សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុមស្រ្តីងាយរងគ្រោះ ស្វែងរកការគំាទ្របន្ថែមពីសង្គម ដើម្បីទទួលបានសិទ្ធិ និងសុវត្ថិភាពពេលបំពេញការងារ

ម៉ាយូណង អាយុ ៥៥ឆ្នាំ អ្នកបម្រើការសេវាកម្សាន្តយំពេលផ្ដល់កិច្ចសម្ភាសជាមួយ ខេមបូចា ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
ម៉ាយូណង អាយុ ៥៥ឆ្នាំ អ្នកបម្រើការសេវាកម្សាន្តយំពេលផ្ដល់កិច្ចសម្ភាសជាមួយ ខេមបូចា ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ក្រុមស្រ្តីងាយរងគ្រោះ រួមមានអ្នកប្រកបរបររកស៊ីផ្លូវភេទ និងស្រ្តីបម្រើសេវាកម្សាន្តនានា កំពុងស្វែងរក​ការគាំទ្របន្ថែមទៀតពីសហគមន៍ រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបង្កើន​ឱ្យ​មាន​ការយកចិត្ត​ទុកដាក់ពីសហគមន៍ ការធានាបាននូវសុវត្ថិភាពពេលបំពេញការងារ សិទ្ធពេញ​លេញ ការឱ្យ​តម្លៃ និងបំបាត់ការរើសអើង និងអំពើហិង្សាមកលើពួកគេ។

នៅឯទិវាអន្តរជាតិដើម្បីបញ្ចប់អំពើហិង្សាមកលើស្ត្រីរកស៊ីផ្លូវភេទ ដែលត្រូវបានគេ​ប្រារព្ធ​ក្នុង​រាជធានីភ្នំពេញ ​នៅ​ថ្ងៃទី​១៧ ខែធ្នូ​។ អតីតអ្នកប្រកបរបររកស៊ីផ្លូវភេទ ហើយ​បច្ចុប្បន្ន​ជាប្រធាន​បណ្ដាញ​ស្រ្តី​បម្រើ​សេវា​កម្សាន្តនៅកម្ពុជា លោកស្រី សុម៉ាល័យ អាយុ ៣៧ឆ្នាំ រស់នៅក្នុង​ភូមិ​សាស្រ្តក្នុង​ក្រុង​តាខ្មៅ បានថ្លែងប្រាប់ខេមបូចាថា  ការរើសអើង និង​ម៉ាក់ងាយមកលើ​ស្រ្តី​ងាយរងគ្រោះ​នៅ​​តែមាន។  តួយ៉ាងការរើសអើងពីសហគមន៍ អ្នកជិត​ខាង និងភ្ញៀវមកទទួល​សេវាកម្ម ពួកគេ​មិនបានឱ្យតម្លៃលើអ្នកប្រកបរបររកស៊ីបែបនេះទេ។

លោកស្រីប្រាប់ថា៖ «សហគមន៍នៅរើសអើង ពិសេសពេលឃើញអ្នកប្រកបរបរនេះ​ស្លៀក​ពាក់​​ចឹង គេមើលងាយថាជាស្រីមិនល្អ ចំណែកភ្ញៀវមកទទួលសេវាមួយ​ចំនួន​ម៉ាក់​ងាយរើស​អើងយើង ថាយើងជាស្រីលក់ខ្លួន ហើយមិនប្រើពាក្យគួរសមទេ ពេលដឹងថាយើង​ធ្វើការចឹង គាត់បបួលយើងទៅគេងចឹងហ្មង»។

លោកស្រីបានឱ្យដឹងទៀតថាក្រៅតែពីការរើសអើង ស្រ្តីប្រកបរបរសេវាកម្សាន្តក៏ទទួលបាន​រំលោភបំពានផងដែរ ដោយភ្ញៀវខ្លះគេងជាមួយហើយឱ្យតម្លៃថោក ឯខ្លះទៀតមិនឱ្យប្រាក់ និងមានការលូកលាន់កំឡុងពេលបំពេញការងារក៏មាន។

ស្របពេលដែលទទួលការរំលោភបំពាន ក្រុមស្រ្តីរកស៊ីផ្លូវភេទ និងសេវាកម្សាន្តទាំងនេះ ក៏​ទទួល​បានការបណ្ដុះបណ្ដាលពីខាងអង្គការនានារយៈពេល៣ ទៅ៦ខែម្ដង ដើម្បីដឹងពីទម្រង់​នៃអំពើហិង្សា ការការពារខ្លួន និងរបៀបរកជំនួយពេលជួបបញ្ហារំលោភបំពានកើតឡើងមក​លើពួកគេ។ 

លោកស្រីបន្តថា៖ «ការចុះជួយបង្រៀនរបស់អង្គការនានា គឺមានសារៈសំខាន់ណាស់សម្រាប់​ក្រុមពួកខ្ញុំ ព្រោះពួកខ្ញុំភាគច្រើនរៀនមិនបានខ្ពង់ខ្ពស់ទេ ទាក់ទងនឹងចំណេះដឹងពួកយើង​មិន​បានដឹងទៀតថាត្រូវធ្វើម៉េច និងទៅរកអ្នកណាមកជួយ ពេលគេរើសអើង ឬរំលោភបំពាន»។

និយាយទាំងអួលដើមក លោកស្រីរំលឹកថា កាលពីប៉ុន្មានឆ្នាំមុនស្រ្តីដែលប្រកបអាជីព​ដូចគ្នា​នៅតំបន់វត្តភ្នំ ត្រូវបានអាជ្ញាធរដេញចាប់មកអប់រំ តែធ្វើឱ្យមានការភិតភ័យរហូតមាននារីម្នាក់​រអិលដួលបោកក្បាលនឹងទូកស្លាប់។ក្នុងនាមជាអតីតអ្នកប្រកបរបររកស៊ីផ្លូវភេទ លោកស្រី សុម៉ាល័យ មិនអាចទទួលយកបានទេនៅពេលដែលមានរឿងរ៉ាវបែបនេះកើតឡើង​មកលើ​ក្រុមពួកគាត់

លោកស្រីថា៖ «និយាយដល់រឿងហ្នឹងឈឺចាប់ណាស់! ដោយសារមូលហេតុអីគាត់ប្រកបរបរ​ហ្នឹង គឺដោយសារជីវភាពគ្រួសារគាត់មានការខ្វះខាត ពេលដែលគាត់ទៅរកស៊ីចឹង បានតែ​តិចតួច​ទេ ហើយសមត្ថកិច្ចដេញចាប់មកអប់រំបណ្ដាលឱ្យមានឧបតវហេតុស្លាប់ »

ក្រោយពីរៀបរាប់ពីបទពិសោធ និងការឈឺចាប់ លោកស្រីម៉ាល័យ ប្រធានបណ្ដាញស្រ្តី​បម្រើ​សេវាកម្សាន្តនៅកម្ពុជា ទទូចស្នើសុំអង្គការដែលពាក់ព័ន្ធធ្វើការជាមួយស្រ្តីងាយរងគ្រោះ មេត្តា​បន្តសកម្មភាពនិងគាំទ្រទៅដល់ស្រ្តីរកស៊ីផ្លូវភេទទាំងនោះទៀត ពិសេសខាងអាជ្ញាធរសូមកុំ​មាន​ការរើសអើង និងមេត្តាបើកចិត្តទទួលស្គាល់ ស្វែងយល់ពីស្រ្តីងាយរងគ្រោះ និងកុំបោះបង់​ពួកគេចោល។

សុម៉ាល័យ អាយុ ៣៧ឆ្នាំ អតីតអ្នកបម្រើសេវាកម្សាន្ត ផ្ដល់កិច្ចសម្ភាសជាមួយ​ខេមបូចា​ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៦​ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង​ សំរាំង​

ចំណែកលោកស្រី យូម៉ាណង អាយុ៥៥ឆ្នាំ ប្រកបរបរជាអ្នករកស៊ីផ្លូវភេទតាំងពីជំនាន់​អ៊ុនតាក់ មកទល់ឥឡូវនេះ លោកស្រីបានជួបរឿងរ៉ាវជាច្រើន គ្រប់ទម្រង់ ​ មិនថាតែការ​​ម៉ាក់ងាយ ការរើសអើង ការប្រើអំពើហិង្សា និងការរំលោភបំពាននានា ពីសំណាក់ភ្ញៀវ សហគមន៍ និងអ្នកជុំវិញខ្លួន។

លោកស្រីថា៖ «ខ្ញុំធ្លាប់ជួបបញ្ហាទាំងអស់ ខ្ញុំធ្លាប់ត្រូវភ្ញៀវវាយ ភ្ញៀវធ្លាប់យកទៅរំលោភបូក​ម្ដង​ប្រាំ ទៅប្រាំមួយនាក់ ហើយភ្ញៀវខ្លះរំលោភបំពានហើយមិនឱ្យលុយហើយទុក​យើង​ចោល​។  គិតដល់រឿងអស់ហ្នឹង ខ្ញុំធ្លាប់ទៅលោតទឹក តែកូនៗយំឃាត់ ថាកុំគិតខ្លី យើងមាន​អំបិលហូប​អំបិល»។

ដោយសារតែគ្មានជម្រើសក្នុងការប្រកបរបរផ្សេង លោកស្រី យូម៉ាណង អះអាងថាខ្លួនមិនចង់​ប្រកបការងារបែបនេះប៉ុន្មានទេ តែដោយសារតែប្រទះនឹងបញ្ហាគ្រួសារ មានប្ដីជាអ្នកញៀន​ល្បែង ផឹកស្រា និងប្រើអំពើហិង្សាមកលើលោកស្រី ដូច្ចេះហើយរូបខ្លួនបានរត់គេច បន្ទាប់មក​ទើបប្រឈមនឹងការចឹញ្ចឹមកូនចំនួនប្រាំពីរនាក់ក្នុងបន្ទុក ហើយបានជ្រើសរើសការងារ​ជាអ្នក​រត់តុ បន្ទាប់មកជាអ្នកបម្រើសេវាតាមបាកម្សាន្ត និងរកក្រៅបន្ថែម ។

លោកស្រីពោលទាំងទឹកភ្នែកថា៖ «ដោយសារតែប្ដីធ្វើបាប ខ្ញុំរត់គេចប្ដី និងចិញ្ចឹមកូនប្រាំពីរ​នាក់តែឯង អស់ជម្រើសទើបខ្ញុំស្មគ្រចិត្តដោយខ្លួនឯងទៅប្រកបរបរហ្នឹង សុខចិត្តទ្រាំឱ្យ​គេ​លូក​គេលាន់ ដើម្បីបានលុយទៅចិញ្ចឹមកូន កូនបានរៀនកុំឱ្យលំបាកដូចយើងទៀត »

ក្នុងនាមជាស្រ្តីរងគ្រោះមួយរូប លោកស្រីតែងតែទទូចឱ្យអ្នកពាក់ព័ន្ធនានា ពិសេសរដ្ឋាភិបាល លើកទឹកចិត្ត ផ្ដល់ការគាំពារ មានច្បាប់ទទួលស្គាល់លើមុខរបរ លុបបំបាត់ការរើសអើង និងមានសិទ្ធស្មើដូចអ្នកដទៃ។

លោកស្រី យូម៉ាណង លើកឡើងថា៖ «ខ្ញុំរកស៊ីផ្លូវភេទមែន តែខ្ញុំក៏ជាមនុស្ស មិនមែនសត្វទេ!  ហើយដូចថា ពេលយើងស្លៀកពាក់ទៅធ្វើការអ្នកជិតខាងគេពេបជ្រាយយើង ហើយពេល​មាន​បញ្ហាទៅប្ដឹងប៉ូលីសអី អាជ្ញាធរគេមិនចង់ដោះស្រាយឱ្យយើងទេ គេនៅតែប្រើពាក្យថា យើង​ជា​ស្រីខូច យើងជាពួកបំពុលសង្គម»

ដោយឡែក មេភូមិបាក់ទូក សង្កាត់ទូលសង្កែទី១ ខណ្ឌឬស្សីកែវ  លោក ដាង ជីវ៉ា កាន់តួនាទី​តាំងពីឆ្នាំ២០១៧មក អះអាងថា ការរំលោភបំពានមកលើស្រ្តីរកស៊ីផ្លូវភេទនានាពិតជាមាន​មែន តែពេលឥឡូវនេះមានការថយចុះច្រើនបើធៀបពីមុននៅភូមិសាស្រ្តលោក ដោយសារតែ​តំបន់នេះ មិនសូវមានទីតាំងកម្សាន្តច្រើនដូចមុនទេ ហើយអ្នកធ្លាប់ប្រកបរបរនេះមួយចំនួន​ធំ​ទៅធ្វើការងារផ្សេង ដូចជាការងាររោងចក្រជាដើម។

ក្នុងនាមជាមេភូមិម្នាក់ លោក ជីវ៉ា ប្រាប់ថា អាជ្ញាធរតែងតែយកចិត្តទុកដាក់លើស្រ្តីងាយ​រង​គ្រោះទាំងនោះ ព្រោះពួកគេក៏មានសិទ្ធដូចមនុស្សឯទៀតដែរ។ ហើយសម្រាប់អាជ្ញាធរ​មូលដ្ឋាន លោកនៅតែចូលរួមសហការប្រសិនបើពលរដ្ឋមានបញ្ហាលោកនឹង​ប្រឹងអស់ពី​លទ្ធភាព​ក្នុងការសម្រួលនិងដោះស្រាយជូន ដោយមិនមានការរើសអើងនោះទេ។

 លោកបន្តថា៖ «បុរសៗបើបានប្រើសេវាកម្មហើយ កុំរំលោភបំពានមកលើគ្នាអី គ្នាមិនចង់ទេ តែដោយសារជីវភាព។ ហើយមិនថាពួកគេប្រកបការងារអ្វីទេ ពួកគេក៏ជាមនុស្សដូចយើងដែរ ដូច្នេះក្នុងនាមជាអាជ្ញាធរ ខ្ញុំប្រៀបដូចជាម៉ែជាឪគេអ៊ីចឹងដែរ»

ថ្ងៃទី១៧ ខែធ្នូ នេះ គឺជាថ្ងៃប្រារព្ធទិវាអន្តរជាតិដើម្បីបញ្ចប់អំពើហិង្សាមកលើស្ត្រីរកស៊ីផ្លូវភេទ ដូច្នេះសមាគមគាំទ្រស្រ្តីងាយរងគ្រោះ (ASVW) បានធ្វើយុទ្ធនាការមួយ ដើម្បីលើកកម្ពស់ការ​អប់រំសុខភាព និងផ្តល់ការព្រឹក្សាដល់សមាជិកដែលមានទីតាំងនៅតំបន់គោលដៅចំនួនដប់​ក្នុង​រាជធានីភ្នំពេញ។

បើតាមសមាគមគាំទ្រស្រ្តីងាយរងគ្រោះ បានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ ស្ត្រីងាយ​រងគ្រោះទាំងនេះ កំពុងប្រឈមមុខនឹងអំពើហឹង្សានៅកន្លែងធ្វើការ និងការរើសអើង​នៅក្នុង​សហគមន៍របស់ពួកគេ។ ដូច្នេះ វេទិកានេះ នឹងផ្តល់អំណាចដល់ស្ត្រីរកស៊ីផ្លូវភេទ និង​សកម្មជនទូទាំងពិភពលោក ដើម្បីពង្រឹងការកសាងសមត្ថភាព ការចែករំលែកពីបញ្ហា ការ​គៀងគងមនុស្សរួមគ្នាលុបបំបាត់ការមាក់ងាយ និងការរើសអើង ដែលជំរុញឱ្យមានអំពើហិង្សា និងចងចាំជនរងគ្រោះដែលត្រូវបានរំលោភបំពាន។

ក្រុមនារីបម្រើសេវាកម្សាន្តកំពុងសិក្សាវគ្គបណ្ដុះបណ្ដាល ដែលផ្ដល់ដោយសមាគម​គាំពារស្ត្រីងាយរងគ្រោះ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

កញ្ញា ឈឹម សុផល មានតួនាទីជាមន្ត្រីគម្រោងស្រ្តីរកស៊ីផ្លូវភេទ ឬស្រ្តីបម្រើសេវាកម្សាន្ត បាន​បញ្ជាក់ឱ្យដឹងថា ការប្រារព្ធកម្មវិធីថ្ងៃនេះ​ គឺដើម្បីលើកកម្ពស់ចំណេះដឹងដល់ស្រ្តីរកស៊ីផ្លូវភេទ ទាក់ទងនឹងសុវត្ថិភាពការងារ អំពើហិង្សា និងរំលឹកពីស្រ្តីធ្លាប់រងគ្រោះទៅដល់សហគម និង​សង្គមទាំងមូល។

កញ្ញា សុផល រៀបរាប់ថា៖ «ស្រ្តីរកស៊ីផ្លូវភេទ ក៏ជាអ្នកជិតខាង ជាអ្នកភូមិ ចឹងកុំរើសអើង​អ្នក​រកស៊ីផ្លូវភេទ ហើយសូមគាំទ្រ និងលើកទឹកចិត្តពួកគាត់ ព្រោះការងារហ្នឹងមិនមែនជាការងារ​ខុសច្បាប់ជួញដូរឬកេងប្រវ័ញ្ញផ្លូវភេទទេ»

មន្រ្តីគម្រោងរូបនេះ បានប្រាប់ឱ្យដឹងថា មួយរយៈចុងក្រោយនេះ ចំនួនស្រ្តីងាយរងគ្រោះត្រូវ​បាន​គេរំលោភបំពានប្រមាណជា១០ករណី សុទ្ធសឹងជាករណីធ្ងន់ធ្ងរ ​ភាគច្រើនអ្នកបង្កដោយ​អតិថិជន និងស្វាមីស្រ្តីងាយរងគ្រោះផ្ទាល់។​ក្រោយទទួលរងការបៀតបៀនស្រ្តីទាំងនោះបាន​ ប្រាប់ទៅដល់ម្ចាស់ផ្ទះសំណាក់ សមាគម និងអាជ្ញាធរដើម្បីដឹងឮផងដែរ។  

មន្រ្តីគម្រោងឲ្យដឹងថា៖ «ស្រ្តីរកស៊ីផ្លូវភេទ ពេលទាំងចេញទៅប្រកបរបរម្ដងៗត្រូវបានភ្ញៀវ​ធ្វើបាបគាត់ បង្ខំគាត់មិនឱ្យប្រើស្រោមដើម្បីការពារខ្លួនជាដើម»

កញ្ញា សុផល បញ្ជាក់ថា នៅពេលដែលមានបញ្ហាកើតឡើងមកលើក្រុមស្រ្តីងាយរងគ្រោះ ខាងសមាគមតែងតែជួយជ្រោមជ្រែងដើម្បីដោះស្រាយបញ្ហា ដោយស្រ្តីខ្លះ​ត្រូវបានគេចាប់​ទៅដាក់ពន្ធនាគារព្រៃស  និងមណ្ឌលកែប្រែនៅកំពង់ស្ពឺ ហើយចាប់កោសក់​ជាដើម។

កញ្ញា សុផល យល់ឃើញថា បញ្ហាដែលកើតមានលើក្រុមស្រ្តីរកស៊ីកន្លងមក គឺខ្វះការគាំទ្រពី​ខាងអាជ្ញាធរ ពិសេសសហគមនៅពេលដែលដឹងថាស្រ្តីណាដែលរកស៊ីផ្លូវភេទគេមានការ​រើសអើងស្អប់ខ្ពើម មិនអើពើនៅពេលដែលស្រ្តីទាំងនោះរងអំពើហិង្សាក្ដី​ រងភាពអយុត្តិធម៌​ក្រោមរូបភាពបែបណាក្ដី សម្លេងស្រ្តីរងគ្រោះត្រូវបានគេមើលរំលង។ ហេតុផលទាំងនេះ ជាដើមចមដែលស្រ្តីរងគ្រោះមិនអាចរកជំនួយទាន់ពេលវេលាបាន។

កញ្ញា សុផល បញ្ជាក់ទៀតថា មួយរយៈក្រោយនេះក្រោមការបណ្ដុះបណ្ដាលពីសមាគម​ស្រ្តី​ងាយរងគ្រោះ ក្រុមស្រ្តីរកស៊ីផ្លូវភេទ ទទួលបានចំណេះដឹងច្រើនពីវិធីសាស្រ្តការពារខ្លួន ការ​ទប់កំហឹង ការនិយាយបែបសន្តិវិធី​ និងវិធីសាស្រ្តរកជំនួយ ដូច្នេះហើយបានជាមួយរយៈ​ក្រោយ​នេះអំពើហិង្សាមកលើពួកគេមានការកាត់បន្ថយ។

ទាក់ទងនឹងបញ្ហានេះ សុផលសំណូមពរថា សង្គម និងយុវវ័យជំនាន់ក្រោយ ពិសេសអាជ្ញាធរ សូមបញ្ជប់ការរើសអើង មាក់ងាយ មកលើស្រ្តីរកស៊ីផ្លូវភេទ និងកុំព្រងើយកន្តើយនៅពេល​ដែលឃើញស្រ្តីរកស៊ីផ្លូវភេទរងអំពើហិង្សា និងភាពអយុត្តិធម៌ណាមួយ ព្រោះស្រ្តីរកស៊ីរបរ​នេះ ក៏ជាជនរួមជាតិ ក៏ជាអ្នកជិតខាង ជាមនុស្សមានសិទ្ធិស្មើអ្នកឯទៀតដែរ៕​

418 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម