UPDATES:
ទាហានថៃនៅតែបន្តបាញ់ប្រហារមកលើកងទ័ពកម្ពុជានៅព្រឹកថ្ងៃចន្ទនេះ ទោះបីប្រទេសទាំងពីរនឹងជួបប្រជុំ ឲ្យមានបទឈប់បាញ់គ្នាបន្ទាន់ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។
នៅថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន។
លោកបានសរសេរក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖ «គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជានិងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីយប់ម្សិលមិញ»។
កងទ័ពថៃនៅតែបន្តវាយប្រយុទ្ធជាមួយកម្ពុជា ទោះបីភាគីទាំងពីរបានឯកភាពជាគោលការណ៍លើបទឈប់បាញ់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ យ៉ាងណាក្តី។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃអាទិត្យនេះថាភាគីថៃបានបើកការបាញ់ប្រហារមកលើកម្ពុជាចាប់ពីម៉ោង២ព្រឹកនៅតាមតំបន់មួយចំនួន។
លោកត្រាំ បានអំពាវនាវឱ្យមានបទឈប់បាញ់ក្នុងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ តាមរយៈកិច្ចសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីស្តីទីថៃលោក ភុំថាំ វេចាយ៉ាចៃ។ ក្នុងសារដែលបង្ហោះលើប្រព័ន្ធសង្គម Truth Social លោក ត្រាំ បាននិយាយថាមេដឹកនាំប្រទេសទាំងពីរកំពុងស្វែងរក«បទឈប់បាញ់ភ្លាមៗ និងសន្តិភាព»។
លោក ត្រាំ បានកត់សម្គាល់ថាប្រទេសទាំងពីរក៏កំពុងមាន «កិច្ចចរចាពាណិជ្ជកម្ម»ជាមួយសហរដ្ឋអាមេរិក ប៉ុន្តែលោកបានបញ្ជាក់ការចរចា«មិនសមប្រព្រឹត្តិទៅឡើយរហូតដល់ពេលដែលការប្រយុទ្ធគ្នាត្រូវបានបញ្ឃប់»។
ក្រោយការសន្ទនាតាមទូរសព្ទជាមួយលោក ត្រាំ លោក ហ៊ុន ម៉ាណែត បានលើកឡើងថាមេដឹកនាំអាមេរិកចង់ឃើញ«ការឈប់បាញ់គ្នាភ្លាម» និង«សន្តិភាព» រវាងប្រទេសទាំងពីរ ដែលជម្លោះនេះបានបណ្តាលឱ្យមនុស្សជាច្រើនបានស្លាប់និងរងរបួសសម្រាប់ភាគីទាំងសងខាង។
លោក ហ៊ុន ម៉ាណែត បានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ជាមួយឯកឧត្តមប្រធានាធិបតី Donald Trump ថាកម្ពុជាឯកភាពជាមួយសំណើរឱ្យមានការឈប់បាញ់ភ្លាមនិងដោយឥតលក្ខខណ្ឌរវាងកងទ័ពទាំងពីរ»។
លោក បានបន្ថែមថា៖ «នេះគឺជាដំណឹងវិជ្ជមានសម្រាប់កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ» ដោយសង្ឈឹមថាភាគីថៃនឹងមិនកែប្រែជំហរនេះម្តងទៀត ដូចកាលពីថ្ងៃទី ២៤ កក្កដាក្រោមការជួយសម្របសម្រួលរបស់លោក Anwar Ibrahim នោះទេ។
ក្រសួងការបរទេសថៃបានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសថៃ «ឯកភាពជាគោលការណ៍» ក្នុងការអនុវត្តបទឈប់បាញ់ បន្ទាប់ពីការសន្ទនារវាងនាយករដ្ឋមន្ត្រីស្តីទី វេចាយ៉ាចៃ និងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ហើយចង់ឃើញ «ចេតនាស្មោះត្រង់» ពីភាគីកម្ពុជា។
ប្រទេសថៃបានស្នើឱ្យលោក ត្រាំ បញ្ជូនសារទៅកម្ពុជាថា ពួកគេចង់«រៀបចំកិច្ចពិភាក្សាទ្វេភាគីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន» ដើម្បីបង្កើតវិធានការ និងនីតិវិធីសម្រាប់បទឈប់បាញ់ និង «ការដោះស្រាយជម្លោះដែលសម្រេចបានដោយសន្តិភាព»។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បាននិយាយថា គិតត្រឹមពេលនេះ ទាហានថៃនៅតែបន្តឈ្លានពានចូលទឹកដីកម្ពុជា«យ៉ាងកម្រោល» និងគំរាមកំហែងដែនអធិបតេយ្យភាពកម្ពុជា ចាប់តាំងពីថ្ងៃទី ២៤ ខែកក្កដា។
យោងតាមលោកស្រី សុជាតា កងទ័ពថៃបានប្រើប្រាស់កាំភ្លើងធំ ដ្រូន គ្រាប់បែកចង្កោម និងយន្តហោះចម្បាំងមកលើទឹកដីកម្ពុជានៅតំបន់ជម្លោះ។
លោកស្រី បានលើកឡើងបន្តនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃនេះថាទោះបីជាមានការវាយប្រហារទាំងនេះកងកម្លាំងកម្ពុជានៅតែ«រឹងមាំ និងប្តេជ្ញាការពារអធិបតេយ្យភាពជាតិ» ។
ក្រសួងការពារជាតិបន្តថ្កោលទោសការឈ្លានពានរបស់កងទ័ពថៃ ដែលបានបង្កភាពវឹកវរនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា និងបង្កការគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ ដែលត្រូវកម្ពុជាបានរាយការណ៍ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ទីតាំងនៃការវាយប្រហារ
- ថ្ងៃទី ២៦ ខែកក្កដា ម៉ោង ១០:៤០ ព្រឹក – កងទ័ពថៃបានទម្លាក់គ្រាប់បែកពីរគ្រាប់លើផ្លូវឆ្ពោះទៅប្រាសាទព្រះវិហារ។
- ម៉ោង ១១:៥៦ ព្រឹក – យន្តហោះចម្បាំងថៃបានទម្លាក់គ្រាប់បែកចង្កោមលើភ្នំខ្មោច។
- ម៉ោង ២:៣០ រសៀល – រថក្រោះថៃបានវាយប្រហារលើវាលឥន្រ្ទី។
ចន្លោះម៉ោង ២:៣០ រសៀល ដល់ ១០:០០ យប់ – ស្ថានការណ៍បានថមថយជាងមុនបន្តិច។
- ថ្ងៃអាទិត្យ ម៉ោង ២:០០ ទៀបភ្លឺ – ទាហានថៃបានបន្តវាយប្រហារលើវាលឥន្រ្ទី។
- ម៉ោង ២:៣០ ទៀបភ្លឺ – ការវាយប្រហារត្រូវបានចាប់ផ្តើមលើតំបន់តាថាវ និងភ្នំខ្មោច ដោយមានរបាយការណ៍ថាដ្រូនរបស់ថៃបានហោះលើដែនអាកាសកម្ពុជា។
- ម៉ោង ៤:៥០ ព្រឹក – កាំភ្លើងធំថៃបានកំណត់គោលដៅលើប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។
- ម៉ោង ៦:០០ ព្រឹក – ការវាយប្រហារបន្តនៅភ្នំខ្មោច។
ប្រទេសថៃបានពង្រីកការវាយប្រហារទៅលើតំបន់ដែលមិនមានជម្លោះនៅតាមបណ្តោយព្រំដែននៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់។ លើសពីនេះដ្រូនរបស់ថៃត្រូវបានរាយការណ៍ថាបានហោះចូលដែនសមុទ្រកម្ពុជារវាងកោះយ៉ និងកោះកុងក្រៅ ទោះបីជាមិនទាន់មានរបាយការណ៍ពីការវាយប្រហារនៅតំបន់នោះក៏ដោយ។
ក្រសួងការពារជាតិបានពណ៌នាសកម្មភាពរបស់ថៃថាជាអំពើ«គឃ្លើន និងកម្រោល» ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល និងបណ្តាលឱ្យមានការខូចខាតយ៉ាងខ្លាំងដល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ។
លោកស្រី សុជាតា បាននិយាយថា ក្នុងរយៈពេលបួនថ្ងៃនៃជម្លោះនេះមនុស្ប្រមាណ ២៥,០០០ គ្រួសារ ឬប្រហែល ៨០,០០០ នាក់ ពីខេត្តព្រះវិហារ ឧត្តរមានជ័យ និងពោធិ៍សាត់ ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព។
គិតត្រឹមថ្ងៃទី២៧នេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា សាលារៀនចំនួន ៦០០ នៅទូទាំងខេត្តចំនួន ៥ ត្រូវបានបិទ ដោយសារជម្លោះដែលកំពុងបន្ត ដែលប៉ះពាល់ដល់សិស្ស ១៥០,០០០ នាក់ និងគ្រូបង្រៀន ៦,០៦៦ នាក់ ។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បាននិយាយថា កម្ពុជាកំពុងស្វែងរកការគាំទ្របន្ថែមពីសហគមន៍អន្តរជាតិ ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការស្វែងរកការដោះស្រាយតាមរយៈការទូត។
លោកបានបន្តថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim បានបន្តអំពាវនាវឱ្យមានបទឈប់បាញ់ ដែលភាគីថៃបានឯកភាពជាគោលការណ៍។ លោក Anwar បានណែនាំឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានជួយសម្របសម្រួលដំណើរការនេះជាមួយសមភាគីកម្ពុជា និងថៃ។
ទន្ទឹមនឹងនេះ លោកបាននិយាយថា ប្រទេសថៃកំពុងរៀបចំដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) ប្រឆាំងនឹងកម្ពុជា ដោយចោទប្រកាន់ថាបានរំលោភច្បាប់មនុស្សធម៌អន្តរជាតិ តាមរយៈការវាយប្រហារលើជនស៊ីវិល និងមន្ទីរពេទ្យ។
លោកបានបន្តថា៖«ខ្ញុំសូមប្រកាសបដិសេធយ៉ាងដាច់អហិង្កា ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានរបស់ក្រសួងការបរទេសថៃ»។
លោកបានបន្ថែមថា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវអនុសញ្ញាទីក្រុងហ្សឺណែវ និងច្បាប់មនុស្សធម៌អន្តរជាតិ ហើយបានខិតខំអស់ពីលទ្ធភាពដើម្បីជៀសវាងការកំណត់គោលដៅលើជនស៊ីវិលក្នុងអំឡុងជម្លោះនេះ។
លោក សុន្ទរី បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះរវាងប្រទេសទាំងពីរដោយសន្តិភាព ដោយជំរុញឱ្យថៃត្រលប់មកកិច្ចសន្ទនាការទូត ជំនួសឱ្យការចោទប្រកាន់គ្មានមូលដ្ឋានប្រឆាំងនឹងកម្ពុជា។
លោកក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ និងអាស៊ាន ឱ្យធ្វើការវិនិច្ឆ័យដោយហ្មត់ចត់ និងយុត្តិធម៌ ដោយគិតគូរពីបរិបទប្រវត្តិសាស្ត្រ និងវប្បធម៌នៃអំពើឈ្លានពានរបស់ថៃ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Thailand Continues to Open Fire at Cambodia Even As it Agreed With Trump to a Ceasefire





