សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ពលរដ្ឋដាក់ញត្តិស្នើដកមេភូមិព្រែកតាគង់ បន្ទាប់ពីអសមត្ថភាពដោះស្រាយបញ្ហាគ្រឿងញៀន និង​ល្បែងស៊ីសង​តាម​អន​ឡាញ

អ្នកភូមិព្រែកតាគង់១ បានដាក់ញត្តិទៅក្រសួងមហាផ្ទៃ ដើម្បីដកមេភូមិចេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
អ្នកភូមិព្រែកតាគង់១ បានដាក់ញត្តិទៅក្រសួងមហាផ្ទៃ ដើម្បីដកមេភូមិចេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ប្រជាពលរដ្ឋប្រមាណ ៥០នាក់ នៅភូមិព្រែកតាគង់១ ក្នុងរាជធានីភ្នំពេញ បានដាក់ញត្តិទៅក្រសួងមហាផ្ទៃ ឱ្យបញ្ចប់តួនាទីមេភូមិព្រែកតាគង់ ដោយសារអសមត្ថភាពក្នុងការដោះស្រាយបញ្ហាល្បែងស៊ីសងតាមអនឡាញ និងធានាសន្តិសុខជូនប្រជាពលរដ្ឋ។

នៅវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នានៅមុខក្រសួង ដើម្បីដាក់ញត្តិជូនរដ្ឋមន្ត្រី។ អ្នកភូមិបានលើកឡើងថា ការបរាជ័យរបស់លោកមេភូមិក្នុងការបិទល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនៅក្នុងភូមិបាននាំឱ្យមានអំពើចោរកម្ម និងធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ទ្រព្យសម្បត្តិ លុយកាក់ និងរបស់មានតម្លៃផ្សេងៗ។

ពួកគាត់បានបន្ថែមថា មេភូមិមិនបានយកចិត្តទុកដាក់លើបញ្ហា និងការលំបាករបស់ពួកគេទេ ដោយសារគាត់ខកខានក្នុងការអន្តរាគមន៍ដោះស្រាយបញ្ហា នៅពេលដែលប្រជាពលរដ្ឋមក រកគាត់ឱ្យជួយ។

អ្នកស្រី សៅ សាខុន ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែកតាគង់១ ដែល​បាន​ចូល​រួម​ក្នុង​ការ​ជួប​ជុំ​នោះ​បាន​និយាយ​ថា មេ​ភូមិ​មិន​មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដូច​ជា​គ្រឿងញៀន ក្មេង​ទំនើង ចោរកម្ម និង​ល្បែង​ស៊ីសង​តាម​ប្រព័ន្ធអនឡាញ។ ពេល​ប្រជាពលរដ្ឋ​ជួប​ប្រទះ​បញ្ហា​ទាំង​នេះ ហើយ​រាយការណ៍​ទៅ​ពួកគេ​ក៏​គ្មាន​ដំណោះស្រាយ​ដែរ។

អ្នកស្រី សាខុន បានបញ្ជាក់ថា៖ «ពេល​យើង​រាយការណ៍​បញ្ហា​ទៅ​គាត់ គាត់​បាន​សុំ​ឱ្យ​យើង​ប្តឹង​ទៅ​ថ្នាក់​លើ។ គាត់​អសមត្ថភាព ហើយ​យើង​ចង់​សុំ​ឱ្យ​ក្រសួង​ផ្លាស់ប្តូរ​គាត់​ជាបន្ទាន់។ ខ្ញុំ​ចង់​បាន​មេ​ភូមិ​ល្អ​ម្នាក់​ដែល​យល់​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ និង​ដោះស្រាយ​បញ្ហា​ភ្លាមៗ​»

អ្នកស្រី​ពន្យល់ថា មេភូមិ​ប្រៀបដូចជា​ឪពុកម្តាយ​របស់​ប្រជាពលរដ្ឋ ដូច្នេះ​ភាព​អសកម្ម​របស់​អាជ្ញាធរ​មូលដ្ឋាន​ប៉ះពាល់​ដល់​អាយុជីវិត សុវត្ថិភាព និង​ជីវភាព​រស់នៅ​របស់​ពួកគាត់​។

លោក អ៊ុន ណារី ប្រជាពលរដ្ឋម្នាក់ទៀត បានគាំទ្រការលើកឡើងរបស់អ្នកស្រី សាខុន ហើយលោក ណារី បានឱ្យដឹងថា ពួកគាត់រស់នៅដោយភាពភ័យខ្លាច ដោយសារខ្វះសន្តិសុខ ក៏ដូចជាបញ្ហាគ្រឿងញៀន ដែលមេភូមិគួរតែដោះស្រាយ។ ទោះ​ពលរដ្ឋ​រាយការណ៍​ទៅពួកគាត់​ក៏​នៅ​តែ​មិន​មាន​ចំណាត់​ការ​ដែរ។ លោក​បន្តថា សកម្មភាព​របស់​មេ​ភូមិ ​គឺ​ខុស​គ្នា​ទាំង​ស្រុង​ពី​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ។

លោក ណារី បន្ថែមថា៖ «លោក​មេ​ភូមិ​មិន​មាន​ចំណាត់ការ​អ្វី​ទេ។ យើង​ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ឃុំ​ដែរ ប៉ុន្តែ​មិន​បាន​ផល។ យើង​ភ័យ​ខ្លាច និង​ព្រួយ​បារម្ភ​អំពី​អនាគត​កូន​ចៅ​យើង។ ប្រសិន​បើ​គ្រឿង​ញៀន​នៅ​តែ​បន្ត វា​នឹង​ប៉ះ​ពាល់​ដល់​កូន​ចៅ​របស់​យើង»

អ្នកភូមិព្រែកតាគង់១ បានដាក់ញត្តិទៅក្រសួងមហាផ្ទៃ ដើម្បីដកមេភូមិចេញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

អ្នកភូមិម្នាក់ទៀតឈ្មោះ ជុច ពៅ អាយុ៥៧ឆ្នាំ បាននិយាយថា ចោរបានលួចឧបករណ៍ ជួសជុលម៉ូតូរបស់គាត់ ព្រមទាំងសម្ភារៈផ្សេងទៀត ដែលខាតបង់ទឹកប្រាក់ជិត ១ ០០០ដុល្លារ។ ពេល​គាត់​រាយការណ៍​ប្រាប់​មេ​ភូមិ​ក៏​គ្មាន​អ្នក​ណា​មក​ពិនិត្យ​ស្ថានភាព ឬ​ផ្តល់​សន្តិសុខ​ដែរ ធ្វើ​ឱ្យ​គាត់​ពិបាក​រក​ស៊ី ។

លោក ពៅ សង្ឃឹមថា បន្ទាប់ពីក្រសួងពិនិត្យលើញត្តិនេះ ក្រសួងនឹងដោះស្រាយបញ្ហារបស់ពួកគេ ដោយតែងតាំងមន្ត្រីដែលមានសមត្ថភាព និងសកម្ម ដែលនឹងធ្វើឱ្យប្រជាពលរដ្ឋមានជំនឿលើអាជ្ញាធរឡើងវិញ។

លោក ពៅ បន្ថែមថា៖ «ខ្ញុំ​ជា​ជាង​ជួសជុល​ម៉ូតូ​យូរ​មក​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ទេ ចាប់​តាំង​ពី​មាន​អំពើ​ប្លន់។ ខ្ញុំ​បាន​ប្តឹង​ប៉ូលិស និង​មេ​ភូមិ ប៉ុន្តែ​គ្មាន​នរណា​ជួយ​រក​យុត្តិធម៌​ទេ»

លោក ឡុង ហឿន មេភូមិព្រែកតាគង់១ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយនិយាយថាលោកជាប់រវល់នៅពេលសួរអំពីពលរដ្ឋដែលដាក់ញត្តិទៅរដ្ឋាភិបាលឲ្យបញ្ឈប់តួនាទី។

មន្ត្រី​ក្រសួង​ដែល​ទទួល​យក​ញត្តិ​មិន​បាន​បញ្ជាក់​ថា​ពេល​ណា​រឿង​នេះ​នឹង​ត្រូវ​ដោះស្រាយ​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ និង​អ្នក​នាំ​ពាក្យ​នគរបាល​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​តាម​ទូរស័ព្ទ ឬ​កម្មវិធី​ផ្ញើសារ​តេឡេក្រាម។

ក្នុងឆ្នាំ២០១០ រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដែលផ្តោតលើគោលការណ៍សំខាន់ៗចំនួន៥។ គោលនយោបាយបានលើកឡើងថា ភូមិ និងឃុំមិនមានអំពើចោរកម្ម និងប្លន់។ មិនគួរមានការផលិត ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនឡើយ។ គ្មានពេស្យាចារ ការជួញដូរស្ត្រី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ។ គ្មានក្រុមក្មេងទំនើង និងគ្មានល្បែងស៊ីសងគ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ ឬប្រព្រឹត្តបទឧក្រិដ្ឋ។

អ្នកវិភាគសង្គម លោក មាស នី បានប្រាប់ សារព័ត៌មានខេមបូចា ថា យោងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ដែលមានចែងក្នុងច្បាប់ក្រុមប្រឹក្សាឃុំ-សង្កាត់ ការទាមទារ​របស់ប្រជាពលរដ្ឋគឺស្របច្បាប់ ដោយឈរលើមូលដ្ឋានដែលអាជ្ញាធរថ្នាក់ក្រោមមិនបានព្យាយាមអស់ពីសមត្ថភាពដើម្បីដោះស្រាយបញ្ហា។ ប្រជាពលរដ្ឋ​អាច​ស្នើ​សុំ​អន្តរាគមន៍​ដោយ​ដាក់​ញត្តិ​ទៅ​អាជ្ញាធរ​ថ្នាក់​លើ។ អ្វី​ដែល​សំខាន់​គឺ​រដ្ឋាភិបាល​ស្វែងរក​ដំណោះស្រាយ និង​សម្របសម្រួល​ការឆ្លើយតប​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព និង​មានការ​ស៊ើបអង្កេត​ច្បាស់លាស់​។

មន្ត្រីថ្នាក់ក្រោមមិនយកចិត្តទុកដាក់លើគោលនយោបាយសុវត្ថិភាពភូមិ ឃុំ និងទីជម្រកគឺផ្ទុយនឹងគោលបំណងរបស់រដ្ឋាភិបាល ដោយលោកបន្ថែមថា ប្រសិនបើ «សាច់ស្អុយ» ត្រូវបានដកចេញ ហើយដាក់មេដឹកនាំល្អ នោះកិត្តិយសនឹងបានទៅរដ្ឋាភិបាល។

លោក មាស នី បានថ្លែងថា៖ «រដ្ឋាភិបាលគួរតែដាក់ទណ្ឌកម្ម ឬដកពួកគេចេញ ហើយរៀបចំថ្មីមួយ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលប្រជាពលរដ្ឋចង់បាន និងអនុវត្តវិធានការច្បាប់ប្រកប​ដោយ​ប្រសិទ្ធភាព»

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា មានប្រសាសន៍ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាអាទិភាពរបស់រដ្ឋាភិបាល ដែលត្រូវតែឈានទៅរកការលុបបំបាត់គ្រឿងញៀននៅកម្ពុជា។

វាត្រូវបានអនុវត្តតាមបញ្ជារបស់ក្រសួងកាលពីថ្ងៃទី៤ ខែធ្នូ សម្រាប់ការផ្សាយពាណិជ្ជកម្មល្បែងអនឡាញឱ្យបញ្ឈប់ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនត្រូវបានគេមើលឃើញថាមានរូបភាព វីដេអូ និងខ្លឹមសារនៃល្បែងស៊ីសងខុសច្បាប់ ហើយផ្សព្វផ្សាយពួកគេដើម្បីទាក់ទាញមនុស្សឱ្យលេងល្បែងនៅនឹងកន្លែង ឬតាមអនឡាញ។

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ក្រុមជំនាញបានចុះបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់នៅកម្ពុជាជាង៣ពាន់កន្លែង និងចាប់ខ្លួនជនបរទេស និងប្រជាពលរដ្ឋជាង១ម៉ឺននាក់ ដើម្បីសាកសួរ និងចាត់ការបន្តតាមនិតិវិធីច្បាប់៕

952 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម