សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អង្គការUN៖ ការអភិវឌ្ឍទីក្រុងរណបរបស់ក្រុមហ៊ុនING Holdings នឹងបង្កផលប៉ះពាល់ដល់បរិស្ថាននិងរបរចិញ្ចឹមជីវិតប្រជាពលរដ្ឋ

ពលរដ្ឋនៅទីក្រុងភ្នំពេញបេះបន្លែនៅតំបន់ដីសើមដែលនៅសេសសល់នៅភាគខាងត្បូងរាជធានីភ្នំពេញ ដែលកំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន ING Holdings ។ ខេមបូចា/ព្រីង សំរាំង
ពលរដ្ឋនៅទីក្រុងភ្នំពេញបេះបន្លែនៅតំបន់ដីសើមដែលនៅសេសសល់នៅភាគខាងត្បូងរាជធានីភ្នំពេញ ដែលកំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន ING Holdings ។ ខេមបូចា/ព្រីង សំរាំង

អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចំនួន៧រូប បានសម្តែងការព្រួយបារម្ភយ៉ាង​ខ្លាំង​អំពីផលប៉ះពាល់​នៃការចាក់ដីលុប​បឹង​ទំពុន​ និងបឹង​ជើង​ឯក​សម្រាប់​គម្រោង​អភិវឌ្ឍន៍ដ៏ធំមួយនៅ​ទីក្រុ​ងភ្នំពេញ ខណៈ​​រដ្ឋា​ភិបាល​អះអាងថាខ្លួន​បាន​សិក្សាពី​​ហានិភ័យផ្នែក​បរិស្ថាន ​ហើយថា​​គម្រោងនេះ​នឹងផ្តល់​​ប្រយោជន៍​ផ្នែក​សេដ្ឋ​កិច្ចដ៏ធំ។

អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជា​ជាតិ​បាន​លើក​ឡើង​ក្តី​ព្រួយ​បារម្ភ​របស់​ពួកគេនៅក្នុងលិខិតរួមមួយផ្ញើទៅកាន់រដ្ឋាភិបាល និង​ក្រុម​ហ៊ុន​ ING Holdings ដែល​ជាអ្នក​ភិវឌ្ឍន៍​គម្រោងនេះ កាលពីថ្ងៃទី២៣ ខែធ្នូ ដែល​ក្រោយមក​រដ្ឋាភិបាល​បាន​បញ្ជូន​លិខិត​ឆ្លើយ​តប​ចំនួន២ ដោយច្រានចោលនូវការព្រួយបារម្ភ ដែលលើកឡើង​ដោយអ្នក​ជំនាញ​សិទ្ធិមនុស្សនេះ។

ក្រុមហ៊ុនអភិវឌ្ឍ ING ទទួលបានសិទ្ធិអភិវឌ្ឍនៅតំបន់នោះកាលពីឆ្នាំ ២០០៤ និង​​លាត​សន្ធឹង​លើផ្ទៃ​បឹង​ និងតំបន់ដីសើមនៅភាគខាងត្បូងរាជធានីភ្នំពេញ។ កាក​សំណល់​ប្រមាណ ៧០ភាគរយ និង​ទឹក​ភ្លៀងបានហូរចូលទៅក្នុងបឹងទាំងនោះ ដែលនាំឱ្យមានការព្រួយបារម្ភ​ជុំវិញការចាក់​ដីលុបបឹង​ដែល​​ជាកន្លែង​ស្តុក​​ទឹកដ៏​ធំនៅទីក្រុង។

អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា គម្រោងនេះ​នឹងប៉ះ​ពាល់ដល់​ជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាជនប្រមាណ ១០០០គ្រួសារ នៅក្នុង​និង​ជុំវិញកន្លែងស្តុ​កទឹកនេះ។

លិខិតបានសរសេរថា៖ «តាមការអះអាងថា គម្រោងនេះមិនត្រឹមតែប៉ះពាល់ដល់របររកទទួលទាននិងផ្ទះសម្បែងរបស់ក្រុមគ្រួសារទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងបង្កការខូចខាតដល់ប្រព័ន្ធអេកូឡូស៊ីដីសើមផងដែរ»

លិខិតនោះបានលើកឡើងថា ការអភិវឌ្ឍន៍នេះ នឹងធ្វើឱ្យប្រជាពលរដ្ឋមួយលាននាក់​ជិតពាក់​កណ្តាល​នៃចំនួនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ​ប្រឈមនឹងការជន់លិច និងធ្វើឲ្យខូចគុណភាពទឹកទន្លេ​មេគង្គ​និងទន្លេបាសាក់ ដោយសារតែ​ការ​បង្ហូរ​ទឹកស្អុយនិងទឹកកខ្វក់ចូល ។

អាជ្ញាបណ្ណអភិវឌ្ឍត្រូវបានកាន់កាប់ដោយក្រុមហ៊ុន ING Holdings គ្រប់គ្រង​ដោយ​លោក អ៊ឹង ប៊ុនហ៊ូវ អតីតសមាជិកព្រឹទ្ធសភា។

គម្រោងទីក្រុងរណបនេះ បានសម្រេចការចាក់ដីលុបភាគច្រើនហើយថ្មីៗនេះបាន សម្រេចការ​សាងសង់​មហាវិថី ហ៊ុន សែន និងបានជួលដីឡូតិ៍ឲ្យ​ក្រុមហ៊ុនមួយ​ចំនួនដូចជា​សាលា​អន្តរ​ជាតិ​ភ្នំពេញ ( International School of Phnom Penh) Urban Vilage R & F Group ជីប ម៉ុង  គ្រុប (Chip Mong Group)  បុរីប៉េងហួត (Borey Peng Huoth) និងផ្សារអ៊ីអនម៉ល (Aeon Mall) ។

ក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ​តាម​រយៈ​ស្ថានបេសក​កម្មអចិន្ត្រៃយ៍​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានផ្ញើលិខិតចំនួន​ពីរច្បាប់​ទៅអ្នក​ជំនាញ​សិទ្ធិ​មនុស្សរបស់អង្គការ សហប្រជាជាតិ ដោយច្រានចោលការអះអាងនិងកង្វល់របស់ពួកគេ។

លិខិតនេះបានបញ្ជាក់ថា ក្រុមហ៊ុន ING Holdings បានដឹកនាំការសិក្សាយ៉ាងម៉ត់ចត់​លើ​ទិន្នន័យ​ពាក់​​​ព័ន្ធនិងការវាយតំលៃនៅនឹងកន្លែង ដោយសហ​ការជា​មួយ​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​និង​ខេត្ត​កណ្តាល ដើម្បីធានាបាននូវការធ្វើផែនការសមស្រប និងការប្រើប្រាស់ដី។ លិខិត​នោះបាន​សរសេរ​ថាការវាយតម្លៃ​ដ៏ទូលំទូលាយ​នៃផលប៉ះពាល់​បរិស្ថាននិង​សង្គម​ត្រូវបាន​ធ្វើឡើង​តាំងពី​ឆ្នាំ២០០៨ ។

អ្នកជំនាញអង្គការសហប្រជាជាតិបារម្ភចំពោះសកម្មភាពអភិវឌ្ឍ ដែលបណ្តាលឲ្យ មានការចាក់ដីលុបតំបន់ដីសើមបឹងទំពុននិងជើងឯកនៅភាគខាងត្បូងរាជធានីភ្នំពេញ។ ខេមបូចា / ព្រីង សំរាំង
អ្នកជំនាញអង្គការសហប្រជាជាតិបារម្ភចំពោះសកម្មភាពអភិវឌ្ឍ ដែលបណ្តាលឲ្យ មានការចាក់ដីលុបតំបន់ដីសើមបឹងទំពុននិងជើងឯកនៅភាគខាងត្បូងរាជធានីភ្នំពេញ។ ខេមបូចា / ព្រីង សំរាំង

រដ្ឋាភិបាលកម្ពុជាបានអះអាងថា គម្រោងនេះនឹងនាំមកនូវចំណូលសេដ្ឋកិច្ចជាតិជាង ៤ពាន់លាន​ដុល្លារ​​​​ក្នុងរយៈពេល ២០ឆ្នាំខាងមុខ។ តួលេខនេះ​ត្រូវបានគណនាដោយ​ការប៉ាន់ប្រមាណ​ពីកំ​ណើន​តម្លៃអចលនទ្រព្យ ពន្ធលើអចលនទ្រព្យពន្ធអាជីវកម្មនិងការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ក៏ដូចជាការបង្កើតការងារដោយផ្ទាល់និងដោយ​ប្រយោលសម្រាប់​មនុស្សជាច្រើនក្នុង​ចំណោម​អត្ថប្រយោជន៍​ផ្សេងៗទៀត។

លិខិតនោះសរសេរថា៖ «ប្រសិនបើគ្មានការអភិវឌ្ឍទេ បឹងទាំងមូលនឹងដើរតួនាទីត្រឹមតែ ដើម្បីបន្សុទ្ធកាកសំណល់រាវពីទីក្រុងភ្នំពេញតាមបែបធម្មជាតិ ដែលអាចប៉ះពាល់ដល់បរិស្ថាននាពេលអនាគត»

អាជ្ញាធរ​អះអាងថា រដ្ឋ​ក៏បាន​បែងចែកដីសម្រាប់គម្រោងអគារសាធារណៈនៅ​តំបន់​នេះ ហើយថា គម្រោងនេះ នឹង​បង្កើត​ការងារជាង ១០០០០០ កន្លែងក្នុងដំណាក់កាលដំបូង ដែល​នឹង​បង្កើន​ការងារ​រហូតដល់ ១១លានការងារ ​ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០៣៥ ។

ការ​រកឃើញរបស់អ្នកជំនាញអង្គការសហប្រជាជាតិ គឺស្រដៀងគ្នាទៅនឹងការសន្និដ្ឋាន​របស់​អង្គ​ការ​សិទ្ធិមនុស្សក្នុងស្រុកចំនួនបួន ដែលដឹកនាំដោយអង្គការសិទ្ធិដីធ្លី​សមាគមធាង​ត្នោត ដែល​បាននិយាយថា ការបន្តបំផ្លាញតំបន់ដីសើមដ៏មានសារៈសំខាន់នេះ នឹងបង្កផលប៉ះពាល់​ដល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ហើយការអភិវឌ្ឍន៍គឺប៉ះពាល់ទៅ លើសិទ្ធិមនុស្សធ្ងន់ធ្ងរ។

លោក អំ សំអាត អនុប្រធានអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍ថា ការចាក់ដីលុបបឹង​បាន​បង្កការ​ជន់លិចនៅក្នុងទីក្រុងរួចហើយ។

លោកបានមានប្រសាសន៍ថា៖ «ពីមុន យើងមានបឹងទាំងនោះជាអាងស្តុកទឹក ដើម្បីស្តុកទឹកភ្លៀង ហើយឥឡូវនេះ យើងបានឃើញរួចហើយនៅរដូវវស្សា ទីក្រុងនេះត្រូវបានជន់លិច ពីព្រោះយើងមិនទាន់មានប្រព័ន្ធរំដោះទឹក​ស្តង់​ដារ​នៅឡើយទេ»

លោក សំអាត បន្ត​ថា ទាំងរដ្ឋាភិបាល និងអ្នកជំនាញរបស់អង្គការសហប្រជាជាតិគួរតែរួមគ្នា​សិក្សាពី​ផលប៉ះ​ពាល់នៃគម្រោង ដើម្បីធ្វើឲ្យប្រាកដថា ការអភិវឌ្ឍប្រកប​​ដោយចីរភាព ហើយថាបរិស្ថាន និងសិទ្ធិមនុស្សត្រូវទុកនៅចំពោះមុខ និងចំកណ្តាល។

លោក​ថ្លែងថា៖ «​យើងមិនដែលឃើញរបាយការណ៍ស្រាវជ្រាវណាមួយឬការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន​​ពីរដ្ឋាភិបាលទេ ដូច្នេះហើយបានជាយើងតែងតែសម្តែងការព្រួយបារម្ភចំពោះគម្រោងអភិវឌ្ឍន៍ធំៗបែបនេះ​»

លោក ទេព ផល្លា ជាអ្នករស់នៅសង្កាត់ចាក់អង្រែក្រោម បាន​ប្រកបរបរ​ដាំត្រកួន នៅក្នុង​បឹង​នេះ​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​ហើយ។ លោកបាននិយាយថា ខណៈ​ដែលផ្ទៃបឹងកាន់​តែ​រួម​តូច​ដោយ​សារ​តែការចាក់ដីលុប ទឹកប្រែជាល្អក់ និង​ស្អុយ ហើយវាកាន់តែពិបាកក្នុងការប្រមូលផល។

លោកបន្ត​ថា៖ «ខ្ញុំមានអារម្មណ៍សោកស្តាយ ដែលបឹងនេះត្រូវបានចាក់ដីលប់ ប៉ុន្តែយើងមិនអាចធ្វើអ្វីបានទេ។ យើងមិនអាចហាមឃាត់ពួកគេមិនឱ្យចាក់ដីលុបបឹងបានទេ ​យើង​ក៏មិន​អាច​តវ៉ា​ដែរ​»

លោកបានបន្ថែមទៀតថា នៅ​ពេល​ដែល​បឹង​ត្រូវ​បាន​លុប​ជាស្ថាពរ ​លោកនឹងត្រូវ​ស្វែងរកការ​ងារ​ផ្សេង​ទៀត។ នេះគឺជាលើកដំបូង ដែលលោក​ត្រូវបោះបង់ការងារ​ដាំដុះនៅក្នុង​បឹង​មួយ​នេះ​តាំង​ពី​ឆ្នាំ១៩៩៣មក ។

លោកបន្ត​ថា៖ «ខ្ញុំមិនដឹងថា ខ្ញុំនឹងធ្វើអ្វីទេ នៅពេលគេចាក់ដីលុបពេញអស់។ ខ្ញុំប្រហែលជាត្រូវទៅ​ធ្វើ​ការ​ជាកម្មករសំណង់ឬអ្នករត់ម៉ូតូឌុប»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ UN experts say ING City would cause environmental, livelihood losses

1,085 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម