ធ្វើបច្ចុប្បន្នភាពព័ត៌មាន៖ យ៉ាងហោចណាស់មនុស្យចំនួន១០នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទញុះញង់ប្រជាជនឱ្យផ្ដួលរំលំរដ្ឋាភិបាល ពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ នេះបើយោងតាមបណ្តាញសង្គម និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
យោងតាមបណ្តាញសង្គម និងការផ្សាយរបស់វីអូអេ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មនុស្សចំនួន១០នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងគម្រោងធ្វើបាតុកម្មនេះ។
អគ្គស្នងការដ្ឋាននគរបាលជាតិទទួលបានព័ត៌មានអំពីការធ្វើបាតុកម្មប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ បាតុកម្មនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។ គិតត្រឹមថ្ងៃទី១៥ ខែសីហា មនុស្សចំនួន១០នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងគម្រោងធ្វើបាតុកម្មនេះ។ នេះបើយោងតាមលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិដែលបានប្រាប់វីអូអេ កាលពីថ្ងៃព្រហស្បតិ៍។
លោកបញ្ជាក់ថា៖ «ព័ត៌មាននេះខាងពូទទួលបាន ហើយកងកម្លាំងសមត្ថកិច្ចបានត្រៀមផែនការរួចជាស្រេច សម្រាប់ទប់ស្កាត់អំពើបំផ្លាញសន្តិសុខក្នុងសង្គមនេះ។ ពាក់ព័ន្ធនឹងការចាប់ខ្លួននេះ គឺយើងអនុវត្តទៅតាមសាលក្រមតុលាការ។ គេចាប់ខ្លួនបាន១០នាក់ហើយ»។
នៅក្នុងចំណោមមនុស្ស១០នាក់នោះក៏មាន សមាជិកក្រុមប្រឹក្សាឃុំម្នាក់មកពីគណបក្សភ្លើងទៀននៅខេត្តកំពង់ធំ និងយុវជនអាយុ ២២ឆ្នាំម្នាក់ទៀតនៅឯខេត្តតាកែវបានត្រូវចាប់ខ្លួនពីបទញុះញង់ប្រជាជនឱ្យផ្ដួលរំលំរដ្ឋាភិបាល។
លោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ថា ហ៊ុយ សុភ័ក្ត្រ សមាជិកក្រុមប្រឹក្សាឃុំស្រយ៉ូវ បានត្រូវចាប់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាឱ្យចាប់ខ្លួនពីបទញុះញង់បង្កអសន្តិសុខសង្គម។
លោកព្រះរាជអាជ្ញារងបានបញ្ជាក់ថា៖ «គាត់[សុភ័ក្ត្រ]បានចែករំលែកព័ត៌មានបំភ័ន្តមហាជន ដោយញុះញង់ឱ្យគេធ្វើបាតុកម្មតវ៉ា ។ នេះជាអំពើខុសច្បាប់ពីព្រោះគម្រោង [CLV-DTA] បង្កើតឡើងជាច្រើនឆ្នាំមកហើយ»។ លោកបន្តថា លោក សុភ័ក្ត្រ ត្រូវបានបញ្ជូនខ្លួនទៅកាន់រាជធានីភ្នំពេញហើយ ។
ស្រដៀងគ្នានេះដែរ យុវជនវ័យ ២២ឆ្នាំ ឈ្មោះ សាន ផានិត បានត្រូវចាប់ខ្លួននៅខេត្តតាកែវ បន្ទាប់ពីមានដីកាឱ្យចាប់ខ្លួនចេញដោយសាលាដំបូងរាជធានីភ្នំពេញដូចគ្នាក្រោមហេតុផលតែមួយ ។ នេះបើតាមការចុះផ្សាយនាថ្ងៃពុធរបស់សារព័ត៌មានអនឡាញ Fresh News ។
ឆានែលតេឡេក្រាមមួយឈ្មោះ «រួបរួមដើម្បីជាតិ» ដែលមានសមាជិកសរុប ១៧ ៥៧៨នាក់ គិតត្រឹមថ្ងៃអង្គារ បានត្រូវគេលុបចោលហើយ ។ ឆានែលតេឡេក្រាមដែលលែងដំណើរការនេះបានរៀបចំផែនការធ្វើបាតុកម្មប្រឆាំងនឹង CLV-DTA ដោយបានអំពាវនាវឱ្យប្រជាជនប្រមូលផ្ដុំគ្នានៅរាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែសីហា។ សមាជិកឆានែលនេះក៏បានទទូចស្នើឱ្យរដ្ឋាភិបាលដកខ្លួនចេញពីកិច្ចព្រមព្រៀង CLV នេះផងដែរ ។
ក្នុងអំឡុងពេលជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីនៅឯវិទ្យាស្ថានជាតិអប់រំ នៅរាជធានីភ្នំពេញ នាថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រដ្ឋាភិបាលបានបំពេញតួនាទីរបស់ខ្លួនដើម្បីពង្រឹងការអនុវត្តច្បាប់ក្នុងការការពារសិទ្ធិសេរីភាពរបស់ប្រជាជន១៧លាននាក់នៅក្នុងប្រទេស ដែលក្នុងនោះរាជធានីភ្នំពេញមានប្រជាជនប្រហែល២លាននាក់ ។
លោកបានថ្លែងថា៖ «ចំពោះអ្នកបំផុសបំផុលនៅក្រៅប្រទេស អ្នកភាគច្រើននៅប្រទេសជប៉ុន ខ្ញុំសូមឱ្យក្រសួងការបរទេសសួរទៅរាជរដ្ឋាភិបាលប្រទេសជប៉ុនតែម្តង។ ឥលូវភស្តុភាងមានហើយ គាត់[អ្នកធ្វើបាតុកម្ម] ចេញមកហើយ ថាតើជប៉ុនគាំទ្រទេ ដែលយកទឹកដីជប៉ុន ក្នុងការបំផុសផ្តួលរដ្ឋាភិបាលនៅប្រទេសផ្សេង»។
លោក ហ៊ុន ម៉ាណែត បានបន្តថា៖ «ការបញ្ចេញមតិស្របច្បាប់មិនអីទេ ខ្ញុំមិនថាត្រូវឱ្យជប៉ុនដេញមកវិញទេ ប៉ុន្តែគួរណែនាំថាតើជប៉ុនគួរគាំទ្រទេ ដែលយកទឹកដីជប៉ុនជាមូលដ្ឋាន សម្រាប់ដឹកនាំបាតុកម្មផ្តួលរំលំរដ្ឋាភិបាល ព្រោះសារមានច្បាស់លាស់ហើយគឺ យើងត្រូវតែផ្តួលរដ្ឋាភិបាល តើនេះឬជាអ្វី?»។
នៅពេលទាក់ទងតាមអ៊ីម៉ែល ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឆ្លើយតបថា ពួកគេមិនទាន់អាចបញ្ជាក់ពីការពិតជុំវិញបាតុកម្មនៅក្នុងប្រទេសជប៉ុននៅពេលនេះបាននៅឡើយទេ និងសុំមិនធ្វើអត្ថាធិប្បាយលើរឿងនេះទេ ។
ស្របពេលជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យ«ជនរួមជាតិរួបរួមគ្នាដើម្បីអភិវឌ្ឍព្រំដែនដើម្បីការពារបូរណភាពទឹកដី ព្រមទាំងលុបបំបាត់ការមន្ទិលសង្ស័យ»។
ករណីដាច់ដោយឡែកមួយទៀត គឺក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់បុគ្គលិកអប់រំ លោកគ្រូអ្នកគ្រូ និងសិស្សនិស្សិតសូមជៀសឱ្យឆ្ងាយពី«សកម្មភាពបះបោរផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់» និងគាំទ្រ CLV-DTA និងរដ្ឋាភិបាល ។
ក្រសួងអប់រំបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ថា៖ «ផែនការអូសទាញប្រមូលផ្ដុំប្រជាជនក្នុងស្រុកដើម្បីធ្វើបាតុកម្មប្រឆាំងនឹង CLV-DTA ពុំមែនជាការសម្ដែងមតិនោះទេ»។ ក្រសួងបន្តថា៖ «វាជាការញុះញង់បំផុសបំផុល និងជាការប្រើឧបាយកលនយោបាយបោកបញ្ឆោតដើម្បីប្រមូលកម្លាំងប្រជាជនស្លូតត្រង់ ឱ្យធ្វើបាតុកម្មបះបោរផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់»។
លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ បានសម្ដែងការព្រួយបារម្ភជុំវិញការចាប់ខ្លួនប្រជាជនពាក់ព័ន្ធនឹង CLV-DTA និងបានទទូចស្នើឱ្យរដ្ឋាភិបាលផ្ដល់ការពន្យល់ច្រើនបន្ថែមទៀត ។
លោកបានលើកឡើងថា៖ «យើងព្រួយបារម្ភដែលមានប្រជាជនមួយចំនួនត្រូវបានចាប់ខ្លួន ។ ប៉ុន្តែ យើងជាអ្នកការពារសិទ្ធិមនុស្ស ហើយយើងចង់ឱ្យរដ្ឋាភិបាលផ្ដល់ការពន្យល់បន្ថែមជុំវិញកិច្ចព្រមព្រៀង ដើម្បីឱ្យប្រជាជនទាំងក្នុង និងក្រៅ[ប្រទេស]បានយល់ពីបញ្ហា»។
ថ្មីៗនេះ ក្រសួងមហាផ្ទៃបានចេញបទបញ្ជាមួយឱ្យកងកម្លាំងប្រដាប់អាវុធ អភិបាលខេត្តរាជធានីរឹតត្បិតកុំឱ្យប្រជាជនចូលមករាជធានីភ្នំពេញជាក្រុមៗរហូតដល់ដំណាច់ខែសីហា ដើម្បីទប់ស្កាត់«ក្រុមជ្រុលនិយម»មិនឱ្យមានការរៀបចំ«បដិវត្តន៍ពណ៌»ផ្ដួលរំលំរដ្ឋាភិបាល ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានឱ្យដឹងថា អាជ្ញាធរបន្តផ្ដោតគោលដៅទាំងនៅលើអនឡាញ ឬបច្ចេកវិទ្យាឌីជីថល ចំពោះសកម្មភាព និងមុខសញ្ញាសង្ស័យនានាដើម្បីធានាសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងសង្គម។
លោកថ្លែងថា៖ «យើងបានធ្វើការសន្និដ្ឋាន និងមានធាតុផ្សំគ្រប់គ្រាន់ហើយថា ក្រុមដែលបង្កើតដោយតែយុវជនទាំងក្រៅប្រទេស និងទាំងក្នុងស្រុកមួយចំនួនដែលជាមេខ្លោង ពួកគេគឺ ហួសពីការបញ្ចេញមតិដោយសេរី និងការពារដោយច្បាប់ហើយ»។ លោកបន្តថា៖ «ពួកគេមានផែនការអាចឈានទៅកូដកម្មអាចជាចលនាបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយមានការយកលំនាំតាមប្រទេសនេះប្រទេសនោះជាដើមហូរហែរ»។
លោក សុខៈ បានលើកឡើងថា វិធានការដែលក្រសួងអនុវត្តជាវិធានការទប់ស្កាត់ ដោយពិនិត្យទៅលើស្ថានភាពនៅតាមមូលដ្ឋាន។ ក្រសួងមានសិទ្ធិអនុវត្តវិធានការទាំងនេះ ប៉ុន្តែ «យើងមិនមែនមានន័យថាគ្រប់សកម្មភាពទាំងអស់ត្រូវបានហាមឃាត់នោះទេ»។ លោកបានបន្តថា ការធ្វើដំណើរ ឬ«ការជួបជុំដោយស្របច្បាប់»ណាមួយត្រូវបានអនុញ្ញាតធម្មតា ។
លោកបានបន្តថា៖ «យើងមិនបានធ្វើឱ្យប៉ះពាល់ដល់សេរីភាពនៃការធ្វើដំណើរ សេរីភាពនៃការបញ្ចេញមតិ ឬក៏សេរីភាពនៃការជួបជុំគ្នាតាមច្បាប់នោះឡើយ លើកលែងតែសកម្មភាពទាំងនោះ ដែលយើងពិនិត្យឃើញថាខុសច្បាប់ និងអនុវត្តទៅតាមច្បាប់»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបាននៅឡើយទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Two People Arrested Over Alleged Insurgency Plans To Overthrow The Government
អត្ថបទនេះធ្វើបច្ចុប្បន្នភាពនៅវេលាម៉ោង៨និង៣០នាទី នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។