សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គណបក្សពីរក្នុងចំណោម១៨ មិនប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោតជាតិ

ទីស្នាក់ការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។ សកម្មភាពលើកស្លាកគណបក្សខ្មែររួបរួមជាតិកន្លងទៅ នៅខេត្តកំពង់ធំ។ (រូបថតផ្តល់ឱ្យដោយ GDP និងរូថតយកពីហ្វេសប៊ុកគណបក្សរួបរួមជាតិ)
ទីស្នាក់ការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។ សកម្មភាពលើកស្លាកគណបក្សខ្មែររួបរួមជាតិកន្លងទៅ នៅខេត្តកំពង់ធំ។ (រូបថតផ្តល់ឱ្យដោយ GDP និងរូថតយកពីហ្វេសប៊ុកគណបក្សរួបរួមជាតិ)

កំឡុងពេលយុទ្ធនាកាឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ដែលមានគណបក្ស​នយោបាយ​ចំនួន​១៨​ចូលរួមប្រកួតប្រជែង គណបក្សនីមួយៗបានចាប់ផ្តើមហែក្បួនឃោសនាតាមកាលវិភាគ​ និងទីតាំង​រៀងៗ​ខ្លួន​ចាប់ពីថ្ងៃទី១ ខែកក្កដា ប៉ុន្តែក្នុងចំណោម១៨គណបក្សមានតែគណបក្ស​ពីរមិនប្រកាស​​បេក្ខភាព​នាយករដ្ឋមន្ត្រី។ យោងតាមគណបក្សនយោបាយនីមួយៗលើកឡើង។

លោក សេក សុខា ប្រធានគណៈកម្មាធិការនាយកនៃគណបក្សមូលដ្ឋាន បានលើកឡើងថា ការមិន​ប្រកាស​បេក្ខភាព​នាយករដ្ឋមន្ត្រី​ជា​មុន​នេះ ព្រោះគណបក្សមានទិសដៅឱ្យមានតំណាងរាស្ត្រក្នុងរដ្ឋសភាជាមុនសិន ដើម្បីបង្កើតបាន​ជារដ្ឋសភាព​ហុបក្ស។  តាមរយៈការវាយតម្លៃពីគណបក្សក៏បានសម្រេចិត្តដាក់បេក្ខជន​ឈរ​ឈ្មោះបាន​ត្រឹមតែ១២​មណ្ឌល ហើយក៏​ដឹងដែរថា ពុំអាចទទួលបានសំឡេង​គាំទ្រច្រើន​លើសលុបជាង​បក្ស​ធំៗ ដែលបាន​ដាក់​បេក្ខជន​គ្រប់រាជធានី-ខេត្ត ទើបមិនមានការជ្រើសតាំងបេក្ខភាពនាយករដ្ឋមន្ត្រី។

លោក សុខា បន្តថា នៅ​ពេល​គណបក្ស​មានតំណាងរាស្ត្រនៅក្នុងរដ្ឋសភា នោះ​គណបក្សនឹងមានសំឡេង​ក្នុងការតស៊ូមតិ​ឱ្យមានការ​គោរពសិទ្ធិមនុស្ស ស្តារលទ្ធិប្រជាធិបតេយ្យ និងធ្វើវិសោធនកម្មច្បាប់។

លោកបញ្ជាក់ថា៖ «យើង​សង្ឃឹមថាបានតំណាងរាស្ត្រចូលរួមរដ្ឋសភា ដើម្បីតស៊ូមតិផ្នែកផ្លូវច្បាប់អីចឹងណា៎ ជាពិសេសយើងមើលទៅលើច្បាប់ណាខ្លះដែលមិនបម្រើឱ្យប្រជាពលរដ្ឋ។ អីចឹងយើងអាចចូលរួម​បើសិន​យើងមានសំឡេងឆ្នោត យើងនឹងធ្វើវិសោធនកម្មច្បាប់ណាអត់បម្រើផលប្រយោជន៍ដល់ជាតិ អត់បម្រើ​ផល​ប្រយោជន៍ដល់ប្រជាជន ហើយយើងមានសំឡេងដើម្បីតស៊ូមតិ ស្តារលិទ្ធិប្រជាធិបតេយ្យឡើងវិញ»

ទោះបីយ៉ាងណារូបលោកមិនព្រួយបារម្ភ ឬខ្លាចបាត់បង់ប្រជាប្រិយភាពទេ ចំពោះការមិនប្រកាស​បេក្ខភាព​នាយករដ្ឋមន្ត្រីជាមុន ស្របពេលគណបក្សផ្សេងៗបានប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីជាមុនក៏ដោយ ព្រោះ​គណបក្សលោកមានគោលដៅធំត្រឹមបានតំណាងរាស្ត្របានធ្វើការងារ។ លោកបន្តថា ទោះប្រកាស ឬមិន​ប្រកាស​វាមិនប៉ះពាល់អ្វីដល់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននោះទេ។

លោកបញ្ជាក់ថា៖«ប្រជាប្រិយអាស្រ័យលើប្រជាពលរដ្ឋគាត់មើលទៅ វាយតម្លៃលើគោលនយោបាយ ក្រមសីលធម៌ថ្នាក់ដឹកនាំរបស់បក្ស»

យ៉ាងណាមិញនៅក្នុងការបោះឆ្នោតអាណត្តិទី៧នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឈរនៅលំដាប់​លេខរៀងទី១១​នៅក្នុងសន្លឹកឆ្នោត។  ដោយគណបក្សប្រកាន់ខ្ជាប់នូវ​គោលនយោបាយចំនួន១១ចំណុច​ជាអទិភាពក្នុងចំណោម១២៥ចំណុចតាក់តែង​នៅក្នុងសៀវភៅបៃតង ដែលបែងចែកជា៤ផ្នែកធំៗ ទី១ ផ្តោត​លើ​បង្រួបបង្រួមជាតិ ទី២ ផ្តោតទៅលើការកសាង និងអភិវឌ្ឍជាតិ ទី៣ ផ្តោតលើការពារជាតិ និង​សន្តិសុខ​ជាតិ ទី៤ផ្តោតលើកិច្ចសហប្រតិបត្តិការជាអន្តរជាតិ។​

លោកពន្យល់ទៀតថា៖ «ចំណុចទី១យើងផ្តោតទៅលើការកំណត់អាណត្តិនាយករដ្ឋមន្ត្រី ត្រឹមពីរអាណត្តិ ហើយយើងគណបក្សប្រជាធិបតេយ្យមូលដ្ឋានចាត់ទុកផលប្រយោជន៍ជាតិជាធំ អត់គិតរឿងបក្សពួកអីទេ។ ហើយចំណុចទី២បញ្ឈប់ការរើសអើងនយោបាយ កុំឱ្យមានបក្សពួកនិយម និង១ចំណុចទៀត​គឺយើងលុប​បំបាត់​អំពើពុករលួយជាប្រព័ន្ធ»

ចំពោះគណបក្សខ្មែររួបរួមជាតិដែលឈរនៅលំដាប់លេខរៀងទី៤នៅក្នុងសន្លឹកឆ្នោត​ គណបក្សនេះ​មាន​គោលនយោបាយអទិភាពមួយចំនួនដូចជា ១.ធានាសេចក្តីថ្លៃថ្នូរក្នុងភាពជាមនុស្ស ដើម្បីប្រជាពលរដ្ឋ ២.យុត្តិធម៌សង្គម នីតិរដ្ឋ សិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្ស  ៣.ប្រជាពលរដ្ឋជាម្ចាស់កសាងរដ្ឋទំនើប សង្គមស៊ីវិល័យថ្លៃថ្នូរ ៤.អភិវឌ្ឍន៍ប្រកបដោយចីរភាព និងជីវភាពពលរដ្ឋធូរធារ ៥. ប្រជាធិបតេយ្យសេរី កណ្ដាលនិយម សន្តិសហវិជ្ជមាន។

លោក ផាន់ សិទ្ធី អ្នកនាំពាក្យគណបក្សខ្មែររួបរួមជាតិ បានថ្លែងថា គណបក្សខ្មែររួបរួមជាតិ​មិន​ប្រកាស​បេក្ខភាព​នាយករដ្ឋមន្ត្រីជាមុនក៏ដោយ ក៏វាមិនប៉ះពាល់អ្វីដល់ប្រជាប្រិយភាព ឬដំណើរការកម្មវិធី​ដល់​គណបក្ស​ដែរ ព្រោះគណបក្សគិតថា ជាធម្មតាប្រធានគណបក្សតែងតែឡើងជាបេក្ខជន​នាយករដ្ឋមន្ត្រី​ស្វ័យប្រវត្តិ។

លោកបញ្ជាក់ថា៖ «យើងអត់មានការតែងតាក់ទេអញ្ចឹងហ៎! បេក្ខភាពនាយករដ្ឋមន្ត្រី ក៏ប៉ុន្តែតែ​យើងគិតថា​ធម្មតា​ប្រធានគណបក្សឡើងជាស្វ័យប្រវត្តិជាបេក្ខជននាយករដ្ឋមន្ត្រី ប្រសិនជាយើង​មានសំឡេង​ឈ្នះ​ឆ្នោត»

ផ្ទុយពីគណបក្សមួយចំនួនមិនប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រី ចំពោះគណបក្សយុវជនកម្ពុជាវិញ បាន​សម្រេច​​​រួចរាល់ហើយ គឺជ្រើសរើសលោក ពេជ្រ ស្រស់ ជាបេក្ខភាពនាយករដ្ឋមន្ត្រី​សម្រាប់​ការ​ប្រកួត​ប្រជែង​បោះឆ្នោតនៅពេលខាងមុខ។ លោក ពេជ្រ ស្រស់ ថ្លែងថា ទោះបីគណបក្សប្រកាស ឬមិនប្រកាសបេក្ខជន​នាយករដ្ឋមន្ត្រី ក៏មិនមានជាបញ្ហាអ្វីដែរ។

គណបក្សយុវជនកម្ពុជា មានគោលនយោបាយអាទិភាព៧ចំណុច សម្រាប់ការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្ត​​នីតិកាលទី៧នេះ។ ដូចជា១.បញ្ចុះថ្លៃសាំង និងជួយផលិតផលរបស់កសិករ ២.តំឡើងប្រាក់ខែ​ឱ្យមន្ត្រីរាជការ ៣.បង្កើនគុណអប់រំ និងឱកាសបានទទួលអប់រំស្មើគ្នាៗ ៤.លុបបំបាត់រាល់ការរើសអើង ៥.លុប​បំបាត់ការផ្សព្វផ្សាយគ្រឿងស្រវឹង ៦.លុបបំបាត់អំពើពុករលួយគ្រប់ទម្រង់ និង៧.ពិនិត្យឡើងវិញ​នូវការអនុវត្តច្បាប់អន្តោប្រវេសន៍។

លោកឆ្លើយតបតាមរយៈតេឡេក្រាមថា៖«គណបក្សយុវជនកម្ពុជាបានសម្រេចរួច​ហើយចំពោះ​បេក្ខជន​នាយករដ្ឋមន្រ្តី គឺជ្រើសរើសឯកឧត្តមបណ្ឌិត ពេជ្រ ស្រស់ ជាបេក្ខជននាយករដ្ឋមន្រ្តី»

លោកបន្ថែមថា ដោយឡែកគណបក្សយុវជនកម្ពុជាបានត្រៀមសម្ភារៈ សារនយោបាយ គោលនយោបាយ និងអ្នកគាំទ្រខ្លួន ដើម្បីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃខាងមុខរួចរាល់ហើយ។

ចំពោះគណបក្សកាន់អំណាចវិញបានប្រកាសបេក្ខភាពនាយករដ្ឋមន្រ្តីពីររូប គឺលោកហ៊ុន សែន និង​កូនប្រុសច្បងរបស់គាត់ លោក ហ៊ុន ម៉ាណែត នៅក្នុងការ​បោះឆ្នោតអាណត្តិទី៧ ហើយគណប្ស​ប្រជាជនឈរលេខរៀងទី១៨ នៅក្នុងសន្លឹកឆ្នោត។

ចំពោះគណបក្សខ្មែរតែមួយក៏បានសម្រេចប្រកាសបេក្ខភាពនយោបាយរដ្ឋមន្ត្រីផងដែរ គឺលោក គុជ លី អាយុ​៤៨ឆ្នាំ ជាបេក្ខជននាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងអាណត្តិទី៧​ខាងមុខ​នេះ។ គណបក្សខ្មែរតែមួយ ដែលឈរនៅលំដាប់លេខរៀងទី២នៅក្នុងសន្លឹកឆ្នោត មាន​គោលនយោបាយ​ជាអាទិភាព៨ចំណុច ដូចជា ១.ពង្រឹងប្រព័ន្ធយុត្តិធម៌ ២.ពង្រឹងព្រំដែនដីគោក ៣​.បង្កើន​ប្រាក់ខែ ៤.បង្កើន​គុណភាពប្រព័ន្ធសុខាភិបាល ៥.ផ្តោតលើវិស័យការងារ ៦.វិស័យកសិកម្ម និងតម្លៃកសិផល ៧.យកចិត្ត​ទុក​ដាក់មនុស្សចាស់គ្មានទីពឹង និងជនពិការ ៨.ការបង្កើតច្បាប់ដើម្បីកំណត់ភូមិសាស្ត្រជាដើម។

លោក គុជ លី បានបញ្ជាក់ថា៖ «បក្សខ្មែរតែមួយនឹងមានប្រជាប្រិយនៅអាណត្តិទី៧នេះ ដោយសារលោក គុជ លី អាចជាប់ឆ្នោតជាតំណាងរាស្រ្តនៅខេត្តកណ្តាល ដោយមានការជឿជាក់សំឡេងគ្រាំទ្រ៦០%»

លោកបន្ថែមថា យ៉ាងណាមិញការប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីជាមុននេះ លោកថា អាចបង្កើន​ប្រជាប្រិយភាព​ដល់​គណបក្សរបស់លោកទៅដល់សាធារណជន ស្របពេលដែលគណបក្សខ្លួន​បាន​ត្រៀមរួចរាល់​សម្រាប់​ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី១ ខែកក្កដា។

លោក អ៊ុន វិសិទ្ធគុន ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៃបក្សកម្លាំងប្រជាធិបតេយ្យ ត្រូវបានសមាជិកបក្សផ្ដល់​សេចក្ដីទុកចិត្ត ឱ្យឈរជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាល​ទី៧ ឆ្នាំ២០២៣។ គណបក្សកម្លាំងប្រជាធិបតេយ្យ មានមណ្ឌលឈរឈ្មោះចំនួន១២ខេត្ត-រាជធានី ហើយ​បាន​ដាក់បេក្ខជនឈរឈ្មោះសរុប១៣៨នាក់ ក្នុងនោះមានស្រី៧៥រូប។  ដោយបក្សឈរលេខរៀងទី៥ នៅ​ក្នុងសន្លឹកឆ្នោត។

លោក វិសិទ្ឌគុន បញ្ជាក់ថា៖ «ការប្រកាសចឹងគឺកាន់តែល្អថែមទៀត ដើម្បីប្រជាពលរដ្ឋគាត់ស្គាល់ខ្ញុំឱ្យច្បាស់ ក្នុង​ការ​គាំទ្រឱ្យបានច្រើន»

លោក មាស បូពៅ ប្រធានគណបក្សកសិករ ត្រូវបានសមាជិកបក្សគាំទ្រឱ្យឈរជាបេក្ខជននាយករដ្ឋមន្ត្រី ដើម្បី​ប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧។ គណបក្សកសិករ ដាក់បេក្ខជនឈរ​ឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ចំនួន៩៤នាក់ ក្នុងនោះមានស្រី៤០នាក់។ ចំពោះ មណ្ឌល​​ឈរឈ្មោះ គឺមាន៨រាជធានី-ខេត្ត។ដោយបក្សឈរលេខរៀងទី៦ នៅក្នុងសន្លឹកឆ្នោត។

លោកបន្ថែមថា៖ «គោលនយោបាយអទិភាពរបស់យើង គឺយើងបានកំណត់យក១០ចំណុច ដែលយើង​បាន​ដាក់នៅក្រសួងមហាផ្ទៃ ក៏ដូចជាគោលនយោបាយបច្ចុប្បន្នភាពដែលយើងត្រូវការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ»

ប្រធានគណបក្សធម្មាធិបតេយ្យ លោកស្រី ពោធិតី សាវត្ថី ត្រូវបានសមាជិកជ្រើសជាបេក្ខភាព​នាយករដ្ឋមន្ត្រី នៅពេលដែលគណបក្សនេះឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧។ ទន្ទឹមនេះ គណបក្សរបស់លោកស្រី ពោធិតី សាវត្ថី ក៏បានដាក់បញ្ជីបេក្ខជនឈរឈ្មោះទាំង២៥មណ្ឌល​រាជធានី-ខេត្ត ដែលមានបេក្ខជនសរុបចំនួន២៦៦នាក់ ខណៈគណបក្សនេះបានដាក់ចេញ​គោលនយោបាយ​ចំនួន៨ចំណុចដើម្បីចូលរួមប្រកួតប្រជែងដណ្ដើមអាសនៈនៅក្នុងរដ្ឋសភា។

ស្ត្រីមួយរូបទៀត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតជាតិ អាណត្តិទី៧នេះ គឺ​លោកស្រី ស៊ឹង សុធី ប្រធានគណបក្សស្ត្រីដើម្បីស្ត្រី។ ដែលគណបក្សស្ត្រីដើម្បីស្ត្រី បង្កើតឡើងនៅ​ឆ្នាំ​២០១៩ ហើយក៏ជា​លើក​ទី១ដែលគណបក្សបានចូលរួមឈរឈ្មោះបោះឆ្នោត។ លោកស្រី ស៊ឹង សុធី ត្រូវបាន​សមាជិកបក្ស​ផ្ដល់សេចក្ដីទុកចិត្ត ឱ្យឈរជាបេក្ខភាពនាយករដ្ឋមន្ត្រី។

បើតាមលោកស្រី ស៊ឹង សុធី គោលនយោបាយរបស់គណបក្សស្ត្រីដើម្បីស្ត្រី គឺផ្ដោតសំខាន់លើការលើក​តម្កើង​ស្ត្រី ដើម្បីចូលរួមការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ខណៈបេក្ខជនជាស្ត្រីនៃគណបក្សនេះ​មានរហូតចំនួន១២១នាក់ក្នុងចំណោមបេក្ខជនសរុប១៥២នាក់។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បានលើកឡើងថា ទាក់​ទង​នឹងគណបក្សខ្លះប្រកាស និងគណបក្សខ្លះទៀតមិនប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រី មិនមាន​ចែង​នៅ​ក្នុងច្បាប់ទេ។ ដោយគណបក្សនយោបាយនីមួយៗមានសិទ្ធិគ្រប់គ្រាន់ក្នុងការតែងតាំងបេក្ខជនណាមួយ ដែលជាសមាជិកបក្សគាំទ្រ បន្ទាប់ពីគណបក្សនោះបានទទួលជោគជ័យក្នុងការបោះឆ្នោត។

លោកបញ្ជាក់ថា៖ «អីចឹងការប្រកាស ឬមិនប្រកាសហ្នឹង មិនមែនជាកំហុសទេ ហើយក៏មិន​មែនជា​តួនាទី​ដែល គជប ចង់ដឹង ត្រូវដឹងរឿងហ្នឹងដែរ»

លើសពីនេះ គជប ក៏បានបណ្តុះបណ្តាល និងប្រជុំជាមួយគណបក្សនយោបាយនានារួចរាល់ហើយដែរ ចំពោះកិច្ចការណាដែលត្រូវធ្វើ និងមិនត្រូវធ្វើអំឡុវពេលឃោសនាបោះឆ្នោត។ ហើយក៏គណបក្សណាមួយ ដែលចង់ស្នើឱ្យ គជប ជួយត្រួតពិនិត្យខ្លឹមសារនៃការឃោសនា ក៏ គជប នឹងសហការ។

លោក សម គន្ធាមី ប្រធានអង្គការនិចហ្វិក បានលើកឡើងថា ជាធម្មតាគេតែងតែ​ប្រកាស​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ជាមុន​ ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋ ក្នុងការពិនិត្យមើល​អំពីលក្ខណៈសម្បត្តិ​របស់​បេក្ខជន​នោះ។ ដោយឡែកចំពោះគណបក្សណាដែលមិនប្រកាសបេក្ខជននាយករដ្ឋមន្ត្រីជាមុន អាច​បណ្តាល​ឱ្យ​ម្ចាស់​ឆ្នោតបាត់បង់ព័ត៌មានអំពីបេក្ខជននោះថាតើមកពីណា ហើយមានលក្ខណៈសម្បត្តិ​បែប​ណា ជាហេតុ​ធ្វើឱ្យម្ចាស់ឆ្នោតពិបាកក្នុងការសម្រេចចិត្ត។

លោកបន្ថែមថា៖ «មិនប្រកាសអាហ្នឹងវាពិបាកអ្នកបោះឆ្នោតធ្វើការសម្រេចចិត្ត ព្រោះអ្នកបោះឆ្នោត​ត្រូវការដឹងព័ត៌មាន ដើម្បីគេធ្វើការសម្រេចចិត្ត តាមកម្មវិធីនយោបាយ តាំងពីបេក្ខជនតំណាងរាស្ត្រ​ តាំងពីបេក្ខជននាយករដ្ឋមន្ត្រីទាំងអស់»

បេក្ខភាពនាយករដ្ឋមន្រ្តី ត្រូវបានជ្រើសចេញក្នុងចំណោមសមាជិករដ្ឋសភា​ដែលបានជាប់ឆ្នោត​នៃគណបក្ស​ដែលឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ បើតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានចែងថា៖ «ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ ត្រូវមាន​សញ្ញាតិខ្មែរពីកំណើត អាយុ២៥ឆ្នាំឡើងទៅ មានលំនៅឋាន ឬទីសំណាក់ក្នុងប្រទេសកម្ពុជា ហើយត្រូវមាន​សិទ្ធិ​បោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាផ្លូវការ ជាពិសេសមានការតែងតាំង​ពីគណបក្ស​នយោបាយ​ដែលបានចុះបញ្ជីចូលរួមបោះឆ្នោត»

ទន្ទឹមនេះ មាត្រា១១៩ ថ្មី(ពីរ) នៃរដ្ឋធម្មនុញ្ញកម្ពុជា បានកំណត់ថា «វរជនដែលនឹងត្រូវទទួលបាន​ការ​ចាត់​តាំង​ជានាយករដ្ឋមន្ត្រីនេះ គឺត្រូវតែជាតំណាងរាស្ត្រដែលមានសញ្ជាតិខ្មែរតែមួយគត់ ដែលខុសពី​តំណាងរាស្ត្រ​ធម្មតាអាចមានសញ្ជាតិ២ ឬច្រើនបាន៕​

524 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម