កម្មករមិនទទួលបានប្រាក់ឈ្នួលខណៈវិស័យសំណង់ធ្លាក់ចុះ​

ក្រុមកម្មករដែលមិនទទួលបានប្រាក់ឈ្នួលដើរចេញពីការដ្ឋានសំណង់មួយនៅរាជធានីភ្នំពេញនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ បញ្ញា ឆព័ណ្ណ
Share on facebook
Share on twitter
Share on linkedin
Share on telegram
Share on whatsapp

កម្មករ​ជាង​៤០​នាក់​បាន​ធ្វើ​ការតវ៉ា​នៅ​សប្តាហ៍​នេះ​ប​ន្ទាប់​ពី​ធ្វើការ​មិន​ទទួល​បាន​ប្រាក់​ឈ្នួលជា​ច្រើន​ខែ កំឡុងពេលបំពេញការងារនៅការដ្ឋានផ្សារទំនើប DNC Mall ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ​ដែលជាឧទាហរណ៍មួយនៃផលប៉ះពាល់បណ្តាលមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ចមកលើកម្មករសំណង់។

កម្មករ​សំណង់​ វ័យ​៤២​ឆ្នាំ លោក​ ក្លាង រ៉ា​ បាន​ប្រាប់​ថា​គាត់​និង​កម្មករ​មួយ​ក្រុម​តូចក៏​ធ្លាប់​​បាន​នាំ​គ្នា​​ធ្វើ​កូដ​កម្ម​ពីមុន​ដែរ តែទើប​​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា​ មាន​កម្មករជាង​៤០​នាក់ទៀត​បាន​ចូលរួម​បាតុកម្ម​ប្រឆាំង​ក្រុម​ហ៊ុន​ Yuti Building Decoration Engineering Cambodia Co Ltd និង​ម្ចាស់​សំណង់​ DNC Mall Hong Ding Xing Tain Di ។

លោក រ៉ា បាន​មាន​ប្រសាសន៍​ថា​​៖ «ពួក​យើង​ប្រហែល​១០០នាក់​មិន​ទាន់​ទទួល​បាន​ប្រាក់​ខែ​រយៈពេល​​៣​ខែ​មកហើយ តាំង​ពីមុន​ចូលឆ្នាំ​ខ្មែរ​»។ លោក​បាន​បន្ថែម​​ថា​​ម្ចាស់​ក្រុមហ៊ុន​ដែល​ជាជនជាតិចិន​មិន​បានផ្តល់​ហេតុផល​ថា​តើហេតុ​អ្វី​បាន​ជា​មិន​បើក​ប្រាក់​ខែឱ្យ​កម្មករ​ទេ​»។

លោក​បាន​ឱ្យដឹង​ថា​កាលពី​ថ្ងៃទី​១៥ ​ខែមិថុនា មន្រ្តី​ខណ្ឌ​ទួលគោក​ បាន​ទៅជួប​ក្រុម​កម្មករ​នៅ​ការដ្ឋាន​នោះ ហើយ​បាន​ប្រាប់​កម្មករ​ថា​ពួកគេ​នឹង​ចចារ​ជាមួយ​នាយក​ក្រុមហ៊ុន​ Yuti  និង​ម្ចាស់​ផ្សារ DNC Mall។

លោក រ៉ា បាន​ប្រាប់​​ទៀត​ថា​៖ «យើង​ចង់​ឱ្យ​ក្រុម​ហ៊ុន​សំណង់​និង​ម្ចាស់​ DNC Mall រក​ដំណោះស្រាយ​ និង​បើក​លុយ​ដែល​ជំពាក់​យើង​៣​ខែ​ឱ្យ​ពួក​យើង​។ រយៈពេល​៣ខែ​ ខ្ញុំ​ផ្ទាល់​ និងកម្មករ​ផ្សេង​ទៀត​បានទៅ​ខ្ចី​លុយពីមេការរបស់ពួកយើងទិញ​ម្ហូប​រាល់​ខែ»។

លោក រ៉ា និង​កម្មករ​ផ្សេង​ទៀត​សង្ឃឹម​ថា​នឹង​មាន​ដំណោះ​ស្រាយ​ភ្លាមៗ​បន្ទាប់​ពីតំណាង​ក្រុម​ហ៊ុន Yuti និងDNC Mall ប្រជុំ​ពិភាក្សា​ជាមួយ​គ្នា​​នៅ​ថ្ងៃ​ទី​១៩​ ខែ​មិថុនា​។

លោក ​រ៉ា បាន​និយាយ​ថា​៖​​ «ប្រសិន​បើ​ក្រុម​ហ៊ុន​ Yuti និងDNC Mall មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ទេ​ យើង​នឹង​ប្តឹង​ទៅ​ខណ្ឌ​ទួល​គោក​(មន្រ្តី​ខណ្ឌ​) ហើយ​ប្រសិន​បើ​ខណ្ឌ​ទួល​គោក​មិន​អាច​ដោះ​ស្រាយ​បាន​ទេ​ យើង​នឹង​ស្នើ​សុំ​សហជីព​កម្មករ​សំណង់​ជួយ​យើង​រក​ដំណោះ​ស្រាយ​»​។​

លោក​ មាស ចាន់​ទិត្យ​ អាយុ​៤០​ឆ្នាំ​ កម្មករ​ម្នាក់​ទៀត​នៅ​ការ​ដ្ឋាន​នោះ​​បានប្រាប់​ថា​លោក​ និង​​កម្មករ​៣​នាក់​ទៀត​ក៏​មិន​ទទួល​បាន​ប្រាក់​ខែ​ដែរ​។

លោក​បាន​ថ្លែង​ថា​៖​ «​ខ្ញុំ​ក៏​បាន​ចូល​រួម​ការ​តវ៉ា​នៅ​ថ្ងៃ​ទី​​១៦ ខែ​មិថុនា​ដែរ​ពីព្រោះ​ក្រុ​ម​ហ៊ុន (Yuti) មិន​បើក​ប្រាក់​ខែ​ឱ្យ​យើង​រយៈ​ពេល​៣​ខែ​។ ប្រាក់​ខែ​សរុប​សម្រាប់​គ្នា​ខ្ញុំ​៣​នាក់​ហើយ​និង​ខ្ញុំ​រយៈពេល​បី​ខែ​នេះ​គឺ​​ជាង​១០០០​ដុល្លារ​ហើយ​ក្រុម​ហ៊ុន​មិន​បាន​បើក​ប្រាក់​ឱ្យ​យើង​ទេ​»​។​

លោក​បន្ត​ថា​ខណៈ​ដែល​លោក​មិន​បាន​ទទួល​ប្រាក់​ខែ​ ក្រុម​គ្រួសារ​របស់​លោក​បាន​ខ្ចី​ប្រាក់​ចំនួន​៦០០​ ដុល្លារ​សម្រាប់ចំណាយ​លើ​អាហារ​និង​ការ​រស់នៅ​ ពីព្រោះ​ថា​ការងារ​សំណង់​ជា​ប្រាក់​ចំណូល​តែ​មួយ​គត់​របស់​ពួក​គាត់​​។

លោក​បាន​ថ្លែង​ថា​៖«​ខ្ញុំ​សូម​ឱ្យ​​ក្រុមហ៊ុន​បើក​ប្រាក់​ខែ​ឱ្យ​​យើង​ព្រោះ​យើង​គ្មាន​លុយ​ទិញ​ម្ហូប​ទេ​»​។​

ខេមបូចា​ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​ក្រុមហ៊ុន​ DNC Mall Hong Ding Xing Tain Di បាន​ទេ ​ប៉ុន្តែ​តាម​​ក្រុមហ៊ុន​នេះ​បាន​​ចេញ​សេចក្តី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ដោយ​ព្យាយាម​ពន្យល់​ពី​បញ្ហា​កខ្វះ​ប្រាក់​ឈ្នួល​បើក​ឱ្យ​កម្មករ​ថា​បុគ្គល​ឈ្មោះ​ Shi Jianchuan ជា​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​​មួយ​ផ្សេង​ទៀត​ឈ្មោះ​ Xin Sheng Can Yin Co ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​គម្រោង​សាង​សង់​នេះ​។​

ប៉ុន្តែ​បុគ្គល​ឈ្មោះ​Shi បាន​ប្រាប់​​សារព័ត៌មាន​ក្នុង​ស្រុក​ថា​​ការ​តវ៉ា​​បើក​ប្រាក់ឈ្នួល​នេះ​មិន​ទាក់ទង​នឹង​ក្រុមហ៊ុន​​ Xin Sheng Can Yin ទេ​ ព្រោះ​ថា​​ពួកគេ​បាន​ប្រគល់​ការ​ទទួល​​ខុសត្រូវ​លើ​ការដ្ឋាន​នេះ​ទៅ​ឱ្យ​ក្រុមហ៊ុន​​Yuti ហើយ​ បើ​ទោះបី​ជា​សារព័ត៌មាន​មួយ​ចំនួន​បាន​​រាយការណ៍​ផ្ទុយ​ពី​នេះ​ក៏ដោយ​ចុះ​។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​DNC Mall កាល​ពី​ថ្ងៃទី​១៧​ ខែមិថុនា​ ក្រុមហ៊ុន​បាន​បញ្ជាក់​ជា​ថ្មី​ថា​​ខ្លួន​បាន​​ចុះ​កិច្ចព្រមព្រៀង​​ទទួល​ខុសត្រូវ​សាងសង់​ឱ្យ​ក្រុមហ៊ុន​Yuti កាល​ពី​ថ្ងៃ​​ទី១​ ខែ​សីហា​ និង​បាន​​ប្រគល់​ប្រាក់​ឱ្យ​រួចរាល់​ហើយ​។

តំណាង​​ម្នាក់​​នៃ​​ក្រុមហ៊ុន​​​Yuti ដែល​ប្រាប់​ឈ្មោះ​របស់​គាត់​ត្រឹម​តែ​ លោក​ ហួរ​ បាន​និយាយ​ថា​ក្រុមហ៊ុន​លោក​​មិន​អាច​បើក​លុយ​ឱ្យ​កម្មករ​ទេ​ ព្រោះ​តែ​ក្រុម​ហ៊ុន​​ DNC Mall ជា​អ្នក​នៅ​ពី​ក្រោយ​រឿង​នេះ​។

លោក​ ហួរ​ បាន​​ប្រាប់​ថា​៖«​នៅ​ថ្ងៃ​ចន្ទ​ សប្តាហ៍​ក្រោយ​ ម្ចាស់​DNC Mall និង​ក្រុមហ៊ុន​​ដែល​ចុះ​​កុងត្រាជា​មួយ​(Yuti) ហើយ​តំណាង​ នឹង​ជួប​ប្រជុំ​​គ្នា​នៅ​ខណ្ឌ​ទួលគោក ដូច្នេះ​ហើយ​ចាំ​មើល​លទ្ធផល​នៅ​ថ្ងៃ​នោះ​ទៅ​»។

ការ​ខក​ខាន​មិន​បាន​បើក​ប្រាក់​ឈ្នួល​​ឱ្យកម្មករ​នៅ​ការដ្ឋាន​​DNC Mall គ្រាន់​តែ​ជា​ករណី​មួយ​ក្នុង​ចំណោម​ករណី​ជា​ច្រើន​ ដែល​កម្មករ​​២៦០ ០០០​នាក់​ក្នុង​វិស័យ​សំណង់​កំពុង​រង​គ្រោះ​អំឡុង​ពេល​​មាន​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​សកល​ដែល​បណ្តាល​មក​ពីកា​រ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩​។

លោក​ ឃុន​ ថារ៉ូ​ អ្នក​គ្រប់គ្រង​កម្មវិធី​ នៃ​អង្គការ​សង់​ត្រាល់​​ បាន​លើក​ឡើង​ថា​បើ​ទោះ​ជា​ក្រុមហ៊ុន​​ DNC Mall ជា​ឧទាហរណ៍​មួយ​ មាន​ករណី​ស្រដៀង​គ្នា​បែប​នេះ​ជា​ច្រើន​ទៀត​ ដូចជា​ករណី​ការដ្ឋាន​សំណង់​ផ្សារ​ទំនើប​មួយ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥​ នៅ​ខណ្ឌ​ឬស្សីកែវ​ ដែល​​ករណី​នៅ​ទីនោះ​ក្រុមហ៊ុន​​ទទួល​ខុស​ត្រូវសាងសង់​បន្ទាប់​ បានរត់បាត់​ ក្រោយពី​​​ទទួលបាន​ប្រាក់​។ ក្រុម​កម្មករ​នៅ​ទី​នោះ​ក៏​បាន​​នាំ​គ្នា​​តវ៉ា​បើក​ប្រាក់​ឈ្នួល​ដែរ​នៅ​ដើម​សប្តាហ៍​នេះ​។

លោក​ ថារ៉ូ​​ បាន​និយាយ​ថា​៖«តាំង​ពី​ខែ​មីនា​មក​ នៅ​ពេល​កូវីដ​១៩​ ចាប់​ផ្តើម​រីករាល​ដាល​  មាន​ការដ្ឋាន​សំណង់​ចំនួន​​៤​ ដែល​ភាគ​ច្រើន​គ្រប់​គ្រង​ដោយ​ជន​ជាតិ​ចិន​ មិន​បាន​​បើក​ប្រាក់​ខែ​ឱ្យ​កម្មករ​ទេ​»។

ស្ថានភាព​របស់​ពួក​គាត់​គឺ​ថា​កម្មករ​ភាគ​ច្រើន​មិន​មាន​បណ្ណបេឡាជាតិ​របប​សន្តិ​សុខសង្គម​ទេ​  ដូច្នេះ​ហើយ​ពួក​គាត់​មិន​ទទួល​បាន​សេវា​ព្យាបាល​ដោយ​ឥត​ថ្លៃ​ពី​មន្ទីរ​ពេទ្យ​ ឬ​ក៏​ជំនួយ​អ្វី​ផ្សេង​ទៀត​ពី​រដ្ឋាភិបាល​ទេ​។

លោក​ថារ៉ូ​ បាន​បន្ថែម​ថា​៖«រដ្ឋាភិបាល​គួរ​តែ​ពង្រឹង​យន្ត​ការ​ក្នុង​ការ​ត្រួត​ពិនិត្យ​​សម្រាប់​ការដ្ឋាន​សំណង់​​ ហើយ​អនុវត្តន៍​ច្បាប់​ការ​ងារ​។ ឧទាហរណ៍​ ពួក​គេ​គួរ​តែ​កំ​ណត់​ពេល​វេលា​ជាក់​លាក់​ក្នុង​ការ​​បើក​ប្រាក់​ខែ​ ហើយ​និង​​ទៅ​ត្រួត​ពិនិត្យ​​វិធាន​ការណ៍​សុវត្ថិភាព​ និង​សន្តិសុខ​សម្រាប់​កម្មករ​»។

លោក​ សុខ​ គីន​ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃឈើ​កម្ពុជា​ (BWTUC) បាន​មាន​ប្រសាសន៍​ថា​សហព័ន្ធ​របស់​លោក​កំពុង​ជួយ​កម្មករ​ដែល​មិន​បាន​ទទួល​ប្រាក់​ខែ​នៅ​តាម​ទីតាំង​មួយ​ចំនួន​ហើយ​លោក​បាន​បន្ថែម​ថា​សហជីព​របស់​លោក​នឹង​អន្តរាគមន៍​ករណី​ DNC Mall ប្រសិន​បើ​គ្មាន​ការ​សម្រប​សម្រួល​ណា​មួយ​នៅ​ក្នុង​ការ​ប្រជុំ​នា​ពេល​ខាង​មុខ​នោះ​ទេ​​។

លោក​ គីន​ បាន​អះ​អាង​ថា​៖ «ប្រសិន​​បើ​មាន​បញ្ហា​ជា​មួយ​កម្មករ ​ម្ចាស់​ការដ្ឋាន​ត្រូវ​តែ​រក​ដំណោះស្រាយ​សម្រាប់​កម្មករ​ ពីព្រោះ​ម្ចាស់​គួរ​តែ​ទទួល​ខុស​ត្រូវ​លើ​អ្នក​ម៉ៅការ​។ ប្រសិន​បើ​ពួក​គេ​មិន​រក​ដំណោះស្រាយ​ទេ​ យើង​នឹង​បញ្ជូន​ពាក្យ​បណ្តឹង​ទៅ​ក្រសួង​ដែន​ដី​។ តែ​សម្រាប់​ពេល​នេះ​យើង​នឹង​រង់​ចាំ​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​DNC និង​ក្រុមហ៊ុន​​Yuti»។

លោក​បាន​បន្ត​ថា​ BWTUC ក៏​កំពុង​ជួយដោះស្រាយ​​ករណី​មិន​បើក​ប្រាក់​ខែ​ឱ្យ​កម្មករ​ចំនួន​៣​ទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​និង​ខេត្ត​សៀមរាប​ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​ឡើង​នៃ​កូ​វីដ​១៩​ ដែល​ក្នុង​នោះ​រួម​មាន​​ទី​តាំង​ផ្សារ​ទំនើប​នៅ​ខណ្ឌ​ឬស្សីកែវ​ផង​ដែរ​។ លោក​បន្ត​ថា​នៅ​ក្នុង​ខេត្ត​សៀមរាប​តែ​មួយ​សមាជិក​សហជីព​របស់​លោក​​ជាង​ ១០០០ នាក់​ត្រូវ​បាន​ព្យួរ​ការងារ​​។ អ្នក​ខ្លះ​ទទួល​បាន​ប្រាក់​ឈ្នួល​ពាក់ក​ណ្តាល​គឺ​៧០​ ដុល្លារ​ក្នុង​មួយ​ខែ​ប៉ុន្តែ​ពួក​គេ​នៅ​តែ​ជួប​ការ​លំបាក​ ព្រោះ​ថា​កម្មករ​សំណង់​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពីរ​ដ្ឋា​ភិបាល​ចំនួន​៤០​ដុល្លារ​ដែល​បាន​ផ្តល់​ដល់​កម្មករ​កាត់​ដេរ​និង​ឧស្សាហកម្ម​ទេសចរណ៍​ទេ​។

អ្នក​នាំ​ពាក្យ​ក្រសួង​ដែន​ដី​ លោក​ សេង​ ឡូត​ មិន​អាច​ទា​ក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​។ នៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២០​ ក្រសួង​បាន​ឱ្យ​ដឹង​​​ថា​មាន​គម្រោង​សាង​សង់​បាន​ចុះ​បញ្ជី​ចំនួន​១១១៦​  ដែល​មាន​ទុន​វិនិយោគ​សរុប​ជាង​ ២.៥៧​ ពាន់លានដុល្លារ​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៩​ដែល​មាន​១០៩៩​គម្រោង​ និង​ទុន​វិនិយោគ​ ជាង​១.៧០​ ពាន់​លាន​ដុល្លារ ពោល​គឺ​ទុន​វិនិយោគ​កើន​ឡើង​ ៥១.២៥​ ភាគរយ៕

10 views
Share on facebook
Share on twitter
Share on linkedin
Share on telegram
Share on whatsapp
ព័ត៌មានទាក់ទង
ព័ត៌មានថ្មីៗ »
អត្ថបទពេញនិយម »