សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ការិយាល័យសិទ្ធិមនុស្ស UN អំពាវនាវឱ្យដោះលែងសកម្មជនដែលកំពុងជាប់ឃុំ

ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ធ្វើ​បាតុកម្ម​នៅ​មុខ​ការិយាល័យ​​ឧត្តម​​ស្នង​ការ​​អង្គការ​សហ​ប្រជាជាតិ​​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​​ប្រចាំ​​នៅ​​កម្ពុជា​ក្នុង​​រាជ​ធានី​ភ្នំពេញ​ នា​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (បញ្ញា ឆ័ពណ្ណ)

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​(UNOHCHR) នាទី​ក្រុង​ហ្សឺណែវ​បាន​អំពាវ​នាវ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ដោះ​លែង​ជា​បន្ទាន់​នូវ​សកម្ម​ជន​​១២​នាក់​ដែល​កំពុង​ជាប់​ឃុំ​ក្រោម​បទ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​​ឧក្រិដ្ឋ ក៏​ដូច​ជា​បញ្ឈប់​ការ​បំភិត​បំភ័យ​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​។​ 

ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី១១ ខែកញ្ញា​ម្សិល​មិញ លោកស្រី Ravina Shamdasani ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​អង្គការ​នេះ បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ជុំវិញ​ការ​បន្ត​បំភិត​បំភ័យ​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដោយ​បាន​កត់​សម្គាល់​ថា​​មនុស្ស​២៤​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ចាប់​តាំង​ពី​លោក​ រ៉ុង ឈុន ដែល​ជា​ប្រធាន​សហជីព​ជាប់​ពន្ធនាគារ​ក្រោម​ការ​ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​នៅ​ក្នុង​សង្គម​កាល​ពី​ថ្ងៃទី១ ខែសីហា​។​ 

សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​សរសេរ​ថា​៖«ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​នេះ បង្ហាញ​ឲ្យ​យើង​កាន់​តែ​ឃើញ​នូវ​ការ​មិន​អត់​អោន​របស់​រដ្ឋា​ភិបាល​ចំពោះ​គំនិត​ផ្ទុយ​ពី​ខ្លួន​ និង​ការ​គាប​សង្កត់​ទៅ​លើ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ ការ​ជួប​ជុំ​ដោយ​សន្តិ​វិធី និង​ការ​ចង​ក្រង​សមាគម»​។​

សេចក្តី​ថ្លែង​ការណ៍​នោះបានលើកឡើងថា៖ «យើង​សូម​អំពាវ​នាវ​ដល់​រដ្ឋា​ភិបាល​ឲ្យ​ដោះ​លែង​អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ ជា​បន្ទាន់​​ និង​ដោយ​គ្មាន​លក្ខខណ្ឌ​ ចំពោះ​ការ​អនុវត្ត​សិទ្ធិ​ទាំង​នេះ​របស់​ពួក​គេ​ ហើយ​សូម​បញ្ចប់​នូវ​ការ​បំភិត​បំភ័យ​ទៅ​លើ​តួ​អង្គ​សង្គម​ស៊ីវិល​។ យើង​សូម​អំពាវ​នាវ​ដល់​កម្លាំង​សន្តិ​សុខ​បញ្ឈប់​នូវ​ការ​ប្រើ​កម្លាំង​មិន​ចាំ​បាច់​ និង​ហួស​ប្រមាណ​ ដែល​គិត​ថា​ជា​ជម្រើស​តែ​មួយ​គត់​នោះ និង​សូម​បញ្ឈប់​ការ​បំភិត​បំភ័យ​ដល់​អ្នក​តវ៉ា​ទាំង​ឡាយ​»​។​ 

សេចក្តី​ថ្លែង​ការណ៍​ដដែល​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា​​សកម្ម​ជន​១៣នាក់​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ត្រូវ​បាន​ដោះ​លែង​ពី​ការ​ឃុំ​ឃាំង​ បន្ទាប់​ពី​ពួក​គេ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ដោយ​បង្ខិត​បង្ខំ​ដើម្បី​បញ្ឈប់​សកម្មភាព​របស់​ពួក​គេ​ បើ​មិន​ដូច្នោះ​ទេ​ពួក​គេ​នឹង​ប្រឈម​នឹង​បញ្ហា​។ ក្រៅ​ពី​នេះ​មនុស្ស​ជា​ច្រើន​ទៀត​ក៏​ត្រូវ​បាន​គំរាម​កំហែង​មិន​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​តវ៉ា​ជា​ពិសេស​ក្នុង​រយៈពេល​៦​សប្តាហ៍​ចុង​ក្រោយ​ចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​លោក​ រ៉ុង ឈុន​។​ 

សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​បន្ថែម​ថា​៖«​មាន​បុគ្គល​ជា​ច្រើន​ត្រូវ​បាន​រាយ​ការណ៍​ផង​ដែរ​ថា​​បាន​ទទួល​ការ​គំរាម​កំហែង​តាម​ទូរសព្ទ​ រួមទាំង ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ផង​ដែរ​ ប្រសិន​បើ ​ពួក​គេ​មិន​បញ្ឈប់​សកម្មភាព​សិទ្ធិ​មនុស្ស​របស់​ពួក​គេ​នោះ​ទេ​ ហើយ​ត្រូវ​បាន​រាយ​ការណ៍​ថា​ ពួក​គេ​ត្រូវ​បាន​គេ​តាម​ដាន​​ផង​ដែរ​»​។​ 

លោក មួង សុភ័ក្រ សមាជិក​សមាគម​និស្សិត​បញ្ញាវន្ត​ខ្មែរ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី១០ ខែកញ្ញា ត្រូវ​បាន​រារាំង​ដោយ​ក្រុម​សន្តិ​សុខ​ ខណៈ​ដែល​គាត់​ព្យាយាម​ចូលរួម​​បាតុកម្ម​​មួយនា​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃទី៧ ខែកញ្ញា​។​

សេចក្តី​ថ្លែង​ការណ៍​របស់​ការិយាល័យ​​ឧត្តម​​ស្នង​ការ​​អង្គការ​សហប្រជាជាតិ​​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​នេះ​ចេញ​ផ្សាយ​ស្រប​ពេល​ដែល​នគរបាល​កម្ពុជា​បាន​បញ្ជាក់​ថា​មាន​សកម្មជន​២​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​។​ 

ស្នង​ការ​រាជធានី​ភ្នំពេញ​ លោក ស ថេត បាន​ប្រាប់​ថា​អ្នក​ទាំង​ពីរ​នាក់​នោះ​ត្រូវ​បាន​ចាប់​ខ្លួន​តាម​​ដីការ​របស់​តុលាការ​ក្រោម​​បទ​ញុះ​ញង់​ឱ្យ​បង្ក​ឱ្យ​​​មាន​ភាព​វឹក​វរ​ក្នុង​សង្គម​។​ 

កញ្ញា អេង ម៉ាឡៃ សមាជិក​ខ្មែរ​ថាវរៈ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី៧ ខែកញ្ញា ហើយ​លោក មួង សុភ័ក្រ សមាជិក​សមាគម​និស្សិត​បញ្ញវ័ន្ត​ខ្មែរ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃទី១០​ ខែកញ្ញា ដែលពួក​គេ​ទាំង​ពីរ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស​។​ នេះ​បើ​យោង​តាម​​ស្នង​ការ​រាជធានី​ភ្នំពេញ​។​ 

នៅ​ពេល​ដែល​អ្នក​សារ​ព័ត៌មាន​សាក​សួរ​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​សេចក្តី​ថ្លែង​ការណ៍​របស់​ការិយាល័យ​​ឧត្តម​​ស្នង​ការ​​អង្គការ​សហប្រជាជាតិ​ លោក ស ថេត បាន​ការពារ​ចំណាត់​ការ​របស់​​អាជ្ញាធរ​កម្ពុជា​។​​

លោក ស ថេត ​បាន​ឆ្លើយ​ថា​៖«មិន​មាន​ការ​បំភិត​បំភ័យ​អី​ទេ​។​ នៅ​ពេល​ដែល​ពួក​គេ​បាន​ប្រព្រឹត្តិ​សកម្មភាព​ខុស​ច្បាប់​ យើង​នឹង​​អនុវត្ត​ច្បាប់​»​។​ 

លោកបាន​បន្ថែម​ថា​៖«​​យើងគ្រាន់តែ​អនុវត្តតាមច្បាប់ ហើយ​ប្រសិន​បើ​អ្នក​​ឯងមិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់ទេ ពួកគេ​(អាជ្ញាធរ)​មិនប៉ះពាលទេ[​ចាប់​ខ្លួន]​​​»​។​ 

លោក ជិន ម៉ាលីន អនុ​ប្រធាន​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​លើក​ឡើង​ថា​សេចក្តី​ថ្លែង​ការណ៍​របស់​ ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស ជា​របាយ​ការណ៍​សង្ខេប​ដែល​ប្រើ​ភស្តុតាង​គ្មាន​មូលដ្ឋាន​ដើម្បី​បិទ​បាំង​ការ​ពិត​ដែល​​ក្រុម​អ្នក​តវ៉ា​កំពុង​ធ្វើ​សកម្មភាព​ខុស​ច្បាប់​។​ 

លោក ម៉ាលីន បាន​មានប្រសាសន៍​ថា​៖«[អង្គការ​សហប្រជាជាតិ] គ្រាន់​តែ​ប្រមូល​ព្រឹត្តិ​ការណ៍ ហើយ​បាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ថា​កម្ពុជា​បាន​រំលោភ​សិទ្ធិ​មនុស្ស​»​ ដោយ​លោក​បាន​បន្ថែម​ថា​​របាយ​ការណ៍​នោះ​គ្មាន​ទិន្នន័យ​ ឬ​ការ​វិភាគ​គ្រប់​ជ្រុង​ជ្រោយ​នោះទេ​។​ 

លោក ម៉ាលីន បាន​លើក​ឡើង​ទៀត​ថា​អង្គការ​សហប្រជាជាតិ​គួរ​តែ​វិភាគ​ពី​សកម្ម​ភាព​របស់​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នោះ​ថា​តើ​ពួក​គេ​បាន​រំលោភ​ច្បាប់​ដែរ​ទេ ឬ​គ្រាន់​តែ​ប្រើ​សិទ្ធិ​សេរីភាព​របស់​ពួក​គេ​។​ 

លោក បាន​​បន្ថែម​ថា​៖«នេះ​ជា​របាយ​ការណ៍​សង្ខេប ដូច្នេះ​វា​មិន​មាន​ឥទ្ធិពល​ជួយ​មនុស្ស​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ទាំង​អស់​នោះ​ទេ​។​ ពួក​គេ​គួរ​តែ​ធ្វើ​តាម​ហ្នឹង​ដោយ​ត្រូវ​បង្ហាញ​ខ្លួន​​ក្នុង​ដំណើរ​ការ​តុលាការ​ដើម្បី​បង្ហាញ​ភស្តុតាង​ថា​គ្មាន​ទោស​យោង​ទៅ​តាម​ច្បាប់​»​។​ 

ការ​ចាប់​ខ្លួន​មេ​ដឹក​នាំ​សហជីព​ដែល​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​មិន​សំចៃ​មាត់ លោក រ៉ុង ឈុន​ព្រោះ​ការ​អត្ថា​ធិប្បាយ​ដែល​គាត់​បាន​ធ្វើ​ឡើង​ជុំវិញ​ការ​បោះ​បង្គោល​ព្រំ​ដែន​រវាង​កម្ពុជា-វៀតណាម បាន​បង្ក​ឱ្យ​មាន​ការ​តវ៉ា​នៅ​ក្រៅ​តុលាកា​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​គាត់​ ដោយ​ពេល​នោះ​អ្នក​តវ៉ា​បាន​ដើរ​តាម​ផ្លូវ និង​ដាក់​ញត្តិ​តាម​ស្ថាន​ទូត​នានា ក៏​ដូច​ជា​ការិយាល័យ​​ឧត្តម​​ស្នងការ​​អង្គការ​សហប្រជាជាតិ ដើម្បី​អន្តរាគមន៍​ធានា​ឱ្យ​មាន​ការ​ដោះ​លែង​លោក​។​ 

ជា​លទ្ធផល អ្នក​គាំទ្រ លោក រ៉ុង ឈុន ចំនួន​៥​នាក់​​ត្រូវ​បាន​ឃុំ​ខ្លួន​ហើយ​ចោទ​ប្រកាន់​​ក្រោម​បទ​ញុះ​ញង់​​បង្ក​ឱ្យ​ភាព​វឹកវរ​ក្នុង​សង្គម​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ក្រោយ​ការ​ចាប់​ខ្លួន​គាត់ ដោយ​ពួក​គេ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​៦ខែ​ទៅ២ឆ្នាំ​។​ សកម្មជន​បរិស្ថាន​៣នាក់​មក​ពី​អង្គការ​មាតា​ធម្មជាតិ​​ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​​បទ​ល្មើស​ដូច​គ្នា​កាល​ពី​ថ្ងៃ​ទី៦ ខែកញ្ញា ដោយ​សារ​តែ​ប៉ុន​ប៉ង​រៀប​ចំ​បាតុកម្ម​អហិង្សា​ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​ផល​ប៉ះពាល់​ដែល​កើត​ចេញ​ពី​ការ​ចាក់​លុប​បឹង​តាមោក​។​ សកម្មជន​៤នាក់​ទៀត​ត្រូវ​បាន​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃទី៨ ខែកញ្ញា ជុំវិញ​ការ​ធ្វើ​បាតុកម្ម​ដែល​ពួក​គេ​គ្រោង​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ស្វែង​រក​យុត្តិធម៌​សម្រាប់​សកម្ម​ជន​ដទៃ​ទៀត​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​។​ 

នាយក​រង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​អំពាវ​នាវ​របស់ ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស ដែល​ស្នើ​​ឱ្យ​ដោះ​លែង​ក្រុម​សកម្មជន​ដែល​​ពេល​នេះ​កំពុង​ជាប់​ឃុំ​ដោយ​សារ​តែ​ការ​ធ្វើ​បាតុកម្ម​អហិង្សា​។​ 

លោក សំអាត មានប្រសាសន៍​ថា​៖«ក្រុម​អង្គការ​សង្គម​ស៊ីវិល​យើង​បារម្ភ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស ​ជា​ពិសេស​សេរីភាព​ជា​មូលដ្ឋាន និង​សិទ្ធិ​សេរីភាព​​របស់​​ពួក​​គេ​​ក្នុង​​ការ​​ប្រមូល​​ផ្តុំ​​»​​។​​​

លោកបាន​​បន្ថែម​​ថា​​៖«យើង​​មើល​​ឃើញ​​ស្ថាន​​ភាព​​សិទ្ធិ​​មនុស្ស​​កាន់​​តែ​​តាន​​តឹង​​ទៅៗ​​»​​។​​ 

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​មួយ​ដែរ​នៅ​ថ្ងៃ​នេះ​ដោយ​អំពាវ​ឱ្យ​មាន​ការ​ដោះ​លែង​ក្រុម​សកម្មជន​ដែល​កំពុង​ជាប់​​ឃុំ​​នោះ​ដែរ​។​ 

លោក Phil Robertson នាយក​រង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) ប្រចាំ​​កម្ពុជា​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ថា​៖«រលក​នៃ​ការ​ចាប់​ខ្លួន​ក្រុម​សកម្ម​ជន​ដោយ​អាជ្ញា​ធរ​កម្ពុជា​ក្នុង​ពេល​ថ្មីៗ​នេះ​បង្ហាញ​ពី​ការ​ធ្វើ​ទុក​បុក​ម្នេញ​មិន​ត្រឹម​តែ​សេរី​ភាព​បញ្ចេញ​​មតិ និង​ការ​ជួប​ជុំ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សិទ្ធិ​ដី​ធ្លី និង​បរិស្ថាន​ផង​ដែរ​»​។​​​

លោកបានបន្ថែមថា៖ «អាជ្ញាធរ​គួរ​តែ​បញ្ឈប់​ការ​ប្រើ​ប្រាស់​ដោយ​មិន​ត្រឹម​ត្រូវ​នូវ​បញ្ញត្តិ​ទាក់​ទង​នឹង​បទ​ញុះ​ញង់​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ​ដើម្បី​រា​រាំង​ការ​រិះគន់​ដោយ​សន្តិ​វិធី​ពី​ការ​ទាម​ទារ​ណា​មួយ​ជា​សាធារណៈ​ទៅ​កាន់​រដ្ឋា​ភិបាល​»​៕​ 

103 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម