ខេត្តសៀមរាប៖ អ្នកគាំទ្រគណបក្សភ្លើងទៀន ប្រហែល ៨ ០០០នាក់បានជួបជុំគ្នាកាលពីថ្ងៃសៅរ៍ក្នុងសមាជវិសាមញ្ញមួយដើម្បីរៀបចំគោលនយោបាយ និងសាររបស់គណបក្សសម្រាប់ត្រៀមការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។
គណបក្សភ្លើងទៀនបានប្រកាសចេញនូវកម្មវិធីនយោបាយចំនួនប្រាំបួនចំណុចក្នុងន័យបង្កើនអត្ថប្រយោជន៍ផ្នែកសុខមាលភាពសង្គមដល់ប្រជាពលរដ្ឋកម្ពុជា។ គណបក្សក៏បានបង្ហាញសារអាទិភាពប្រាំចំណុចរបស់ខ្លួនដែលរួមមាន៖
- ពិនិត្យ ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយឥតបង់ប្រាក់
- ចាស់ៗមានវ័យ៦៥ឆ្នាំឡើងនឹងទទួលបានប្រាក់២០ម៉ឺនរៀលរាល់ខែ
- កម្មករប្រាក់ខែទាបបំផុត១លាន២សែនរៀន និងមន្ត្រីរាជការប្រាក់ខែទាបបំផុត២លានរៀល
- កសិផលថ្លៃ ជីថោក ប្រេងថោក ការប្រាក់ទាប
- ការអប់រំល្អ បង្កើតការងារសម្រាប់យុវជន១លាននាក់។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ មានប្រសាសណ៍ថា៖ «លើកម្រាមដៃប្រាំជាសញ្ញាថាគណបក្សកំពុងប្ដេជ្ញាប្រឆាំងអំពើពុករលួយដើម្បីបម្រើប្រជាពលរដ្ឋក្នុងភាពស្អាតសំ និងត្រឹមត្រូវ»។
គណបក្សបានធ្វើការកែសម្រួលរចនាសម្ព័ន្ធថ្នាក់ដឹកនាំផ្ទៃក្នុងបក្ស ដោយបានបង្កើនចំនួនគណៈកម្មាធិការនាយកដែលទទួលបន្ទុកខាងរៀបចំគោលនយោបាយពី៤១នាក់ទៅដល់១១៧នាក់ និងបានបន្ថែមចំនួនគណៈកម្មាធិការអចិន្ត្រៃយ៍ពី១៥ទៅ៣២នាក់។ ក្នុងនោះដែរគណបក្សភ្លើងទៀនក៏បានសម្រេចតែងតាំងលោក រ៉ុង ឈុន ដែលបានប្រកាសចូលរួមនយោបាយជាមួយគណបក្សនេះកាលពីខែមករា ឲ្យក្លាយជាសមាជិកគណៈកម្មាធិការនាយកផងដែរ។ លោក រ៉ុង ឈុន និង លោក សុខ ហាច ក៏ត្រូវបានជ្រើសរើសជាអនុប្រធានគណបក្សផងដែរ។
ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សនេះជាច្រើនរូបកំពុងជាប់បណ្ដឹងតុលាការ និងរងការគំរាមកំហែងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សកាន់អំណាច។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ មានប្រសាសន៍ថា គណបក្សបានរងគ្រោះពីការបំពារបំពានខាងនយោបាយ និងការធ្វើទុក្ខបុកម្នេញដោយអ្នកមានអំណាច ដែលលោកនិយាយដោយមិនបានបញ្ចេញឈ្មោះ ដោយថាកំពុងរកវិធីរំខានដល់ប្រតិបត្តិការរបស់គណបក្ស។
លោកបន្ថែមថា៖ «យើងនឹងបន្តការតស៊ូមតិផ្នែកនយោបាយដើម្បីជំរុញឲ្យមានបរិយាកាសនយោបាយល្អប្រសើរសម្រាប់ដំណើរការបោះឆ្នោត និងអំពាវនាវឲ្យមានការដោះលែងអ្នកទោសមនសិការផ្សេងទៀត»។
ឧត្តមទីប្រឹក្សាជាន់ខ្ពស់គណបក្សភ្លើងទៀន លោក គង់ គាំ បានលាឈប់ពីតួនាទីបន្ទាប់ពីប្រឈមមុខនឹងបណ្ដឹងដែលចោទថាបាននិយាយបរិហារកេរ្តិ៍។ អនុប្រធានគណបក្សនេះដែរ គឺលោក ថាច់ សេដ្ឋា កំពុងជាប់ឃុំនៅពន្ធនាគារ ក្រោយការចាប់ខ្លួនកាលពីខែមករា ដោយរងការចោទបានបានចេញសែកស្អុយកាលពីច្រើនឆ្នាំមុន។ តុលាការក៏បានសម្រេចឲ្យលោក សុន ឆ័យ ផ្ដល់សំណងជំងឺចិត្តជាប្រាក់១លានដុល្លារដល់គណបក្សកាន់អំណាច ដោយបានរឹបអូសផ្ទះចំនួនពីរកន្លែងរបស់លោកជាបណ្តោះអាសន្នសម្រាប់ទូទាត់សំណងនេះដល់បក្សកាន់អំណាច។
ទោះយ៉ាងនេះក្ដី លោក សុន ឆ័យ អះអាងថាសកម្មភាពប្រឆាំងនឹងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ទំនងជាអាចធ្វើឲ្យគណបក្សនេះទទួលបានការគាំទ្រកាន់តែខ្លាំង។
លោក សុន ឆ័យ ថ្លែងថា៖ «អ្នកគាំទ្រគណបក្សភ្លើងទៀនបន្តចូលរួមកាន់តែច្រើនឡើង ហើយសន្ទុះនេះនឹងពិតជាធ្វើឲ្យគណបក្សភ្លើងទៀនទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ខាងមុខ»។ លោកបន្ថែមថា៖ «យើងយល់ថា [គណបក្សភ្លើងទៀន] ត្រូវមានការដឹកនាំជាក្រុម មិនមែនដោយបុគ្គល ហើយនេះដើម្បីធានាពីប្រសិទ្ធភាពរបស់គណបក្ស ក៏ដូចជាតម្រូវការកម្លាំង និងគំនិតច្រើន»។
គណបក្សមិនទាន់បានប្រកាសពីបេក្ខភាពនាយករដ្ឋមន្ត្រីនៅឡើយទេគិតមកដល់ពេលនេះ ដោយថាការសម្រេចចិត្តនឹងធ្វើឡើងពីរខែមុនការបោះឆ្នោត។
លោក សុន ឆ័យ ឲ្យដឹងដែរថា លោករំពឹងថាប្រជាពលរដ្ឋនឹងបោះឆ្នោតឲ្យគណបក្សនេះមួយទ្វេជាបីសម្រាប់ការបោះឆ្នោតជាតិ បើធៀបនឹងការបោះឆ្នោតឃុំ សង្កាត់កន្លងមក ដែលកាលនោះមានអ្នកបោះឆ្នោតឲ្យជាង១,៦លាននាក់។
លោកបន្តថា៖ «យើងមានពេលច្រើនសម្រាប់រៀបចំខ្លួន បើធៀបទៅនឹងការបោះឆ្នោតឃុំសង្កាត់កន្លងមក»។ លោកលើកឡើងទៀតថា៖ «យើងមានពេលវេលាច្រើនសម្រាប់រៀបចំអ្នកសង្កេតការនៅតាមបណ្ឌលបោះឆ្នោត និងយើងមានពេលសម្រាប់ផ្សព្វផ្សាយសារនយោបាយទៅដល់ថ្នាក់មូលដ្ឋាន»។
លោក សុខ គឹមសេង អគ្គលេខាធិការរងគណបក្សភ្លើងទៀនលើកឡើងថាគណបក្សពឹងផ្អែកលើសកម្មជននៅតាមមូលដ្ឋាន ដើម្បីផ្សព្វផ្សាយសារនយោបាយ ហើយនឹងបន្តធ្វើក្នុងដំណើរការបោះឆ្នោត។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាលោកមិនមានការភ្ញាក់ផ្អើលជាមួយនឹងគោលនយោបាយរបស់គណបក្សភ្លើងទៀននោះទេ ដោយថាគណបក្សកាន់អំណាចបានដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករ និងមន្ត្រីរាជការរួចទៅហើយ។
លោកលើកឡើងថា៖ «គណបក្សប្រឆាំងបានសន្យាដដែលបែបនេះតាំងពីអតីតកាល ហើយគណបក្សប្រជាជនមិនបារម្ភនោះទេអំពីគោលនយោបាយប្រកួតប្រជែងនេះ»។ លោកថា៖ «[ការអនុវត្តគោលនយោបាយ]មិនមែនងាយស្រួលដូចការនិយាយទេ»។
លោក ឈឿង សារ៉ន វ័យ៦១ឆ្នាំ អ្នកដឹកនាំគណបក្សភ្លើងទៀនប្រចាំខេត្តបាត់ដំបង មានប្រសាសន៍ថា លោកបានចូលរួមជាមួយគណបក្សប្រឆាំងពីរទសវត្សមកហើយ និងនៅតែបន្តតស៊ូដើម្បីការផ្លាស់ប្ដូរ។
លោកបន្តថា៖ «ខ្ញុំក៏បារម្ភផងដែរអំពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដែលវាបានកើតឡើងមកលើរូបខ្ញុំជាង២០ឆ្នាំមកហើយ»។ លោកបន្តថា៖ «ប៉ុន្តែខ្ញុំនឹងមិនបោះបង់ទេ ពីព្រោះខ្ញុំបានតស៊ូមកជាយូរឆ្នាំហើយជាមួយគណបក្សប្រឆាំងដើម្បីលទ្ធប្រជាធិបតេយ្យ»។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Candlelight Party Congress Unveils Platform Ahead of National Elections