សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

គណបក្សទាំង១៨សន្យាអនុវត្តតាមគោលនយោបាយអាទិភាពរបស់​ខ្លួន នៅពេលឈ្នះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧

យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនៅខេត្តស្វាយរៀង ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ (រូបថតផ្តល់ឱ្យ)
យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនៅខេត្តស្វាយរៀង ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ (រូបថតផ្តល់ឱ្យ)

បេក្ខជនមកពីគណបក្សនយោបាយចំនួន១៨នឹងត្រូវចូលរួមបោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដា បើទោះបី​ជា​អ្នក​សង្កេតការណ៍​​អន្តរជាតិ និងក្រុមសិទ្ធិមនុស្សបានរិះគន់យ៉ាងទូលំទូលាយថា ដំណើរការ​បោះឆ្នោត​ខ្វះ​តម្លាភាព និងយុត្តិធម៌ ស្របពេលគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច​សង្ឃឹម​ឈ្នះ​១០០​ភាគរយ។

នៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ គណបក្សថ្មីចាស់ទាំងអស់ ដោយមិនរាប់បញ្ចូលគណបក្ស​ភ្លើងទៀន បានទទួលសំឡេងឆ្នោតតិចជាង៤% ។ ដោយឡែកគណបក្សភ្លើងទៀនបានឈ្នះប្រហែល២២%​ ដែលចាត់ទុកជាគណបក្សមានប្រជាប្រិយភាព និងកម្លាំងគ្រប់គ្រាន់អាចប្រកួតប្រជែង​ជាមួយគណបក្ស​កាន់អំណាច ប៉ុន្តែជាអកុសលត្រូវបានដកសិទ្ធិពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នេះ កាល​ពីខែឧសភា។

ទន្ទឹមនឹងនេះលោក មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម លើកឡើងថា ទោះបីការបោះឆ្នោត​ក្នុង​អាណត្តិ​ទី៧នេះ មានគណបក្ស១៨ចូលរួមប្រកួតប្រជែងក៏ដោយ ក៏គណបក្សទាំងអស់នោះ មិនមានកម្លាំង ឬ​ឥទ្ធិពល​គ្រប់គ្រាន់ដែលអាចប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចឡើយ។ សូម្បីការធ្វើយុទ្ធនាការ​ឃោសនា​បោះឆ្នោត ក៏មានគណបក្សមួយចំនួនមិនមានធនធានគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ផង។

លោកបន្តថា៖ «តាមដែលខ្ញុំមើលទៅ ក៏អាចសន្និដ្ឋានតាំងពីឥឡូវទៅហើយថា ជ័យជម្នះស្ទើរតែ​១០០​ភាគ​រយ​បានទៅគណបក្សកាន់អំណាចរួចជាស្រេចបាត់ហើយ។ ព្រោះយើងមើលទៅ​មិន​ឃើញមាន​គណបក្ស​ណា ដែលអាចនឹងមានកម្លាំងទៅប្រកួតប្រហាក់ប្រហែល​ជាមួយ​គណបក្ស​អំណាចបានទេ»

លោកបន្ថែមថា បើរាប់តាមចំនួនគណបក្ស វាអាចបង្ហាញជាពហុបក្ស ប៉ុន្តែលំហការប្រកួតប្រជែងហាក់​មិន​អនុញ្ញាតឱ្យបានគ្រប់គ្រាន់ ដែលលោក មាស នី ប្រៀបធៀបលទ្ធិប្រជាធិបតេយ្យកម្ពុជាបច្ចុប្បន្នស្រដៀង​នឹង​រដ្ឋកុម្មុយនិស្តមួយចំនួន។

ទោះជាយ៉ាងនេះក្តី គណបក្សដែលចូលរួមក្នុងការបោះឆ្នោតបានផ្តល់ការសន្យា និងគោលនយោបាយ​មួយ​ចំនួនក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតដល់អ្នកគាំទ្រ ដូចជាការទទួលបានការ​ថែទាំ​សុខភាព​មានតម្លៃសមរម្យ កំណែទម្រង់ប្រព័ន្ធតុលាការ និងការបង្កើនប្រាក់ឈ្នួលអប្បបរមា។ នេះជាការ​លើកឡើង​របស់គណបក្សទាំង១៨ ដែលមានបេក្ខជននៅក្នុងការបោះឆ្នោតនាពេលខាងមុខ ដោយតាម​លំដាប់​លំដោយ​នៃ​តារាងលេខលើសន្លឹកឆ្នោត រួមជាមួយនឹងគោលនយោបាយអាទិភាពមួយចំនួន។

គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ (លេខរៀងទី១ក្នុងសន្លឹកឆ្នោត)

លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នឹងផ្តល់អាទិភាព​ដល់​ការ​បង្កើត​មូលនិធិ​កិច្ចការសង្គម ដែលផ្តោតលើការអភិវឌ្ឍន៍ និងជួយប្រជាពលរដ្ឋក្រីក្រ នេះបើ​តាម​ការបញ្ជាក់​របស់​លោក ម៉ម សូណង់ដូ បានប្រាប់ BTV News Cambodia ។

