អាជ្ញាធរឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ បានរឹតបន្តឹងការធ្វើលិខិតផ្សេងៗពាក់ព័ន្ធនឹងការខ្ចីលុយពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លើពលរដ្ឋនៅក្នុងភូមិមួយដែលភាគច្រើនមានជីវភាពក្រលំបាកមិនមានលទ្ធភាពសងបំណុល។
ឃុំសាគ្រាមមានភូមិចំនួន១១ មានប្រជាពលរដ្ឋជាង១ម៉ឺននាក់ (១០ ១២៨នាក់) ស្មើនឹងជាង២ពាន់គ្រួសារ (២ ១៤៣គ្រួសារ)។ ភូមិដែលអាជ្ញាធររឹតបន្តឹងនេះឈ្មោះភូមិព្រិច គឺជាភូមិ ដែលមានប្រជាពលរដ្ឋតិចជាងគេក្នុងចំណោម១១ភូមិ ពោលមានពលរដ្ឋចំនួន២៦០នាក់ ស្មើនឹង៥១គ្រួសារ។
មេឃុំសាគ្រាមលោក ចាន់ សុផល ឱ្យដឹងថា ការសម្រេចរឹតបន្តឹងការធ្វើឯកសារពាក់ព័ន្ធការខ្ចីលុយ នៅភូមិព្រិចនេះគឺមានការប្រជុំ និងឯកភាពគ្នារវាងក្រុមប្រឹក្សាឃុំទាំងអស់នៅអំឡុងខែមិថុនា កន្លងទៅ។ លោកបន្តថា ការរឹតបន្តឹងនេះគឺគោលបំណងចង់ជួយពលរដ្ឋព្រោះថា កន្លងមក ពលរដ្ឋបន្លំធ្វើ លិខិតបញ្ជាក់លំនៅឋាន និងដីធ្លីលើសពី១កន្លែង ហើយដាក់កម្ចីលើសពី១ស្ថាប័ន។
លោក សុផល បន្តថា ពលរដ្ឋក្នុងភូមិនេះជាច្រើនបានគេចខ្លួន ចាកចោលភូមិព្រោះ មិនមានលទ្ធភាព សងបំណុល។
លោក សុផល បញ្ជាក់ថា៖«និយាយរួមទៅភូមិព្រិចបញ្ហាប្រឈមច្រើន អ្នកខ្លះរហូតដល់ឥឡូវគេច និយាយថាគាត់រកលុយដោះមិនបានទៅ គាត់គេចទៅរកស៊ីទៅភ្នំពេញទៅអីទៅ។ ចឹងទៅខាងធនគារដាក់ពាក្យបណ្តឹងមកខាងសាលាឃុំ សម្រាប់ទប់ស្កាត់ដែលគាត់លក់អចលនវត្ថុបស់គាត់ដែលដាក់ទៅឱ្យធនាគារហើយនោះ គឺទប់ស្កាត់។ ឱ្យឃុំដឹងដើម្បីទប់ស្កាត់កុំឱ្យក្រែងគាត់លក់ឱ្យគេទៀត»។
បើធ្វើដំណើរពីសាលាឃុំសាគ្រាមប្រមាណ៥គីឡូម៉ែត្រ ឆ្លងកាត់វាលស្រែ និងឆ្លងស្ទឹងតាមស្ពាន ឈើតូចមួយនោះនឹងដល់ភូមិព្រិច។ នៅក្នុងភូមិនេះមើលមួយភ្លែតស្ថានភាពដូចភូមិទូទៅដែរ មាន ផ្ទះតូចខ្លះ និងផ្ទះធំខ្លះដែលធ្វើទើបហើយថ្មីៗក៏មាន។
ប៉ុន្តែអ្វីដែលខុសពីធម្មតានោះ គឺភូមិនេះស្ងាត់មិនសូវមានមនុស្សវ័យកណ្តាលទេគឺមានតែមនុស្សចាស់ និងកុមារ ចំណែកផ្ទះមួយចំនួនចាក់សោរទុកចោលចាប់ពីរាប់ខែទៅរាប់ឆ្នាំ។ ចំណុចដែលគួរឱ្យគត់សម្គាល់មួយទៀត គឺផ្ទះខ្លះមានជញ្ជាំងបាំងមិនជិត និងផ្ទះខ្លះទៀត មិនមានជញ្ជាំងទាំងស្រុង។
អនុប្រធានភូមិព្រិចលោក ចក់ ចន ឱ្យដឹងថា បំណុលកើនឡើងដោយសារពលរដ្ឋ នៅក្នុងភូមិនេះ រកចំណូលមិនបាន ហើយចេះតែខ្ចីបន្ថែមលើសពី១ស្ថាប័ន។ លោកឱ្យដឹងថា ពលរដ្ឋជំពាក់បំណុលម្នាក់ៗ ចន្លោះពី៥ពាន់ទៅ១ម៉ឺន៥ពាន់ដុល្លារ។
លោក ចក់ ចន ឱ្យដឹងទៀតថា ពលរដ្ឋនៅក្នុងភូមិនេះ ភាគច្រើនមិនសូវបានរៀនសូត្រចេះដឹងទេ ហើយឥឡូវបានចំណាកស្រុកទៅធ្វើជាកម្មករនៅប្រទេសថៃ និងនៅភ្នំពេញ ដើម្បីរកលុយដោះ បំណុល និងចិញ្ចឹមសមាជិកគ្រួសារ។
លោក ចក់ ចន លើកឡើងថា៖ «វាយ៉ាប់ណាស់ហើយ ខ្លះរត់ទៅភ្នំពេញ ខ្លះទៅថៃអីហើយ ដើម្បីរកលុយសងត្រឡប់វិញ»។
ស្ត្រីវ័យ៧៩ឆ្នាំម្នាក់ឈ្មោះ ធ្លក លី មានកូន៧នាក់ បច្ចុប្បន្នកូនរបស់គាត់បានចេញពីភូមិទាំងអស់ ដើម្បីស៊ីឈ្នួលគេរកចំណូលសងបំណុល និងផ្គត់ផ្គង់គ្រួសារ។ អ្នកស្រី ធ្លក លី មានជំងឺឈឺក្បាល ជង្គង់ពិបាកដើរ និងអង្គុយ ហើយត្រូវមើលថែផ្ទះចំនួន២ជារបស់កូន និងមើលថែចៅ២នាក់កំពុងរៀន។
អ្នកស្រី ធ្លក លី ឱ្យដឹងថា រូបគាត់ធ្លាប់ឈឺដេកទ្រាំនៅផ្ទះដោយប្រើថ្នាំបូរាណខ្លះៗ ព្រោះមិនមាន លុយ និងមិនមានបណ្ណក្រីក្រទើបមិនមានទៅពេទ្យ។
អ្នកស្រី ធ្លក លី បន្ថែមថា៖«ហើយនេះឈឺហើយឡើងមិនបានទៅពេទ្យហើយ។ អត់បើអត់មានលុយទៅពេទ្យ គិតមើលឡើងស្គម។ ហូ! កូនហើយឈឺនោះវាសព្វវាគ្រប់ហើយ។ ចុះអាយុប៉ុណ្ណេះហើយណា[៧៩ឆ្នាំ]។ ឥឡូវនេះ គ្រុនឡើងបួនដប់ថ្ងៃ។ មានថ្នាំអីលេប បើអត់មានលុយ!»។
អង្គុយសំយុងជើងលើគ្រែក្រោមផ្ទះហាក់គ្មានកម្លាំងកំហែងដោយមានជំងឺប្រចាំកាយ និយាយបែបញ័រៗ បុរសវ័យជាង៥០ឆ្នាំម្នាក់ ជាអ្នកភូមិព្រិច លោក ឃិត ឃីម រស់នៅជាមួយប្រពន្ធ និងចៅតូចម្នាក់។ បុរសរូបនេះឱ្យដឹងថា រូបគាត់មានដី៥ហិកតា ប៉ុន្តែដាំដំឡូង៣ឆ្នាំចុងក្រោយនេះ ខាតបង់រហូត។
លោក ឃិត ឃីម បន្តថា លោកមិនមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីអាចខ្ចីលុយពីធនាគារ យកមកធ្វើកសិកម្មបន្ត និងប្រើដើម្បីព្យាបាលជំងឺទេ។ លោក ឃិត ឃីម ឱ្យដឹងថា ជា ញឹកញាប់ លោក បានខ្ចីលុយអ្នកជិតខាង ២ទៅ៣ពាន់រៀលដើម្បីទិញអង្ករ និងប្រហុក ខ្លះដើម្បីបរិភោគ។
លោក ឃិត ឃីមបន្ថែមថា៖«ជំពាក់គេខ្ចីគេរហូត ខ្ចីអង្ករគេ ប៉ះណាខ្ចីលុយគេបួនប្រាំពាន់ មួយម៉ឺនទិញប្រហុកអំបិលប៉ុណ្ណេះ។ ធ្វើ[ដំឡូង]អត់បាន ថាដល់ឯកើតណោះទឹកមកមាននរណានឹងធ្វើម៉ាក់មួយទេ។ ឡើងទាល់គ្រប់គ្នា»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា កម្ពុជាជាប្រទេសប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សមិនគួរមានការបែងចែកដែលបង្ហាញពីការរើសអើងបែបនេះទេ។ លោកជំរុញឱ្យអាជ្ញាធរធ្វើឯកសាររដ្ឋបាលជូនពលរដ្ឋធម្មតា ចំណែកការវាយតម្លៃផ្តល់កម្ចី ឬអត់គឺជាការងាររបស់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
លោក នី សុខា ថ្លែងថា៖«អាជ្ញាធរគ្រាន់តែសម្រួលបែបបទរដ្ឋបាលទេ ប៉ុន្តែត្រង់ថាសមត្ថភាពនៃការសងត្រលប់ទៅវិញយ៉ាងម៉េចនោះគឺជាការវាយតម្លៃរបស់ធនាគារ មិនមែនជាការវាយតម្លៃរបស់អាជ្ញាធរទេ។ ថាតើធនាគារគាត់មានលទ្ធភាពប៉ុណ្ណា ដើម្បីវាយតម្លៃធើម៉េចឱ្យប្រជាពលរដ្ឋអាចមានលទ្ធភាពក្នុងការសងត្រលប់មកធនាគារវិញ? ហើយអាជ្ញាធរជួយសម្រួលនៅក្នុងកិច្ចការងារបែបបទរដ្ឋបាល អាហ្នឹងតែប៉ុណ្ណឹងទេ»។
ចំណែកនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អង្គការលោកកំពុងធ្វើការងារតស៊ូមតិមិនឱ្យមានការដាក់ឯកសារប្លង់ផ្ទះ ឬប្លង់ដីធ្វើជាទ្រព្យបញ្ចាំដើម្បីបានខ្ចីលុយនោះទេព្រោះថាអាចធ្វើឱ្យពលរដ្ឋបាត់ទ្រព្យសម្បត្តិ និងមានការគំរាមកំហែង។
លោក សំអាត បន្តថា បំណុលមិនមែនជាបញ្ហាសម្រាប់ពលរដ្ឋទេ បើសិនជារដ្ឋាភិបាលបង្ក បរិយាកាសឱ្យពួកគាត់មានចំណូលសមរម្យនោះ។
លោក សំអាត បានបន្ថែមថា៖«រឿងខ្ចីហ្នឹងយើងគិតថាមិនមែនទាក់ទងរដ្ឋាភិបាលប៉ុន្មានទេ បើយើងមើល គ្រាន់តែថាទី១រដ្ឋាភិបាលត្រូវបង្កើនូវលទ្ធភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ធ្វើម៉េចឱ្យគាត់មានជីវភាពរស់នៅល្អ ហើយផ្តល់កិច្ចគាំពារសង្គមសម្រាប់ពួកគាត់យ៉ាងម៉េចដើម្បីអាចក្លាយទៅជាពលរដ្ឋ គាត់អាចមានការរស់នៅដោយសមរម្យ»។
របាយការណ៍រួមគ្នារបស់អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា ចេញផ្សាយនៅចុងខែសីហា ឆ្នាំ២០២៣ បានបង្ហាញពីស្ថានភាពបំណុលនៅក្នុងខេត្តកំពង់ស្ពឺ។ របាយការណ៍បង្ហាញថា ពលរដ្ឋ នៅក្នុងខេត្តនេះជាង៨០ភាគរយយ៉ាងហោចណាស់ជំពាក់បំណុលមួយស្ថាប័ន ហើយក្នុងនោះ២ភាគ៣ មានស្ថានភាពលំបាកមិនអាចរកលុយសងបំណុលបាន។
របាយការណ៍អង្គការទាំង២រកឃើញទៀតថា កុមារនៅក្នុងខេត្តនេះ ជិត៩ពាន់នាក់រងផលប៉ះពាល់ ពីបំណុលឪពុកម្តាយ ហើយបានបោះបង់ការសិក្សាបន្តបន្ទាប់។
នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី ថ្លែងថា កំពង់ស្ពឺគឺជាខេត្តមាន បំណុលធ្ងន់ធ្ងរ លំដាប់លេខ៣បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តសៀមរាប។ លោកបន្តថា ពលរដ្ឋដែលជួបការលំបាកដោយសារបំណុលមាននៅទូទាំងប្រទេសគ្រាន់តែស្ថិតនៅក្នុងទម្រង់ផ្សេងៗគ្នា។
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី ថ្លែងថា ខាងសមាគមមិនមានគោលការណ៍រឹតបន្តឹងអតិថិជននៅតាមភូមិឬតំបន់ទេ។
លោក តុងងី បានឱ្យដឹងថា៖«ជាទូទៅអត់មានយន្តការblacklist[ដាក់ក្នុងបញ្ជីខ្មៅ]ភូមិហេ។ អាយើងហៅBlacklist អញ្ចេះអាហ្នឹងជាប់នៅការិយាល័យឥណទានកម្ពុជា។ បើគាត់ធ្លាប់ជំពាក់គេ អត់សងអាហ្នឹងគឺជាប់ហ្នឹងហើយ ប៉ុន្តែបើទៅមួយភូមិម៉ង ដូចជាអត់មានយន្តការហ្នឹងទេក្នុងវិស័យនេះ»។
អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ង៉ែត ជូ សរសេរសារនៅលើហ្វេសប៊ុករបស់លោក នៅក្នុងខែកញ្ញាថា បំណុលដែលវិស័យឯកជន និងពលរដ្ឋជំពាក់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានជាង៥៨,៨ពាន់លានដុល្លារអាមេរិក ស្មើនឹង១៨៩ភាគរយ នៃទំហំសេដ្ឋកិច្ចកម្ពុជា។ លោកបន្តថា កម្រិតបំណុលនេះ ខ្ពស់ជាងបំណុលលើពិភពលោកទាំងមូលដែលមានតែ១៤៦ភាគរយនៃទំហំសេដ្ឋកិច្ចពិភពលោក។
ខេមបូចា ព្យាយាមទាក់ទងទេសាភិបាលធនាគារជាតិកម្ពុជាលោកស្រី ជា សិរី ដើម្បីសាកសួរជុំវិញ បញ្ហានេះ ប៉ុន្តែលោកស្រីមិនទទួលទូរសព្ទ និងមិនឆ្លើយសារតាមតេឡេក្រាមទេ។
ចំណែកអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន មិនឆ្លើយសំណួរទេ ដោយលោកថា មិនមែនជាតួនាទីរបស់លោក។
នៅក្នុងកម្មវិធីនយោបាយអាទិភាពទាំង៦ចំណុចនៃយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលអាណត្តិទី៧ មានចែងពីការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋទូទៅតាមរយៈការបង្កើនការងារ បង្កបរិយាកាស ល្អ សម្រាប់អ្នកជំនួញ និងការពង្រឹងវិស័យកសិកម្មជួយធ្វើឱ្យកសិករនៅតាមតំបន់ ជនបទមាន ជីវភាពធូរធារ៕