យោងតាមអគ្គលេខាធិការស្តីទី លោក គង់ មុនីកា បានឲ្យដឹងថា គណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងនាំមុខគេ ពេលនេះមិនអាចចុះឈ្មោះបោះឆ្នោតជាតិនាពេលខាងមុខបានទេ ដោយសារមាននីតិវិធីថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក មុនីកា បានប្រាប់ខេមបូចា ថា៖ «យើងប្រហែលជាមិនអាចចុះឈ្មោះបោះឆ្នោតបានទេ»។ លោកបន្ថែមថា៖ «បើគ្មានគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតខាងមុខនេះទេ គឺមានន័យថាគ្មានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះទេ»។
គណបក្សប្រឆាំងយល់ឃើញថាខ្លួនជាប់ក្នុងបញ្ហារដ្ឋបាលដែលដាក់ជោគវាសនារបស់ខ្លួននៅក្នុងកណ្តាប់ដៃរបស់ស្ថាប័នរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។ គណបក្សនេះមិនទាន់ឃើញចុះឈ្មោះនៅលើគេហទំព័ររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ទេ គិតត្រឹមថ្ងៃពុធនេះ។
បញ្ហាធំ គឺថាឯកសារចុះឈ្មោះដើមរបស់បក្សភ្លើងទៀន ដែលបានបាត់ បន្ទាប់ពីការវាយឆ្មក់ចូលបិទទីស្នាក់ការគណបក្សក្នុងឆ្នាំ២០១៧ ហើយក្រសួងមហាផ្ទៃក៏បានបដិសេធមិនផ្តល់ច្បាប់ចម្លងថ្មីដល់គណបក្សនេះដែរ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមើលការខុសត្រូវលើការបោះឆ្នោត គឺតម្រូវឱ្យបក្សភ្លើងទៀន ដាក់ឯកសារដើមរបស់ខ្លួន ដើម្បីចុះឈ្មោះ។ ថ្ងៃផុតកំណត់ការចុះឈ្មោះសម្រាប់គណបក្សនយោបាយ និងចុះបញ្ជីបេក្ខជនឈរឈ្មោះរបស់ពួកគេសម្រាប់ការបោះឆ្នោតនាខែកក្កដាខាងមុខ គឺសល់ប្រាំថ្ងៃទៀតប៉ុណ្ណោះ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនិរទេសខ្លួនបាននិយាយនៅក្នុងហ្វេសប៊ុកកាលពីថ្ងៃអង្គារដោយលើកឡើងពីបក្សភ្លើងទៀនថា៖ «រដ្ឋាភិបាលកម្ពុជាកំពុងបង្កើតឧបសគ្គរដ្ឋបាលក្នុងគោលបំណងរារាំងមិនឲ្យគណបក្សប្រឆាំងពិតប្រាកដអាចប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ» ។
ក្នុងឆ្នាំ ២០១៧ អាជ្ញាធរបានបិទទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយចោល។ លោក មុនីកា និយាយថា ឯកសារច្បាប់ដើមចេញដោយរដ្ឋាភិបាលដែលទទួលស្គាល់គណបក្សនេះ និងឯកសារផ្សេងទៀតបាន “បាត់បង់” ហើយឯកសារទាំងអស់របស់គណបក្សនៅក្នុងទីស្នាក់ការកណ្តាលមិនត្រូវបានប្រគល់មកម្ចាស់វិញទេ។
នៅថ្ងៃទី៣ ខែមេសា មេដឹកនាំគណបក្សភ្លើងទៀនបានផ្ញើសំណើទៅក្រសួងមហាផ្ទៃ ដើម្បីសុំឯកសារដើមនាឆ្នាំ១៩៩៨ដែលបញ្ជាក់អំពីការចុះបញ្ជីជាមួយរដ្ឋាភិបាល ជាអង្គភាពនីតិបុគ្គល។ បក្សភ្លើងទៀនត្រូវបានចុះបញ្ជីដំបូងជាគណបក្ស សម រង្ស៊ី ហើយក្រោយមកបានក្លាយទៅជាគណបក្សសង្គ្រោះជាតិ និង បច្ចុប្បន្ននេះមានឈ្មោះថា គណបក្សភ្លើងទៀន។ ប៉ុន្តែក្រសួងមហាផ្ទៃមិនបានឆ្លើយតបនឹងសំណើជាច្រើនលើកច្រើនសារកាលពីខែមុនទៅលើការចេញច្បាប់ចម្លងបញ្ជាក់ឡើងវិញនៃឯកសារចុះបញ្ជីដើមរបស់គណបក្សនេះទេ។
កាលពីថ្ងៃទី៥ ខែមេសា គ.ជ.ប បានផ្ញើលិខិតទៅគណបក្សភ្លើងទៀនដែល ខេមបូចា បានទទួលបាន ដោយតម្រូវឲ្យគណបក្សទាំងអស់ដាក់ឯកសារច្បាប់ដើម ដែលជាផ្នែកនៃដំណើរការចុះឈ្មោះ។
លោក មុនីកា និយាយថា លោកជឿថា គ.ជ.ប កំពុង «ដាក់សម្ពាធដោយចេតនា» ទៅលើបក្សភ្លើងទៀន ហើយបានផ្លាស់ប្តូរលក្ខខណ្ឌនៃការចុះឈ្មោះបោះឆ្នោត ដោយសារតែស្ថាប័ននេះដឹងថា គណបក្សនេះខ្វះឯកសារចុះឈ្មោះច្បាប់ដើម។
កាលពីឆ្នាំមុន គណបក្សភ្លើងទៀនបានចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់ ដោយប្រើច្បាប់ចម្លងស-ខ្មៅនៃការចុះឈ្មោះចាស់របស់ខ្លួន ហើយទទួលបានសំឡេងឆ្នោតគាំទ្រទូទាំងប្រទេសប្រហែលមួយភាគប្រាំនៃសំឡេងគាំទ្រសរុប។ លោក សុន ឆ័យ អនុប្រធានគណបក្សបាននិយាយថា នៅពេលដែលគណបក្សនេះប្តូរឈ្មោះពីគណបក្សសង្គ្រោះជាតិទៅជាគណបក្សភ្លើងទៀន នោះពួកគេក៏ទទួលបានការចុះឈ្មោះថ្មីដែលទំនងជាទទួលយកបាននៅពេលនោះដែរ។
លោក សុន ឆ័យ បន្តថា៖ «នេះទទួលបានការយល់ព្រមពីក្រសួងមហាផ្ទៃ ហើយឯកសារនោះក៏ត្រូវបានទទួលយកសម្រាប់ការបោះឆ្នោតឃុំសង្កាត់ដែរ»។
តាំងពីដើមខែមេសាមក ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនបានស្នើសុំជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប៉ុន្តែមិនបានទទួលការឆ្លើយតប ឬ«ការណែនាំច្បាស់លាស់ទេ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងថា ក្រសួងមហាផ្ទៃមិនទទួលខុសត្រូវចំពោះឯកសារបាត់បង់របស់គណបក្សភ្លើងទទៀនទេ។
លោក សុភ័គ បាននិយាយថា៖ «ខ្ញុំមិនដឹងឆ្លើយយ៉ាងម៉េចទេ ព្រោះខ្ញុំមិនទទួលខុសត្រូវលើករណីនោះទេ ហើយបញ្ហានោះក៏មិនស្ថិតនៅក្រោមអំណាចរបស់ក្រសួងមហាផ្ទៃដែរ»។
ប៉ុន្តែលិខិតផ្ទាល់របស់ គ.ជ.ប បញ្ជាក់ថា ក្រសួងមហាផ្ទៃចេញឯកសារទទួលស្គាល់គណបក្សនយោបាយដោយស្របច្បាប់។
លិខិតចុះថ្ងៃទី៥ ខែមេសា បានសរសេរថា៖ «គណបក្សនយោបាយត្រូវភ្ជាប់សេចក្តីចម្លងបញ្ជាក់លិខិតបញ្ជាក់នៃការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ»។
លោក មុនីកា បាននិយាយថា បក្សភ្លើងទៀនក៏បានស្នើទៅប៉ុស្តិ៍នគរបាលសង្កាត់ទន្លេបាសាក់ និងប៉ុស្តិ៍នគរបាលចាក់អង្រែលើក្នុងរាជធានីភ្នំពេញ ដោយសុំឲ្យជួយរកឯកសារចុះឈ្មោះគណបក្ស ដែលប្រហែលអាចត្រូវបានរឹបអូសពេលឆ្មក់ចូលបិទទីស្នាក់ការគណបក្សក្នុងឆ្នាំ ២០១៧។ ប៉ុន្តែលោកបានអះអាងថា ប៉ូលិសបាន “បដិសេធ” សំណើទាំងនេះ។ ប៉ូលិសប៉ុស្តិ៍ទាំងពីរមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ហើយអ្នកនាំពាក្យស្នងការនគរបាលក្រុងភ្នំពេញ លោក សាន សុខសីហា ក៏មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយដែរ។
លោក មុនីកា និយាយថា គណបក្សភ្លើងទៀន គ្រោងនឹងដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងឯកសារចុះឈ្មោះទៅ គ.ជ.ប នៅថ្ងៃទី៥ ឬទី៧ ខែឧសភា ដោយលោកកត់សម្គាល់ថា គ.ជ.ប នឹងទុកពេលមួយសប្តាហ៍បន្ថែមទៀត ដើម្បីកែតម្រូវតាមតម្រូវការ។
លោក មុនីកា ទទួលស្គាល់ថា ប្រសិនបើលិខិតចុះឈ្មោះចាំបាច់មិនត្រូវបានផ្តល់ឲ្យដោយក្រសួងមហាផ្ទៃមុនពេលថ្ងៃកំណត់នោះទេ គណបក្សភ្លើងទៀនអាចនឹងត្រូវដកសិទ្ធិមិនអាចចូលរួមការបោះឆ្នោតជាផ្លូវការនៅពាក់កណ្តាលខែឧសភានេះទេ។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បាននិយាយថា មានគណបក្សចំនួន១០ ប៉ុន្តែមិនមានបក្សភ្លើងទៀនទេ បានចុះឈ្មោះរួចរាល់ហើយ។ គេហទំព័ររបស់ គ.ជ.ប បង្ហាញថា គិតត្រឹមថ្ងៃទី១ ខែឧសភា គណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយតូចៗចំនួន៦ បានទទួលការយល់ព្រមឲ្យចូលរួមក្នុងការបោះឆ្នោត។
នៅពេលសួរអំពីការលំបាករបស់គណបក្សភ្លើងទៀនក្នុងការចុះឈ្មោះ លោក ពុទ្ធា បាននិយាយថា លោកមិនច្បាស់ពីបញ្ហានេះទេ។
លោកពុទ្ធា បានថ្លែងថា៖ «ព័ត៌មានដែលខ្ញុំទទួលបានកាលពីម្សិលមិញ [ថ្ងៃអង្គារ] គឺគណបក្សនេះ [គណបក្សភ្លើងទៀន] មិនទាន់បានចុះឈ្មោះនៅឡើយទេ ហើយខ្ញុំនឹងប្រាប់ទៅ[ខេមបូចា]វិញ ព្រោះខ្ញុំក៏តាមដានព័ត៌មាននេះដែរ។ ខ្ញុំត្រូវការពេល១០ នាទី ដើម្បីសួរសហការីរបស់ខ្ញុំសិន ថាតើឯកសារអ្វីខ្លះ ដែលគណបក្សភ្លើងទៀនមិនមាន»។
លោកមិនបានផ្តល់ការបំភ្លឺទេ ហើយក៏មិនបានឆ្លើយតបនឹងសំណើសុំធ្វើការអត្ថាធិប្បាយបន្ថែមទៀតដែរ។
លោក កន សាវាង្ស អ្នកសម្របសម្រួលកម្មវិធីតាមដាន និងតស៊ូមតិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បាននិយាយថា ប្រសិនបើ គ.ជ.ប ផ្លាស់ប្តូរលក្ខខណ្ឌណាមួយសម្រាប់ការចុះឈ្មោះគណបក្សនោះ គណបក្សនយោបាយទាំងអស់គួរតែត្រូវផ្តល់ព័ត៌មានឱ្យបានទូលំទូលាយ និងសុំឱ្យក្រសួងមហាផ្ទៃផ្តល់ឯកសារពាក់ព័ន្ធ នៅពេលចាំបាច់។
លោក សាវាង្ស មាននិយាយថា៖ «នៅឆ្នាំ២០២២ គណបក្សភ្លើងទៀនបានចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់ គឺមានន័យថា គណបក្សនេះបានបំពេញបែបបទរបស់ខ្លួនជាមួយ គ.ជ.ប រួចហើយ ដូច្នេះវាមិនគួរជាឧបសគ្គក្នុងការចុះឈ្មោះសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ នោះទេ»។ លោកបានបន្ថែមថា៖ «វានឹងជាករណីមិនគួរឱ្យជឿទេ ប្រសិនបើឯកសារនោះមិនអាចប្រើប្រាស់បាន» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ New Policy May Prevent Opposition Candlelight Party From Registering for Elections