជីវភាពខ្វះខាតនិងលំបាក។

ប៉ាញូ ឡៃ ជាយុវតីជនជាតិដើមភាគតិច គ្រឹង មានអាយុ២២ឆ្នាំ អង្គុយរៀនមុខ​ជំនាញ​ព័ត៌មានវិទ្យា(IT) ជាមួយមិត្តរួមថ្នាក់ក្នុងបន្ទប់សិក្សានៃពុទិ្ធកសកលវិទ្យាល័យ​ព្រះសីហមុនីរាជា រាជធានីភ្នំពេញ។ រូបថតផ្តល់ឱ្យ

លោក រិទ្ធី វីរៈ ជាប្រធានកម្មវិធីនៃសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា​ដែលហៅ​កាត់ថា(CIYA)បានអោយដឹងថា និស្សិតជនជាតិដើមភាគតិចដែលកំពុងស្នាក់នៅ​សមាគម​យុវជនជនជាតិដើមភាគតិចកម្ពុជា​ ដែលមាននិស្សិតសរុបចំនួន ៤៤នាក់ ហើយនិស្សិតស្រី​មានចំនួន១៧នាក់។

លោកគ្រូ វីរៈ ឱ្យដឹងទៀតថា និស្សិតជនជាតិដើមភាគតិច ភាគច្រើននិយម​សិក្សាជំនាញ នីតិសាស្រ្ត គណនេយ្យ អក្សរសាស្រ្តអង់គ្លេស រដ្ឋបាល​សាធារណៈ ទំនាក់ទំនងអន្តរជាតិ គ្រប់គ្រងទូទៅជាដើម ប៉ុន្តែនិស្សិតស្រីជនជាតិដើម​ភាគ​តិច​​ដែលកំពុងសិក្សាផ្នែកព័ត៌មានវិទ្យា គឺនៅមានចំនួនតិចតូចនៅឡើយទេ​ សព្វថ្ងៃនេះ​មាននិស្សិតស្រីតែម្នាក់ទេ​ដែល​កំពុង​រៀនជំនាញ IT នៅឯសកលវិទ្យាល័យ គឺ ប៉ាញូ ឡៃ។

យុវតីជាជនជាតិដើមភាគតិចទំពួន ញ៉ច ស៊ីយៀន ដែលមានអាយុ ១៩ឆ្នាំ មានស្រុកកំណើត​នៅភូមិឡូន សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ដែលមានបងប្អូន៦នាក់ ស្រី២នាក់​ហើយនាងជាកូនទី៥ ឪពុកម្ដាយនាងជាអ្នកធ្វើចំការដោយពឹងលើដីស្រែតិចតួច។

យុវតី ស៊ីយៀន​ បានបញ្ចប់មធ្យមសិក្សាទុតិយភូមិ ដោយប្រឡងជាប់និទ្ទេសC ថ្នាក់​វិទ្យាសាស្រ្តសង្គម។ បន្ទាប់មកទៀត ចុងឆ្នាំ២០២១នាង​ក៏បានទទួលអាហារូបករណ៍បួនឆ្នាំ​នៅពុទិ្ធកសកលវិទ្យាល័យព្រះសីហមុនីរាជាដូច្នេះនាងក៏បានជ្រើសរើសរៀន​ជំនាញ IT ព្រោះនាងចូលចិត្តជំនាញមួយនេះ និងម៉្យាងទៀត មុខជំនាញនេះ ជនជាតិដើម​ភាគតិច​ជាស្ត្រីមិនសូវមានអ្នករៀន។

នាងនិយាយថា៖ «មានស្រ្ដីជនជាតិដើមភាគតិចតិចបំផុតដែលរៀនខាងជំនាញមួយនេះ​ហើយ​នៅក្នុងសហគមន៍របស់នាងផ្ទាល់ក៏មិនសូវមានអ្នកដែលចេះប្រើប្រាស់កុំព្យួទ័របានល្អ ដូច្នេះ​ហើយនាងគិតថានៅពេលដែលនាងរៀនចេះ នាងនឹងយកចំណេះដឹងដែលនាងទទួលបាន​ទៅចែករំលែកដល់ពួកគាត់បន្តទៀត»

យុវតីរូបនេះបន្តថា ផលលំបាករបស់នាងមានច្រើនទោះបីជាទទួលបាន​អាហារូបករណ៍​ពិត​មែនក៏ប៉ុន្តែនៅតែមានការចំណាយច្រើនដូចជាខ្វះមធ្យោបាយធ្វើដំណើព្រោះពីកន្លែងស្នាក់នៅទៅសាលាគឺឆ្ងាយដល់ទៅ១១គីឡូ ថវិកាមិនគ្រប់គ្រាន់ក្នុងការចំណាយប្រចាំថ្ងៃ ក៏ដូច​ជា​សម្ភារ:សិក្សាមួយចំនួនដែលត្រូវការចាំបាច់បន្តែមិនទាន់មានលទ្ធភាពក្នុងការទិញ​ដូចជា​កុំព្យូទ័រជាដើម។

យុវតី ស៊ីយៀន បានបន្ថែមថា នាងក៏បានចូលរួមក្នុងការងារស្មគ្រចិត្តក្នុងសង្គមជាច្រើនដូចជា ចូលរួមជាយុវជនស្ម័គ្រចិត្តថ្នាក់ខេត្ត តំណាងក្រុមក្មេងជំទង់និងយុវវ័យថ្នាក់ខេត្ត (AYRG) និង​ចូលរួមស្មគ្រចិត្តជាមួយអង្គការបណ្តាញយុវជនកម្ពុជា(CYN) ព្រមទាំង​ចូលរួម​ស្មគ្រចិត្ត​ជាមួយអង្គការផ្សេងទៀតជាច្រើនផងដែរ។

លោក ទុល ញ៉ច អាយុ ៤៩ឆ្នាំ ត្រូវជាឪពុករបស់យុវតី ស៊ីយៀន  បានរៀបរាប់ថា កត្តា​ដែលគាត់​សម្រេចចិត្តអោយកូនស្រីរបស់គាត់បន្តការសិក្សានៅទីក្រុងភ្នំពេញ​ ព្រោះគាត់​យល់ឃើញថា កូនប្រុស​និងកូនស្រីមានសិទ្ធិទទួលបានការអប់រំស្មើៗគ្នា។

លោក ញ៉ច​ ឱ្យដឹងថា៖ «ខ្ញុំពិតជាខ្មាស់គេ​ប្រសិនបើ​កូន​របស់គាត់ពេញវ័យ​ហើយមិន​ចេះអ្វីនឹងគេ»

លោក ញ៉ច បន្ថែមថា គាត់មានភាពជឿជាក់លើកូនស្រីរបស់គាត់ថាជាសិស្សល្អ​ ដូចនេះ​គាត់មិនមានការបារម្ភអីទេ ខណៈកូនស្រីរបស់គាត់កំពុងតែរៀនក្នុងក្រុងភ្នំពេញ។

របាយការណ៍​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​បាន​ចេញផ្សាយ​ជា​ផ្លូវការក្នុងឆ្នាំ២០២១​បាន​អោយដឹងថា ចំនួនជនជាតិដើមភាគតិចកម្ពុជា​សរុបត្រូវបានប៉ាន់ប្រមាណថា​ មាន​ចំនួន​១៧៩ ១៩៣នាក់ ប្រហែល ១,៣៤ភាគរយនៃចំនួនប្រជាជនសរុបរបស់ប្រទេសកម្ពុជា​ក្នុងឆ្នាំ២០០៨ និង ១.២៥ភាគរយ ឬ ១៨៣,៨៣១ នៃប្រជាជនសរុបក្នុងឆ្នាំ២០១៣៕

734 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម