គណបក្សនយោបាយមួយចំនួន កំពុងស្វែងរកកិច្ចសហការគ្នាទៅវិញទៅមក ដើម្បីប្រកួតប្រជែងជាមួយបក្សកាន់អំណាច ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។
កិច្ចសហការនេះគណបក្សដែលចូលរួមក្នុងសម្ព័ន្ធភាពបក្សនយោបាយ តម្រូវឱ្យដាក់បេក្ខជនឈរឈ្មោះ ឃុំ-សង្កាត់ ចំពោះតែគណបក្សមួយណាដែលមានសន្ទុះគាំទ្រច្រើនពីប្រជាពលរដ្ឋដែលរស់នៅក្នុង ឃុំ-សង្កាត់នោះប៉ុណ្ណោះ ខណៈគណបក្សផ្សេងទៀតត្រូវអំពាវនាវឱ្យពលរដ្ឋគាំទ្របក្សខ្លួន ងាកទៅបោះឆ្នោតឱ្យគណបក្សដែលបានដាក់បេក្ខជនឈរឈ្មោះទៀតផង។
លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា មានប្រសាសន៍ថា លោកធ្លាប់បានពិភាក្សាអំពីការចងជាសម្ព័ន្ធភាពបក្សនយោបាយនេះ ជាមួយគណបក្សមួយចំនួន ប៉ុន្តែឥលូវនេះ ការពិភាក្សាគ្នាបន្តដែលប្រកបដោយផ្លែផ្កា គឺមានតែពីរគណបក្សប៉ុណ្ណោះ គឺគណបក្សកម្ពុជានិយម និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
លោក ច័ន្ទរ័ត្ន អះអាងថា គណបក្សដែលទើបបង្កើតឡើងថ្មីៗ មានការប្រឈមច្រើនក្នុងការស្វែងរកបេក្ខជនដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើស ឃុំ-សង្កាត់នាពេលខាងមុខ។
លោកបន្តថា ជំងឺរាតត្បាតកូវីដ-១៩ ព្រមទាំងពេលវេលានៅសល់តិច ជាហេតុនាំឱ្យគណបក្សទាំងនោះ មិនអាចរៀបចំដាក់បេក្ខជននៅតាមមូលដ្ឋានគ្រប់កន្លែងឡើយ។
លោកនិយាយថា៖ «មានការពិបាកបន្តិចក្នុងការរំលាយបក្សរៀងខ្លួន ហើយបង្កើតបក្សមួយរួមគ្នាហ្នឹងហាក់ដូចជាពិបាកបន្តិចព្រោះបក្សមួយៗហាក់ដូចជាស្រលាញ់អត្តសញ្ញាណរៀងខ្លួន [ដូច្នេះ] ការបង្រួម [គណបក្ស] នៅថ្ងៃមុខហាក់មិនទាន់មានពន្លឺទេ។
លោកបន្តថា៖ «ប៉ុន្តែសហការយើងបានជជែកគ្នាមួយចំនួនហើយ។ យើងគិតថាប្រសិនបើគណបក្សណាដែលខ្លាំងនៅចំណុចណា យើងមិនដាក់បញ្ជីឈ្មោះឱ្យប៉ះពាល់គ្នាទេ។ អាចគណបក្សមួយឈរកន្លែងណាដែលមិនប្រកួតប្រជែងគ្នាឯង»។
ស្ថាបនិកគណបក្សកែទម្រង់រូបនេះថា លោកស្វាគមន៍កិច្ចពិភាក្សាចងសម្ព័ន្ធភាពបក្សនយោបាយនេះជាមួយគណបក្សផ្សេងទៀតដែលមាននិន្នាការប្រកួតប្រជែងបោះឆ្នោត ឃុំ-សង្កាត់ ជាមួយបក្សកាន់អំណាចផងដែរ។
លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បញ្ជាក់ថា គណបក្សទាំងបីពិតជាធ្លាប់មានការពិភាក្សាគ្នាជុំវិញការចងសម្ព័ន្ធភាពបក្សនយោបាយនេះមែន ដោយកំណត់ទិសដៅរួមគឺ «ចែកឃុំគ្នាឈរ»។
លោក សុធារ ឱ្យដឹងទៀតថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានគ្រោងដាក់បេក្ខជនឈរឈ្មោះ ចំនួន១០០ឃុំ-សង្កាត់ ក្នុងការប្រកួតប្រជែងបោះឆ្នោត ឃុំ-សង្កាត់ខាងមុខ។ ក្នុងនោះសម្រេចឱ្យបាននូវការឈ្នះ អាសនៈចំនួន ២០ ឃុំ-សង្កាត់ ព្រមទាំងប្រជែងយកតំណែងមេឃុំ ឬចៅសង្កាត់ ចំនួន៥ផងដែរ។
លោក និយាយថា៖ «កាលដែលឈរគ្រប់ឃុំសង្កាត់គឺវាទាមទារធនធានមួយខ្ពស់ ទាំងធនធានមនុស្សទាំងធនធានថវិការ។ ពួកយើងពិបាកស្វែងរកមនុស្សល្អៗនៅតាមមូលដ្ឋានដោយសារតែមានកត្តាប្រឈមមួយចំនួន»។
ទោះយ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានរូបនេះ បកស្រាយថា ថ្វីត្បិតតែគណបក្សទាំងបី បានពិភាក្សាគ្នាចំពោះរឿងនេះ ប៉ុន្តែនៅពុំទាន់មានការចេញសេចក្ដីថ្លែងការជាសាធារណអំពីការចងសម្ព័ន្ធបក្សនេះនូវឡើយទេ។
លោកនិយាយថា៖ «ផលប្រយោជន៍គឺប្រជាពលរដ្ឋខ្មែរ និងអ្នកនយោបាយចេះធ្វើការជាមួយគ្នា មិនមែនបក្សផ្សេងគ្នាលាបពណ៌គ្នា អត់ទេ។ គឺយើងចង់បាននូវវប្បធម៌ថ្មីដែលអ្នកនយោបាយចេះសហការគ្នា ហើយផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក»។
លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម មានប្រសាសន៍ថា ចំពោះឃុំសង្កាត់ ដែលគណបក្សកម្ពុជានិយម មិនអាចដាក់បេក្ខជនឱ្យឈរឈ្មោះបានលោកនឹងអំពាវនាវឱ្យអ្នកគាំទ្រខ្លួន បោះឆ្នោតជ្រើសរើសគណបក្សនយោបាយណាដែលមានលក្ខណៈប្រជាធិបតេយ្យពិតប្រាកដ។
លោក បុញ្ញឫទ្ធិ ឱ្យដឹងទៀតថា គណបក្សកម្ពុជានិយម មិនទាន់ធ្វើការបូកសរុបចំនួនឃុំ-សង្កាត់ដែលត្រូវឈរឈ្មោះនៅឡើយទេ។
លោកឱ្យដឹងថា៖ «ការរួបរួមគ្នារបស់អ្នកប្រជាធិបតេយ្យ និងអ្នកជាតិនិយម គឺជាការងារចាំបាច់ដែលយើងត្រូវតែគិតគូរពិចារណា»។
កាលពីសប្ដាហ៍មុន គណបក្សទាំងបី បានដាក់ញត្តិរួមគ្នាមួយ ទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយស្នើឱ្យរក្សាទុកទម្រង់១១០២ ដែលជាកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ឱ្យនៅដដែល។
ចំណោមគណបក្សទាំងបីខាងលើ ក្នុងនោះស្ថាបនិកគណបក្សកម្ពុជានិយម និងគណបក្សកែទម្រង់កម្ពុជា គឺជាអតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្រ្គោះជាតិ ដែលត្រូវតុលាការកំពូលសម្រេចរំលាយកាលពីចុងឆ្នាំ ២០១៧ ដោយរកឃើញថា ប្រព្រឹត្តខុសទៅនឹងច្បាប់ស្ដីពីគណបក្សនយោបាយ។
ច្បាប់ស្ដីពីគណបក្សនយោបាយដែលត្រូវបានរដ្ឋាភិបាលកម្ពុជា ធ្វើវិសោធនកម្មកាលពីដើមឆ្នាំ២០១៧ ដោយបើកផ្លូវឱ្យក្រសួងមហាផ្ទៃដែលស្ថិតក្រោមចំណុះបក្សកាន់អំណាច អាចប្តឹងទៅតុលាការកំពូល ឱ្យរំលាយគណបក្សនយោបាយណាដែលរកឃើញថា បានប្រព្រឹត្តខុសទៅនឹងរដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយក្នុងឆ្នាំដដែលបានអនុញ្ញតឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បែងចែកអាសនៈទាំងអស់របស់គណបក្សសង្រ្គោះជាតិដែលមានក្នុងរដ្ឋសភា និងអាសនៈឃុំ-សង្កាត់ ទៅឱ្យបក្សផ្សេងទៀតដែលបានចូលរួមការបោះឆ្នោត ព្រមទាំងហាមឃាត់មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្រ្គោះជាតិ ចំនួន១១៨រូប មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ ប៉ុន្តែពួកគេមានសិទ្ធិស្នើនិតិសម្បទានដើម្បីធ្វើនយោបាយឡើងវិញ។ គិតត្រឹមខែកក្កដា ឆ្នាំ២០២១ មនុស្ស២៤នាក់ក្នុងចំណោមពួកគេបានស្នើសុំសិទ្ធិធ្វើនយោបាយ។
គណបក្សសង្គ្រោះជាតិនេះ ធ្លាប់បានទទួលអាសនៈចំនួន៥៥ ក្នុងរដ្ឋសភា អំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៥ ក្នុងឆ្នាំ២០១៣។ ដោយឡែកការបោះឆ្នោត ឃុំ-សង្កាត់ ក្នុងឆ្នាំ២០១៧ គណបក្សនេះ ទទួលបានអាសនៈឃុំ-សង្កាត់ចំនួន ៥០០៧ និងទទួលបានតំណែងមេឃុំ- ចៅសង្កាត់ចំនួន ៤៨៩ ខណៈគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចជាង៤០ឆ្នាំ បានឈ្នះអាសនៈឃុំ-សង្កាត់ចំនួន៦៥០៣អាសនៈ និងតំណែងមេឃុំ-ចៅសង្កាត់ចំនួន ១១៥៦។
លោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ មានប្រសាសន៍ថា លោកក៏ធ្លាប់ពិភាក្សាគ្នាពាក់ព័ន្ធនឹងការចងសម្ព័ន្ធភាពបក្សនេះ ជាមួយគណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានផងដែរ។
លោក និយាយថា៖ «មកដល់ពេលនេះខ្ញុំមិនបានដឹងថាលោកអ៊ូ ច័ន្ទរ័ត្ន នៅតែមានបំណងចង់ឱ្យមានការរួបរួមប្រជាធិបតេយ្យបន្តទៀត យ៉ាងច្បាស់លាស់កម្រិតណា យើងអត់ទាន់ដឹងច្បាស់លាស់ទេ កន្លងមកនេះយើងរវល់រៀងខ្លួន មិនដែលជួបពិភាក្សាគ្នាទេ»។
លោក ម៉ូនីកា លើកឡើងថា គណបក្សរបស់លោក បើកទ្វាររងចាំជានិច្ច ចំពោះគណបក្សនយោបាយទាំងអស់ដែលមាននិន្នាការប្រជាធិបតេយ្យ ដើម្បីចងជាសម្ព័ន្ធភាពបក្សនយោបាយ។
លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា គណបក្សកាន់អំណាច ពុំចាំបាច់ចងសម្ព័ន្ធភាពជាមួយបក្សផ្សេងឡើយ ដោយគ្រាន់តែផ្ដោតលើការឃោសនាគោលនយោបាយបក្សដែលមានស្រាប់ប៉ុណ្ណោះ។
លោក និយាយថា៖ «អាហ្នឹងជាយុទ្ធសាស្រ្តរបស់គណបក្សគេដើម្បីឈ្នះឆ្នោតប៉ុន្តែបើឱ្យយើងខំមិន [បញ្ចេញមតិ] អត់ទាន់ទេ ព្រោះអត់មានអីជាផ្លូវការ»។
លោក នុយ សុខឃី អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ខណៈបច្ចុប្បន្នជាអ្នកលក់ឥវ៉ាន់ចាប់ហួយ នៅរាជធានីភ្នំពេញ និយាយថា លោកនឹងទៅបោះឆ្នោត ឃុំ-សង្កាត់ខាងមុខ ព្រមទាំងជ្រើសរើសគណបក្សណាមួយដែលលោកពេញចិត្ត។
លោក សុខឃី និយាយថា៖ «ឥលូវអត់ទាន់បានជ្រើសរើសទេ ចាំដល់មួយខែ ពីរខែមុន [ការបោះឆ្នោតឃុំសង្កាត់] អ៊ីចឹងទៅបានយើងចាប់ផ្ដើមសិក្សា យើងជ្រើសរើសយកគណបក្សណាដែលយើងអាចបន្តទៅមុខទៀតបាន»។
បើតាមលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ឱ្យដឹងថា គណបក្សលោកបានចងជាសម្ព័ន្ធភាពបក្សនយោបាយ ជាមួយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សខ្មែរតែមួយ តាំងពីឆ្នាំមុន ។
លោក និយាយថា៖ «បក្សនយោបាយខ្លះគាត់មាននិន្នការប្រឆាំង។ និន្នាការនយោបាយខុសគ្នា មិនអាចចងសម្ព័ន្ធគ្នាបានទេ។ យើងមានសម្ព័ន្ធរួចហើយ [ដាក់បេក្ខជន]ឈរទៅតាមបក្សធំ[អ្នកគាំទ្រច្រើន]នៅកន្លែងណា បក្សតូចជួយបោះមកខាង[បក្ស]ធំ»។
ដោយឡែក លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានប្រសាសន៍ថា គណបក្សលោកពុំចាំបាច់ចងសម្ព័ន្ធភាពបក្ស ជាមួយគណបក្សនយោបាយណាមួយឡើយ។
លោកចាត់ទុកការចងសម្ព័ន្ធភាពបក្សនេះ គឺឥតប្រយោជន៍ ខណៈគណបក្សរបស់លោកផ្ដើតលើការកសាងធនធានមនុស្ស និងពង្រឹងសម្ថភាពបក្សវិញ។
លោក និយាយថា៖ «ការចងសម្ព័ន្ធនានាកន្លងមកវាជាគំរូមួយដែលយើងអាចមើលឃើញ គឺតែងតែបែកប្រះឆាវិញក្រោយពីចងសម្ព័ន្ធភាពមិនបានប៉ុន្មានឆ្នាំ ដែលធ្វើឱ្យពលរដ្ឋធ្លាក់ទឹកចិត្ត និងបាត់ទំនុកចិត្តមកលើបក្សនយោបាយទាំងនោះ [ដូច្នេះ]គណបក្សយុវជនកម្ពុជា យើងដើរខ្លួន[ឯង] តាមសមត្ថភាពដែលយើងមាន»។
បើតាមលោក ពេជ្រ ស្រស់ គណបក្សយុវជនកម្ពុជា គ្រោងដាក់បេក្ខជនឈរឈ្មោះចំនួន ២៥០ ឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតខាងមុខ។
កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងស្ថិតក្រោមការចោទប្រកាន់ក្នុងសំណុំរឿងក្បត់ជាតិ បានសរសេរលើគណនីហ្វេសប៊ុកថា លោក និងលោកសមរង្សី មិនមែនជាមនុស្សតែមួយទៀតឡើយ ក្រោមហេតុផលថា លោក សមរង្សី បានដើរចេញពីគោលការណ៍និងស្មារតីរួម ដោយទៅបង្កើតចលនានយោបាយផ្សេងៗ និងគាំទ្រគណបក្សភ្លើងទៀន ដែលជាគណបក្សនយោបាយចាស់។
ឆ្លើយតបការចោទប្រកាន់នេះ លោកសម រង្សី ដែលជាអតីតប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ បានអះអាងថា ការណ៍ដែលលោកកឹម សុខា លើកឡើងដូច្នេះ ព្រោះរងសម្ពាធពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID) យល់ឃើញថា វប្បធម៌នយោបាយនៅកម្ពុជាបច្ចុប្បន្ននេះ ការចងសម្ព័ន្ធភាពបក្សនយោបាយដើម្បីប្រជែងជាមួយបក្សកាន់អំណាច មិនប្រាកដថាអាចទៅរួចឡើយ ព្រោះបក្សកាន់អំណាចបានឈរជើងយ៉ាងរឹងមាំនៅតាមមូលដ្ឋាន ជាពិសេសការតភ្ជាប់មន្ត្រីរាជការ ឱ្យក្លាយជាមន្រ្តីបក្សថែមទៀត។
លោក វណ្ណៈ បានលើកឡើងថា ការចងសម្ព័ន្ធភាពបក្សនយោបាយនេះជារឿងមួយល្អ ប៉ុន្តែការចរចា និងការបែងចែកអត្ថប្រយោជន៍ ព្រមទាំងការអនុវត្តជាក់ស្ដែង វាអាស្រ័យលើយុទ្ធសាស្រ្ត ចេតនា និងធម្មជាតិរបស់គណបក្សនយោបាយនីមួយៗ ថាតើពួកគេមានឆន្ទៈក្នុងការប្រកួតប្រជែងជាមួយបក្សកាន់អំណាចមែនឬទេ។
លោក និយាយថា៖ «ការចងសម្ព័ន្ធភាព ការជួយគាំទ្រគ្នាទៅវិញទៅមកនៅតាមថ្នាក់មូលដ្ឋាន ខ្ញុំគិតថាជារឿងត្រឹមត្រូវ ប៉ុន្តែសំខាន់គណបក្សនយោបាយទាំងអស់អាចសម្របសម្រួលគ្នា អាចជជែកគ្នាត្រូវក្នុងការដាក់បេក្ខជនឈរឈ្មោះ។ កៀរគរអ្នកគាំទ្រឱ្យបោះឆ្នោតឱ្យដៃគូផ្សេងបានអត់ អាហ្នឹងជារឿងមួយផ្សេងទៀត»។
លោក វណ្ណៈ បានលើកឡើងទៀតថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប បោះឆ្នោតផ្ដោតលើបុគ្គល ច្រើនជាងកម្មវិធីគោលនយោបាយរបស់គណបក្ស ដែលលោកចាត់ទុក កត្តានេះនាំឱ្យពលរដ្ឋពុំទទួលបានអត្ថប្រយោជន៍នោះទេ ព្រោះអ្នកនយោបាយរត់រកប្រជាពលរដ្ឋតែរដូវកាលបោះឆ្នោតប៉ុណ្ណោះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មការជាតិរៀបចំការបោះឆ្នោត មានប្រសាសន៍ថា ការចងជាសម្ព័ន្ធភាពបក្ស គឺជាភាពឆ្លាសវៃរបស់គណបក្សនយោបាយដែលដឹងថាខ្លួន ពុំមានលទ្ធភាពដាក់បេក្ខជនឈរឈ្មោះឱ្យបានគ្រប់ឃុំ-សង្កាត់ នៅទូទាំងប្រទេស។
លោក ពុទ្ធា អះអាងថា ការចងសម្ព័ន្ធភាពបក្សនេះជាជ្រុងមួយក្នុងការដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងជាយុទ្ធសាស្រ្តដើម្បីទទួលបានសំឡេងគាំទ្រច្រើនពីប្រជាពលរដ្ឋផងដែរ។
លោក និយាយថា៖ «[ការចងសម្ព័ន្ធ]ពុំចាំបាច់ប្រាប់ គជប ទេ។ គណបក្សលោកស្គាល់កម្លាំង ស្គាល់សក្ដានុពលខ្លួនឯងច្បាស់ មិនអាចដាក់បេក្ខជនគ្រប់១៦៥២ឃុំ-សង្កាត់បាន»។
បើតាមអ្នកនាំពាក្យ គជប រូបនេះ ឱ្យដឹងថា គណបក្សទាំងអស់ ដែលមានបំណងដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ឃុំ-សង្កាត់ ត្រូវបញ្ជូនឈ្មោះបេក្ខជនទៅកាន់ គជប នៅចន្លោះថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមិនា ឆ្នាំ២០២២។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកតស៊ូមតិនៅគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) សាទរចំពោះការចងសម្ព័ន្ធភាពបក្សនយោបាយរបស់គណបក្សដែលមានសំឡេងគាំទ្រតិចពីប្រជាពលរដ្ឋ។
លោក និយាយថា៖ «ទោះបីជាគោលការណ៍[គណបក្ស]ខុសគ្នា ប៉ុន្តែការរួមគ្នាដើម្បីពង្រីកគោលការណ៍លទ្ធិប្រជាធិបតេយ្យជារឿងសំខាន់។ អាចនឹងមានការផ្លាស់ប្ដូនៅក្នុងមូលដ្ឋាន គឺថាឱ្យវាមានជាចម្រុះគណបក្សនយោបាយ»៕