សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ទាហានរារាំងអ្នកភូមិមិនឲ្យចូលក្នុងដីមានជម្លោះក្នុងខេត្តកណ្តាល បន្ទាប់ពីពួកគេបដិសេធសំណង

អ្នកភូមិបិទផ្លូវបន្ទាប់ពីទាហានបាញ់ប្រហារ និងបង្កឲ្យបុរសម្នាក់រងរបួស នៅក្នុងជម្លោះដីធ្លីមួយក្នុងខេត្តកណ្តាល។ រូបភាពថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។ ដោយ៖លីកាដូ
អ្នកភូមិបិទផ្លូវបន្ទាប់ពីទាហានបាញ់ប្រហារ និងបង្កឲ្យបុរសម្នាក់រងរបួស នៅក្នុងជម្លោះដីធ្លីមួយក្នុងខេត្តកណ្តាល។ រូបភាពថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។ ដោយ៖លីកាដូ

វិវាទដីធ្លីនៅខេត្តកណ្តាល ដែលបានប្រែក្លាយជាអំពើហិង្សាកាលពីឆ្នាំមុន នៅតែស្ថិតក្នុងភាពជាប់គាំង បន្ទាប់ពីប្រជាពលរដ្ឋរាប់សិបគ្រួសារបានបដិសេធសំណងពីក្រសួងការពារជាតិ ហើយទាហានបានបោះជំរុំនៅកន្លែងជម្លោះ ដើម្បីរារាំងពួកគេមិនឱ្យចូល។

កាល​ពី​ខែ​មិថុនា បុរស​ម្នាក់​ត្រូវ​បានទាហាន​បាញ់​និង​រង​របួស បន្ទាប់​ពី​ទាហាន​បាន​បើក​ការ​បាញ់​ប្រហារ​លើក្រុម​បាតុករ​នៅ​ក្នុង​ស្រុក​អង្គស្នួល។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលបានបង់ប្រាក់ដល់គ្រួសារមួយចំនួន ដោយក្នុងមួយម៉ែត្រការ៉េតម្លៃ ០,៤០ដុល្លារ សម្រាប់ដីស្រែរបស់ពួកគេ ប៉ុន្តែយ៉ាងហោចណាស់ ៧០គ្រួសារបានបដិសេធសំណងនេះដោយនិយាយថាវាទាបពេក។

លោក យ៉ាន សុខខេម មក​ពី​ភូមិ​អង្គតាសិត​បាន​ថ្លែង​ថា៖ «មេ​ភូមិ​បាន​ប្រាប់​យើង​ជា​ច្រើន​ដង​ឲ្យ​ទៅ​យក​ប្រាក់​សំណង​នៅ​សាលាស្រុក ប៉ុន្តែ​យើងបាន​បដិសេធ​ចំនួនលុយ​តិចតួចនេះ»

លោក​ស្រី សុខខេម បាន​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ​ទាហាន​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​ក្នុង​ការ​ដ្ឋាន​នោះ​ទេ ទោះ​បី​គ្រាន់​តែ​ប្រមូលអុស​ក៏​ដោយ» ដោយ​បន្ថែម​ថា ប្រសិន​បើ​នអ្នកស្រីយល់ព្រម​ទទួល​យក​សំណង​នោះ អ្នកស្រី​នឹង​ទទួល​បាន​តែ​ប្រហែល ១ពាន់​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ដី​ស្រែ​ ០,៤០ ហិកតា។

ប្រជាពលរដ្ឋមកពីភូមិចំនួនប្រាំពីរក្នុងឃុំទួលពេជ្រត្រូវបានជាប់គាំងក្នុងជម្លោះជាមួយក្រសួងការពារជាតិលើផ្ទៃដីជាង ២៨០ហិកតា ដែលមួយផ្នែកជាកម្មសិទ្ធិរបស់រដ្ឋ និងប្រើប្រាស់ជាកន្លែងចាក់សំរាម និងមូលដ្ឋានយោធាចាប់តាំងពីចុងឆ្នាំ២០២០ ។ ពួក​គេ​បាន​ធ្វើ​ស្រែ​ចម្ការ​ចាប់​តាំង​ពី​ការ​បញ្ចប់​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ ១៩៧៩។

អនុភូមិអង្គតាសិត លោក ផាន់ ផាន មានប្រសាសន៍ថា បន្ទាប់ពីប្រជាពលរដ្ឋជាង ៧០ គ្រួសារមិនព្រមទទួលសំណងនោះ «ទាហានបានជីកប្រឡាយជុំវិញដី ដើម្បីកុំឲ្យអ្នកភូមិអាចចូលទៅដល់កន្លែងនេះតទៅទៀត»។

លោក ពិន សឿន អ្នកភូមិអង្គតាសិតម្នាក់ទៀតដែលបានបដិសេធទទួតយកសំណងនោះ បាននិយាយថាអាជ្ញាធរកំពុងដាក់សម្ពាធប្រជាជនឱ្យយកលុយ ហើយពួកគេភ័យខ្លាចខ្លាំងពេកក្នុងការធ្វើបាតុកម្មជាថ្មីដោយសារតែការបង្រ្កាបដោយហិង្សាកាលពីឆ្នាំមុនមកលើអ្នកតវ៉ា។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ទាហាន​រាប់​សិប​នាក់​នៅ​តែ​បោះ​ជំរុំនៅ​ជុំវិញ​ទីតាំង​ដើម្បី​រារាំង​អ្នក​ភូមិ​មិន​ឲ្យ​ចូល​ទៅ​ក្នុង​នោះ​ទេ»។ លោកបន្ថែមថា៖ «គ្មាន​អ្នក​ណា​ហ៊ាន​តវ៉ា​ទៀត​ទេ ព្រោះ​ប្រជាជន​ខ្លាច​ការ​ចាប់​ខ្លួន​ដាក់​គុក»

ទោះ​យ៉ាង​ណាក៏ដោយ លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្តាលបានប្រាប់ ខេមបូចា លោក​ជឿ​ជាក់​ថា ជម្លោះ​ដីធ្លី​ត្រូវ​បាន​ដោះស្រាយ​ហើយ។

លោកបានមានប្រាសាសន៍ថា៖ «មានដំណោះស្រាយហើយ។ ប្រជាពលរដ្ឋ​អាច​ទទួល​យក​សំណង​ដែល​ផ្តល់​ដោយ​អាជ្ញាធរ។ អាជ្ញាធរ​បាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ហើយ»

លោក សោភ័ណ្ឌ ធ្លាប់​បាន​និយាយ​ថា ការ​ផ្តល់​របស់​រដ្ឋាភិបាល​គឺ​លើស​ពី​ផល​ដំណាំ​របស់​អ្នក​ភូមិ​ទៅ​ទៀត។

លោក អំ សំអាត អនុប្រធាន​អង្គការ​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស​លីកាដូ បានមាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ដោយ​ការ​បាញ់​ប្រហារ​កាល​ពី​ឆ្នាំ​មុន​ទេ។

លោកបានមានប្រសាសន៍ថា៖ «រហូតមកដល់ពេលនេះ អ្នកនៅពីក្រោយការបាញ់ប្រហារមិនទាន់ត្រូវបានយកមកផ្តន្ទាទោសនៅឡើយនោះទេ»។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋរាប់រយគ្រួសារនៅក្នុងខេត្តកណ្តាល រួមទាំងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគម្រោងព្រលានយន្តហោះដ៏ធំមួយនៅស្រុកកណ្តាលស្ទឹង គឺដីស្រែចំការដែលលពួកគេបានដាំដុះអស់ជាច្រើនឆ្នាំ ហើយជួនកាលជាច្រើនទសវត្សរ៍ត្រូវបានរឹបអូសដោយរដ្ឋជាផ្នែកនៃគម្រោងអភិវឌ្ឍន៍ខ្នាតធំ។

ក្នុង​ករណី​ខ្លះ អ្នក​ភូមិ​ត្រូវ​បាន​បង់​ប្រាក់​សម្រាប់​ដី​ឬ​ផល​ដំណាំ​របស់​ខ្លួន ប៉ុន្តែ​ជា​ញឹក​ញាប់​ក្នុង​តម្លៃ​ទាប​ជាង​អត្រា​ទីផ្សារ។ ចំណែក​អ្នក​ភូមិ​ខ្លះ​ត្រូវ​ផ្លាស់​ប្តូរ​ដោយ​គ្មាន​សំណង ដោយ​អាជ្ញាធរ​អះអាង​ថា ពួក​គេ​បាន​មកកាន់កាប់ដីដោយខុសច្បាប់៕ (រាយការណ៍​បន្ថែម​ដោយ ស៊ើង និមល់)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Soldiers block Kandal villagers from disputed land after they reject compensation

1,644 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម