ក្រោយការស្លាប់របស់និស្សិតកូរ៉េខាងត្បូងម្នាក់នៅខេត្តកំពត នគរបាលរបស់ប្រទេសនេះមានគម្រោងបើកដំណើរការ«ការិយាល័យជនជាតិកូរ៉េ»នៅកម្ពុជាដើម្បីដោះស្រាយករណីនានាដែលជាប់ពាក់ព័ន្ធនឹងជនជាតិកូរ៉េខាងត្បូង ដោយថាមានការលំបាកច្រើនក្នុងការធ្វើកិច្ចសហការជាមួយសមត្ថកិច្ចកម្ពុជា។ ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជាបានសង្កត់ធ្ងន់ថា កម្ពុជាស្វាគមន៍រាល់កិច្ចសហការជាមួយប្រទេសនានាដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ប៉ុន្តែថាករណីមួយដែលបានកើតឡើងមិនគួរធ្វើឲ្យប៉ះពាល់ដល់កិច្ចសហការជាច្រើនទៀតរវាងប្រទេសទាំងពីរនោះទេ។
ភាពតានតឹងផ្នែកកិច្ចសហការរវាងប្រទេសកូរ៉េខាងត្បូង និងកម្ពុជាបានកើតឡើងក្រោយពេលនិស្សិតកូរ៉េវ័យ២២ឆ្នាំម្នាក់បានស្លាប់នៅខេត្តកំពត។
និស្សិតកូរ៉េរូបនេះបានប្រាប់ក្រុមគ្រួសារថា ខ្លួនមកកម្ពុជាដើម្បីចូលរួមការតាំងពិព័រណ៍មួយ តែក្រោយមករូបគេក៏ត្រូវបានចាប់ជំរិត និងធ្វើទារុណ្ឌកម្មដោយក្រុមឧក្រិដ្ឋជនក្នុងស្រុក ហើយក្រុមនេះបានទាមទារប្រាក់ពីគ្រួសារជនរងគ្រោះចំនួន៣៥ ០០០ដុល្លារ។ សាកសពរបស់និស្សិតនេះត្រូវបានរកឃើញនៅជិតភ្នំបូកគោនៅពីរសប្ដាហ៍ក្រោយមក។ អាជ្ញាធរបានបញ្ជាក់ថា និស្សិតរូបនេះបានស្លាប់ដោយសារគាំបេះដូងបង្កមកពីការរងទារុណ្ឌកម្មធ្ងន់ធ្ងរពេក។
ករណីស្លាប់និស្សិតកូរ៉េនៅខេត្តកំពតបានបង្កឲ្យមានការបារម្ភកាន់តែខ្លាំងចំពោះឧក្រិដ្ឋកម្មឆ្លងដែន និងភាពកម្សោយក្នុងការសហការអនុវត្តច្បាប់រវាងកម្ពុជា និងកូរ៉េខាងត្បូង។ ស្របពេលដែលករណីឆបោកតាមអនឡាញ ការចាប់ជំរិត និងអំពើហិង្សា ដោយដាក់គោលដៅលើជនជាតិកូរ៉េមានការកើនឡើង រដ្ឋាភិបាលក្រុងសេអ៊ូល បានដាក់សម្ពាធឲ្យមានកិច្ចសហការកាន់តែខ្លាំង រួមទាំងមានការបង្កើត «ការិយាល័យជនជាតិកូរ៉េ» នៅកម្ពុជា។ ទន្ទឹមនឹងនេះ កម្ពុជានៅតែអះអាងថា ខ្លួនមានការប្ដេជ្ញាចិត្តក្នុងការធ្វើកិច្ចសហការការជាមួយដៃគូអន្តរជាតិ និងព្រមានដែរថា«ហេតុការណ៍អាក្រក់មួយ» មិនគួរធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងការទូត និងកិច្ចខិតខំប្រឆាំងបទឧក្រិដ្ឋនោះទេ។
កាលពីថ្ងៃចន្ទ ភ្នាក់ងារនគរបាលជាតិកូរ៉េខាងត្បូង បាននិយាយថា កិច្ចសហការជាមួយនគរបាលកម្ពុជាមានការលំបាកជាងកិច្ចសហការជាមួយប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀត។ អគ្គស្នងការនរគបាលស្ដីទីរបស់កូរ៉េ លោក Yoo Jae-seong មានផែនការជួបជាមួយអគ្គស្នងការរងកម្ពុជានៅសប្ដាហ៍ក្រោយ ដើម្បីស្វែងរកការពង្រឹងកិច្ចសហការ ខណៈនគរបាលកូរ៉េក៏មានផែនការធ្វើការជាមួយប៉ូលិសអន្តរជាតិ និងស្ថាប័នអន្តរជាតិផ្សេងៗទៀតដើម្បីដាក់សម្ពាធកម្ពុជាឲ្យបង្កើនកិច្ចសហការ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេគិតមកដល់ម៉ោងផ្សាយនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ទូច សុខៈ មានប្រសាសន៍ថា៖ «យើងមិនគួរយកករណីមួយនេះធ្វើឲ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់បទល្មើសឆបោកតាមអនឡាញនោះទេ ព្រោះថាវាជាតម្រូវការចាំបាច់សម្រាប់រដ្ឋមួយៗដែលត្រូវសហការគ្នា។ ការធ្វើឲ្យល្អក់កករផ្នែកការទូត ឬកិច្ចសហប្រតិបត្តិការ វាគឺជាឱកាសរបស់ជនល្មើស ឬមេខ្លោងថ្នាក់អន្តរជាតិទៅវិញទេ»។
យ៉ាងណា សាលាដំបូងខេត្តកំពតបានចេញសេចក្ដីថ្លែងការណ៍មួយលើសំណុំរឿងនេះក្រោយសារព័ត៌មានអន្តរជាតិជាច្រើនរាយការណ៍ពីការស្លាប់របស់និស្សិតកូរ៉េ។ សេចក្ដីថ្លែងការណ៍លើកឡើងថាជនជាតិចិនបីនាក់ត្រូវបានចោទប្រកាន់ទាក់ទងនឹងបទល្មើសឃាតកម្ម ក៏ដូចជាបទល្មើសឆបោកតាមអនឡាញ។
បើតាមតុលាការខេត្តកំពត សពជនរងគ្រោះត្រូវបាទរកឃើញនៅគូទរថយន្ត Ford F-150 Raptor ក្នុងក្រុងកំពតនៅម៉ោងប្រហែល២ទាបភ្លឺឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ ជនសង្ស័យពីរនាក់ជាជនជាតិចិនត្រូវបានឃាត់ខ្លួននៅកន្លែងកើតហេតុ។ ជនសង្ស័យទាំងពីរបាននាំសមត្ថកិច្ចទៅកាន់ផ្ទះវីឡាមួយនៅលើភ្នំបូកគោដែលគេជឿថា ជាទីតាំងប្រព្រឹត្តបទល្មើស ហើយជនសង្ស័យទីបីក៏ត្រូវបានចាប់ខ្លួនជាមួយនឹងវត្ថុតាងនៃប្រតិបត្តិការអនឡាញខុសច្បាប់។ ជនសង្ស័យទាំងបីរូបកំពុងស្ថិតក្នុងការឃុំខ្លួនបណ្ដោះអាសន្ន។
ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃបានលើកឡើងដែរថាខ្លួនមិនបានទទួលពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ ឬពីស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជានោះទេ។
សម្រាប់នៅប្រទេសកូរ៉េខាងត្បូងវិញ រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េលោក Cho Hyun បានកោះហៅឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េដើម្បីតវ៉ាចំពោះហេតុការណ៍ដែលបានកើនឡើង។ ជាមួយគ្នានេះ សមត្ថកិច្ចកូរ៉េក៏បានស្នើសុំចូលរួមធ្វើកោសល្យវិច័យលើសាកសពនិស្សិតដែលរងទារុណ្ឌកម្មរហូតស្លាប់នៅកម្ពុជាដែរ។ មន្ត្រីកូរ៉េម្នាក់ត្រូវបានបញ្ជូនមកកម្ពុជាកាលពីខែមុនដើម្បីកំណត់អត្តសញ្ញាណសព និងរៀបចំធ្វើមាតុភូមិនិវត្តន៍ ប៉ុន្តែកិច្ចការនេះត្រូវបានពន្យារពេលដោយសារតែមានបញ្ហាផ្នែកកិច្ចសហការពីខាងសមត្ថកិច្ចកម្ពុជាមានតិចតួច។
ដោយសារតែរឿងនេះ ការបង្កើតការិយាល័យជនជាតិកូរ៉េនៅកម្ពុជាត្រូវបានស្នើឡើង ដើម្បីដោះស្រាយបញ្ហានានាទាក់ទងនឹងជនជាតិកូរ៉េ ព្រមជាមួយនឹងការបង្កើនចំនួននគរបាលនៅស្ថានទូត និងដាក់បន្ថែមមន្ត្រី៣០នាក់ទៀតនៅការិយាល័យទំនាក់ទំនងអន្តរជាតិ។
គម្រោងបង្កើតការិយាល័យពិសេសមួយនេះនឹងក្លាយជារបៀបវារៈសំខាន់មួយក្នុងកិច្ចប្រជុំប៉ូលិសអន្តរជាតិឆ្នាំ២០២៥ នៅក្នុងទីក្រុងសេអ៊ូល ពីថ្ងៃទី២០-២៣ ខែតុលា ដែលភាគីកម្ពុជា-កូរ៉េអាចរំពឹងថានឹងចុះអនុស្សារណៈយោគយល់គ្នា ដើម្បីបង្កើតការិយាល័យជនជាតិកូរ៉េមួយនេះ និងការដាក់កម្លាំងនគរបាលកូរ៉េបន្ថែមនៅកម្ពុជា។
ការិយាល័យជនជាតិកូរ៉េដំបូងបង្កើតនៅប្រទេសហ្វីលីពីនក្នុងឆ្នាំ២០១២ និងក្រោយមកទៀតនៅប្រទេសថៃ។
លោក Jacob Sims អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Harvard និងជាអ្នកវិភាគបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់ ប្រាប់ សារព័ត៌មានខេមបូចា ថា ការិយាល័យជនជាតិកូរ៉េ ទំនងជាមិនអាចទទួលបានកិច្ចសហការពេញលេញពីរដ្ឋាភិបាលកម្ពុជានោះទេ។
លោកថា កម្ពុជាទំនងជាផ្ដោតលើការរក្សាមុខមាត់ជាជាងបង្ហាញពីឧក្រិដ្ឋកម្មដែលបានកើតមាន ដោយគោលបំណងសំខាន់គឺដើម្បីការពារឧស្សាហកម្ម និងជនប្រព្រឹត្តល្មើសលំដាប់ខ្ពស់ទាំងនោះ។
លោកបន្ថែមថា អាជ្ញាធរប្រហែលជាចាប់តែជនល្មើសតូចតាច ដើម្បីបង្ហាញថាពួកគេខិតខំធ្វើការ ប៉ុន្តែជាក់ស្ដែងពួកគេទំនងជាមិនចាត់វិធានការលើអ្នកមានឥទ្ធិពលដែលជាប់ពាក់ព័ន្ធនឹងឃាតកម្មលើនិស្សិតកូរ៉េ ឬចាត់វិធានការម៉ឺងម៉ាត់លើអង្គការឧក្រិដ្ឋកម្មនោះដែរ។
លោកបន្ថែមថា៖ «វាអាចទៅរួចដែលថាពួកគេនឹងចាប់ខ្លួនមនុស្សខ្លះ ជាជនល្មើសតូចតាច ដើម្បីបង្ហាញថាខ្លួនធ្វើការ និងដើម្បីបន្ថយសម្ពាធពីប្រទេសកូរ៉េ។ តែបញ្ហានៅត្រង់ថាអ្នកដែលមានអំណាច មានឥទ្ធិពលគ្រប់គ្រងលើស្ថាប័នរដ្ឋាភិបាលខ្លួនឯង ក៏ជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែរ»។
ចំណែកលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានស្វាគមន៍រាល់គ្រប់ទម្រង់នៃកិច្ចសហការ និងទំនាក់ទំនងការទូត ក្នុងគោលបំណងទប់ស្កាត់ និងបង្រ្កាបលើបទល្មើសតាមរយៈការរួមគ្នាបណ្ដុះបណ្ដាល ការផ្លាស់ប្ដូរបទពិសោធន៍ និងការចែករំលែកព័ត៌មាន។
លោកបន្ថែមថា កម្ពុជាយល់ពីកង្វល់របស់រដ្ឋាភិបាលកូរ៉េមានចំពោះពលរដ្ឋខ្លួន ប៉ុន្តែលោកក៏ជំរុញឲ្យមានការយោគយល់គ្នា ដោយកត់សម្គាល់ថាប្រជាជនកម្ពុជាក៏បានធ្លាក់ខ្លួនជាជនរងគ្រោះរបស់ក្រុមឧក្រិដ្ឋជនបរទេសដែរ។
លោកមានប្រសាសន៍ថា៖ «កម្ពុជាមិនបានផ្ដល់ជាជម្រកសុវត្ថិភាពសម្រាប់ជនល្មើសដែលប្រព្រឹត្តបទល្មើសឆបោកអនឡាញ ឬការជួញដូរមនុស្សនោះឡើយ។ [រដ្ឋាភិបាល]កម្ពុជាបានចុះបង្ក្រាបយ៉ាងសកម្មលើទីតាំងបទល្មើសជាច្រើនកន្លែង ជួយរំដោះជនរងគ្រោះ និងបញ្ចូនសំណុំរឿងទៅតុលាការ»។
ក្នុងសិក្ខាសាលាមួយស្ដីអំពីការប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការលាងសម្អាតប្រាក់ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថាកម្ពុជាបានចាប់បញ្ជូនជនបរទេសប្រហែល១៥ ០០០នាក់ឱ្យទៅប្រទេសកំណើតវិញពាក់ព័ន្ធនឹងបទល្មើសអនឡាញ ក្នុងរយៈពេលពីរឆ្នាំមកនេះ។
កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរកម្ពុជាក៏បានចាប់ខ្លួនជនសង្ស័យ៨០នាក់ មានប្រាំពីរសញ្ជាតិ ក្នុងនោះជនជាតិចិនច្រើនជាងគេ អំឡុងពេលចុះបង្ក្រាបទីតាំងឆបោកដ៏ធំមួយកន្លែងនៅអគារ MORGAN ជាន់ទី៣៤ ដែលជាអគារការិយាល័យដ៏ប្រណិតមួយនៅទីក្រុងភ្នំពេញ។
លោក អំ សំអាត នាយកកិច្ចការទូទៅអង្គកាសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា កម្ពុជាគួរតែបង្ហាញពីការប្ដេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការជាមួយកូរ៉េ ដើម្បីបង្កើនការទុកចិត្ត និងភាពជាដៃគូល្អ។
លោកបន្ថែមថា ករណីនេះ បានធ្វើឲ្យប៉ះពាល់ដល់ទេសចរអន្តរជាតិ ការវិនិយោគ សន្តិសុខ និងសុវត្ថិភាពក្នុងសង្គម។
លោកបន្ថែមថា៖ «កម្ពុជាត្រូវតែបង្កើនស្ថាប័នអនុវត្តច្បាប់ លុបបំបាត់អំពើពុករលួយ និងបង្កើតទំនាក់ទំនងល្អជាមួយអាជ្ញាធរពាក់ព័ន្ធ ប្រទេសក្នុងតំបន់ និងអន្តរជាតិ ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែន និងការឆបោកតាមអនឡាញឲ្យមានប្រសិទ្ធភាព»។
ដោយសារតែមានការបារម្ភពីសុវត្ថិភាពរបស់ជនជាតិខ្លួន រដ្ឋមន្ត្រីការបរទេសកូរ៉េបានចេញការព្រមានមួយលើការធ្វើដំណើរកាលពីថ្ងៃទី១៧ ខែកញ្ញា ដោយបានណែនាំឱ្យអ្នកដំណើរពិចារណាឡើងវិញចំពោះដំណើរមកកាន់ក្រុងភ្នំពេញ (កម្រិត២) និងបានចាត់ទុកតំបន់មួយចំនួនថាមានហានិភ័យខ្ពស់ ដូចជាក្រុងព្រះសីហនុ ភ្នំបូកគោ និងក្រុងបាវិត ហើយដាក់នៅស្ថិតនៅកម្រិត២,៥។ គួរបញ្ជាក់ថា ចំនួនប្រជាជនកូរ៉េខាងត្បូងប្រហែល២សែននាក់បានមកលេងកម្ពុជាក្នុងមួយឆ្នាំៗ។
របាយការណ៍ពីការចាប់ជំរិតជនជាតិកូរ៉េ ឬឃុំខ្លួននៅកម្ពុជាមានការកើនឡើង រហូតដល់៣៣០ករណី ចន្លោះពីខែមករា ដល់ខែសីហា ក្នុងឆ្នាំនេះ ដែលកើនពី២២១ករណីក្នុងឆ្នាំ២០២៤ និង២១ករណីក្នុងឆ្នាំ២០២៣៕
(រាយការណ៍បន្ថែមដោយ៖ សុខ ស្រីម៉ី)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ South Korea to Set Up “Korean Desk” in Cambodia After Student’s Murder











