សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ដោយសារកម្រិតទឹកទាបហើយការនេសាទមិនសូវបានផល អ្នកនេសាទនៅបឹងទន្លេសាបជួបការលំបាក

អ្នកនេសាទម្នាក់ជួសជុលសំណាញ់របស់គាត់នៅលើដងទន្លេសាបក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦។ ខេមបូចា/ ព្រីង សំរាំង
អ្នកនេសាទម្នាក់ជួសជុលសំណាញ់របស់គាត់នៅលើដងទន្លេសាបក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦។ ខេមបូចា/ ព្រីង សំរាំង

ខណៈពេលរដូវវស្សាចាប់ផ្តើម ប្រជាពលរដ្ឋរស់នៅលើ និងជុំវិញបឹងទន្លេសាប និយាយថា ពួកគាត់បារម្ភអំពីការទទួលបានផលនេសាទទាបនិងកម្រិតទឹកទាបដ៏គ្រោះថ្នាក់បែបនេះ នៅឆ្នាំបន្ទាប់ទៀតនៅអាងទឹកសាបដែលធំបំផុតក្នុងតំបន់។

សេន ក្រីយ៉ា ជាអ្នកនេសាទនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងដែលធំធាត់ នៅលើបឹងទន្លេសាបបាននិយាយថា ការនេសាទខុសច្បាប់បាន​ និងកំពុង បំផ្លាញធនធានត្រីនៅក្នុងបឹងទន្លេសាប។

លោកបាននិយាយថា៖ «យើងពឹងផ្អែកលើរបរនេសាទ។ យើងគ្មានជំនាញអ្វីផ្សេងទេ បើមិនដូច្នេះទេ យើងនឹងទៅធ្វើការជាកម្មករសំណង់នៅពេលដែលយើងមិនអាចរកត្រីទៀត។ ខ្ញុំមិនអាចរកត្រីបរិភោគបានទៀតទេ ហើយខ្ញុំត្រូវទិញត្រីពីផ្សារយកមកហូប​»

កម្រិតទឹកនៅបឹងទន្លេសាបបានធ្លាក់ចុះនៅប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារការកើនឡើងចំនួនទំនប់វារីអគ្គិសនី ដែលគេសាងសង់នៅលើដងទន្លេមេគង្គនិងដៃទន្លេ។ បឹងនេះក៏រងគ្រោះដោយសារការនេសាទហួសប្រមាណ ដែលនាំឱ្យអ្នកនេសាទជាច្រើនពឹងផ្អែកលើឧបករណ៍ខុសច្បាប់។

លោកបាននិយាយថា៖ «ប្រសិនបើយើងប្រើឧបករណ៍នេសាទធម្មតា យើងមិនអាចចាប់ត្រីបានទេ ប៉ុន្តែប្រសិនបើយើងប្រើឧបករណ៍នេសាទហាមឃាត់ យើងត្រូវបង់លុយឲ្យ [អាជ្ញាធរ] ។ ប្រជាពលរដ្ឋគ្មានលុយបង់ឲ្យពួកគេទេ»

លោក ក្រីយ៉ា បាននិយាយថា កាលពីមុន លោករកចំណូលបានច្រើនជាង ១៥ដុល្លារក្នុងមួយថ្ងៃពីការនេសាទ អំឡុងខែមករា និងកុម្ភៈ។ ដោយមិនអាចចាប់បានត្រីតទៅទៀត ឥឡូវនេះលោកងាកមកធ្វើការក្នុងវិស័យសំណង់ ដែលលោករកចំណូលបានប្រហែល៨ដុល្លារក្នុងមួយថ្ងៃ។

បឹងទន្លេសាបលាតសន្ធឹងនិងរួមតូចទៅតាមរដូវ ដោយទឹកហូរ ចូលពីទន្លេមេ គង្គតាមទន្លេសាបនៅដើមរដូវវស្សា និងហូរចេញមកវិញនៅចុង​រដូវវស្សា។ ដោយកម្ពស់ទឹកទន្លេបានធ្លាក់ចុះ នៅទន្លេមេគង្គដោយសារទំនប់វារីអគ្គិសនី ការហូរចូលទន្លេសាបហាក់ដូចជាអូសបន្លាយជាងពេលមុននៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

