សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោក ហ៊ុន ម៉ាណែត អាចក្លាយជានាយករដ្ឋមន្ត្រីក្នុងរយៈពេលមួយខែបន្ទាប់ពីការបោះឆ្នោត

ហ៊ុន ម៉ាណែត ចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
ហ៊ុន ម៉ាណែត ចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា កូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត អាចក្លាយជានាយករដ្ឋមន្ត្រីក្នុងរយៈពេលមួយខែបន្ទាប់ពីការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ នេះបើយោងតាមបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ចិនកាលពីថ្ងៃព្រហស្បតិ៍។

លោកនាយករដ្ឋមន្ត្រី ថ្លែងថា៖ «ថាមិនត្រូវនៅត្រឹមតែបី​ ឬបួនអាទិត្យទៀត ហ៊ុន ម៉ាណែត អាចក្លាយជានាយករដ្ឋមន្ត្រី។ ខ្ញុំជឿជាក់ថា ម៉ាណែត មានសមត្ថកិច្ចខ្ពស់ជាងខ្ញុំ»។ លោក​ ហ៊ុន សែន បន្តថា លោកបាន​ប្រកាស​ជា​យូរ​មក​ហើយ​ថា ​កូន​ប្រុស​ច្បង​របស់​លោក​នឹង​ក្លាយ​ជា​អ្នក​ស្នង​តំណែង​របស់​លោក​ដើម្បី​ដឹកនាំ​ប្រទេស និង​គណបក្ស​កាន់​អំណាច។

លោក ហ៊ុន ម៉ាណែត បានព្យួរមុខតំណែងជានាយឧត្តមសេនីយយោធា ដើម្បីឈរឈ្មោះ​ជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិនៅមណ្ឌលភ្នំពេញដែលនៅលេខរៀងទី១របស់គណបក្សប្រជាជនកម្ពុជា។

លោក ហ៊ុន សែន បានបញ្ជាក់ក្នុងកំឡុងពេលសម្ភាសជាមួយទូរទស្សន៍មួយថា ខណៈពេល​គាត់​មាន​«អំណាចពេញដៃ»​​ដើម្បីស៊ីញ៉េឯកសារផ្សេងៗ។ ឆាប់ៗបន្ទាប់ពីបោះឆ្នោតជាតិ​ថ្ងៃទី២៣ ខែកក្កដា គាត់មិនអាចធ្វើអ្វីបានទេ។  

លោក ហ៊ុន សែន បញ្ជាក់ថា៖ «មួយខែក្រោយទៀត ខ្ញុំអត់មានអំណាចចុះហត្ថលេខា អត់មានអំណាច​ដូចថ្ងៃ​នេះ​ទេ»។ លោក​បន្តថា៖ «ខ្ញុំជាអ្នកដែលលះបង់ធំជាងគេ​ ប៉ុន្តែខ្ញុំត្រូវតែលះបង់»

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បញ្ជាក់ថា នេះជាពេលវេលា​ដែល​សក្តិសមសម្រាប់នាយករដ្ឋមន្ត្រីថ្មីដែលត្រូវប្រកាស។ លោកពន្យល់ថា ក្រោយការបោះឆ្នោត ព្រះមហាក្សត្រមានពេល៦០ថ្ងៃ ដើម្បីកោះប្រជុំសភា និងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី យោង​តាមរដ្ឋធម្មនុញ្ញ។ ព្រះមហាក្សត្រ​ទ្រង់​ត្រាស់​បង្គាប់​នាយក​រដ្ឋមន្ត្រី​តាម​ព្រះរាជក្រឹត្យ។

លោក សុខ ឥសាន បានថ្លែងថា៖ «ដូច្នេះប្រសិនបើ៦០ថ្ងៃមុនវាអាចមានរយៈពេល២សប្តាហ៍ ប្រហែលជាបី ឬ បួនសប្តាហ៍នោះវាមិនខុសទេ»។ លោកបន្តថា៖ «វា​អាស្រ័យ​លើ​ព្រះមហាក្សត្រ​​ដើម្បី​កោះ​ប្រជុំ​សភា​ដែល​ទើប​ជាប់​ឆ្នោត»

លោក ហ៊ុន ម៉ាណែត បានលើកឡើងក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៧ ឆ្នាំ២០២៣ នៅចំពោះមុខសមាជិក និងអ្នកគាំទ្រ គណបក្ស​ប្រជាជនកម្ពុជាជិត៦ម៉ឺននាក់ នៅកោះពេជ្រ ថា គ្រប់សមាជិក សមាជិកាទាំងអស់​ដែល​បាន​ធ្វើយុទ្ធនាការ​ឃោសនា​បោះឆ្នោត គឺប្រកបដោយការទទួលខុសត្រូវ និងបាន​គោរព​តាមនីតិវិធី​របស់​គ.ជ.ប។

លោកបន្តថា ទន្ទឹងនឹងនេះ លោកក៏មានជំនឿចិត្តថាពលរដ្ឋដែលជាម្ចាស់ឆ្នោត បានយល់ដឹង​ច្បាស់​អំពីល្បិចដ៏ពិសពុល និងគ្រោះថ្នាក់របស់ពួកជ្រុលនិយម ប៉ុន្តែលោកមិនបានបញ្ជាក់​ឱ្យ​ច្បាស់​ថាក្រុមណានោះនេះ។

លោក ម៉ាណែត លើកឡើងថា៖ «ហេតុនេះលោកអំពាវនាវឱ្យប្រជាពលរដ្ឋគាំទ្រ និង​បោះ​ឆ្នោត​​​ឱ្យគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តឱ្យប្រទេសជាតិមានសន្តិភាព និងរីកចម្រើន»

ឆ្លៀតក្នុងឱកាសនោះ បេក្ខភាពនាយករដ្ឋមន្ត្រីរូបនេះ ក៏បានរំលឹកអំពីសមិទ្ធផលនានា ដែលកើតចេញពីយុទ្ធសាស្ត្រត្រីកោណ និងចតុកោណទាំង៤តំណាក់កាលរបស់រដ្ឋាភិបាល ដែលបានអនុវត្តជាង៤០ឆ្នាំមកនេះ។ លោកបន្តថានឹងកសាងប្រទេសជាតិឱ្យដូចសម័យអង្គរ តាមរយៈបន្តការអភិវឌ្ឍជាតិឱ្យរឹងមាំ រស់រវើក រុងរឿង ប្រកបដោយវិបុលភាព និងប្រទេស​ចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបន្ថែមថា៖ «បើសិនជាគណបក្សប្រជាជនកម្ពុជា​ទទួលបានជោគជ័យក្នុងការបោះឆ្នោត យុទ្ធសាស្ត្របញ្ចកោណកំណាក់កាលទី១ នឹងក្លាយជាកម្មវិធី​នយោបាយ​របស់រាជរដ្ឋាភិបាល​នីតិកាល​ទី៧នៃរដ្ឋសភាឆ្នាំ២០២៥ ឆ្នាំ២០២៨ ហើយយើងនឹងសម្រេចបានជាមួយគ្នា​នូវ​ចក្ខុវិស័យកម្ពុជា​ឆ្នាំ២០៥០នេះ»

រាយការណ៍បន្ថែមដោយ៖ ពក​ ពន្លឺ

467 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម