សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ស្ត្រី និងកុមារមួយចំនួនរស់នៅភូមិកោះស្រឡៅ ខកខានទទួលសេវាសុខភាពព្រោះជីវភាពក្រីក្រ

កុមារម្នាក់រស់នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង កំពុងចែវទូកឆ្លងពីកោះមួយទៅកោះមួយទៀត។ រូបថតកាលពីថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០២១។ រូបថតដោយ វណ្ណ វិចារ
កុមារម្នាក់រស់នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង កំពុងចែវទូកឆ្លងពីកោះមួយទៅកោះមួយទៀត។ រូបថតកាលពីថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០២១។ រូបថតដោយ វណ្ណ វិចារ

កុមារនិងស្ត្រីមួយចំនួនដែលរស់នៅក្នុងភូមិកោះស្រឡៅ ​ខេត្ត​​​កោះកុង មិនបានទទួលសេវា​សុខភាព​ចាំបាច់​ជាមូលដ្ឋាននោះឡើយ ដោយសារតែជីវភាពខ្វះខាត ស្របពេលជំងឺកូវីដ១៩​បានរាតត្បាត​ទូទាំង​​ប្រទេសកម្ពុជា។​ ស្ត្រីមានផ្ទៃពោះមួយចំនួនខកខានមិនបានឱ្យ​ពេទ្យ​ពិនិត្យ​ផ្ទៃពោះ ខណៈដែលកុមារ​ខ្លះមិន​បាន​ទទួលវ៉ាក់សាំងការពារជំងឺតាមការកំណត់។

នៅលើផ្ទះបណ្ដែតទឹកមួយស្ថិតនៅប្រជុំកោះស្រឡៅ​ នៅក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ខេត្តកោះកុង ស្ត្រីម្នាក់​សម្បុរស្រអែម សក់រួញ មុខ​មាត់ស្លេកស្លាំង ស្បែកក្រៀម បបូរមាត់​ខ្មៅ​បន្តិច កំពុង​​លួងកូនតូច​របស់​គាត់​ឱ្យបាត់​យំ​។​ ស្ត្រី​វ័យវ័យ២៧ឆ្នាំម្នាក់នោះ ឈ្មោះ ជុំ សុខ។ អ្នកស្រី ជុំ សុខ មានកូនពីរនាក់នៅក្នុងបន្ទុក​និង​ពរពោះកូនម្នាក់នៅក្នុងផ្ទៃចូលដល់ខែទី៨។ អ្នកស្រីសម្ដែង​ក្ដីបារម្ភជាខ្លាំងចំពោះ​ស្ថានភាព​កូននៅក្នុងផ្ទៃព្រោះតែខ្លួនខកខានមិនបានទៅ​ពិនិត្យសុខភាព។

អ្នកស្រី ជុំ សុខ និយាយថា៖ «កាលកូន២នាក់មុន ប្ដីខ្ញុំរកលុយបានរកត្រីបានទើបឡើង​ទៅ​ដងទង់ (ក្រុងខេមរភូមិន្ទទីរួមខេត្ត) ពិនិត្យពោះរាល់ខែ។ ដល់កំណើតកូនទី៣នេះរក​លុយមិន​បានខ្ញុំបានទៅពិនិត្យពោះតែម្ដងគត់កាលកូនអាយុ២ខែ»។ អ្នកស្រីបន្ថែមថា៖ «បើគេមានលុយ​កូនអាយុ៨ខែនេះគេដឹងថាប្រុសឬស្រីបាត់ទៅ​ហើយ តែខ្ញុំ​ពេល​នេះមិនដឹងទេ ថាវាប្រុសឬស្រី ហើយកូនមានសុខភាពយ៉ាងម៉េចនោះទេ»

អ្នកជិតខាងនិងជាបងជីដូនមួយរបស់ ជុំ សុខ គឺ ស្ត្រីម្នាក់ទៀតឈ្មោះ ជុំ ប៉ូយ អាយុ​៣៣ឆ្នាំ។ ជុំ ប៉ូយ កំពុងបំបៅដោះកូនបណ្ដើរនិងផ្ដល់បទសម្ភាសន៍បណ្ដើរ។ អ្នកស្រី ជុំ ប៉ូយ ឱ្យដឹងថា កូន​ប្រុស​​​របស់គាត់​​មាន​អាយុ៨ខែ។ ​អ្នកស្រី​បន្តថា កូនតូច​នេះធ្វើ​ទុក្ខរំអុកខ្លាំង​ដោយសារ​មិន​សូវស្រួលខ្លួននិងបៅ​មិន​គ្រប់។

អ្នកស្រី ជុំ ប៉ូយ ឱ្យដឹងថា៖ «ប៉ុន្មានថ្ងៃនេះធ្លាក់ខ្យល់ កូនខ្ញុំវារាងហៀរសំបោរ មិនស្រួល​ខ្លួន​ចេះ​តែធ្វើ​ទុក្ខ​រងាំ​រង៉ូវ​ ម្យ៉ាងខ្ញុំគិតថា វាហេវផងមើលទៅ​ព្រោះខ្ញុំមិនសូវ​ចេញ​ទឹក​ដោះ។ បងអើយ​!​ខ្ញុំរកទឹក​ដោះ​ឯណាឱ្យវាបៅគ្រប់​ បើខ្ញុំខ្លួនឯងមិន​សូវមាន​អីហូប​ផង»

អ្នកស្រីបន្តថា បុត្រាតែមួយគត់របស់គាត់នេះមិនទាន់បានទទួលវ៉ាក់សាំងបង្ការ​ជំងឺគ្រោះថ្នាក់​គ្រប់ចំនួនជាចាំបាច់ ដែលត្រូវផ្ដល់ដោយមណ្ឌលសុខភាពនៅឡើយទេ។

អ្នកស្រី ជុំ ប៉ូយ និយាយទៀតថា៖ «អាអូនរបស់ខ្ញុំនេះ វាទើបបានវ៉ាក់សាំងបង្ការ២​ដង​ប៉ុណ្ណោះ​ ពេទ្យ​​ណាត់​ឱ្យទៅចាក់វ៉ាក់សាំងលើកទី៣នៅពេលវាមានអាយុ៦ខែ ប៉ុន្តែខ្ញុំ​រក​លុយ​ឡើងទៅ​ពេទ្យមិនបានទើបវាមិនទាន់​ទទួលបានវ៉ាក់សាំង។ ​ខ្ញុំ​សង្ឃឹម​ថា​ក្រែងមានពេទ្យចុះមក​ចាក់ដល់ក្នុងភូមិតែចាំបាត់ចាំបាត់ មិនឃើញ​សោះ»

ស្ដ្រី ជុំ សុខ ពាក់អាវពណ៌ផ្កាឈូក និង ជុំ ប៉ូយ រៀបរាប់ពីស្ថានភាពសុខភាព​របស់​ខ្លួន​នៅផ្ទះបណ្ដែតទឹកស្ថិនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។ រូបថតកាលពីថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០២១។ រូបថតដោយ វណ្ណ វិចារ

អ្នកភូមិកោះស្រឡៅដែលចង់ទៅរកសេវាសុខភាពនៅទីរួមខេត្ត ត្រូវ​ត្រៀមប្រាក់​យ៉ាងតិច​ណាស់​​​១០ម៉ឺនរៀល សម្រាប់សោហ៊ុយ​ចាយ​វាយក្នុងមួយលើកៗ ដោយចំនួននេះ​មិន​ទាន់​គិតចំណាយថ្លៃព្យាបាលនោះ​ឡើយ។ អ្នកកោះនេះចង់ឡើងគោក ក្នុងម្នាក់ត្រូវចាយប្រាក់​៥ពាន់​រៀលដើម្បីជិះទូកដឹកឥវ៉ាន់និងត្រូវរង់ចាំយូរទម្រាំទូកចេញ។ ប៉ុន្តែបើសិន​ជាជូល​ទូក​លឿនវិញ អ្នកភូមិត្រូវចំណាយប្រាក់យ៉ាង​តិច​១៥ម៉ឺន​រៀលក្នុងដំណើរទៅនិងមក។   

ជុំវិញការផ្ដល់សេវាសុខភាពពីសំណាក់ក្រុមគ្រូពេទ្យជូនពលរដ្ឋរស់នៅតាមកោះនេះ ស្ត្រីរស់​នៅ​ទី​តាំងផ្សេងៗគ្នាក្នុងភូមិកោះស្រឡៅចំនួនជាង១០នាក់ដែល​បាន​​​​​ផ្ដល់​​បទសម្ភាសន៍​ឱ្យអ្នក​សារព័ត៌មាន សុទ្ធតែលើកឡើងដូចៗគ្នាថា ចាប់​តាំងពីផ្ទុះជំងឺកូវីដ១៩មក ក្រុមគ្រូពេទ្យមិន​បាន​ផ្ដល់ថ្នាំ​បង្ការជំងឺគ្រោះ​ថ្នាក់ដល់​កុមារនិងពិនិត្យសុខភាពជូនស្ត្រីអ្នកមានផ្ទៃ​ពោះដូចកាល​ពីមុនផ្ទុះជំងឺកូវីដ១៩ នោះឡើយ។

ស្ត្រីវ័យ៣៧ឆ្នាំ ឈ្មោះ ម៉ូត សុជា ទើបសម្រាលកូនបានជាង២ខែ។ អ្នកស្រីរៀប​រាប់ថា កាល​ពីកូននៅក្នុងផ្ទៃអ្នកស្រី ត្រូវជិះទូកទៅមកចម្ងាយសរុប៧០គីឡូ​ម៉ែត្រ ដើម្បី​ទៅទទួល​សេវា​ពិនិត្យ​​ផ្ទៃពោះជារៀងរាល់ខែនៅក្រុង​ខេម​រភូមិន្ទ ព្រោះតែនៅ​សហគមន៍​ផ្ទាល់មិនមានគ្រូ​ពេទ្យជំនាញ។

អ្នកស្រី ម៉ូត សុជា ប្រាប់ថា៖ «កាលខ្ញុំមានទម្ងន់ ប៉ាវាជូនទៅពិនិត្យនៅដងទង់ និយាយ​រួមជិះ​តិចៗ​២ម៉ោងទៅ២ម៉ោងមក តែចំពោះបងប្អូនយើងគ្នាអត់ៗ(ក្រីក្រ) គ្នាមិន​បានឡើង​ទៅពិនិត្យ​ពោះទេ។ ពេលមុនកូវីដ ពេទ្យគាត់មកបន្តក់​ថ្នាំឱ្យ​ក្មេងនិង​ពិនិត្យផ្ទៃពោះ(អត់មានអេកូ)​ឱ្យបងប្អូនយើងរាល់ខែដែរ តែពេលមួយ​ឆ្នាំនេះ​ប្រហែលគាត់រវល់រឿងកូវីដក៏មិនដឹង​បានជាលែងឃើញមកទៀត»

ភូមិកោះស្រឡៅស្ថិតនៅប្រជុំកោះកាពិ ក្នុងឃុំកោះកាពិ គ្របដណ្ដប់ដោយទឹក​សមុទ្រ អម​ដោយ​ព្រៃកោងកាងរាប់ម៉ឺនហិចតា។របាយការណ៍ពីរដ្ឋបាលឃុំកោះ​កាពិឱ្យដឹងថា កោះ​ស្រឡៅមានពលរដ្ឋរស់នៅប្រមាណជាង២រយគ្រួសារ គិតជា​មនុស្សប្រមាណ​ជាង១ពាន់នាក់ ភាគច្រើនលើសលប់ជាអ្នកប្រកបរបរនេសាទ​ជា​លក្ខណៈ​គ្រួសារ។ ភូមិកោះស្រឡៅ មិនមាន​ប៉ុស្តិ៍សុខភាពឬពេទ្យឯកជន​ឡើយ ប៉ុន្តែមាន​ផ្ទះអ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់​មួយ​កន្លែងដែលផ្ដល់ថ្នាំព្យាបាលគ្រុនចាញ់ និងលក់ថ្នាំសង្កូវព្យាបាលជំងឺក្រៅតិចតួច​ដូចជា​ផ្ដាសាយឬគ្រុនក្ដៅជាដើម។

មណ្ឌលសុខភាពកោះកាពិ ស្ថិតនៅឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។ រូបថតកាលពីថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០២១។ រូបថតដោយ វណ្ណ វិចារ

មេឃុំកោះកាពិ លោក ឃុន វណ្ណា មានប្រសាសន៍ថា មួយឆ្នាំកន្លងទៅនេះក្រុម​គ្រូ​ពេទ្យ​នៅ​ប៉ុស្តិ៍សុខភាពកោះកាពិ និងក្រុមគ្រួពេទ្យខេត្តបានផ្តោតខ្លាំង​ជា​ពិ​សេសទៅលើ​វិធានការ​ប្រឆាំងជំងឺកូវីដ១៩ ទើបបណ្ដាលឱ្យខ្វះចន្លោះខ្លះក្នុងការ​ផ្ដល់សេវាសុខភាពមូលដ្ឋាន​ជូនស្ត្រី​និងកុមារ។ ប៉ុន្តែលោករំពឹងថា ពលរដ្ឋរស់​នៅឃុំកោះកាពិទាំងមូល រាប់ទាំងភូមិកោះស្រឡៅ​ផង នឹងបានទទួលសេវា​សុខាភិបាលប្រសើរជាងនេះនៅពេលដ៏ខ្លីខាងមុខ។

លោក ឃុន វណ្ណាថ្លែងថា៖ «ការផ្ដល់សេវាសុខាភាពហ្នឹងយើងទទួលស្គាល់ថា មិនទាន់​គ្រប់​គ្រាន់តាមតម្រូវការប្រជាពលរដ្ឋនោះទេ តែថ្នាក់ខេត្តបាន​សម្រេច​​ផ្ដល់នូវ​មណ្ឌល​​​​សុខភាព​ឱ្យ​ឃុំយើងហើយ​ ។​រដ្ឋ​បាលមូលដ្ឋានឃុំ បានទទួចស្នើ​ទៅថ្នាក់​ខេត្តដើម្បីបានពេទ្យបាន​សម្ភារៈ​គ្រប់​គ្រាន់នៅឆ្នាំ២០២២ខាងមុខ។ ខ្ញុំសង្ឃឹមថា​នឹង​កាត់បន្ថយការ​លំបាកជូន​ពលរដ្ឋ​យើងបានច្រើនជាងនេះ»

ប្រធានមន្ទីរសុខាភិបាល ខេត្តកោះកុង លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង មាន​ប្រសា​សន៍​​ថា ការណ៍​ដែលស្ត្រីនិងកុមារ មួយចំនួនរស់នៅតាមបណ្ដាកោះនានា​ក្នុង​ខេត្តកោះកុងមិនទាន់​ទទួល​បាន​សេវាសុខាភិបាលកម្រិតមូលដ្ឋាន (ពិនិត្យ​ផ្ទៃ​ពោះឬថ្នាំបង្ការ១១មុខ) នៅនឹងកន្លែង បណ្ដាល​មក​ពីក្រុមគ្រូពេទ្យ ជាប់ដៃខ្លាំងក្នុងការរាតត្បាត​ខ្លាំងនៃ​ជំងឺកូវីដ១៩។

វេជ្ជបណ្ឌិត ទៅ ម៉ឹងឱ្យដឹងថា៖ «ក្នុងរយៈពេលប៉ុន្មានខែមកនេះ តាមបណ្ដាកោះ​យើង​ផ្ទុះខ្លាំង​ពិសេសកូវីដDeltaតែម្ដង ជាហេតុធ្វើឱ្យពេទ្យយើងទាំងអស់​សម្រុក​ចាត់ វិធានការ​ចំពោះបញ្ហា​កូវីដជាបន្ទាន់និងខ្លាំងក្លា។ករណីខកខានទទួលសេវាសុខភាពមូលដ្ឋាននេះយើងចាត់ទុកជា​ករណីប្រធានសក្តិ ប៉ុន្តែយើងខ្ញុំសន្យាថា​នឹង​ខិតខំបំពេញបន្ថែមនៅចំណុចខ្វះខាតនេះនៅ​ពេលឆាប់ៗខាងមុខ»។  

បើតាមលោក ទៅ ម៉ឹង អាជ្ញាធរខេត្តបានសម្រេចសង់មណ្ឌល​សុខភាពបាន​ចំនួន​២៦ឃុំ ក្នុង​ចំណោម២៩ឃុំទូទាំងខេត្តកោះកុង។ប៉ុន្តែមណ្ឌលសុខភាពមួយចំនួន​នៅមិនទាន់​គ្រប់​លក្ខណៈសម្បត្តិនៅឡើយទេ។

វេជ្ជបណ្ឌិត ទៅ ម៉ឹង បន្ថែមថា៖ «យើងខិតខំកៀរគរជំនួយពីគ្រប់មជ្ឈដ្ឋានដើម្បី​បង្ខិតសេវា​សុខភាពឱ្យ​ជិត​ពលរដ្ឋតាមមូលដ្ឋាន តែយើងនៅតែខ្វះ ពិសេសធនធានគ្រូ​ពេទ្យ​តែម្ដង។​ជាគោលការណ៍មណ្ឌលសុខភាពមួយត្រូវមានពេទ្យយ៉ាងតិច៨នាក់ តែ​សព្វថ្ងៃមណ្ឌលយើង​ខ្លះមានពេទ្យត្រឹមតែ៣ទៅ៥នាក់ប៉ុណ្ណោះ»

សាលាឃុំកោះកាពិ ស្ថិតនៅស្រុកកោះកុង ខេត្តកោះកុង មានសភាពស្ងាត់ជ្រងំ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០២១។ រូបថតដោយ វណ្ណ វិចារ

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ចាត់ទុកករណី​ដែលស្ត្រី ​និងកុ​មារ ខកខានទទួលបានសេវាសុខាភាពជាមូលដ្ឋាននេះ ជាករណី​មិន​អាច​មើល​រំលងបាន។ លោកថា អាជ្ញាធរមិនអាចយកហេតុផលកូវីដ១៩ មកជាលេស​ហើយទុកពលរដ្ឋក្រក្រីចោល ដោយមិនរវល់នោះទេ។

លោក ប៉ិច ពិសី មានប្រសាសន៍ថា៖ «រដ្ឋាភិបាល ចាំបាច់ត្រូវផ្ដល់សេវាសុខភាព​ជាមូលដ្ឋាន​ជូនស្ត្រីនិង​កុមារឱ្យបានគ្រប់ៗគ្នានៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាទោះជា​តំបន់ដាច់​ស្រយាល​បែបណាក៏ដោយ ដើម្បីឱ្យពលរដ្ឋទាំងនោះមានឱកាសក្លាយ​ជាធន​ធាន​ដ៏​មានតម្លៃ​សម្រាប់សង្គមទៅថ្ងៃ​មុខ»។ លោកបន្ថែមថា៖ «បើអ្នកក្រីក្រមិនទទួល​បាន​សេវា​សាធារណៈ​ជា​មូល​ដ្ឋាន​ទេនោះ បានន័យថារដ្ឋាភិបាលបរាជ័យ​រួចហើយ​ក្នុងការអនុវត្តគោល​នយោបាយ​របស់ខ្លួន»

ក្រសួងសុខាភិបាលកម្ពុជាប្រកាសជំរុញឱ្យស្ត្រីមានផ្ទៃពោះទៅពិនិត្យសុខភាពឱ្យបានយ៉ាង​តិចណាស់៤ដងមុនពេលសម្រាលកូន។ ចំណែឯទារកនិងកុមារអាយុក្រោម៥ឆ្នាំចាំបាច់ត្រូវ​ទទួលថ្នាំបង្ការជំងឺគ្រោះថ្នាក់ចំនួន១១មុខ ដើម្បីឱ្យពួក​គេ​មានការលូតលាស់និងសុខភាពល្អ។

អង្គការយូនីសេហ្វ ប្រចាំប្រទេសកម្ពុជាបង្ហាញថា ការផ្ដល់សេវាសុខភាពជូនស្ត្រីមាន​ផ្ទៃពោះ​និងកុមារដែលទើបកើតរហូតដល់អាយុ៥ឆ្នាំ មានឥទ្ធិពលយ៉ាងធំធេងលើលទ្ធភាព​របស់កុមារ​ក្នុងការរស់រាន លូតលាស់ រៀនសូត្រ និងចាកចេញផុតពីភាពពក្រីក្រ ព្រមទាំងជំរុញឲ្យ​មាន​ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ប្រទេសទាំងមូល។

ទោះជាយ៉ាងណាស្ត្រី និងកុមាររស់នៅក្នុងស្ថានភាពក្រីក្រ នាភូមិកោះស្រឡៅ កំពុងសុញ​គំនិត​គិតមិន​ឃើញពីវិធីដែលអាចនាំឱ្យពួកគេទទួល​បាននូវសេវាសុខភាពជាមូលដ្ឋាន​នៅ​ឡើយ។ ស្ត្រីរស់នៅភូមិកោះស្រឡៅ ឃុំកោះកាពិ អ្នកស្រី ជុំ សុខ និយាយទាំង​អួលដើម​កថា៖ «ខ្ញុំដឹង​ខ្ញុំយល់ថា បើបានឱ្យ​ពេទ្យ​ពិនិត្យពិតជាល្អ។ខ្ញុំចេះតែដេកគិតគ្នាជាមួយប្ដី យើងខំរក​ត្រីខំប្រឹង​រកលុយក្រែងបានទៅពិនិត្យពោះម្ដងទៀតមុនកើតនិងត្រៀមលុយបង់ថ្លៃពេទ្យកើតកូន»

538 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម