ពលរដ្ឋស្រុកស្អាងលើកឡើងថា អាជ្ញាធរខេត្ដកណ្ដាលផ្ដល់តម្លៃដីមានជម្លោះ១ដុល្លារក្នុង១ម៉ែត្រការ៉េដល់ពលរដ្ឋ២៥២គ្រួសារស្ថិតនៅភូមិទឹកវិល ឃុំទឹកវិល ស្រុកស្អាង លើផ្ទៃដីចំនួន៩០ហិកតាដែលទាមទារឱ្យអាជ្ញាធរចេញប្លង់កម្មសិទ្ធិ ប៉ុន្តែពួកគាត់មិនព្រមទទួលតម្លៃនេះនៅឡើយទេ។
ពលរដ្ឋចំនួន៣នាក់ត្រូវបានរដ្ឋបាលខេត្ដកណ្ដាល នៅរសៀលថ្ងែទី២៥ ខែធ្នូនេះ អញ្ជើញឱ្យជួបស្វែងរកដំណោះស្រាយលើបញ្ហាជម្លោះដីធ្លីរបស់ពួកគេស្ថិតនៅឃុំទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាលមានចំនួន៩០ហិកតា ក្រោមកិច្ចប្រជុំពីលោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ដកណ្ដាល។
ពលរដ្ឋបានប្រាប់ ខេមបូចា ថា ក្នុងជំនួបនេះដែរ រដ្ឋបាលខេត្ដតម្រូវឱ្យពលរដ្ឋទាំង២៥២គ្រួសារទទួលយកសំណង១ដុល្លារក្នុង១ម៉ែត្រការ៉េ ដោយពលរដ្ឋថា មិនអាចទទួលយកបាន និងស្នើឱ្យរដ្ឋបាលខេត្ដចេញប្លង់កម្មសិទ្ធិជូនពួកគេ។ ពលរដ្ឋ៣រូបមានលោក បាន សុផល លោក ម៉ៅ ណុប និង លោក ហុក ហ៊ុល ដែលជាតំណាងពលរដ្ឋ ខណៈ៤រូបផ្សេងទៀតបានចូលជួបពិភាក្សាកាលពីថ្ងែទី១៤ខែធ្នូឆ្នាំ២០២៣កន្លងទៅ។
បើតាមលោក បាន សុផល ពលរដ្ឋម្នាក់កំពុងមានជម្លោះ និងត្រូវចូលបំភ្លឺនៅសាលាខេត្ដកណ្ដាលនៅរសៀលថ្ងៃទី២៥ ខែធ្នូថា លោកបានទទួលលិខិតពីសាលាខេត្ដដើម្បីចរចារឿងដីរបស់លោក និងពលរដ្ឋផ្សេងចំនួន៣រូប។ លោកបន្ដថា ពលរដ្ឋមិនព្រមទទួលយកឡើយ គឺរូបលោកត្រូវការដីដើម្បីអាស្រ័យផល។ លោកបន្ដថា ក្នុងការចរចាជាមួយអាជ្ញាធរខេត្ដនេះ លោកបានលើកបញ្ហានៃភាពមិនប្រក្រតីចំនួននៃការចុះបញ្ជីដីរបស់រដ្ឋបាលស្រុកស្អាង ខណៈលោកបានបង្ហាញលិខិតជាច្រើនក្នុងកិច្ចចរចា។
លោកថា៖ «ខ្ញុំមិនទទួលយកទេតម្លៃហ្នឹង ព្រោះមិនដឹងទៅទិញនៅណាបានវិញ។ពួកខ្ញុំចង់បានតែប្លង់ទេ។ខ្ញុំបង្ហាញភស្ដុតាងរឿងចុះបញ្ជីដីពួកខ្ញុំដល់គេ។វាអយុត្ដិធម៌ណាស់សម្រាប់ពួកខ្ញុំ»។
កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ លោក ហូ សិទ្ធី នាយកខុទ្ទកាល័យរបស់ នាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានចេញដីកាបញ្ជូនទៅរដ្ឋមន្រ្ដីក្រសួងដែននគរូបនីយកម្ម និងសំណង់ ដោយក្នុងដីកាបញ្ជូននោះក៏បានបញ្ជាក់លិខិតលេខ៧៨៣ សជណ.ដប ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ របស់ទីស្ដីការគណៈរដ្ឋមន្រ្ដី និងមេត្ដាអនុញ្ញាតឱ្យពួកគាត់បានចុះបញ្ជីដីធ្លី ធ្វើបណ្ណកម្មសិទ្ធិលើដីដែលបានកាន់កាប់អាស្រ័យផលតាំងពីឆ្នាំ១៩៧៩។
តំណាងពលរដ្ឋ អ្នកស្រី ឆុំ សុធី អាយុ៥០ឆ្នាំ រស់នៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល បានផ្ដល់បទសម្ភាសន៍ជាមួយ ខេមបូចា នៅថ្ងៃទី២៥ខែធ្នូ ថា អាជ្ញាធរខេត្ដកណ្ដាលបានអញ្ជើញពួកអ្នកស្រីដើម្បីចរចាគ្នា ដោយខាងអាជ្ញាធរឱ្យតម្លៃ១ដុល្លារក្នុង១ម៉ែត្រការ៉េ។
អ្នកស្រីបន្ដថា ការចរចានេះធ្វើឡើងបន្ទាប់ពីពួកអ្នកស្រីទាមទារឱ្យប្លង់កម្មសិទ្ធិដើម្បីអាចប្រើប្រាស់អាស្រ័យផង ត្បិតអ្នកស្រីថា ពលរដ្ឋកំពុងមានជម្លោះជាប់បំណុលធនាគារស្ទើតែ៩៥%។ អ្នកស្រីថា ពួកអ្នកស្រីមិនអាចទទួលយកបានទេ នូវតម្លៃដែលអាជ្ញាធរខេត្ដផ្ដល់ឱ្យ ដោយអ្នកស្រីបញ្ជាក់យ៉ាងខ្លីថា៖ «មិនចង់បានលុយទេ ចង់បានតែប្លង់រឹង»។
អ្នកស្រី សុធី ថ្លែងថា៖ «គេ[អាជ្ញាធរ]គំរាមទូទាត់ឱ្យ១រៀល[ដុល្លារ] តែប្រជាពលរដ្ឋអត់ព្រម។ គាត់អត់ទទួលយកទេ គាត់សុំតែដី។ ខេត្ដគេអ្នកចេញមុខដោះស្រាយ។ ដំបូងគេឱ្យខ្ញុំចូល តែឥឡូវគេលែងឱ្យខ្ញុំចូល គេហៅអ្នកផ្សេង ព្រោះគេថាខ្ញុំពូកែតវ៉ាពេក»។
អ្នកស្រីបន្ថែមថា៖ «អយុត្ដិធម៌សម្រាប់ខ្ញុំ សម្រាប់ពលរដ្ឋខ្ញុំ។ អយុត្ដិធម៌ទាំងស្រុង ប្លន់យកស្រស់ៗ។ រឿងទឹកលុយអត់ទទួលយកទេ លុយតិចតួចយកមកចាយអស់ ហើយអត់មានអីអាស្រ័យផលតកូនតចៅក្រោយៗមិនដាច់ពោះងាប់។ខ្ញុំសំណូមពរយកតែដីទេ សល់ដីបន្ដិចបន្ដួចចឹញ្ចឹមកូនចៅ»។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ប្រជាពលរដ្ឋជិត២០០នាក់បាននាំគ្នាតវ៉ានៅលើដីរបស់ពួកគេដែលមានទំហំ៩០ហិកតា ស្ថិតនៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ដើម្បីឱ្យអាជ្ញាធរចេញប្លង់រឹង។ ក្នុងអំឡុងពេលតវ៉ាក៏ត្រូវបានលោក ជី គឹមហៃ អភិបាលស្រុងស្អាងចុះអន្ដរាគមន៍ដោយឱ្យពលរដ្ឋរំសាយសិន រង់ចាំការដោះស្រាយពីថ្នាក់លើ។
បើតាមលោក ជ្រិន ស្រៀង មេឃុំទឹកវិល បានឱ្យដឹងនៅថ្ងៃទី២៦ ខែធ្នូថា រដ្ឋបាលខេត្ដបានអញ្ជើញលោកឱ្យចូលរួមប្រជុំដើម្បីស្វែងរកដំណោះស្រាយជូនពលរដ្ឋ ខណៈលោកបន្ដថា តម្លៃ១ដុល្លារគ្រាន់តែតម្លៃសិក្សាប៉ុណ្ណោះ មិនទាន់មានការសម្រេចណាមួយទេ។ តែយ៉ាងណាលោកក៏បានបញ្ជាក់ថា បច្ចុប្បន្នតម្លៃដីនៅក្នុងឃុំលោក មានតម្លៃមិនក្រោម១០ដុល្លារក្នុង១ម៉ែត្រការ៉េ។
មេឃុំរូបនេះបន្ដថា៖ «បាទ ខេត្ដគេហៅខ្ញុំឱ្យចូលរួមជាពលរដ្ឋ។ តម្លៃដែលគេដាក់គ្រាន់តែសិក្សាទេ មិនទាន់សម្រេចទេក្មួយ។ ដីនៅម្ដុំពូមិនក្រោម១០ដុល្លារទេ»។
លោក ជី គឹមហៃ អភិបាលស្រុកស្អាង បានថ្លែងថា លោកបានចូលរួមប្រជុំដែរ ហើយអ្វីដែលលោកអាចផ្ដល់បាន គឺគណៈកម្មាដោះស្រាយវិវាទកំពុងសម្រសសម្រួល តែលទ្ធផលយ៉ាងណាមិនទាន់ដឹងទេ។
លោកបន្ដថា៖ «គេកំពុងសម្របសម្រួល លើសពីហ្នឹងខ្ញុំមិនអាចផ្ដល់ជូនបានទេ»។

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ កន្លងប្រជាពលរដ្ឋបាននាំគ្នាដាក់លិខិតសុំកិច្ចអន្ដរាគមន៍ទៅកាន់លោក សាយ ឈុំ ប្រធានព្រឹទ្ធិសភា ដើម្បីឱ្យជួយអន្ដរាគមន៍ឱ្យចេញប្លង់កម្មសិទ្ធិស្របច្បាប់ ហើយនៅថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៣ ពលរដ្ឋបាននាំគ្នាដាក់លិខិតស្នើសុំកិច្ចអន្ដរាគមន៍ទៅកាន់ក្រសួងមហាផ្ទៃផងដែរ។
ក្នុងលិខិតទាំងនោះបានបង្ហាញពីការកាន់កាប់ និងអាស្រ័យផលចាប់តាំងពី១៩៧៩ និងបានស្នើឱ្យជួយចេញបណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់លើទំហំដី៩០ហិកតាស្ថិតនៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល។
ចំណែកឯលោក គង់ សោភណ្ឌ អភិបាលខេត្ដកណ្ដាលបានថ្លែងថា លោកជាប់រវល់ការងារផ្សេង លោកបានឱ្យក្រុមការងារលោកចាត់ចែងដឹកនាំលើកិច្ចចរចា។ យ៉ាងណាមិញលោកថា សម្រាប់ដំណោះស្រាយ គឺរដ្ឋបាលខេត្ដនឹងដោះស្រាយតាមនីតិវិធីច្បាប់។
លោកបន្ដថា៖ «ក្រុមការងាររបស់ខេត្ដកំពុងស្រាវជ្រាវ និងណែនាំតាមនីតិច្បាប់។ ខ្ញុំអត់បានចូលរួមទេ ដោយខ្ញុំជាប់បេសកម្មច្រើននៅកន្លែងផ្សេង»។
ខេមបូចា មិនអាចសុំការបំភ្លឺពីលោក គ្រុយ ម៉ាឡែន អ្នកនាំពាក្យរដ្ឋបាលខេត្ដកណ្ដាលជុំវិញបញ្ហាខាងលើទេ ដោយទូរសព្ទចូលគ្មានអ្នកលើក។
ចំណែកឯលោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងថា តម្លៃដែលអាជ្ញាធរឱ្យពលរដ្ឋ១ការ៉េ១ដុល្លារនេះ វាអយុត្ដិធម៌សម្រាប់ពលរដ្ឋណាស់ ព្រោះពួកគាត់រស់នៅ និងអាស្រ័យផលយូរហើយ។ លោកបន្ដថា បើរដ្ឋបង្វែរដីទាំងនោះទៅឱ្យឯកជនបានហេតុអ្វីមិនអាចចេញប្លង់រឹងឱ្យពលរដ្ឋបាន ដាច់ខាតរដ្ឋត្រូវតែចេញប្លង់ជូនពលរដ្ឋ។ លោកបន្ដទៀតថា រដ្ឋគួរតែពិនិត្យមើលឡើងវិញ ព្រោះតម្លៃនេះ ពលរដ្ឋមិនអាចទិញវិញបានទេ បើយើងមើលទីតាំងភូមិសាស្រ្ដ។
លោក សុខា ថ្លែងថា៖ «ដីនៅតំបន់នេះគ្មានដីណាតម្លៃ១ការ៉េ១ដុល្លារទេ។ បើជាលក្ខណៈឯកជនយើងត្រូវសិក្សាពីហាងឆេង និងធ្វើការវាយតម្លៃឱ្យបានច្បាស់លាស់ មិនមែនចេះតែឱ្យតាមតែចិត្ដចឹងទេ។វាអយុត្ដិធម៌សម្រាប់ពលរដ្ឋដែលគាត់កាន់កាប់យូរហើយ បែរជាមកទទួលសំណងប៉ុណ្ណឹង វាអយុត្ដិធម៌ណាស់»។
កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ លោក កែវ រ៉េមី រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សនៃក្រសួងមហាផ្ទៃ បានចេញលិខិតផ្លូវការមួយឱ្យទៅអភិបាលនៃគណៈអភិបាលខេត្ដកណ្ដាលក្រោយពីទទួលលិខិតពីប្រជាពលរដ្ឋថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ដោយក្នុងលិខិតសរសេរថា៖ «សូម ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្ដកណ្ដាល និងជាប្រធានគណៈសុរិយោដីថា្នក់ខេត្ដ ជួយបំភ្លឺករណីទំនាស់ដីធ្លីខាងលើមកគណៈកម្មការសិទ្ធិមនុស្ស មានមូលដ្ឋានគ្រប់គ្រាន់សម្រាប់ចំណាត់ការបន្ដ»។
កាលពីថ្ងៃទី២៥ ខែធ្នូ ម្សិលមិញនេះ អង្គការសមាគមធាងត្នោត បានចេញរបាយការណ៍ស្រាវជ្រាវរបស់ខ្លួនអំពីការបណ្ដេញចេញសំណង និងបំណុលឆ្នាំ២០២៣ និងបញ្ហាប្រឈមរបស់ពលរដ្ឋ ក្នុងខេត្ដកណ្ដាល ខេត្ដតាកែវ និងរាជធានីភ្នំពេញ ដោយរបាយការណ៍បានថ្លែងថា បង្ហាញជារួមពីស្ថានភាពសំខាន់ៗនៃការបណ្ដេញចេញដោយបង្ខំ សំណង និងបញ្ហាបំណុលដែលបណ្ដាលមកពីការបណ្ដេញចេញនៅកម្ពុជាដោយលាតត្រដាងពីការមិនគោរពទាំងស្រុងចំពោះច្បាប់សិទ្ធិមនុស្សអន្ដរជាតិ ច្បាប់ជាតិ និងអនុសាសន៍របស់អង្គការសហប្រជាជាតិ។
លោក សឿង សារ៉ន នាយកប្រតិបត្ដិនៃអង្គការសមាគមធាងត្នោត បានថ្លែងថា ការស្រាវជ្រាវនេះគឺលោកផ្ដោតលើបញ្ហរបស់កម្ពុជានៅតែបន្ដការមិនគោរពច្បាប់ និងសិទ្ធិមនុស្ស។ ដោយលោកបញ្ជាក់ថា រដ្ឋាភិបាលគួរតែគិតគូរបញ្ហានេះឱ្យបានច្រើនជាងបញ្ហាផ្សេងទៀត បើមិនដូច្នេះទេកម្ពុជានៅតែមិនអាចក្លាយជាប្រទេសប្រជាធិបតេយ្យពេញលេញនោះទេ។
លោកថ្លែងថា៖ «អ្វីដែលយើងរកឃើញនីតិវិធីផ្លាស់ប្ដូរទីលំនៅ និងផ្ដល់សំណងវាមិនអនុលោមទៅតាមច្បាប់ជាតិ និងអន្ដរជាតិ។ រដ្ឋាភិបាលគួរតែអនុវត្ដ និងអនុលោមតាមច្បាប់ដែលមានស្រាប់ គោលនយោបាយដែលមានស្រាប់សម្រាប់ជនងាយរងគ្រោះឱ្យស្មើភាពគ្នា»៕