ក្ដីកង្វល់បានផ្ទុះឡើងជាបន្តបន្ទាប់ទាក់ទងនឹងគោលនយោបាយដែលគេមិនសូវដឹងមួយរបស់បេឡាជាតិសន្តិសុខសង្គម ឬហៅកាត់ ប.ស.ស. ទាក់ទងនឹងបុគ្គលស្វ័យនិយោជន៍។ គោលនយោបាយនេះត្រូវបានអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអង្គការសង្គមស៊ីវិលចាត់ទុកថាងាយធ្វើឲ្យអ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធងាយបាត់បង់ឱកាសទទួលបានសេវាថែទាំសុខភាព ក្រោយពីពួកគេខកខានបង់វិភាគទានប្រាំមួយខែ។ ការខកខានបង់វិភាគទាននេះ តាមគោលនយោបាយ ប.ស.ស. មានន័យថាបុគ្គលរូបនោះ «បោះបង់ដោយស្ម័គ្រចិត្ត»។
កម្មវិធីនេះស្ថិតនៅក្រោមបេឡាជាតិសន្តិសុខសង្គម ដែលរបបសន្តិសុខសង្គមនេះធានាលើការថែទាំសុខភាព ភាពអត់ការងារធ្វើ និងប្រាក់សោធន ដែលត្រូវបានផ្តល់ជូនដល់កម្មករក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ ទាំងឯកជន និងរដ្ឋ។
កាលពីឆ្នាំ២០២៣ មាននិយោជិតក្នុងវិស័យឯកជនជាង២លាននាក់បានចុះបញ្ជីក្នុងកម្មវិធីនេះ និងមានបុគ្គលិកក្នុងវិស័យរដ្ឋប្រហែល៤សែននាក់ បើទោះជាអត្ថប្រយោជន៍នៅមានកម្រិត និងអាស្រ័យលើសេវាកម្មជំនួយដូចជាផ្នែកថែទាំសុខភាព។
មូលនិធិជាតិក៏នៅមានកម្រិត ខណៈកម្មករកម្ពុជាជាង៨៨ភាគរយជាអ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
អ្នកផលិតមាតិកាឌីជីផលម្នាក់នៅទីក្រុងភ្នំពេញ បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃពុធថា ខ្លួនបានបាត់បង់ឱកាសទទួលបានសេវាថែទាំសុខភាពពី ប.ស.ស. ក្នុងកម្មវិធីស្វ័យនិយោជន៍ជាអចិន្ត្រៃយ៍ដោយសារតែខកខានបង់វិភាគទានរយៈពេលប្រាំមួយខែទៅ ប.ស.ស.។ កម្មវិធីស្វ័យនិយោជន៍ជាការបង់វិភាគទានដោយស្ម័គ្រចិត្តរបស់អ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
អ្នកស្រីនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា គោលនយោបាយនេះមិនសមរម្យនោះទេ ដោយកត់សម្គាល់ថា ប.ស.ស. ប្រាប់ថា អ្នកស្រីបាន «បោះបង់» ការបង់វិភាគទាន ដែលការណ៍នេះធ្វើឲ្យបាត់បង់លក្ខណៈសម្បត្តិក្នុងការទទួលបានកម្មវិធីនេះបន្តទៀត ដោយមិនអនុញ្ញាតឲ្យអ្នកស្រីបង់ការពិន័យ ឬបង់វិភាគទានឡើងវិញទេ។
ក្រោយពីបង្ហោះសារលើហ្វេសប៊ុកបានមួយរយៈ និងមានអ្នកចែករំលែកច្រើន អ្នកស្រីក៏សម្រេចលុបសំណេររបស់ខ្លួនចោលវិញ ក្រោយពីបានពិភាក្សាជាមួយមន្រ្តី ប.ស.ស. ហើយអ្នកស្រីក៏បានសរសេរសង្ខេបពីអ្វីដែលមន្ត្រីបានឆ្លើយតប។ មន្ត្រីបានបញ្ជាក់ថា អ្នកស្រីមិនអាចចូលរួមកម្មវិធីស្វ័យនិយោជន៍បានទៀតទេក្នុងនាមជាអ្នកធ្វើការក្រៅប្រព័ន្ធដែលស្ថិតនៅក្រោមបទប្បញ្ញតិបច្ចុប្បន្ន។ យ៉ាងណា ខាង ប.ស.ស. បញ្ជាក់ថា អ្នកស្រីអាចទទួលបានអត្ថបប្រយោជន៍ពី ប.ស.ស. វិញដរាបណាអ្នកស្រីវិលចូលធ្វើការក្នុងប្រព័ន្ធវិញ។ បន្ថែមពីនេះមន្ត្រីថាទៅថ្ងៃមុខអាចនឹងមានការកែប្រែគោលនយោបាយដើម្បីបើកផ្លូវឲ្យអ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលត្រូវហាមឃាត់ អាចវិលចូលកម្មវិធីវិញបាន។
អ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្សេងទៀតក៏បានបង្ហាញក្ដីបារម្ភដូចគ្នានេះដែរ។ អ្នកស្រី សុវណ្ណ វារី អ្នករត់កង់បីនៅភ្នំពេញបាននិយាយថា អ្នកស្រីបារម្ភថាពេលណាមួយដែលខ្លួនខកខានការបង់វិភាគទាននឹងត្រូវជាប់បម្រាមរបស់ ប.ស.ស. លែងបានប្រើកម្មវិធីនេះអស់មួយជីវិត។ អ្នកស្រីឲ្យដឹងថា ក្នុងមួយខែអ្នកស្រីបង់វិភាគទាន ១៥ ៦០០រៀល ដែលចំនួននេះស្ទើរតែស្មើនឹងប្រាក់ចំណូលដែលអ្នករត់កង់បីនៅភ្នំពេញរកបានក្នុងមួយថ្ងៃ។
អ្នកស្រីបន្តថា កម្មវិធីស្វ័យនិយោជន៍របស់ ប.ស.ស. បានជួយសម្រួលដល់អ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងការចំណាយលើសេវាព្យាថែទាំសុខភាព ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំគិតថាលក្ខខណ្ឌបែបនេះគឺគ្រោះថ្នាក់ណាស់។ ប្រជាពលរដ្ឋគឺក្រីក្រ និងខ្វះចំណេះដឹង ឬការធ្វេសប្រហែសណាមួយអាចកើតឡើង ព្រោះគ្រប់គ្នារវល់ធ្វើការ»។
បណ្ណក្រីក្រជាកម្មវិធីរបស់រដ្ឋជួយជនក្រីក្រ ងាយរងគ្រោះនូវប្រាក់ឧត្ថម្ភ និងថ្លៃសេវាព្យាបាលជំងឺ ប៉ុន្តែគ្រួសារក្រីក្រផ្សេងទៀតកំពុងមានការលំបាកក្នុងការទទួលបណ្ណមួយនេះ បន្ទាប់ពីមានបញ្ហាសេដ្ឋកិច្ច។
អ្នកស្រី ខុង លក្ខិណា ជាបុគ្គលិកធនាគារមួយក្នុងក្រុងភ្នំពេញ បានអំពាវនាវឲ្យមានការដាក់ពិន័យដល់អ្នកខកខានបង់វិភាគទាន ជាជាងដាក់បម្រាមពួកគាត់អស់មួយជីវិត។ អ្នកស្រីបញ្ចាក់ថា សេវាសាធារណៈគួរមានភាពសាមញ្ញ និងងាយស្រួលសម្រាប់កម្មករក្នុងការទទួលបាន។
អ្នកស្រីបន្ថែមថា៖ «វាគឺជារឿងល្អបើសិនជាអាចពិន័យដោយអាចឲ្យគាត់បង់ឡើងវិញពីរបីខែមុនអាចឲ្យគាត់ប្រើសេវា ប.ស.ស. ឡើងវិញបាន»។
ក្រុមអង្គការសង្គមស៊ីវិល ក៏បានអំពាវនាវប្រហាក់ប្រហែលគ្នានេះដែរ។ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាសមាគមមួយជួយតស៊ូមតិ និងគាំទ្រដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា ប្រជាពលរដ្ឋដែលខកខានក្នុងការបង់វិភាគទាន គួរតែប្រឈមនឹងការពិន័យ ឬបង្វែរជាជំនួយសង្គម ជាជាងឲ្យពួកគេបាត់បង់អត្ថប្រយោជន៍អស់មួយជីវិត។
លោកក៏បានជំរុញឲ្យមានការប្រមូលពន្ធប្រកបដោយភាពយុត្តិធម៌ និងបានកត់សម្គាល់ថា ប.ស.ស. បានធ្វើឲ្យមានភាពល្អប្រសើរកាន់តែច្រើនដោយបានអនុញ្ញាតឲ្យកម្មករមកពីគ្រប់វិស័យ រួមទាំងអ្នកធ្វើការក្រៅប្រព័ន្ធអាចចូលរួមក្នុងកម្មវិធីរបបសន្តិសុខសង្គម។
ទាក់ទងនឹងក្ដីបារម្ភដែលបានលើកឡើងនេះ លោក ហេង សុផាណារិទ្ធ អគ្គនាយករង ប.ស.ស. បានប្រាប់សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃពុធថា សម្រាប់កម្មវិធីបង់វិភាគទានដោយស្ម័គ្រចិត្តរបស់បុគ្គលស្វ័យនិយោជន៍ បើខកខានបង់ចំនួនប្រាំមួយខែ គឺបានន័យថាអ្នកទាំងនោះស្ម័គ្រចិត្តបោះបង់កម្មវិធីនេះ។
លោកសង្កត់ធ្ងន់ថា សមាជិកអាចទទួលបានអត្ថប្រយោជន៍វិញ បើសិនជាពួកគាត់ក្រោយមកទៀតបានចូលធ្វើការក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងថាបទប្បញ្ញតិនេះអនុវត្តតែលើកម្មវិធីស្វ័យនិយោជន៍ប៉ុណ្ណោះ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NSSF ‘Abandonment’ Policy Raises Alarm Over Lifetime Ban for Informal Workers