គណបក្សខ្មែរតែមួយ (លេខរៀងទី២ក្នុងសន្លឹកឆ្នោត)

គណបក្ស​ខ្មែរ​តែមួយ ​បាន​សន្យា​ផ្តល់​ប្រាក់​បៀវត្សរ៍​ចំនួន​២៦​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ដល់​មនុស្ស​ចាស់។ ប្រធាន​គណបក្សខ្មែរតែមួយ លោក គុជ លី ក៏ចង់ដំឡើងប្រាក់ខែគ្រូពេទ្យ ពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈ​ក្នុង​វិស័យ​វេជ្ជសាស្ត្រផងដែរ។

លោក គុជ លី ប្រធាន​គណបក្ស​ខ្មែរ​តែមួយ ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៣។

គណបក្សសញ្ជាតិកម្ពុជា (លេខរៀងទី៣ក្នុងសន្លឹកឆ្នោត)

លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា មានប្រសាសន៍ថា គណបក្សរបស់​លោកនឹង​ផ្តោត​លើ​កិច្ចសហប្រតិបត្តិការរវាងប្រជាពលរដ្ឋ និងមន្ត្រីរដ្ឋាភិបាល ដើម្បីធានាបាននូវសុខសន្តិភាពក្នុងប្រទេស។  លោកបានប្រាប់សារព័ត៌មានRFI ថា មានគោលនយោបាយ​​សំខាន់ៗដែលផ្សារភ្ជាប់ទៅនឹងព្រះពុទ្ធសាសនា តាមរយៈ​សាមគ្គីធម៌ ធ្វើបុណ្យ និងការរក្សាសីលជាដើម។ លោក សេង សុខេង លើកឡើងថា បើបោះឆ្នោត​ឱ្យគណបក្សសញ្ជាតិកម្ពុជា អ្នកចាញ់ក៏សុខ អ្នកឈ្នះក៏សុខ។

ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា លោក សេង សុខេង ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០២៣។

គណបក្សខ្មែររួបរួមជាតិ (លេខរៀងទី៤ក្នុងសន្លឹកឆ្នោត)

គណបក្សខ្មែររួបរួមជាតិ ក្រោមការដឹកនាំរបស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សនេះ បានសន្យា​នឹង​បង្កើត​គោលនយោបាយមួយ ដែលនឹងកំណត់ថ្លៃព្យាបាលជំងឺនៅមន្ទីរពេទ្យចំនួន ១០ ០០០រៀល សម្រាប់​ព្យាបាល​ជំងឺ​គ្រប់ប្រភេទនៅតាមមន្ទីរពេទ្យរដ្ឋ។ លោក​ថា នេះ​ជា​គោលនយោបាយ​សំខាន់​បំផុត​របស់​គណបក្ស។

លោក​បញ្ជាក់​ថា​៖ «(គោលនយោបាយ​នេះ) គឺ​ជា​ការ​ពេញ​និយម​បំផុត​ក្នុង​ចំណោម​ប្រជាជន ព្រោះ​វា​នឹង​រួម​បញ្ចូល​ទាំង​គ្លីនិក​កម្ពុជា​គ្រប់​ប្រភេទ និង​មន្ទីរពេទ្យ​រដ្ឋ»

បើតាមប្រធានគណបក្សរូបនេះអះអាងថា សម្រាប់ការព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ បណ្ដាប្រទេសមួយចំនួនបានធ្វើរួចទៅហើយ។ ជាក់ស្តែង ប្រទេសថៃ គឺព្យាបាលជំងឺ​ជូនប្រជាពលរដ្ឋ​នៅ​តាមមន្ទីរពេទ្យរដ្ឋ គ្រាន់តែបង់ថ្លៃត្រឹម៣០បាតស្មើនឹង១ដុល្លារប៉ុណ្ណោះ។

អ្នកគាំទ្រគណបក្សខ្មែររួបរួមជាតិ ធ្វើយុទ្ធនាការនៅរាជធានីភ្នំពេញ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/សុវណ្ណ ស្រីពេជ្រ)

គណបក្សកម្លាំងប្រជាធិបតេយ្យ (លេខរៀងទី៥ក្នុងសន្លឹកឆ្នោត)

នេះជាលើកទីមួយហើយដែលគណបក្សកម្លាំងប្រជាធិបតេយ្យ មានបេក្ខជនឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​សកល បន្ទាប់ពីត្រូវបានទទួលស្គាល់​ជាផ្លូវការដោយរដ្ឋាភិបាលក្នុងឆ្នាំ ២០២០។ ចំពោះលោក អ៊ុន វិសិទ្ធគុណ ប្រធានគណបក្ស ថ្លែងថា សុខភាពគឺជាបញ្ហាសំខាន់ ហើយគណបក្ស​ចង់បង្កើត​គោល​នយោបាយ ដែលរាល់ការចំណាយលើមន្ទីរពេទ្យត្រូវបានរ៉ាប់រងដោយរដ្ឋាភិបាល។

លោកបន្តថា៖ «វិស័យសុខាភិបាលជាអាទិភាពមួយដែលត្រូវផ្លាស់ប្តូរប្រសិនបើគណបក្សឈ្នះឆ្នោត»

គណបក្សនេះមានគោលនយោបាយអាទិភាពផ្សេងទៀតសម្រាប់គណបក្ស រួមមានការរក្សាវប្បធម៌ខ្មែរ ក៏ដូចជាការ​កែលម្អ​ការគ្រប់គ្រងចំណូលរបស់រដ្ឋាភិបាល និងប្រាក់បៀវត្សរ៍មន្ត្រីរាជការជាដើម។

ប្រធាន​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ លោក អ៊ុន វិសិទ្ធគុណ ធ្វើ​យុទ្ធនាការ​នៅ​ខេត្ត​កំពត នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០២៣។

គណបក្សកសិករ (លេខរៀងទី៦ក្នុងសន្លឹកឆ្នោត)

លោក មាស បូពៅ ប្រធានគណបក្សកសិករ បានលើកឡើងថា គណបក្សនឹងផ្តោតលើការ​ពង្រឹង​វិស័យ​កសិកម្ម​របស់ប្រទេស ដោយមួយផ្នែកតាមរយៈរដ្ឋទិញស្រូវពីកសិករ នៅពេលពួកគាត់​គ្មានទីផ្សារ​លក់​ផលិតផល។ លោក​បន្តថា គណបក្ស​នឹង​ធ្វើ​ការ​កែ​លម្អ​ប្រព័ន្ធ​ធារាសាស្ត្រ​​ក្នុងប្រទេសផងដែរ។

លោកបន្ថែមថា៖ «គោលនយោបាយអាទិភាពរបស់យើង គឺយើងបានកំណត់យក១០ចំណុច ដែលយើង​បានដាក់នៅក្រសួងមហាផ្ទៃ ក៏ដូចជាគោលនយោបាយបច្ចុប្បន្នភាពដែលយើងត្រូវការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ»

សមាជិក​គណបក្ស​កសិករ ​ធ្វើ​យុទ្ធនាការ​នៅ​ខេត្ត​កំពង់ធំ ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០២៣។

គណបក្ស​ស្ត្រី​ដើម្បី​ស្ត្រី (លេខរៀងទី៧ក្នុងសន្លឹកឆ្នោត)

គណបក្ស​​ស្ត្រី​​ដើម្បី​ស្ត្រី ដឹកនាំ​​ដោយលោកស្រី ស៊ឹង សុធីគឺ​ផ្តោត​លើ​ការ​ជំរុញ​ស្ត្រី​ឱ្យ​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស។គណបក្ស​នេះ​ត្រូវ​បាន​បង្កើត​ដំបូង​ក្នុង​ឆ្នាំ១៩៩៩ ​​មាន​ឈ្មោះ​ថាគណបក្សកួរស្រូវ ប៉ុន្តែ​បាន​ដូរ​ឈ្មោះ​​ជាគណបក្សស្ត្រីដើម្បីស្ត្រី​នៅ​ឆ្នាំ២០២៣។

លោកស្រី សុធី បញ្ជាក់ថា៖«ខ្ញុំចង់ឱ្យស្ត្រីទាំងអស់ក្រោកឈរ ហើយកុំគិតថា ខ្លួនទន់ខ្សោយ ត្រូវនៅចាំផ្ទះ ហើយ​ពឹងផ្អែកលើប្ដី»។ លោកស្រីបន្តថា៖«ដោយសារទំនៀមទម្លាប់ប្រពៃណី ស្ត្រីគិតថា តួនាទី​របស់​ពួកគាត់​គឺគ្រាន់តែជាស្ត្រីមេផ្ទះប៉ុណ្ណោះ ដែលជាហេតុផលមួយក្នុងចំណោមហេតុផល ដែលធ្វើឱ្យពួកគេ​បាត់បង់​កម្លាំង​របស់ខ្លួន»

លោកស្រីចង់ឱ្យស្ត្រីចូលរួមកាន់តែច្រើនក្នុងការដោះស្រាយបញ្ហាសង្គម ទន្ទឹមនឹងនេះលោកស្រី​មាន​អារម្មណ៍ថាស្ត្រីត្រូវបានផ្តល់តម្លៃទាប ខ្វះការអប់រំ និងឱកាសការងារនៅឡើយ។ ប្រសិនបើ​លោកស្រី​ជានាយករដ្ឋមន្ត្រី នឹងកសាងសហគមន៍មួយដែលងាយចូលទៅកាន់ទីផ្សារ ជួយលើកកម្ពស់​ស្ថានភាព​សេដ្ឋកិច្ច​របស់ប្រជាពលរដ្ឋផងដែរ។

គណបក្សនេះក៏ចូលរួមកាត់បន្ថយអសន្តិសុខស្បៀង ទប់ស្កាត់ការផ្សព្វផ្សាយគ្រឿងស្រវឹងដល់​សាធារណជន តស៊ូមតិដើម្បីសិទ្ធិអ្នកទោស ជួយជនចាស់ជរាជំពាក់បំណុល និងលុបបំបាត់ល្បែង​ស៊ីសងក្នុងសហគមន៍។

អ្នកស្រី សឿង សុធី ប្រធានគណបក្សស្ត្រីដើម្បីស្ត្រី ចុះជួបប្រជាពលរដ្ឋនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

គណបក្សខ្មែរឈប់ក្រ (លេខរៀងទី៨ក្នុងសន្លឹកឆ្នោត)

លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ ប្រាប់សារព័ត៌មានCambodianess ថា ​ប្រសិន​បើ​គណបក្ស​របស់លោកឈ្នះការបោះឆ្នោតសកលនោះ គ្រោងនឹងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ និងបណ្ណ​ថែទាំ​សុខភាពដល់ជនពិការ មនុស្សចាស់ កុមារ និងស្ត្រីមានផ្ទៃពោះ។ គណបក្សនេះក៏មានបំណង​ផ្តល់ឱ្យ​ប្រជាជន​នូវ Wi-Fi ដោយឥតគិតថ្លៃជាមួយនឹងអ៊ីនធឺណិត6G ។ គោលនយោបាយពិសេសមួយទៀត បក្សខ្មែរឈប់ក្រនឹងនាំអ្នកចូលនិវត្តន៍ធ្វើទស្សនកិច្ចនៅក្រៅប្រទេស។

ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក ក្រវ៉ាញ ដារ៉ន (រូបថត​ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដារ៉ន)

គណបក្សហ៊្វុនស៊ិនប៉ិច (លេខរៀងទី៩ក្នុងសន្លឹកឆ្នោត)

គណបក្សហ៊្វុនស៊ិនប៉ិច មានគោលនយោបាយផ្តោតលើការការពាររបបរាជានិយម និងគោរពកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ គណបក្សហ្វ៊ុនស៊ិនប៉ិចដែលជាគណបក្សរាជានិយម​មានវ័យចំណាស់បំផុត បន្សល់ទុកពីព្រះបរមរតនកោដ្ឋ និងពីសម្តេចក្រុមព្រះ ដែលបច្ចុប្បន្នមាន​ព្រះអង្គ​ម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សបន្តដឹកនាំពីព្រះបិតា។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វុនស៊ិនប៉ិច លើកឡើងថា គោលនយោបាយទី១ដែលមាន​ការ​គាំទ្រច្រើនពីប្រជាពលរដ្ឋ គឺរបបរាជានិយម និងការគោរពច្បាប់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែល​គោល​នយោបាយនេះអាចធ្វើឱ្យប្រទេសមានសន្តិភាពនិងរីកចម្រើន។

លោកបានបន្តថា របបរាជានិយម​ត្រូវបាន​ផ្តួលរំលំក្នុងឆ្នាំ១៩៧០ ដែលធ្វើឱ្យប្រទេសមានសង្រ្គាម និងធ្វើឱ្យ​សេដ្ឋកិច្ចជាតិធ្លាក់ដល់ចំណុចសូន្យ ហើយ​ប្រជាពលរដ្ឋទាំងអស់ត្រូវបាត់បង់សេរីភាព ប៉ុន្តែបន្ទាប់ពី​របបរាជានិយម​​បានដឹកនាំប្រទេសវិញ​ប្រជាជន​ទទួល​​បានសិទ្ធិសេរីភាព ហើយក្នុងប្រទេសទទួល​បាន​សន្តិភាព។

លោក រ៉ាដែន ថ្លែងថា៖ «ក្រោយពីឆ្នាំ១៩៩៣ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានជោគជ័យ របបរាជានិយម​ក៏បានរស់ឡើងវិញ ហើយប្រជារាស្រ្តមានសិទ្ធិសេរីភាព និងសង្គមជាតិមានការអភិវឌ្ឍរីកចម្រើន»

គណបក្ស​ហ៊្វុនស៊ិនប៉ិច ​ក៏មានគោលនយោបាយ ​បញ្ចុះតម្លៃជី អគ្គិសនី ប្រេងឥន្ធនៈ ឱ្យបានថោក និង​បង្រ្កោប​ការជួញដូរគ្រឿងញៀន និងប្រមូលជនរងគ្រោះមកព្យាបាលដោយឥតបង់ប្រាក់។

នរោត្តម ចក្រាវុធ ព្រះប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជួប​អ្នកគាំទ្រ​របស់​ព្រះអង្គ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/​ ព្រីង សំរាំង)

គណបក្សធម្មាធិបតេយ្យ (លេខរៀងទី១០ក្នុងសន្លឹកឆ្នោត)

គណបក្សធម្មាធិបតេយ្យ ដែលមានលោកស្រី ពោធិតី សាវត្ថី ​ជាមេដឹកនាំគណបក្សបានចេញគោល​នយោបាយ​ថា គណបក្សប្តេជ្ញានឹងចូលរួមលុបបំបាត់អំពើពុករលួយ ឱ្យមានប្រសិទ្ធភាពខ្ពស់​ក្នុង​ប្រទេស។ លោកស្រីបានកំណត់ថា នៅពេលជាប់ឆ្នោតដឹកនាំរាជរដ្ឋាភិបាល ឬត្រឹមទទួលបានអាសនៈក្នុងសភា នឹង​ចូលរួមបំបាត់អំពើពុករលួយ ដែលមានក្នុងសង្គម ប៉ុន្តែលោកស្រីថា មុនលុបបំបាត់អំពើពុករលួយ​ក្នុង​សង្គម​ទាំងមូល ត្រូវផ្តើមចេញពីខ្លួនឯង ជាមុនសិន តាមរយៈការមិនយកថវិកា ពីតំណាងរាស្រ្តបក្សជាថ្នូរនឹងការ​បាន​​តំណែងនេះ គឺពួកគាត់ចូលដោយសមត្ថភាព និងការតស៊ូជាមួយបក្ស ។

លោកស្រីបញ្ជាក់បន្ថែមថា៖ «យើងអត់ទទួលលុយពីសមាជិកទេ នេះគឺជាការបំបាត់អំពើពុករលួយ​ខ្លួនឯង​សិន»

គោលនយោបាយផ្សេងទៀតរួមមាន កែតម្រូវប្រព័ន្ធតុលាការឱ្យមានយុត្តិធម៌ពិតប្រាកដ កែទម្រង់ប្រព័ន្ធ​កសិកម្ម និងរៀបចំប្រព័ន្ធធារាសាស្ត្រឱ្យបានត្រឹមត្រូវ រកទីផ្សារសម្រាប់កសិផល និងឧស្សាហផល កែទម្រង់​ប្រព័ន្ធសុខាភិបាលឱ្យមានប្រសិទ្ធភាព កែទម្រង់ប្រព័ន្ធអប់រំឱ្យល្អប្រសើរ និងអ្នកនយោបាយ​ត្រូវមាន​សញ្ជាតិ​ខ្មែរតែមួយ គឺខ្មែរពីកំណើត។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ព្រះ​ធម្មាធិបតេយ្យ​នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២៣។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (លេខរៀងទី១១ក្នុងសន្លឹកឆ្នោត)

ចំពោះគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដឹកនាំ​ដោយ ​លោក យ៉េង វីរៈ ការកំណត់អាណត្តិ​នាយករដ្ឋមន្ត្រី​ត្រឹមតែ២អាណត្តិ គឺជាគោលនយោបាយដ៏សំខាន់។

លោក សេក សុខា ប្រធានគណៈកម្មាធិការនាយកនៃគណបក្សមូលដ្ឋាន លើកឡើងថា ដើម្បីមានការ​ផ្លាស់​ប្តូរ លទ្ធិប្រជាធិបតេយ្យរស់ឡើងវិញ និងវិសោធនកម្មច្បាប់ណាមិនបម្រើប្រយោជន៍ជាតិបាន លុះត្រា​មាន​សភាមានពហុបក្ស ហើយគណបក្សនីមួយៗដឹកនាំប្រទេសបានត្រឹមតែ២អាណត្តិ។

លោកបញ្ជាក់ថា៖ «យើងផ្តោតសំខាន់ទៅលើការកំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹម២អាណត្តិ ហើយ​យើង​គណបក្សប្រជាធិបតេយ្យមូលដ្ឋានតម្កល់ និងចាត់ទុកប្រយោជន៍ជាតិជាធំ អត់គិតរឿងបក្សពួកអីទេ»

គណបក្សក៏មានគោលនយោបាយស្តីពីដោះស្រាយបញ្ហាគ្រឿងញៀន កាត់បន្ថយការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍។ ការពារ និងអភិរក្សព្រៃឈើ ព្រៃលិចទឹក និងស្តារប្រឡាយ បឹង ព្រែក និងផ្តល់ទឹកគ្រប់គ្រាន់​ប្រើ​ប្រាស់លើវិស័យកសិករ ដែលគោលនយោបាយអាទិភាពទាំងពីរនេះ ហាក់ប្លែកពីគោលនយោបាយ​របស់​គណបក្សដទៃ។ ដែលពលរដ្ឋកំពុងប្រឈម និងត្អួញត្អែរជារៀងរាល់ថ្ងៃ ត្រូវការដំណោះស្រាយ​សម្រាប់​ពួកគាត់ផងដែរ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅ​តាមដងផ្លូវ​ក្នុង​រាជធានីភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

គណបក្សបំណងពលរដ្ឋ (លេខរៀងទី១២ក្នុងសន្លឹកឆ្នោត)

លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ បាននិយាយនៅលើ បណ្តាញ YouTube របស់​គណបក្ស ថា គោលនយោបាយរបស់គណបក្ស​នឹងផ្តល់អាទិភាពដល់ការ​កែលម្អវិស័យអប់រំ​ឱ្យមាន​គុណភាព ការអភិវឌ្ឍវិស័យសុខាភិបាល និងធ្វើឱ្យវិស័យសេដ្ឋកិច្ចក្នុងប្រទេសមានភាពរីកចម្រើន ។

លោកបានមានប្រសាសន៍ថា៖ «ការធានានូវគុណភាពនៃវិស័យអប់រំ វិស័យសុខាភិបាល វិស័យពាណិជ្ជកម្ម ទំនាក់ទំនងការបរទេស (ទំនាក់ទំនងរវាងជាតិ និងអន្តរជាតិ) ជាកិច្ចការងារមួយដែល​រដ្ឋាភិបាលរបស់​គណបក្ស​បំណងពលរដ្ឋត្រូវតែបំពេញ»

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​គោល​បំណង​ប្រជាជន​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៣។

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច (លេខរៀងទី១៣ក្នុងសន្លឹកឆ្នោត)

លោក ហួន ច័ន្ទថុន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានលើកឡើងថា គោលនយោបាយធំៗ របស់គណបក្ស គឺផ្តោតទៅលើ អភិវឌ្ឍន៍ធនធានមនុស្ស អភិវឌ្ឍន៍កសិកម្ម និងកសិឧស្សាហកម្ម អភិវឌ្ឍន៍វិស័យទេសចរណ៍ អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍ដំណើរការប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា។

លោកបន្តថា គោលនយោបាយដែលមានអាទិភាព ដែលគណបក្សគ្រោងនឹងជម្រុញឱ្យ​មានការអនុវត្ត​ឱ្យបានមុនគេ គឺគោលនយោបាយ អនុវត្តន៍ដំណើរការប្រព័ន្ធយុត្តិធម៌  ។​

លោក ច័ន្ទថុន បញ្ជាក់ថា៖ «ពុកម៉ែបងប្អូនជាទីគោរព នៅពេលដែលគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ទទួលបានការគាំទ្រពីពុកម៉ែបងប្អូន ឱ្យបានក្លាយជា​រាជរដ្ឋាភិបាល យើងនឹង​អនុវត្ត​នូវ​គោលនយោបាយ​មួយនេះ ឱ្យកាន់តែស៊ីជម្រៅបំផុត  សម្រាប់ផ្តល់ជាភាពយុត្តិធម៌ និងកក់ក្តៅជូនសង្គម»

យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។

គណបក្សឯកភាពជាតិខ្មែរ (លេខរៀងទី១៤ក្នុងសន្លឹកឆ្នោត)

​គណបក្សឯកភាពជាតិខ្មែរ សន្យា​ផ្តល់ប្រាក់ឧបត្ថម្ភ៣សែនរៀលក្នុង១ខែ ដល់មនុស្ស​មានអាយុ​ចាប់​ពី​៦៥ឆ្នាំឡើង និងកុមារនៃគ្រួសារក្រីក្រក្រោមអាយុ៦ឆ្នាំ ទទួលបានប្រាក់ឧបត្ថម្ភ៤ម៉ឺនរៀលក្នុង១ខែ។

លោក អ៊ុន ជីម មានប្រសាសន៍ថា៖ «ចំពោះចាស់ជរាដែលអាយុ៦៥ឆ្នាំគ្មានទីជម្រកគ្មានកូនចៅមើលថែ យើងមិនអាចទុកឱ្យគាត់ដើរសុំទានពេញតែផ្លូវបានចឹងទេ។ លោក អ៊ុន ជីម បន្តថា៖ «ម្តាយឪពុក​ក្រីក្រគ្មានចំណូលគ្មានអ្វីៗ​ទាំងអស់ កូនត្រូវការទឹកដោះគោ កូនត្រូវការវីតាមីន តើរដ្ឋយើងគួរគិត​យ៉ាង​ម៉េច?…..កន្លែងនេះហើយដែលយើងត្រូវគិតគូរក្នុងនាមជាគណបក្សនយោបាយ»

គណបក្សឯកភាពជាតិខ្មែរក៏មានគោលនយោបាយផ្តល់បណ្ណថែទាំសុខភាពដល់ប្រជាពលរដ្ឋក្រីក្រសម្រាប់ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ព្រមទាំងដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការតាមមូលដ្ឋាន ទាប​បំផុត២លាន៥សែនរៀល និងកម្មករ ទាបបំផុត១លាន៥សែនរៀល។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ឯក​ភាព​ជាតិខ្មែរ នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២៣។

គណបក្សខ្មែរអភិរក្ស (លេខរៀងទី១៥ក្នុងសន្លឹកឆ្នោត)

គណបក្សខ្មែរអភិរក្ស ដែលដឹកនាំដោយលោក រៀល ខេមរិន្ទ្រ ជាប្រធានគណបក្ស​មាន​គោលនយោបាយ​ផ្តោតលើការបំបាត់អំពើពុករលួយក្នុងប្រទេស លុបបំបាត់គ្រឿងញៀន លើកស្ទួយវិស័យអប់រំ លើកស្ទួយ​ជីវភាពប្រជាពលរដ្ឋដើម្បីកាត់បន្ថយភាពក្រីក្រ គោរពសិទ្ធិម្ចាស់ឆ្នោត។ គណបក្ស​ក៏​ចង់​ផ្តល់​សេវា​ព្យាបាល​ជំងឺ​មិន​គិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​ផង​ដែរ។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ខ្មែរ​អភិរក្ស​និយម នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០២៣។

គណបក្សយុវជនកម្ពុជា (លេខរៀងទី១៦ក្នុងសន្លឹកឆ្នោត)

គណបក្សយុវជនកម្ពុជា ដែលមានលោក ពេជ្រ ស្រស់ ជាប្រធាន បានបង្ហាញការយកចិត្តទុក​ដាក់ខ្ពស់​លើការអនុវត្តច្បាប់អន្តោប្រវេសន៍សម្រាប់ជនអន្តោប្រវេសន៍ទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជា។ នៅឆ្នាំ២០១៧ គណបក្សនេះបានដាក់ពាក្យបណ្តឹង​ប្រឆាំងនឹង​គណបក្ស​សង្គ្រោះជាតិ ដែលនាំឱ្យមាន​ការរំលាយគណបក្សប្រឆាំង។

គណបក្សយុវជនកម្ពុជាក៏មានគោលនយោបាយផ្តោតទៅលើការ ​បញ្ចុះថ្លៃសាំង និង​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​មន្ត្រី​រាជការ ២លាន៨០ម៉ឺនរៀលឡើងទៅ និងកម្មករចាប់ពី១លាន៤០ម៉ឺនរៀលឡើងទៅ។​មនុស្សចាស់អាយុ៦០ឆ្នាំឡើងទៅនឹងទទួលបានប្រាក់ឧបត្ថម្ភ៣០ម៉ឺនរៀលរៀងរាល់ខែ។ តាមគោល​នយោបាយ​របស់គណបក្សនេះ គណបក្ស​ក៏​ចង់​លុប​បំបាត់ការផ្សាយគ្រឿងស្រវឹងដោយអណាធិបតេយ្យ និងបោសសម្អាតការលក់ ការប្រើប្រាស់គ្រឿងញៀន និងលុបបំបាត់រាល់ការរើសអើង​ចំពោះអ្នកជំងឺក្រីក្រ​នៅតាមគ្រប់មន្ទីរពេទ្យរដ្ឋ និងព្យាបាលដោយមិនបង់ថ្លៃឡើយ។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​យុវជន​កម្ពុជា នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២៣។

គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា (លេខរៀងទី១៧ក្នុងសន្លឹកឆ្នោត)

លោក ប្លាង សីន ជាប្រធានគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ហើយគណបក្សនេះ​មាន​គោល​នយោបាយផ្តោតលើ​ការការពារអត្តសញ្ញាណជនជាតិដើមមិនឲ្យបាត់បង់។ ជាពិសេស គណបក្ស​មាន​ចក្ខុវិស័យ​វែងឆ្ងាយក្នុងការរៀងចំចងក្រង និងការដាក់បង្ហាញអំពីអត្តសញ្ញាណមិនឱ្យបាត់បង់ និង​ការពារ​អត្តសញ្ញាណជនជាតិដើម តាមរយៈការផ្សព្វផ្សាយ និងដាក់នៅក្នុងកម្មវិធីអប់រំសិក្សាធិការ។ ការការពារ​នូវ​កន្លែងសក្ការៈស័ក្តិសិទ្ធនានា មិនឱ្យមានការបំផ្លាញ។ ការរៀបចំឡើងវិញនូវ កន្លែងផលិតសម្ភារៈ​អត្តសញ្ញាណ និងការបង្ហាត់បង្ហាញនូវការតម្បាញប្រពៃណីឱ្យមានឡើងវិញនៅតាមសហគមន៍ជនជាតិដើម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក ស្រូយ ខេត អនុប្រធានគណបក្សជនជាតិដើមប្រជាធិបតេយ្យ មានប្រសាសន៍ថា៖ «គណបក្ស​ជនជាតិដើម ប្តេជ្ញាចិត្តខ្ពស់១០០% ក្នុងការអនុវត្តគោលនយោបាយ បើគណបក្សមានសំឡេងក្នុងរដ្ឋសភា មិនឱ្យបងប្អូនម្ចាស់ឆ្នោតខកចិត្តចំពោះគណបក្សជនជាតិដើមនោះទេ»

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​យុវជន​កម្ពុជា នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២៣។

គណបក្សប្រជាជនកម្ពុជា (លេខរៀងទី១៨ក្នុងសន្លឹកឆ្នោត)

គណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណបក្ស និង​កំពុង​ដឹកនាំ​រដ្ឋាភិបាល បានបង្ហាញពីការផ្តល់តម្លៃរបស់ខ្លួន លើយុត្តិធម៌ ការពារសន្តិភាព បូរណភាពទឹកដី គ្មានអំពើ​ពុករលួយ និងពង្រាយអ្នកជំនាញកសិកម្ម នៅគ្រប់ឃុំទូទាំងប្រទេសជាដើម។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា គោលនយោបាយ​ដែល​ជា​អាទិភាពរបស់គណបក្ស គឺផ្តោតសំខាន់ទៅលើការផ្តល់សេវាថែទាំសុខភាពសាធារណៈដល់ប្រជាពលរដ្ឋ ឱ្យមានភាពងាយស្រួល និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ ដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រាក់ប្រចាំខែ។ លោកបន្ថែមថា កម្មវិធីគោលនយោបាយ​ទាំងអស់​ គឺត្រូវបាន​យកទៅអនុវត្តជាក់ស្តែង  និងបានរំលេចទៅលើគ្រប់វិស័យទាំងអស់​ព្រោះគណបក្ស​ប្រជាជនកម្ពុជា​កំពុង​កាន់អំណាច។

លោកបានបន្ថែមថា៖ «ផ្លូវ ស្ពាន សាលារៀន ភ្លើងអគ្គិសនី និង អាគារ ជាច្រើនក្នុងប្រទេសកម្ពុជា គឺជា​ការ​ខិតខំអភិវឌ្ឍ​របស់គណបក្សប្រជាជនកម្ពុជា»

អ្នកនាំពាក្យរូបនេះបន្ថែមថា គណបក្សប្រជាជនមានគោលនយោបាយលើការពង្រឹង​ផ្នែកកសិកម្មក្នុង​ប្រទេសកម្ពុជាឱ្យមានភាពប្រសើរឡើងតាមរយៈការបញ្ជូនមន្រ្តីជំនាញចុះទៅបណ្តុះបណ្តាលប្រជាពលរដ្ឋនៅតាមជនបទ ហើយដើម្បីឱ្យវិស័យកសិកម្មកាន់តែរីកចម្រើន​គណបក្សបានរៀបចំប្រព័ន្ធទឹក​ដើម្បីបម្រើ​ឱ្យវិស័យកសិកម្ម។ លោកបន្តថា គោលនយោបាយរបស់គណបក្ស គឺមិនយកពន្ធទៅលើដីស្រែ​សម្រាប់​ធ្វើ​កសិកម្មលក្ខណ​គ្រួសារ និង ផ្តល់សម្បទានដីសង្គមកិច្ច ដល់ប្រជាពលរដ្ឋដែលមិនដីសម្រាប់ធ្វើកសិកម្ម។

គោលនយោបាយ​អាទិភាពបន្ថែមទៀតរបស់គណបក្សនេះ រួមមាន​ ការពារ​សន្តិភាព ការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី ​ឱ្យបាន​គង់វង្ស។ កសាង​ប្រព័ន្ធ​គាំពារ​សង្គម​ប្រកបដោយ​បរិ​យា​ប័ន្ន ប្រសិទ្ធភាព និង​ចីរភាព​ហិរញ្ញវត្ថុ ដែល​ធានា​ការផ្ដល់​ការ​គាំពារ​ដល់​ប្រជាជន ក្នុងការ​ឆ្លើយតប​ចំពោះ​ហានិភ័យ​សេដ្ឋកិច្ច ហានិភ័យ​សុខភាព​សាធារណៈ​។ ជំរុញ​ការអនុវត្ត​ «​កម្ពុជា​គ្មាន​មីន​ត្រឹម​ឆ្នាំ ​២០២៥ និង​កាត់បន្ថយ​គ្រាប់​មិនទាន់​ផ្ទុះ​ឱ្យ​បានជា​អតិបរមា​។ បន្ត​អនុវត្ត​នយោបាយ​ការបរទេស​ឯករាជ្យ​ដោយ​ផ្អែកលើ​ច្បាប់​កសាង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ រវាង​កម្ពុជា​ជាមួយ​ប្រទេស​ទាំងអស់​នៅលើ​សកលលោក និង​អង្គការ​អន្តរជាតិ​នានា»

ប៉េងប៉ោងហោះជុំវិញការជួបជុំរបស់គណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ខណៈអ្នកគាំទ្ររង់ចាំហែរក្បួនតាមដងផ្លូវក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ In Election Dominated by Ruling CPP, Minority Parties Make Varied Campaign Promises

432 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម