សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

មន្ត្រីជាន់ខ្ពស់អាមេរិកជំរុញឲ្យកម្ពុជាបើកលំហសេរីភាពនយោបាយបន្ថែម មុនការបោះឆ្នោតជាតិ២០២៣

ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកលោក Daniel J. Kritenbrink ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មាន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ រូបថត ព្រីង សំរាំង
ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកលោក Daniel J. Kritenbrink ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មាន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ រូបថត ព្រីង សំរាំង

ក្នុង​ជំនួប​ជាមួយ​ក្រុម​មន្រ្តី​ជាន់ខ្ពស់​កម្ពុជា​នា​សប្តាហ៍​នេះ ឧបការី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ីបូព៌ា​ និង​ប៉ាស៊ីហ្វិក​លោក Daniel J. Kritenbrink បាន​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​កម្ពុជា​បើក​លំហ​​សង្គមស៊ីវិល​ និង​នយោបាយ​ឡើងវិញ​នៅ​មុន​ការ​បោះឆ្នោត​នា​ឆ្នាំ​ក្រោយ។ ​

ថ្លែង​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ លោក​ Kritenbrink បាន​និយាយ​​ថា កាល​ពី​ថ្ងៃ​អង្គារ​ លោក​បាន​ជួប​ជាមួយ​រដ្ឋមន្រ្តី​មហាផ្ទៃ​លោក ស ខេង និង​រដ្ឋមន្រ្តី​ការបរទេស​លោក ប្រាក់​ សុខុន ដើម្បី​ពិភាក្សា​ពី​បញ្ហា​ផ្សេងៗ​ ដូចជា សិទ្ធិ​មនុស្ស ការ​បោះឆ្នោត គោលនយោបាយ​មាតុភូមិ​និវត្តន៍ ភាព​ជាប្រធាន​អាស៊ាន​របស់​កម្ពុជា និង​ស្ថានភាព​នៅ​មូលដ្ឋាន​ទ័ពរាម។ ​

លោក​បាន​ថ្លែង​ថា៖ «យើង​ចង់​ឃើញ​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​អាច​អនុវត្ត​សិទ្ធិ​ និង​សេរីភាព​របស់​ពួកគេ​ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា ការ​បោះឆ្នោត​ឆ្នាំ ២០២៣ នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​យុត្តិធម៌ សេរី និង​បើក​ចំហ»

លោក​បាន​បន្ត​ថា៖ «សហរដ្ឋអាមេរិក​ជំរុញ​ឲ្យ​ [រដ្ឋាភិបាល​កម្ពុជា] គោរព​តាម​ច្បាប់​អន្តរជាតិ​ដើម្បី​ការពារ និង​គោរព​សេរីភាព​នៃ​ការ​បញ្ចេញមតិ សមាគម ការ​ប្រមូលផ្តុំ​ដោយ​សន្តិវិធី និង​បើក​ទូលាយ​លំហ​សង្គមស៊ីវិល និង​នយោបាយ​ឡើង​វិញ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០២៣»។ ​

អំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក លោក Kritenbrink បាន​ជួប​ជាមួយ​នឹង​មន្រ្តី​ជាន់ខ្ពស់​ និង​អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ លោក​ កឹម សុខា  ​ ​មេដឹកនាំ​សង្គមស៊ីវិល​ ​និងយុវជនផង​ដែរ​។

រដ្ឋមន្រ្តីការបរទេស​អាមេរិក​បាន​លើកឡើង​ថា សហរដ្ឋអាមេរិក​បន្ត​បង្ហាញ​ការ​ព្រួយបារម្ភ​ជុំវិញ​លទ្ធភាព​នៃ​ការ​ពាក់ព័ន្ធ​របស់​ចិន​នៅ​មូលដ្ឋាន​ទ័ព​រាម​ក្នុង​ខេត្ត​ព្រះសីហនុ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​តម្លាភាព​ច្រើន​ជាង​មុន។

លោក​បាន​ថ្លែង​ថា៖ «យើង​នៅ​តែ​មាន​ការ​ព្រួយបារម្ភ​អំពី​ការ​គំរាមកំហែង​ដែល​អាច​កើត​មាន​មក​លើ​ស្វ័យភាព​របស់​កម្ពុជា និង​សន្តិសុខ​ក្នុង​តំបន់»

សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​កម្ពុជា​ពី​ការ​អនុញ្ញាត​ឲ្យ​យោធា​ចិន​ចូល​ក្នុង​មូលដ្ឋាន​ទ័ព​ជា​ថ្នូរ​នឹង​ជំនួយ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ។ មន្រ្តី​យោធា​កម្ពុជា​ធ្លាប់​បាន​និយាយ​ថា ចិន​ពិត​ជា​បាន​ជួយ​ផ្នែក​សាងសង់​មូលដ្ឋាន​ទ័ព ប៉ុន្តែ​បាន​បដិសេធ​​ការ​ជាប់ពាក់ព័ន្ធ​ណាមួយ​ផ្នែក​យោធា។

អ្នកសារព័ត៌មានសួរទៅកាន់ឧបការី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិកទទួល​បន្ទុក​កិច្ចការ​អាស៊ីបូព៌ា​និង​ប៉ាស៊ីហ្វិក​លោក Daniel J. Kritenbrink ​អំឡុងពេល​សន្និសីទ​សារព័ត៌មាន​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១៣ ខែ​កក្កដា ឆ្នាំ​២០២២។ រូបថត ព្រីង សំរាំង

សេចក្តីថ្លែងការណ៍​មួយ​ចេញ​ដោយ​ក្រសួងការបរទេស​សរសេរ​ថា រដ្ឋមន្រ្តី​ការបរទេស​លោក​ប្រាក់ សុខុន​ បាន​អំពាវនាវ​​ឲ្យ​សហរដ្ឋអាមេរិក​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះពន្ធ​ពាណិជ្ជកម្ម GSP ដល់​កម្ពុជា។ លោក​ Kritenbrink បាន​និយាយ​ថា ករណី​នេះ​កំពុង​ស្ថិត​ក្រោម​ពិនិត្យ​ដោយ​សភា​អាមេរិក។

លោក​ប្រាក់​ សុខុន​ក៏​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​អំពី​ការ​រឹតត្បិត​ទិដ្ឋាការ​ចំពោះ​មន្រ្តី​ការបរទេស​ជាន់ខ្ពស់​របស់​កម្ពុជា​ដោយ​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំ ២០១៧ ជា​ការ​ឆ្លើយតប​នឹង​ការ​បដិសេធ​របស់​កម្ពុជា​​ក្នុង​ការ​ទទួល​យក​និរទេស​ជន។​ កន្លងមក លោក​ប្រាក់ សុខុន​ បាន​ស្រប​ជាមួយ​នឹង​លោក​ហ៊ុន សែន​ ដោយ​បាន​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក​ដក​ចេញ​ការ​រឹតត្បិត​ទាំង​នេះ ដោយ​កត់សម្គាល់​ថា កម្ពុជា​កំពុង​សហការ​ក្នុង​ផ្នែក​ការ​ធ្វើ​មាតុភូមិនិវត្តន៍។  

លោក ជិន ម៉ាលីន​ រដ្ឋលេខាធិការ​ និង​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល​កម្ពុជា​ច្រានចោល​ការ​អធិប្បាយ​របស់​លោក​ Kritenbrink ពាក់ព័ន្ធ​នឹង​​សេរីភាព​នយោបាយ​មិន​ពេញលេញ។  

លោក​បាន​ថ្លែង​ថា៖ «ប្រសិន​បើ​គាត់​យល់​ពី​ស្ថានភាព​​នៅ​កម្ពុជា គាត់​នឹង​ដឹង​ថា លំហ​សេរីភាព​គឺ​ បើកចំហ។ នេះ​គឺ​សម្រាប់​អ្នក​ដែល​អនុវត្ត​សិទ្ធិ​របស់​ពួកគេ​ស្រប​តាម​ច្បាប់ ប៉ុន្តែ​យើង​មិន​ធានាដល់ ​អ្នក​​ដែល​ប្រើប្រាស់​សិទ្ធិ​ជា​លេស​ដើម្បី​បង្ក​ចលាចលក្នុងសង្គមនោះទេ»

បន្ទាប់​ពី​​ការ​បោះឆ្នោត​​ឃុំ​សង្កាត់​កាល​ពី​ថ្ងៃ​ទី៥ ខែ​មិថុនា កម្ពុជា​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​ជាតិ​នា​ឆ្នាំ​ក្រោយ។ ប៉ុន្តែ​ក្រុម​អ្នក​សង្កេតការណ៍​បោះឆ្នោត​បាន​កត់សម្គាល់​ភាព​មិនប្រក្រតី​មួយ​ចំនួន​អំឡុងពេល​ការ​បោះឆ្នោត​ចុងក្រោយ​នេះ រួម​មាន​ វត្តមាន​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​មណ្ឌល​បោះឆ្នោត ការប្រមូល​មនុស្ស​ទៅ​បោះឆ្នោត ​និង​អ្នក​រាប់​សន្លឹក​ឆ្នោត​មិន​អនុញ្ញាត​ឲ្យ​អ្នកសង្កេត​ការណ៍​ពិនិត្យ​មើល​ដំណើរការ​រាប់​សន្លឹក​ឆ្នោត​ជា​ដើម។

បន្ទាប់​ពី​បង្ហាញ​ការ​ព្រួយបារម្ភ​ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន សុន ឆ័យ បាន​រង​ពាក្យ​បណ្តឹង​ពី​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)​ និង​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ពី​លោក​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត។

​លោក​ អំ សំអាត នាយកចាត់ការទូទៅ ​នៃ​អង្គការ​លីកាដូ និយាយ​ថា ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​នយោបាយ​ នឹង​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នា​ឆ្នាំ​ក្រោយ។

លោក​បាន​ថ្លែង​ថា៖ «នៅ​ពេល​សំដៅ​ទៅ​ការ​បោះឆ្នោត​សេរី​ និង​យុត្តិធម៌ គឺ​មាន​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស វា​ទាក់ទង​នឹង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​តាម​បែប​ប្រជាធិបតេយ្យ​» លោក​​​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ការ​ដោះស្រាយ​បញ្ហា​ដែលជាកង្វល់​របស់​​សហគមន៍​អន្តរជាតិ​ ដើម្បី​ទទួល​បាន​ប្រយោជន៍​អភិវឌ្ឍ​សេដ្ឋកិច្ច។​

លោក​បាន​ថ្លែង​ថា៖ «សហរដ្ឋអាមេរិក​មិន​បានផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ​ឲ្យ​កម្ពុជា​ជា​ថ្មី​នៅ​ឡើយ​ទេ ស្រប​ពេល​សហភាព​អឺរ៉ុប​ក៏​បាន​ទាមទារ​ឲ្យ​កម្ពុជា​ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស។ ដូច្នេះ រដ្ឋាភិបាល​គួរ​ពិចារណា​លើ​កង្វះខាត​ទាំង​នេះ​ដើម្បី​កែលម្អរ​បញ្ហា​សិទ្ធិ​មនុស្ស»។​

អ្នកស្រី​ចក់ សុភាព​ នាយិកាប្រតិបត្តិ ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និយាយ​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ស្របពេល​សង្គមស៊ីវិល​ និង​គណបក្ស​ប្រឆាំង​បន្ត​ប្រឆាំង​បន្ត​ទទួល​រងនូវ​ការ​រឹតត្បិត​ដោយ​មិន​សមហេតុផល​ពី​សំណាក់អាជ្ញាធរ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «រដ្ឋាភិបាល​គួរ​តែ​ចងចាំ​ថា លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​គឺ​ មាន​ទៅ​ដោយ​ភាគី​​សង្គមស៊ីវិល និង​លើកកម្ពស់​​​នយោបាយបែបចម្រុះ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ US  Assistant Secretary of State urges more political freedoms ahead of next year national election

363 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម