សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អនុប្រធានសហជីពបាត់បង់ការងារ បន្ទាប់ពីថៅកែរោងចក្របដិសេធការបង្កើតសហជីពឯករាជ្យ

សមាជិកសហជីពចំនួនបីនាក់កំពុងកាន់បដានៅខាងមុខរោងចក្រកាត់ដេរ អេសវ៉ាយអេសជី ដោយស្នើឱ្យម្ចាស់រោងចក្រមួយនេះទទួលយកអនុប្រធានរបស់ខ្លួនឈ្មោះ យឿន យឹម ឱ្យចូលធ្វើការវិញ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ (រូបភាពផ្ដល់ឱ្យ)
សមាជិកសហជីពចំនួនបីនាក់កំពុងកាន់បដានៅខាងមុខរោងចក្រកាត់ដេរ អេសវ៉ាយអេសជី ដោយស្នើឱ្យម្ចាស់រោងចក្រមួយនេះទទួលយកអនុប្រធានរបស់ខ្លួនឈ្មោះ យឿន យឹម ឱ្យចូលធ្វើការវិញ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ (រូបភាពផ្ដល់ឱ្យ)

អនុប្រ​ធាន​សមាគម​រោងចក្រកាត់​ដេរធំ​មួយ​ថ្លែង​ថា​ខ្លួន​​នឹង​ «​មិន​ទទួល​យក» សហជីព​ថ្មី​នៅ​ក្នុង​រោង​ចក្រ​របស់​លោក​ទេ ដោយ​ថា​លោក​ពេញ​ចិត្ត​តែ​សហជីព​ដែល​ដឹក​នាំ​ដោយ​មន្ត្រី​របស់​គណបក្ស​កាន់អំណាច​តែ​ប៉ុណ្ណោះ​​។​

ភាគី​ខាង​រោងចក្រ​​កាល​ពី​ចុង​ខែ​ឧសភា បាន​ទាម​ទារ​ឱ្យ​អនុប្រ​ធាន​សហជីព​ថ្មី គឺ​លោក យឿន យឹម ដក​ខ្លួន​ពី​សហជីព ឬ​ត្រូវ​បាត់​បង់​ការងារ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សាមីខ្លួន​​។​

លោក​បន្ថែម​ថា៖ «វាមិន​យុត្តិធម៌​ទេ​ ពីព្រោះ​ខ្ញុំ​បាន​ជាប់​ឆ្នោត​ជា​អនុប្រធាន​សហជីព​ក្នុង​រោង​ចក្រ និង​​គោរព​ទៅ​តាម​ច្បាប់​ការងារ ហើយ​គាត់​បែរជា​បង្ខំ​ឱ្យ​ខ្ញុំ​ចេញ ដើម្បី​បញ្ឈប់​សហជីព​ឯករាជ្យ»។​

លោក Enjoy Ho អនុប្រធានសមាគម​វាយ​ន​ភណ្ឌ សម្លៀក​​បំពាក់ ស្បែកជើង និង​ផលិត​​ផល​ធ្វើដំណើរ​ (TAFTAC)​ ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន​អេសវ៉ាយអេស​ជី ហ្គាម៉ិន ក្នុង​រាជធានី​ភ្នំពេញ ធ្លាប់​បាន​​ព្រមាន​ទៅ​ប្រធាន​សហព័ន្ធសហជីពឯករាជ្យ អ៊ិនទូហ្វី​(INTUFE) ​ថា លោក​មិន​ចង់​បាន​សហជីពថ្មី​ដែល​បង្កើត​ដោយ​លោក យឹម និង​កម្មករ​នៅរោងចក្រនេះទេ។​

កាល​ពី​ថ្ងៃទី​១២​ ខែ​ឧសភា សហព័ន្ធសហជីពឯករាជ្យ អ៊ិនទូហ្វី បានជួយ​ដល់​កម្មករ​ក្នុង​ការ​បង្កើត​សហជីព និង​បានជូន​ដំណឹង​ទៅ​កាន់​លោក Ho ផង​ដែរ​។ ក្រោយ​មក​លោក Ho បាន​ផ្ញើ​សារ​មក​កាន់​ប្រធាន​សហព័ន្ធសហជីពឯករាជ្យ អ៊ិនទូហ្វី​ លោក រី សិទ្ធីណែត វិញ​នៅ​ថ្ងៃទី​១៨ ខែឧសភា​។ នេះ​បើ​តាម​សារ​ដែល​ខេមបូចា​ទទួល​បាន និង​មាន​ការ​បញ្ជាក់​ពី​លោក Ho ផង​ដែរ។​

បើ​តាម​សារ​នោះលោក Ho បាន​សរសេរ​ថា៖ «​ហេតុ​អ្វី​លោក​ចុះ​បញ្ជី​បង្កើត​សហជីព​ក្នុង​រោង​ចក្រ​របស់​ខ្ញុំ? ខ្ញុំ​បាន​ចុះ​បញ្ជី​សហជីព​ក្នុង​រោង​ចក្រ​របស់​ខ្ញុំ​រួច​ហើយ…ខ្ញុំ​នឹង​មិន​ទទួល​សហជីព​នេះ​ទេ ពិសេស​តំណាង​ដែល​ស្និទ្ធ​នឹង​លោក​គឹ​មិន​ចេះ​សហការ​គ្នា​ទេ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ»។​

បើ​តាម​សារ​ដដែល លោក Ho បានលើកឡើង​ថា ​រោង​ច​ក្រ​របស់​លោក​មាន​សហជីព​រួច​ហើយ គឺ​​​សហព័ន្ធ​សហជីពការងារ​កម្ពុជា ដែល​ដឹក​នាំ​ដោយ​លោក សោម អូន។ លោក សោម អូន ក៏​ជា​ ​សមាជិក​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​។​

លោក Ho បាន​បញ្ជាក់​មក​ខេមបូចា​ថា លោក​បាន​ផ្ញើ​សារ​ទៅ​កាន់​ប្រធាន​​​សហព័ន្ធ​សហជីព​ឯករាជ្យ អ៊ិនទូហ្វី​ ពិត​មែន ប៉ុន្តែ​ថា៖​ «ដរាប​ណា​សហជីព​បាន​ចុះ​បញ្ជី​ទៅ​តាម​ច្បាប់ស្ដីពី​ការងារ និង​បាន​ទទួល​ការ​យល់​ព្រម ខាង​រោង​ចក្រ​នឹង​នៅ​តែ​ទទួល​យក​​»

បើ​តាម​ឯកសារ​ដែល​ខេមបូចា​ទទួល​បាន សហជីព​បាន​ជូន​ដំណឹងទៅ​នាយក​រោងចក្រ​អំពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​មេដឹក​នាំ​សហជីព​នៅ​ថ្ងៃទី​១៧ ខែឧសភា ហើយ​ក៏​បាន​បញ្ជូន​ឯកសារ​ចុះ​បញ្ជី​ទៅ​កាន់​ក្រ​សួង​ការងា​រ​នៅ​ពីរ​ថ្ងៃ​បន្ទាប់​។​

បើ​តាម​លោក រី សិទ្ធីណែត និង​លោក យឿន យីម អ្នក​គ្រប់​គ្រង​រោង​ចក្រ​បាន​ហៅ​មេ​ដឹក​នាំ​សហជីព​ទៅ​ជួប​នៅ​ក្នុង​ការិយាល័យ​រោងចក្រ​ម្ដង​ម្នាក់ៗ និង​បាន​បញ្ជា​ឱ្យ​អ្នក​ទាំង​នោះ​លា​ឈប់​ពី​សហជីព ឬ​ក៏​ត្រូវ​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​នៅ​គ្រប់​រោង​ចក្រ​ទាំង​អស់។​

កាល​ពី​ថ្ងៃទី​៣១ ខែឧសភា លោក យឿន យីម បាន​លើក​ឡើង​ថា ​លោក​ត្រូវ​គេ​ប្រាប់​ឱ្យ​ឈប់​ពី​ការងារនៅ​រោងចក្រ ហើយ​កិច្ច​សន្យាការងារ​របស់​លោក​នឹង​មិន​ត្រូវ​គេ​បន្ត​ឱ្យ​ទៀត​ទេ​។ លោក​ថា លោក​បាន​ធ្វើ​ការ​នៅ​រោង​ចក្រ​នេះ​អស់​រយៈពេល​មួយ​ឆ្នាំបួន​ខែ​មក​ហើយ​។​

លោក​ឱ្យ​ដឹង​ទៀត​ថា៖​ «​នាយក​រោង​ចក្រ​បាន​ប្រាប់​ខ្ញុំ​ឱ្យ​ឈប់​ពី​សហជីពឯករាជ្យ បើ​សិន​ជា​ខ្ញុំ​ចង់​បន្ត​ការងារ​ក្នុងរោង​ចក្រ​របស់​គាត់​ទៀត ប៉ុន្តែ​ខ្ញុំ​មិន​យល់​ព្រម ពីព្រោះ​ខ្ញុំ​មិន​អាច​បន្ត​កិច្ច​សន្យា​ការងារ​ទៀត​ទេ»។ លោកបន្ត​ថា៖​ «​គាត់​បាន​និយាយ​ថា​ខ្ញុំ​មិន​ត្រូវ​ការ​សហជីព​ទៀត​ទេ ព្រោះ​ខ្ញុំ​មាន​សហជីព​របស់​រដ្ឋាភិបាល​រួច​ហើយ​»។​

លោក​បញ្ជាក់​ថា៖​ «​បន្ទាប់​ពី​នោះ​មក​ ពួក​គេ​បាន​ឱ្យ​លិខិត​លាលែង​ពី​សហជីព និង​បាន​ប្រាប់​ខ្ញុំ​ម្ដង​ទៀត​ឱ្យ​ចុះ​ហត្ថលេខា ប៉ុន្តែ​ខ្ញុំ​បាន​បដិសេធ»។ លោកបន្ថែម៖ «​ពួកគេបាន​សួរ​ខ្ញុំ​ថា​តើ​លោក​ចង់​ធ្វើ​ជើង​កាង​នៅ​ក្នុង​រោងចក្រ​របស់​ខ្ញុំ? ខ្ញុំ​បាន​ឆ្លើយ​ថាៈ ទេ ខ្ញុំ​គ្រាន់​តែ​ចង់​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​កម្មករ ហើយ​ខ្ញុំ​មិន​ដែល​គិត​ដូច​អ្វី​លោក​បាននិយាយ​នោះទេ»។​

លោក​ឱ្យ​ដឹង​ទៀតថា លោក​ខ្លាច​ថា​បើ​សិន​ជា​លោក​ទៅ​រោងចក្រ​ម្ដង​ទៀត​​លោក​អាច​នឹង​ត្រូវ​ចាប់​ខ្លួន លោក​បាន​លក់​គោ​របស់​ខ្លួន​ដើម្បី​ដោះ​បំណុល និង​ទ្រទ្រង់ជីវភាព​គ្រួសារ​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។​

សមាជិក​សហជីព​ចំនួន​បី​នាក់​កំពុង​កាន់​បដា​នៅ​ខាង​មុខរោងចក្រកាត់ដេរ ​អេស​វ៉ា​យអេស​ជី​​ ដោយ​ស្នើ​ឱ្យម្ចាស់​រោង​ចក្រ​មួយ​នេះ​ទទួល​យក​អនុប្រធាន​របស់​ខ្លួន​ឈ្មោះ​ យឿន យឹម ឱ្យ​ចូល​ធ្វើ​ការ​វិញ កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២៣។ (រូប​ភាពផ្ដល់​ឱ្យ)

​នាយក​​រដ្ឋបាល​របស់​រោង​ចក្រ​អេសវ៉ាយ​អេស​ជី លោក សៀ ហុក​ឆាយ បាន​បដិសេធ​​លើការ​លើក​ឡើង​ថា​ខាង​រោង​ចក្រ​មាន​ការ​រើស​អើស​លើ​ថ្នាក់​ដឹក​នាំ​សហជីព​។​

លោក ហុកឆាយ មាន​ថ្លែង​ថា៖ «​ព្រោះ​ថា​រោង​ចក្រ​របស់​យើង​តែ​ងតែ​ពិនិត្យ​លើ​កិច្ច​សន្យា​ការងារ​​របស់​បុគ្គលិក​រៀងរាល់​បី​ខែ​ម្ដង»។ លោកបន្តថា៖ «​ចំពោះ​ករណី​របស់​លោក យឿន យីម គឺ​គាត់​បដិសេធ​ផ្ដិត​មេដៃ​ដើម្បី​បញ្ចប់​កិច្ច​សន្យាការងារ​ដោយ​ខ្លួន​ឯង ​ហើយ​គាត់​ក៏​មិន​មាន​លក្ខខណ្ឌ​សម្រាប់​រោង​ចក្រ​បន្ត​កិច្ច​សន្យាការងារ​ដែរ ដែល​វា​ត្រូវ​ឱ្យ​មាន​ការ​ព្រម​ព្រៀង​គ្នា​រវាង​កម្មករ និង​និយោជក»។​

​យ៉ាងណា លោក ហុកឆាយ បាន​បដិសេធមិន​​លម្អិតថា ​«លក្ខខណ្ឌ» បែប​ណា​ដែល​លោក​ យឹម ត្រូវ​មាន​ដើម្បី​អាចឱ្យ​កិច្ច​សន្យាការងារ​គាត់​អាច​បន្ត​ទៅ​ទៀត​បាន និង​ក្រោយ​មក​​លោក​ថាលោក​មិន​ដឹង​ថា​អ្វី​ជា​លក្ខខណ្ឌ​នោះ​ដែរ​។​

​លោកបញ្ជាក់​ថា៖ «​ខ្ញុំ​មិន​ដឹងទេ ពីព្រោះ​នេះជា​សិទ្ធិ​របស់​ក្រុម​ថ្នាក់​ដឹក​នាំ​មួយៗ​​ក្នុង​ការ​សម្រេចចិត្ត ខ្ញុំ​មិន​អាច​និយាយ​អ្វី​ច្រើន​ជាង​នេះទេ»។​

ច្បាប់​ស្ដីពី​ការងារ​របស់​កម្ពុជា​ចែង​ថា៖ «​និយោជក​មិន​ត្រូវ​រើស​អើស​លើ​កម្មករ​ដោយសារតែ​ពួកគេ​​ពាក់​ព័ន្ធ​នឹង​សហជីព…​ជា​មេ​ដឹក​នាំ​សហជីព ឬ​ចូល​រួម​ក្នុង​សកម្ម​ភាព​របស់​សហជីព ពេល​មាន​សេចក្ដី​សម្រេច​លើ…​ការ​បញ្ឈប់ និង​មិន​បន្ត​កិច្ច​សន្យាការងារ​ដល់​និយោជិត»។​

​ការ​រើស​អើង​លើ​ការ​បង្កើត​សហជីព​អា​ច​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​រហូត​ដល់​ប្រាំ​លាន​រៀល។​

លោក​ស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​​សម្ព័ន្ធ​សហជីព​កម្ពុជា​ (CATU)​ មាន​ប្រសាសន៍ថា​ លោក​ស្រី​បាន​ដឹង​ថា​មាន​ជាង​១០​ករណី​ផ្សេង​គ្នា​​ដែល​កម្មករ​បាន​រង​នូវ​ការ​គំរាម​កំហែងពី​សំណាក់​ថ្នាក់​គ្រប់​គ្រង​រោង​ចក្រ​ពេល​ពួក​គេ​ចូល​ជាមួយ​សមាជិក​សហជីព ហើយ​ថា​នេះ​គឺ​ជា​ការ​បំពានទៅ​នឹង​ច្បាប់​ជាតិ និងអន្តរជាតិ​ស្ដី​ពី​សិទ្ធិ​ការងារ។​

​ទាក់​ទង​ទៅ​នឹងការ​បញ្ឈប់​លោក យឹម និង​សារ​របស់​លោក Ho ដែល​គាំទ្រ​សហជីព​ស្និទ្ធ​នឹង​រដ្ឋាភិបាល ​ប្រធាន​សហព័ន្ធសហជីពឯករាជ្យ អ៊ិនទូហ្វី​ លោក រី សិទ្ធីណែត ថា៖ «​នេះ​គឺ​មិន​មែន​ជា​រឿង​ដែល​ត្រូវ​ធ្វើ​នោះទេ»។​

លោក​បន្ថែម​ថា៖ ​«​យើង​ដឹង​ថា​ពួកគេ [ថ្នាក់​គ្រប់​គ្រង និង​ម្ចាស់​រោង​ចក្រ] មិន​សប្បាយ​ចិត្ត​ពេល​រោង​ចក្រ​មាន​សហជីព​ឯករាជ្យ ជា​ពិសេស​សហជីព​ដែល​ការ​ពារ​ប្រយោជន៍​កម្មករ​ពិតៗ»។ រី បន្តថា៖​ «​ប៉ុន្តែ​បើ​សិន​ជា​សហជីព​ការ​ពារ​​[ប្រយោជន៍]​ឱ្យ​ថៅកែ ពួកគេ​រីករាយ ហើយ​អនុញ្ញាត​ឱ្យចូល ឬបង្កើត​នៅ​ក្នុង​រោង​ចក្រ។ យើង​បាន​ឃើ​ញ​ពី​ការរើស​អើស​លើ​សហជីព​»។​​

គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ ដែល​គាំ​ទ្រដោយអង្គការ​អន្តរជាតិ​ខាង​ការងារ​ហៅ​កាត់​ថា​ ILO បាន​និយាយថា ​​រោងចក្រ​អេសវ៉ាយអេស​ជី បាន «អនុលោម» តាម​ច្បាប់​បាន​យ៉ាង​ពេញ​លេញ​​ ដោយ​ផ្អែក​លើ​ការ​សិក្សា​ចំនួន​បី​គិត​ចាប់​ពី​ឆ្នាំ​២០១៩ ដល់​ខែ​មិថុនា ឆ្នាំ​២០២២។ ការ​សិក្សា​នោះ​រួម​មាន​ការ​ពិនិត្យ​លើ​លទ្ធ​ភាព​របស់​កម្មក​រ លើ​សេរីភាព និង​ការ​ចូល​រួម​ជា​មួយ​សហជីព។​​

សារអ៊ីម៉ែល​ដែល​ខេមបូចា ​បាន​ឃើញ បញ្ជាក់ថា សហព័ន្ធសហជីពឯករាជ្យ អ៊ីនទូហ្វី បាន​ផ្ញើ​ព័ត៌មាន​អំពី​ករណី​របស់​លោក យីម ទៅ​កាន់​អង្គការ​ ILO និង​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើ​រ​កាលពី​ពាក់​កណ្ដាល​ខែ​មិថុនា។ ស្ថាប័ន​ទាំង​នេះ​មិន​បា​ន​ឆ្លើយ​តប​ទេ ពេល​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​។​

លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រ​សួង​ការងារ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។ លោក និន វណ្ណៈ អគ្គលេខាធិការរង​នៃ​គណៈកម្មការ​ដោះ​ស្រាយ​កូដកម្ម និង​បាតុកម្ម​របស់​​​ក្រសួង​ការងារ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​រឿង​នេះ។​

រោង​ចក្រ​អេសវ៉ាយអេសជី ​ផលិត​សម្លៀក​បំពាក់​ឱ្យ​ក្រុមហ៊ុន​ Inditex Group’s Zara ។ ខេមបូចា ​បាន​ទាក់​ទង​ទៅ​ក្រុម​ហ៊ុនសុំ​ការ​អត្ថាធិប្បាយ ប៉ុន្តែ​មិនមាន​ការ​ឆ្លើយ​តប​។ ប្រធាន សហព័ន្ធសហជីពឯករាជ្យ អ៊ីនទូហ្វី លោក រី សិទ្ធីណែត បាន​ឱ្យ​ដឹង​ដែរថា ខាង​ក្រុម​ហ៊ុន​បាន​ឆ្លើយ​តប​ទៅ​នឹង​អ៊ីម៉ែល​របស់​សហជីព និង​បានអះអាង​ថា​បញ្ហា​របស់​លោក ​យឹម ​នឹង​ត្រូវ​ដោះ​ស្រាយ តែ​ថា​តាំង​ពី​ពេល​នោះ​មក​មិន​ឃើ​ញ​មាន​អ្វី​កើត​ឡើង​ទេ។​

លោក រី សិទ្ធីណែត បន្ថែមថា៖ «យើង​មិន​អាច​ទទួល​យក​បាន​ពេល​មាន​សម្ពាធ និង​ការ​បំពាន​លើ​កម្មករ​ក្នុង​រោង​ចក្រ​បែប​នេះ​កើត​ឡើង»។​

អគ្គលេខាធិការ TAFTAC លោក ខេន លូ ថ្លែង​ថា សមាគម​គាំទ្រ​ម្ចាស់​រោង​ចក្រ​ឱ្យ​អនុវត្ត​តាម​ច្បាប់​។​

លោក​សរសេរ​ក្នុង​សារតេឡេក្រាម​ថា​៖​ «​បើ​សិន​ជា​ករណី​របស់​កម្មករ​ហ្នឹង ត្រូវ​បាន​បោះ​ឆ្នោត​ជាប់​ហើយ គឺ​ច្បាប់ការពារកាត់ពី​ការ​បញ្ឈប់ពី​ការងារ​ដោយ​ឯកតោភាគី»។ លោក​សរសេរ​ទៀតថា៖ ​«បើ​សិន​ជា​សហជីពបាន​បង្កើត និង​ចុះ​បញ្ជី​ត្រឹម​ត្រូវ ទទួល​ស្គាល់ដោយ​ក្រ​សួង​ការងារ ដូច​នេះ​មិនមាន​នរណា​ម្នាក់​មាន​សិទ្ធិ «មិន​ទទួល​នោះទេ»។​

ប៉ុន្តែ​លោក លូ អះអាង​ថា បើ​តាម​អ្វី​ដែល​លោក​ Ho លើក​ឡើង គឺ​ថា​គាត់​មិន​ «ទទួល​យក» សហជីព​ ហើយ​រោង​ចក្រ​របស់​លោក​ Ho មាន​វិធាន​ការ​លើ​លោក យីម ដែល​ត្រូវ​គេ​ជ្រើស​តាំង​ជា​អនុប្រធាន​សហជីព គឺ​មិន​បំពាន​ច្បាប់ទេ។​

លោក​បញ្ជាក់ថា៖ «​ហេតុអ្វី​គេ​បញ្ឈប់តែអនុប្រធានសហជីព? ហេតុអ្វី​មិន​បញ្ឈប់​ប្រធានផង​ទៅ? បញ្ឈប់​សហជីព [sic] មិន​មែន​រំលាយ​សហជីព​ទេ»។​

លោក លូ បញ្ជាក់​ទៀត​ថា ​ករណីលោក​ យីម គឺ​មិន​មែន​ត្រូវ​បញ្ឈប់​ទេ ប៉ុន្តែ​គឺ​ខាង​រោង​ចក្រ​មិន​បន្ត​កិច្ច​សន្យាការងារ​ថ្មី ហើយ​ថា​រោងចក្រគឹ​ «មិន​ចាំ​បាច់​ត្រូវ​បង្ហាញ​ភស្តុតាង​អ្វី​» ដើម្បី​បញ្ជាក់​ពី​ហេតុ​ផល​មិន​បន្ត​កិច្ច​សន្យាការងារ​ថ្មី​ឱ្យ​លោក យីម​ នោះ​ដែរ។​

លោក​ពន្យល់​ថា៖ «​ច្បាប់​ស្ដីពី​ការងារ​មិនបាន​ការពារ​ប្រឆាំង​នឹង​ការ​មិន​បន្ត​កិច្ច​សន្យា​ការ​ងារ​មាន​រយៈពេល​កំណត់​នោះទេ»។ លោក​មាន​ប្រសាសន៍​សំដៅដល់​កិច្ច​សន្យាការងារ​ខ្លី ដែល​ត្រូវ​តែ​​ធ្វើ​ឡើង​វិញ​នៅ​ក្នុង​រយៈពេល​កំណត់​ណា​មួយ​។​ លោកបន្ត​ថា៖ «​មិនមាន​កាតព្វកិច្ច​លើ​កិច្ច​សន្យាមាន​រយៈពេល​កំណត់​នេះទេ»។​

មា​ត្រា​៦៣​នៃ​ច្បាប់​ស្ដីពី​សហជីព​បាន​ចែងថា​​លក្ខខណ្ឌ​ដែល​តម្រូវ​ឱ្យ​និយោជិក​អាច​បន្ត​កិច្ច​សន្យាការងារថ្មី​ដោយ​ឱ្យ​ដក​ខ្លួន​ពី​សហជីព ដូច​ទៅ​នឹង​អ្វី​ដែល​លោក យឹម ចោទ​ក្រុមហ៊ុនថា​ចង់​បានពី​លោក​នោះ គឺ​ជា​រឿង​ខុស​ច្បាប់។​

លោក Ho បាន​និយាយ​តាម​សារ​​តេឡេក្រាម​ថា ការ​មិន​បន្ត​កុង​ត្រា​ឱ្យ​លោក​ យីម គឺ «​ត្រឹម​ត្រូវ​ទៅ​តាម​ច្បាប់ និង​បទបញ្ជា​ផ្ទៃ​ក្នុង» របស់​រោង​ចក្រ​លោក និង​មានកម្មករជាង​២០​នាក់​ផ្សេង​ទៀត​ក៏​ប្រឈមនឹង​ការ​មិន​បន្ត​កុង​ត្រា​ថ្មី​នេះ​ដែរ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​។​

​លោក Ho បញ្ជាក់​ថា៖ «​ការ​មិន​បន្ត​កុង​​ត្រា​ការងារ​ឱ្យ​លោក​ យឹម គឺ​ជា​ផ្នែក​មួយ​នៃ​នីតិវិធី​ធម្មតា​របស់​ក្រុម​ហ៊ុន ហើយ​ពិត​ណាស់​មិន​ជាប់ពាក់​ព័ន្ធ​នឹង​សម្មភាព​របស់​សហជីព​ទេ»។ លោក​បន្ថែម​ថា៖ «​ខ្ញុំ​បាន​ដឹង​ច្បាស់​ណាស់​អំពី​ច្បាប់​សហជីព និង​ក៏​បាន​ដឹង​ពី​ការ​មិន​ត្រូវ​រើស​អើស​សហជីព ហើយ​ខ្ញុំ​ច្បាស់​ណាស់​ថា​ក្រុម​ហ៊ុន​របស់​ខ្ញុំ​បាន​អនុវត្ត​តាម​ច្បាប់​ពេញ​លេញ»។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch បាន​លើក​ឡើងថា ​កិច្ចសន្យាការ​ងារ​មាន​កំណត់គឺ​ត្រូវ​បាន​គេ​យក​មក​ប្រើ «​ដើម្បី​កុំ​ឱ្យ​កម្មករ​រួម​គ្នា​បង្កើត​ជា​សហជីព» ហើយ​ការ​មិន​បន្ត​កិច្ច​សន្យាការងា​រថ្មី​គឺ​ជា​វិធី​ក្នុងការ​កម្ចាត់​មេ​ដឹក​នាំ​សហជីព។​

លោក ខេន លូ បញ្ជាក់​ដែរថា បើ​សិន​ជា​កម្មករ​ណា​ដែល​ជឿ​ថា​ខ្លួន​បាន​ទទួល​ការ​រើស​អើង​ចំពោះ​ការ​ចូល​រួម​ជាមួយ​សហជីព កម្មករ​រូប​នោះ​គួរ​តែ «​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រ​សួង​ការងារ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ TAFTAC Official Says He “Won’t Accept” Union at His Factory Prior to Union VP Losing Job

367 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម