អាជ្ញាធរថៃបានកាត់ផ្តាច់សេវាទូរគមនាគមន៍ឆ្លងដែនទៅកាន់ទីតាំងឆបោកតាមអនឡាញដែលសង្ស័យថានៅក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ដែលបង្កឱ្យមានការថ្នាំងថ្នាក់ជាមួយភាគីកម្ពុជា ដែលពួកគេបានលើកឡើងពីបញ្ហានេះ។
ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកាត់ផ្តាច់តាមបណ្ដោយព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ដែលល្បីថាជាទីតាំងបោកប្រាស់តាមអនឡាញ គឺជាសកម្មភាពឆ្លងព្រំដែនចុងក្រោយប្រឆាំងនឹងឧស្សាហកម្មខុសច្បាប់ បន្ទាប់ពីជនរងគ្រោះជនជាតិចិនដែលមានកេរ្តិ៍ឈ្មោះម្នាក់ត្រូវបានជួញដូរពីប្រទេសថៃទៅកាន់បរិវេណនៅប្រទេសមីយ៉ាន់ម៉ាកាលពីដើមឆ្នាំនេះ។
ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា គណៈកម្មការផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិបានចាប់ផ្តើមកាត់សញ្ញាទូរគមនាគមន៍ពីខេត្តស្រះកែវក្នុងសប្តាហ៍នេះ ដល់ក្រុមហ៊ុនសៀគ្វីជួលឯកជនអន្តរជាតិ (IPLC) ដែលផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងទូរសព្ទដល់អតិថិជនកម្ពុជារាប់សិបនាក់ ដោយលើកឡើងពីការបំពានកិច្ចសន្យាសម្រាប់ការប្រើប្រាស់សេវាកម្មដើម្បីប្រព្រឹត្តបទឧក្រិដ្ឋ។
នាយកដ្ឋានប៉ូលិសថៃនៅខេត្តស្រះកែវ ដែលទទួលខុសត្រូវលើការកាត់ផ្តាច់ទូរគមនាគមន៍ មិនបានឆ្លើយតបភ្លាមៗចំពោះអ៊ីម៉ែលសម្រាប់ការអត្ថាធិប្បាយទេ។
នគរបាលថ្នាក់ជាតិ និងថ្នាក់ខេត្តក្នុងប្រទេសកម្ពុជា បានបដិសេធការស៊ើបអង្កេត និងចំណាត់ការនេះ ដោយហៅវាថា ជាការសម្រេចចិត្តតែម្ខាង ជាជាងកិច្ចខិតខំប្រឹងប្រែងរួមជាមួយនឹងការបញ្ជាក់ពីភាគីកម្ពុជា។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា៖ «នេះគឺជាការប្រកាសឯកតោភាគី ពួកគេ [ប៉ូលីសថៃ] មិនបានធ្វើការស៊ើបអង្កេតរួមគ្នាជាមួយសមភាគីនគរបាលកម្ពុជាទាល់តែសោះ ដូច្នេះថាតើ [ទីតាំងឆបោកតាមអនឡាញ] មានឬអត់ គឺផ្អែកលើការអះអាងរបស់ថៃ»។
លោកបានលើកឡើងថា៖ «ខ្ញុំមិនអាចទទួលយកការផ្សព្វផ្សាយនេះបានទេ»។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធ ឡាស់ ក៏បានបដិសេធថា ទីតាំងឆបោកតាមអនឡាញ ដែលដំណើរការនៅក្នុងដែនសមត្ថកិច្ចរបស់លោក ដោយបានច្រានចោលការកាត់ទូរគមនាគមន៍ ដោយផ្អែកលើ «ការចោទប្រកាន់» ហើយថា អាជ្ញាធរថៃមិនបានសហការជាមួយនាយកដ្ឋានរបស់លោកទេ។
ទោះបីជាមានការបណ្តេញចេញក៏ដោយ ក៏មានការរាយការណ៍ជាច្រើនអំពីទីតាំងឆបោកតាមអនឡាញ ដែលប្រតិបត្តិការក្នុងក្រុងប៉ោយប៉ែត និងការជួញដូរជនបរទេស ទៅជាបទឧក្រិដ្ឋដោយបង្ខំ។
នៅក្នុងខែតុលា ឆ្នាំ២០២៤ ជនជាតិឥណ្ឌាចំនួន៦៧នាក់ត្រូវបានយកចេញពីបរិវេណឆបោកតាមអនឡាញ បន្ទាប់ពីត្រូវបានបោកបញ្ឆោតជាមួយនឹងការផ្តល់ការងារក្លែងបន្លំ នេះបើយោងតាមស្ថានទូតឥណ្ឌានៅភ្នំពេញ។
ដោយឡែក កាលពីថ្ងៃអាទិត្យ ជនជាតិថៃ៤នាក់ ដែលត្រូវបានចោទប្រកាន់ថា ចាញ់បោកក្រុមឆបោកតាមអនឡាញ ឱ្យទៅធ្វើការនៅក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរថៃ ជួយសង្គ្រោះ។
នៅក្នុងសកម្មភាពស្រដៀងគ្នានេះកាលពីថ្ងៃទី៥ ខែកុម្ភៈ អាជ្ញាធរថៃបានកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី ប្រេងឥន្ធនៈ និងអ៊ីនធឺណិតដល់ផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ា ក្នុងគោលបំណងរារាំងទីតាំងឆបោកតាមអនឡាញ។
ការបង្រ្កាបកាន់តែខ្លាំងពីភាគីថៃ ធ្វើឡើងបន្ទាប់ពីមានសម្ពាធកាន់តែខ្លាំងឡើងពីប្រទេសដែលរងគ្រោះ ដូចជាប្រទេសចិន ដើម្បីបិទទីតាំងបោកប្រាស់តាមអនឡាញខុសច្បាប់ ដែលកំពុងតែរីករាលដាលនៅក្នុងប្រទេសឡាវ និងមីយ៉ាន់ម៉ាដែលហែកហួរដោយសង្រ្គាម។
បន្ទាប់ពីកិច្ចប្រជុំពហុភាគីកាលពីខែមុនជាមួយមន្ត្រីជាន់ខ្ពស់ចិន និងទន្លេមេគង្គ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងទាំងនេះ រដ្ឋាភិបាលកម្ពុជាបានប្រកាសភ្លាមៗអំពីការបង្កើតគណៈកម្មាធិការអន្តរក្រសួង ដែលជាវិធានការមួយក្នុងគោលបំណងពង្រឹងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធអនឡាញ ចំពេលមានរបាយការណ៍ជាបន្តបន្ទាប់នៃភាពអសកម្ម ឬការធ្វេសប្រហែស។
ប៉ុន្តែមិនដល់មួយសប្តាហ៍ក្រោយមក អ្នកកាសែតក្នុងស្រុកពីរនាក់ត្រូវបានឃុំខ្លួន និងចោទប្រកាន់ពីបទញុះញង់ទាក់ទងនឹងការផ្សព្វផ្សាយវីដេអូដែលបង្ហាញពីអ្នកបោកប្រាស់ដោយបង្ខំត្រូវបានវាយដំនៅទីតាំងបោកប្រាស់តាមអនឡាញក្នុងកម្ពុជា។ ប៉ូលិសរាជធានីភ្នំពេញបានអះអាងថា វីដេអូនេះផ្សព្វផ្សាយព័ត៌មានមិនពិត។
អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញការកាត់ទូរគមនាគមន៍នៅព្រំដែនខាងប្រទេសថៃ ឬសកម្មភាពឧក្រិដ្ឋកម្មនៅប៉ោយប៉ែត។ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក លីវ សុផាន់ណារិទ្ធ មិនអាចទាក់ទងសុំការបំភ្លឺបានទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thai Police Cut Telecom to Suspected Scam Centers in Cambodia, Officials Dismiss Move