នៅឆ្នាំ២០២០ ទឹកហូរចូល​បឹងទន្លេ​សាប មាន​ មានភាព​យឺត​យ៉ាវ​ រហូតដល់ខែ តុលាគឺប្រហែល៤ខែក្រោយ ហើយបរិមាណទឹកបឹងនៅរដូវវស្សាគឺបាន ត្រឹមមួយភាគបួននៃទំហំធម្មតារបស់បឹងប៉ុណ្ណោះ។

នៅក្នុងរបាយការណ៍ស្ថានភាពប្រចាំសប្តាហ៍របស់ខ្លួន គណៈកម្មការទន្លេមេគង្គ (MRC) បង្ហាញថា លំហូរទឹកចេញពីបឹងទន្លេសាបវិញ​បានចាប់ផ្តើមតាំងពីថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ស្ថានភាពរំហូរចេញនៅចុងឆ្នាំ២០២០គឺទាបជាងរំហូរកម្រិតមធ្យម ប៉ុន្តែខ្ពស់ជាងនៅឆ្នាំ២០១៩ ពេលដែលកម្រិតទឹកឈាន ដល់កំរិតទាបជាប្រវត្តិសាស្ត្រ។ អ្នកនេសាទសង្ឃឹមថា រំហូរចូលនឹងកើតឡើងទាន់ពេលនៅឆ្នាំនេះ។

លោក ហ៊ុត ហាន តំណាងប្រជានេសាទនៅសហគមន៍ព្រែកឆ្តោ ស្រុកឯកភ្នំខេត្ត បាត់ដំបងបានលើកឡើងថា កម្រិតទឹកទន្លេទាបក្នុងរយៈពេល២ឆ្នាំចុង ក្រោយនេះ មានន័យថា គ្មានត្រីណាចូលទៅតាមព្រែក បឹងបួរ នៅក្បែរនោះទេ។ ជាទីកន្លែងដែលធ្លាប់តែសម្បូរត្រី ឥឡូវនេះគេមើលឃើញថា កង្វះត្រីនៅ តាមដៃទន្លេតូចៗបានក្លាយជាផលប៉ះពាល់ដល់អ្នកស្រុក ដែលពឹងផ្អែកលើការនេសាទដើម្បីចិញ្ចឹមជីវិត។

លោកបាននិយាយថា៖ «សម្រាប់សហគមន៍ យើងកំពុងរង់ចាំមើលថា តើទឹកហូរចូលដែរឬទេ ដើម្បីឱ្យប្រជាជនអាចចាប់ត្រីបាន ប៉ុន្តែប្រសិនបើទឹកមិនមក សហគមន៍យើងច្បាស់​ជា​ចប់​ហើយ»

ត្រីគឺជាផ្នែកសំខាន់មួយនៃរបបអាហាររបស់ប្រជាពលរដ្ឋកម្ពុជាក៏ដូចជារបរចិញ្ចឹមជីវិតដ៏សំខាន់ផងដែរ។ យោងតាមរដ្ឋបាលជលផល ប្រូតេអ៊ីនជាង៧៥ ភាគរយគឺបានមកពីត្រី ខណៈមនុស្ស១,៥ លាននាក់ធ្វើការងារ ពេញម៉ោងក្នុង របរនេសាទ ចំណែក៦លាននាក់ទៀតពឹងផ្អែកលើការងារ ក្រៅម៉ោងឬដោយប្រយោលនៅក្នុងវិស័យនេះ។

លោក ហ៊ុត ហាន បាននិយាយថា៖ «ប្រជាជនដែលពឹងផ្អែកតែលើ ការនេសាទ បានបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ រីឯអ្នកដែលមានដីស្រែក៏ខ្វះទឹកសម្រាប់ ស្រោចស្រពដំណាំដែរ ដូច្នេះវាប៉ះពាល់ដល់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍»

លោក ហ៊ុត ហាន បាននិយាយថា មានប្រជាជនជាង៣០០ គ្រួសារនៅក្នុង ភូមិ ព្រែកឆ្តោ ដែលភាគច្រើនពឹងផ្អែកលើការនេសាទ និងកសិកម្មផ្សេងទៀត​។ លោកបាននិ យាយថា ក្រៅពីកម្រិតទឹកទាប ការនេសាទខុសច្បាប់មាន ការរីករាលដាលខ្លាំងអំឡុងពេលមានការឆ្លងរាលដាលជំងឺកូវីដ-១៩។

លោកបាននិយាយថា៖ «ត្រីនៅបឹងទន្លេសាបគឺតិចទៅៗ ដោយសារកម្រិតទឹក​ទាបហើយការនេសាទខុសច្បាប់នៅតែបន្តកើតមានជារៀងរាល់ថ្ងៃ» ដោយលោកបន្ថែមថា៖«ខណៈពេលអ្នកគ្រប់គ្នាជាប់រវល់ជាមួយជំងឺកូវីដ-១៩ អ្នកនេសាទ ខុសច្បាប់ កំពុងតែបង្កើនការនេសាទខុសច្បាប់។ យើងបានប្តឹងទៅអាជ្ញាធរ ប៉ុន្តែ មិន មានចំណាត់ការអ្វីទេ»

ទូកនេសាទនៅលើផ្ទៃទន្លេសាប ក្នុងទីក្រុងភ្នំពេញ ដែលបានថតកាលពីខែតុលា ឆ្នាំ២០១៧។ខេមបូចា/ ព្រីង សំរាំង

លោក អេង ជាសាន ប្រធានរដ្ឋបាលជលផល បានដាក់ទូរសព្ទចុះ នៅពេល សួរអំពីការនេសាទខុសច្បាប់។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រ មាញ់និងនេសាទមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។

លោក ជូង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានមានប្រសាសន៍ថា ទោះបី​កម្ពស់ទឹកឆ្នាំនេះខ្ពស់ជាងឆ្នាំមុនបន្តិច តែវាទាបច្រើនជាងកាលពីពេលកន្លងមក។

លោកថ្លែង​ថា៖ «យើងសង្កេតឃើញថា ចាប់តាំងពីការសាងសង់ទំនប់វារីអគ្គិសនី នៅតាមទន្លេមេគង្គ កម្រិតទឹកធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ»

លោកបន្តថា ការធ្លាក់ចុះនៃកម្រិតទឹកបានបណ្តាលឲ្យផលនេសាទធ្លាក់ចុះ។ នៅឆ្នាំ២០២០ ខេត្តបាត់ដំបងប្រមូលបានត្រីជាង២ម៉ឺនតោន ធ្លាក់ចុះ១៥ភាគរយធៀបនឹងឆ្នាំមុន។

លោក សុភា និយាយថា ភាគច្រើននៃការនេសាទខុសច្បាប់ គឺប្រព្រឹត្តដោយ អ្នកនេសាទពេលយប់ នៅកណ្តាលបឹង ដែលធ្វើឲ្យអាជ្ញាធរពិបាកបង្ក្រាប ។

លោក អ៊ុំ សាវ៉ាត នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) បានមានប្រសាសន៍ថា ការថយចុះនៃធនធានជល ផល ធម្មជាតិគឺបណ្តាលមកពីកត្តាជាច្រើន រួមមានការប្រែប្រួលអាកាសធាតុ ការនេសាទខុសច្បាប់ និងទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ។

លោកថ្លែងថា៖ «រដ្ឋាភិបាលបានលើកឡើងពីបញ្ហាបម្រែបម្រួលអាកាសធាតុ។ យើងមិនជំទាស់នឹងបញ្ហាសកលនេះទេ ប៉ុន្តែអ្វីដែលយើងព្រួយបារម្ភ គឺការ អភិវឌ្ឍន៍គម្រោងវារីអគ្គិសនីនៅតាមដងទន្លេមេគង្គ ដែលបណ្តាលឱ្យ មានលំហូរ ទឹកមិនទៀងទាត់ និងប៉ះពាល់ដល់លំហូរទឹកចូលក្នុងបឹងទន្លេសសាបផងដែរ»

លោកបន្តថា ឆ្នាំ២០១៩ និងឆ្នាំ២០២០ កម្ពស់ទឹកនៅទន្លេសាបមានពី៦ម៉ែត្រទៅ ៧ម៉ែត្រ ទាបជាងកម្រិតមធ្យម ដែលមានចន្លោះពី៨ម៉ែត្រទៅ១១ម៉ែត្រក្នុង រយៈពេលពីរបីឆ្នាំកន្លងមកនេះ។

លោកបន្ត​ថា៖«ប្រសិនបើគម្រោងវារីអគ្គិសនីច្រើនទៀតត្រូវបានគ្រោងធ្វើដូចពេលបច្ចុប្បន្ននេះ បឹងទន្លេសាបនឹងមានកម្រិត ទឹកទាបជាងនេះ នាពេលអនាគត ហើយវានឹងប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានជលផល ខណៈពេលចំនួន ប្រជាជនកាន់តែកើនឡើង។ យើងចង់បានការ អភិវឌ្ឍប្រកបដោយនិរន្តភាព ដោយជួយឱ្យមានលំហូរទឹកធម្មតា ដើម្បីឱ្យបឹងទន្លេសាបអាចបន្តរស់​បាន​»

លោកបន្ថែម​ថា នៅពេលត្រីកាន់តែខ្សត់ ក្រុមការងាររបស់លោកកំពុងលើកទឹក ចិត្តឲ្យអ្នកនេសាទកែច្នៃផលិតផលនេសាទ ដើម្បីបន្ថែមតម្លៃជាជាងផ្តោតលើការលក់តែត្រីស្រស់​មួយមុខ។

អង្គការ FACT ធ្វើការជាមួយសហគមន៍នេសាទក្នុងឃុំចំនួន ៣០នៅជុំវិញបឹងទន្លេសាប ហើយបានកត់សំគាល់នូវការធ្លាក់ចុះផលនេសាទយ៉ាងខ្លាំង។ លោកសាវ៉ាត បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្នអ្នក​នេសាទចាប់​​ត្រីបានជាមធ្យមពី៩ គីឡូក្រាមទៅ១២គីឡូក្រាមក្នុងមួយថ្ងៃ ដែលជាការធ្លាក់ចុះ ជាងពាក់កណ្តាល បើប្រៀបធៀបនឹង១០ឆ្នាំមុន។

លោក អ៊ុត ឡុង ប្រធានបណ្តាញសហគមន៍នេសាទក្នុងខេត្តពោធិ៍សាត់បាន មានប្រសាសន៍ថា ការធ្លាក់ចុះផលត្រីនាំឱ្យមានការកើនឡើងនៃបទល្មើសនេសាទ ដោយអ្នកនេសាទចូលទៅក្នុងតំបន់អភិរក្ស ពីព្រោះកន្លែងផ្សេងទៀតរកត្រីមិនបាន។

លោកនិយាយថា «នៅរដូវប្រាំង ទឹកមានកម្រិតទាបមែនទែន ដែលបង្កឱ្យមានភ្លើងឆេះព្រៃនិងប៉ះ ពាល់ដល់ទីជម្រកត្រី។ គ្រួសារពលរដ្ឋពឹងផ្អែកលើការនេសាទ ហើយនៅពេល ពួកគេចាប់ត្រីលែងបាន កូនៗរបស់ពួកគេបានធ្វើចំណាកស្រុកទៅធ្វើការ នៅតាមរោងចក្រ និងខ្លះទៀតបានធ្វើចំណាកស្រុកទៅបរទេស។ ប៉ុន្តែ ដោយសារជំងឺកូវីដ គ្រួសារខ្លះនៅពេលនេះគ្មានអ្វីធ្វើទេ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ With low water levels and poor fishing, fishers struggle in Tonle Sap Lake

1,166 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម