សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គណបក្សនយោបាយតូចៗមិនបានដាក់ពាក្យបណ្តឹងណាមួយទេ អំឡុងពេលបោះឆ្នោតដោយសារកង្វះអ្នកសង្កេតការណ៍

យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សឯកភាពជាតិខ្មែរ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សឯកភាពជាតិខ្មែរ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣។

ខេមបូចា ​បានសាក​សួរ​គណបក្ស​នយោបា​យ​តូច​ៗ​ចំនួន​១២​ ប៉ុន្តែ​គ្មានគណបក្សនយោ​បាយ​​ណាមួយក្នុង​ចំណោមគណបក្ស​ទាំង​នោះ​​​អះអាងថា ខ្លួន​បានប្តឹងទៅ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោតជុំវិញ​ការបោះឆ្នោតកាលពីថ្ងៃអាទិត្យនោះ​​ទេ​។

ភាគច្រើនក្នុងចំណោម​គណបក្ស​ទាំង​នេះ មិន​បាន​ដាក់​​អ្នកសង្កេតការណ៍បោះឆ្នោតនៅតាម​​ការិយាល័យបោះឆ្នោត​ ដែលគណបក្សមួយចំនួនបានអះអាង​ថា ដោយសារខ្វះធនធាន និង​ការគាំទ្រចំពោះ​គណបក្សរបស់ខ្លួន​។ គណបក្ស​ខ្លះ​បាន​ទទួល​ស្គាល់​ថា ​ពួកគេ​បាន​ឃើញ​ភាព​មិន​ប្រក្រតី​ខ្លះ​អំឡុង​ពេល​​បោះឆ្នោត ប៉ុន្តែ​សម្រេច​មិន​ដាក់​ពាក្យ​បណ្តឹង។

លោក អ៊ុន ជឹម ប្រធាន​គណបក្ស​ឯក​ភាព​ជាតិខ្មែរ​ ​ដែលបាន​ដាក់​បេក្ខជនឈរ​ឈ្មោះ​​ចំនួន​៤៧​រូប ​បាន​មាន​ប្រសាសន៍​ថា ​គណបក្ស​នេះបាន​សង្កេត​ឃើញ​អា​ជ្ញាធរ​មូលដ្ឋាន​បាន​លួច​សង្កេត​មើល​អ្នក​បោះឆ្នោត​នៅតាម​ទី​កន្លែង​មួយ​ចំនួន។

លោក​មាន​ប្រសាសន៍​ថា៖​ «បញ្ហា​គឺថា ​អាជ្ញាធរនិង​មេឃុំ​ស្លៀកពាក់​ស៊ីវិល ហើយ​លាក់ខ្លួន​​នៅ​មុខ​ច្រកចូល​ការិយាល័យ​បោះឆ្នោត​។ យើង​ចង់​ឲ្យ​ពួកគេ​គោរព​ច្បាប់ គ.ជ.ប»

ប៉ុន្តែលោក អ៊ុន ជឹម មាន​ប្រសាសន៍ថា គណបក្ស​សម្រេច​​ចិត្ត​មិន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ហើយ​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀតទេ។

លោក សេក​ សុខា អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋានមានប្រសា​សន៍​​ថា គណបក្ស​របស់លោក ដែលមានបេក្ខជន​ឈរឈ្មោះ៨៣រូប និងទទួលបានប្រ​មាណ​ ៣៤ ០០០សំឡេងនោះ​ មិនបានបញ្ជូនអ្នកសង្កេតការណ៍ណាម្នាក់ទៅឃ្លាំមើលតាម​ការិយាល័យ​បោះឆ្នោតទេ ដោយសារមិនមានអ្នកចូលរួមគ្រប់គ្រាន់។ លោក​បាន​បន្ត​ថា ការ​នេះ​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ក្នុង​ការ​សង្កេត​មើល​ភាព​មិន​ប្រ​ក្រតី​​​ដែល​អាច​កើត​មាន។

លោក​ពន្យល់ថា៖ «យើងអាចមើលបរិយាកាសនយោបាយ។ ពួកគាត់​ [អ្នកសង្កេតការ​ណ៍] ទទួលរងការបំភិតបំភ័យ ឬការគំរាមកំហែង ហើយទីពីរ ពួកគាត់​ប្រហែល​ជាមិនមាន​ការ​យល់ដឹងច្បាស់លាស់អំពីសិទ្ធិនយោបាយទេ»

លោក​បាន​បន្ថែម​ថា៖​ «​យើង​រក​បាន​ភ្នាក់ងារ​តិច​ពេក មិន​គ្រប់គ្រាន់​ទេ​។ ជាទូទៅ ប្រ​សិនបើ​ពួកគាត់​មិន​ខ្លាចរឿង​​នយោបាយ ហើយ​យើង​អាច​រក​បាន​ យើង​នឹង​ដាក់​ពួកគាត់ [​ជា​អ្នក​សង្កេតការណ៍​]»

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅ តាម​ដងផ្លូវនៅ​រាជធានីភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា​/ព្រីង សំរាំ​ង)

​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដែល​គណបក្ស​របស់​លោក​ប្រកួត​ប្រជែងរហូត​ដល់​​​៥៧​អាសនៈនោះ បាន​មាន​ប្រសា​សន៍​​​ថា ការ​សម្រុះសម្រួល​ គឺ​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​​គណបក្ស​ប្រឆាំង។

លោក​មាន​ប្រសាសន៍​​ថា៖​ «​ប្រសិន​បើ​អ្នក​មិន​យល់​ព្រម​ អ្នក​ក៏​ត្រូវ​តែ​យល់​ព្រម​ដែរ​ព្រោះ​យើង​មិន​អាច​ពិនិត្យ​មើល​បញ្ហា​តូច​តាចបាន​ទេ។ ​បើ​យើង​ពិនិត្យ​ដោយ​គ្មាន​ហេតុផល ឬ​វា​តិចតួច​ វា​ធ្វើ​ឱ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ ជាពិសេស​ចំពោះ​គណបក្សប្រ​ឆាំង​​ដូច​យើង ដូច្នេះ​មានតែ​ការ​សម្រប​សម្រួល​ទេ ទើប​ធ្វើ​ឱ្យប្រទេស​យើង​មាន​សន្តិភាព​»

យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនៅ​ខេត្តស្វាយរៀង ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ (រូប​ភាព​ផ្តល់​ឱ្យ​)

គណបក្សចំនួនបួនគឺ គណបក្សខ្មែរឈប់​ក្រ គណបក្សបំណងពលរដ្ឋ​ គណបក្សខ្មែរអភិរក្ស និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជាមិនបានឆ្លើយតបនឹង​សំណើសុំការ​អត្ថាធិប្បាយ​ទេ ចំណែក​គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែល​ទទួលបានប្រាំ​អាសនៈ​មិនអាចសុំការ​អត្ថាធិប្បាយបានទេ ដោយសារកំពុងជាប់រវល់។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បាន​ប្រាប់ ខេមបូចា​ នៅថ្ងៃអង្គារនេះថា មិន​​មាន​ «បណ្តឹង» ជុំវិញ​ថ្ងៃបោះឆ្នោត ទាក់ទងនឹងភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោតនោះទេ​។

អំឡុង​ការបោះឆ្នោតឆ្នាំ២០១៨ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានដាក់​ពាក្យបណ្តឹង​ចំនួន​២ គណបក្សកាន់អំណាចបានដាក់ពាក្យបណ្តឹងចំនួន៣ និងគណបក្ស​​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ​របស់លោក ខឹម វាសនា បានដាក់ពាក្យបណ្តឹងចំនួន ២ ៥២០បណ្តឹង។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនបានចូលរួមក្នុង​ការបោះឆ្នោតឃុំសង្កាត់​កាលពី​ឆ្នាំ​មុន ឬការបោះឆ្នោតជាតិកាលពីថ្ងៃអាទិត្យនោះទេ។ លោក ជិន ថុន អគ្គលេខាធិការ​គណបក្ស​សម្ព័ន្ធ ដើម្បីប្រជា​ធិបតេយ្យ​​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

មូលដ្ឋាន​ទិន្នន័យ Kamnotra បាន​កត់​សម្គាល់​ថា មាន​គណបក្ស​ចំនួន១០មិន​បាន​​ចុះ​ឈ្មោះ​ដាក់​អ្នក​សង្កេតការណ៍​នៅតាម​​ការិយាល័យ​បោះឆ្នោត​ណាមួយ​​ក្នុង​ចំណោម​ការិយាល័យ​បោះឆ្នោត​ជាង ២៣ ០០០កន្លែង​នោះទេ។ លោក សេង សុខេង​ ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា ដែល​ជា​គណបក្ស​​មួយ​ក្នុង​ចំណោម​គណបក្ស​​ដែល​គ្មាន​អ្នក​សង្កេត​ការណ៍​បាន​ទទួល​ស្គាល់​ថា បញ្ហា​នេះ​បាន​រារាំង​គណបក្ស​មិន​ឱ្យ​ដឹង​អំពី​បញ្ហា​ណា​មួយ​ទាក់ទង​​នឹង​ការ​រាប់​សន្លឹក​ឆ្នោត។

លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិអះអាង​ថា គណបក្ស​របស់​លោក​បានដាក់​​អ្នក​សង្កេតការណ៍​នៅ​​​គ្រប់​កន្លែង​​បោះឆ្នោត ហើយ​ថា ​មិន​មាន​បញ្ហា​អ្វី​ទេ។ ប៉ុន្តែ​បើ​តាម​ឯកសារ គ.ជ.ប ដែល​វិភាគ​ដោយ​ប្រព័ន្ធ​ទិន្នន័យ​សាធារណៈ Kamnotra គណបក្ស​នេះ​បាន​ដាក់អ្នកសង្កេតការណ៍​​តាម​ការិយាល័យ​បោះឆ្នោតត្រឹម​​តែ១៤,៣% ប៉ុណ្ណោះ។

មាន​តែ​គណបក្ស​ប្រជាជន​កាន់​អំណាច​មួយគត់​ដែល​បានដាក់​​អ្នក​សង្កេតការណ៍​នៅ​គ្រប់​ការិយាល័យ​​បោះឆ្នោត​ជាង ២៣ ០០០កន្លែង​។

អ្នកគាំទ្រ​គណបក្សខ្មែររួបរួមជាតិធ្វើយុទ្ធនាការនៅរាជធានីភ្នំពេញ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា /សុវណ្ណ ស្រីពេជ្រ​)

លោក មាស បូពៅ ប្រធាន​គណបក្ស​កសិករ​បាន​អះអាង​ថា គណបក្ស​របស់​លោក​​មិន​មាន​ថវិកា​គ្រប់គ្រាន់ និង​ខ្វះ​ធនធាន​មនុស្ស​ ដើម្បី​ដាក់ពង្រាយ​​អ្នក​សង្កេតការណ៍​។ លោក​អះអាង​ថា មាន​ប្រព័ន្ធ​ផ្សព្វផ្សាយព័ត៌មាន​មួយ​​បាន​ព្យា​យាម​រារាំង​មិន​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ឱ្យ​គណបក្ស​លោក ប៉ុន្តែ​លោក​មិន​បាន​ប្តឹង​ទៅ គ.ជ.ប ទេ ព្រោះ​លោក​មិន​ចង់បង្ក​បញ្ហា​។​ ប៉ុន្តែ​លោក​មានប្រសា​ស​ន៍​​ថា លោក​ពេញ​ចិត្ត​នឹង​ការ​បោះ​ឆ្នោត បើ​ទោះ​បី​ជា​គណបក្ស​របស់​លោក​មិន​ទទួល​បាន​សំឡេង​ច្រើន​ក៏​ដោយ។

លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំង​ប្រជាធិបតេយ្យបានប្រាប់ ខេមបូចា​ ថា លោក​មានអារម្មណ៍ថា ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ប៉ុន្តែលោកមិនសប្បាយចិត្ត​ចំពោះការ​ប្រកាសលទ្ធផលបោះឆ្នោតយឺត។

ប៉ុន្តែលោកបានពន្យល់ថា លោកមិនសប្បាយចិត្តនៅពេលដែលគណបក្ស​របស់លោកកំពុង​ធ្វើ​យុទ្ធនាការនៅតាមដងផ្លូវ ហើយមិនមាននគរ​បាល​មកជួយសម្រួល​ចរាចរណ៍​ដូច​គណបក្ស​ដទៃ​ទៀត​ ដែលលោកមិនបញ្ចេញឈ្មោះ ប៉ុន្តែលោកលើកឡើង​ថា រឿង​​​នេះ​មានអារម្មណ៍ថា មិនស្មើភាពគ្នាទេ​។

លោក​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​គិត​ថា​ អំឡុង​ពេល​ឃោសនា​បោះឆ្នោត​តាម​ដងផ្លូវ​ វា​មិន​ស្មើ​គ្នា​១០០ភាគរយ​​ទេ ​គឺបាន​ប្រហែល​៥០ភាគរយ»

លោកបានបន្ថែមថា គណបក្សរបស់​លោក​មិនបានបញ្ជូនអ្នកសង្កេតការណ៍​អំឡុង​ពេល​រាប់សន្លឹកឆ្នោតទេ ដោយសារលោកយល់ថា គណបក្សរបស់​លោក​នឹងមិនអាចឈ្នះទេ​ ហើយ​លោកជឿ​ថា គ.ជ.ប ដែលដឹកនាំដោយសមាជិកគណបក្សកាន់អំ​ណាច នឹង​មានភាពយុត្តិធម៌ អំឡុងពេលរាប់សន្លឹកឆ្នោត៖ «ខ្ញុំទុកចិត្តពួកគាត់​ ១០០ភាគរយ​»

លោក អ៊ុន វិសិទ្ធគុន ប្រធាន​គណបក្ស​កម្លាំង​​ប្រជាធិបតេយ្យ​ធ្វើ​យុទ្ធនាការ​នៅ​ខេត្ត​កំពត នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០២៣។
112 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម