មានពាក់មួកសុវត្ថិភាព និងពាក់អាវក្រៅពណ៌ទឹកក្រូចភ្លឺ ដែលប្រើសម្រាប់កម្មករសំណង់ ថា ស្រីរ័ត្ន មិនមែនជានារីតែម្នាក់ទេដែលបានដើរចេញពីកាដ្ឋានសំណង់មួយនៅក្បែរវត្តភ្នំ កាលពីថ្ងៃទី១ ខែតុលា។ ស្រីរ័ត្ន ជានារីម្នាក់ ក្នុងចំណោមនារីជាកម្មករជាច្រើននាក់ផ្សេងទៀត ដែលកំពុងធ្វើការជាកម្មករក្នុងការដ្ឋានសំណង់។ ការងារជាកម្មករសំណង់ពីមុនភាគច្រើនជាបុរស តែនៅឆ្នាំនេះវត្តមានរបស់កម្មករស្រីៗក៏មានការកើនឡើងដែរ។
ស្រីរ័ត្ន មានអាយុ ២៦ឆ្នាំ បានចាប់ផ្ដើមធ្វើការជាកម្មករសំណង់បន្ទាប់ពីនាងត្រូវបញ្ចប់កិច្ចសន្យាការងារពីរោងចក្រដេរស្បែកជើងមួយកន្លែងក្នុងខេត្តកណ្ដាល នៅពេលរោងចក្ររបស់នាង ក៏ដូចជារោងចក្រផ្សេងទៀតនៅក្នុងប្រទេសបានផ្អាកដំណើរការ ដោយសារវិបត្តិកូវីដ១៩។
ស្រីរ័ត្ន និយាយថា៖ «កិច្ចសន្យាការងារខ្ញុំនៅរោងចក្រដេរស្បែកជើងត្រូវបានបញ្ចប់កាលពីខែមីនា អំឡុងពេលដែលមានការរាលដាលវីរុសកូរ៉ូណា ហើយខ្ញុំក៏បានត្រឡប់ទៅសម្រាកនៅផ្ទះអស់ជាច្រើនខែ»។ ក្រោយមកទៀត នាងរកបានការងារជាកម្មករសំណង់នៅការដ្ឋានសំណង់មួយតាមបណ្ដោយវិថីព្រះសីសុវត្ថិ ជិតវត្តភ្នំ ក្នុងខណ្ឌដូនពេញ។
ស្រីរ័ត្ន រៀបរាប់បន្តថា៖ «ខ្ញុំបានមកធ្វើការនៅក្នុងការដ្ឋានសំណង់នេះកាលពីមួយខែមុន ព្រោះខ្ញុំត្រូវការប្រាក់ដើម្បីផ្គត់ផ្គង់កូនស្រីអាយុ ៩ឆ្នាំ និងគ្រូសាររបស់ខ្ញុំ»។ ស្រីរ័ត្នបន្ថែមថា ប្អូនស្រីរបស់នាងក៏បានមកធ្វើការនៅក្នុងការដ្ឋានសំណង់នេះជាមួយគ្នាដែរ ដោយអ្នកទាំងពីរធ្វើការជាអ្នកអនាម័យ។
ស្រីរ័ត្ន ឲ្យដឹងទៀតថា៖ «ទាំងខ្ញុំនិងប្អូនស្រីសម្រេចចិត្តមកធ្វើការនៅទីនេះ ព្រោះពួកយើងមិនអាចរកការងារនៅរោងចក្រកាត់ដេរ ឬដេរស្បែកជើងណាផ្សេងបាន»។ ស្រីរ័ត្នបន្តថា នាងចង់ធ្វើការនៅរោងចក្រជាងព្រោះថាកម្មករសំណង់មិនមានបន្ថែមប្រាក់អត្ថប្រយោជន៍អ្វីទេ ហើយក៏មិនមានការកំណត់ប្រាក់ឈ្នួលគោលដែរ។

បើតាម ស្រីរ័ត្ន ថ្វីដ្បិតថាការងារជាកម្មករសំណង់មិនសូវមានសម្ពាធដូចការងារនៅរោងចក្រ ដែលនាងបានធ្វើពីរឆ្នាំកន្លងទៅ ក៏ពិតមែន តែថាប្រាក់ខែដែលទទួលបានក៏ខុសគ្នាច្រើនដែរ។
ស្រ្តីវ័យ ២៦ឆ្នាំ ខាងលើឲ្យដឹងទៀតថា៖ «សម្រាប់ស្រីៗ ការងារនៅការដ្ឋានសំណង់ គឺមិនខុសគ្នាអ្វីពីនៅរោងចក្រប៉ុន្មានទេ ប៉ុន្តែបើនិយាយពីប្រាក់ខែវិញគឺខុសគ្នា»។
នាងបន្តថា៖ «ខ្ញុំធ្វើការជាកម្មករសំណង់បានប្រាក់ខែតែ១៥០ទៅ២០០ដុល្លារក្នុងមួយខែ ប៉ុន្តែកាលធ្វើការ[នៅរោងចក្រ] ខ្ញុំទទួលបានប្រាក់ខែពី២០០ ទៅ៣០០ដុល្លារក្នុងមួយខែ»។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ បានឲ្យដឹងថាជាធម្មតាវិស័យសំណង់នៅកម្ពុជាផ្ដល់ការងារដល់កម្មករប្រមាណជាពីរសែននាក់ ប៉ុន្តែចំនួននេះបានធ្លាក់ចុះបន្តិចនៅឆ្នាំនេះ ដោយសារការដ្ឋានសំណង់មួយចំនួនក៏បានផ្អាកដំណើរការដែរ។ លោកបន្ថែមថា កម្មករជាស្រ្តីមានប្រហែលជា៣៥ភាគរយ ហើយជាធម្មតាស្រីៗមិនសូវធ្វើកិច្ចការណាគ្រោះថ្នាក់ទេទេ គឺច្រើនធ្វើជាអ្នកអនាម័យ លាយស៊ីម៉ងត៍ សែងស៊ីម៉ងត៍ និងជញ្ជូនឥដ្ឋជាដើម។
លោកបន្ថែមថា៖ «ជាទូទៅវិស័យសំណង់មានការរើសអើសច្រើនលើកម្មករជាស្រ្តី ទោះបីជាស្រ្តីរូបនោះមានជំនាញក៏ដោយ ហើយមេការ និងប្រធានគ្រប់គ្រងការដ្ឋានក៏មិនសូវផ្ដល់ឱកាសឲ្យស្រ្តីៗបង្ហាញពីជំនាញរបស់គាត់ដែរ»។ លោកថា ចំពោះកម្មករស្រ្តីណាមានផ្ទៃពោះនឹងត្រូវបញ្ឈប់ពីការងារភ្លាមៗដែរ។
លោក ម៉ម ឈុនណាង វ័យ៣០ឆ្នាំ ជាប្រធានផ្នែកគ្រប់គ្រងសុវត្ថិភាពនៅការដ្ឋានអាគារ១១ជាន់ ដែលស្រីរ័ត្ន កំពុងធ្វើការបានឲ្យដឹងដែរថា នៅការដ្ឋាននេះមានកម្មករសរុប៥០០នាក់ និងមានកម្មករជាស្រ្តីប្រហែល២០០នាក់។
ស្រ្តីជាកម្មករសំណង់ជាច្រើនបានប្រាប់លោកថាពួកគេជាអ្នករងគ្រោះពីការព្យួរការងារនៅរោចក្រកាលពីដើមឆ្នាំនេះ ដោយសារតែបញ្ហាកូវីដ១៩។
លោកឲ្យដឹងទៀតថា៖ «ចំនួនកម្មករសំណង់ជាស្រ្តីបានកើនក្នុងអំឡុងវិបត្តិកូវីដ១៩ នេះ ព្រោះថារោងចក្រជាច្រើនបានបិទ និងមានកម្មករខ្លះត្រូវបញ្ចប់កិច្ចសន្យាការងារ។
លោកថាទោះបីជាអ្នកខ្លះដែលមិនសូវដឹងច្បាស់ពីការងារក្នុងវិស័យសំណង់ យល់ថាការងារនេះពិបាកខ្លាំងសម្រាប់ស្រីៗ តែការងារនេះមិនសូវមានសម្ពាធពីថ្នាក់លើដូចនៅរោងចក្រនោះទេ។ យ៉ាងណា លោក ឈុនណាង ថា លោកសម្គាល់ឃើញថាអ្នកទើបចូលធ្វើការថ្មីភាគច្រើនចង់ទៅធ្វើការនៅរោងចក្រជាង។
ម៉ាច កញ្ញា វ័យ ២៣ឆ្នាំ និយាយថានាងបានធ្វើការនៅរោងចក្រកាត់ដេរភ្នំពេញអស់រយៈពេលប្រាំឆ្នាំ ប៉ុន្តែនាងបានឈប់ពីការងារនេះកាលពីខែមេសា ដោយសារតែរោងចក្របានផ្អាកដំណើរការ។ ជំនួសមកវិញ កញ្ញា ត្រូវមកធ្វើការប្រើកម្លាំងខ្លាំងជាងមុននៅឡឥដ្ឋមួយកន្លែងក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល។
កញ្ញា ឲ្យដឹងថា៖ «ខ្ញុំពេញចិត្តនឹងការងារនៅរោងចក្រ ជាងការងារនៅឡឥដ្ឋ ព្រោះនៅរោងចក្រមានផ្ដល់អត្ថបប្រយោជន៍ផ្សេងៗច្រើន ហើយការងារនៅរោងចក្រក៏បានប្រាក់ខែខ្ពស់ជាង ប្រាក់ខែនៅឡឥដ្ឋដែរ»។
ប្រធានសហភាពការងារកម្ពុជា(CLC) លោក អាត់ ធន់ បាននិយាយថាដរាបណាវិបត្តិកូវីដ១៩នៅតែបន្ត នោះការបាត់បង់ការងាររបស់កម្មករក្នុងវិស័យកាត់ដេរនឹងនៅតែបន្តកើនឡើង។
លោកថា៖ «នៅពេលដែលពួកគាត់បាត់បង់ការងារ ហើយមិនអាចរកការងារនៅរោងចក្រផ្សេងបាន ពួកគាត់នឹងរកការងារក្នុងវិស័យផ្សេងវិញ ដូចជាវិស័យសំណង់ជាដើម។ ជាធម្មតា ការងារក្នុងវិស័យមួយចំនួនមិនជាប់លាប់នោះទេ ហើយពេលខ្លះប្រព័ន្ធគ្រប់គ្រងក៏មិនច្បាស់លាស់ទៀត ហើយកម្មករក៏បាត់បង់ផលប្រយោជន៍ផ្សេងៗ»។
លោកបន្តថា នៅពេលថ្មីៗនេះកម្មករកាត់ដេរដែលបាត់បង់ការងារ បានប្ដូរមកធ្វើការក្នុងវិស័យកសិកម្ម និងសំណង់វិញ។
លោក អាត់ ធន់ បន្ថែមថា៖ «ខ្ញុំគិតថាដើម្បីឲ្យពួកគាត់មានការងារជាប់លាប់វិញ អ្វីយើងត្រូវធ្វើ គឺរដ្ឋាភិបាលត្រូវធ្វើម៉េចត្រូវយកប្រព័ន្ធអនុគ្រោះព័ន្ធ EBA ឲ្យបានពេញលេញមកវិញ»។
លោកឲ្យដឹងទៀតថារដ្ឋាភិបាលក៏ត្រូវតែពិនិត្យមើលរោងចក្រទាំងអស់ដែលបិទនៅឆ្នាំនេះដែរ ព្រោះវាមិនច្បាស់ថារោងចក្រណាបានប្រើលេសកូវីដ១៩ ដើម្បីបិទរោងចក្រ ស្របពេលដែលរោងចក្រខ្លួនមិនមានលទ្ធភាពបើកប្រាក់ខែឲ្យកម្មករ។
បើតាមរបាយការណ៍ក្រសួងការងារចេញផ្សាយកាលពីថ្ងៃទី២៦ ខែសីហា រោងចក្រចំនួន៤៩១ បានផ្អាកដំណើរការនៅឆ្នាំនេះ ហើយមានកម្មករជាង២៩០ ០០០ នាក់ ក្នុងនោះប្រហែល២៤០ ០០០ នាក់ជានារី ត្រូវអត់ការងារធ្វើ។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មិនអាចទាក់ទងសុំការអត្ថាធិប្បាយណាមួយបានទេនៅថ្ងៃទី២ ខែតុលា នេះ។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សុខ គីន បានឲ្យដឹងថាចំនួនស្រ្តីធ្វើជាកម្មករសំណង់មានការកើនឡើងគួរឲ្យកត់សម្គាល់នៅឆ្នាំនេះ។
លោកថា៖ «ថ្មីៗនេះ ខ្ញុំបានឃើញកម្មករកាត់ដេរជាច្រើនទៅធ្វើការក្នុងវិស័យសំណង់បន្ទាប់ពីរោងចក្រមួយចំនួនបានបិទ និងខ្លះមិនបានបន្តកិច្ចសន្យាការងារ»។
ក្រៅតែពីប្រាក់ខែទាប និងមិនមានអត្ថប្រយោជន៍ផ្សេងទៀត លោកថា ស្តង់ដាសុវត្ថិភាពក្នុងវិស័យសំណង់ក៏ពិបាកតាមដានដូចគ្នា។
លោក សុខ គីន បន្ថែមថា៖ «ការងារសំណង់គឺត្រូវប្រើកម្លាំងខ្លាំង ហើយការដ្ឋានខ្លះមានកម្ពស់ខ្ពស់ និងគ្រោះថ្នាក់ណាស់ ប្រសិនបើពួកគេធ្វើការមិនប្រយ័ត្ន ពួកគេនឹងអាចមានគ្រោះថ្នាក់ និងអាចបាត់បង់ជីវិតទៀតផង»។
លោក សុខ គីន សង្ឃឹមថាទំនោថ្មីងាកពីវិស័យកាត់ដេរទៅរកការងារសំណង់នេះ នឹងជំរុញឲ្យរដ្ឋាភិបាលពិនិត្យ និងពង្រឹងស្ដង់ដាសុវត្ថិភាព ព្រមទាំងពិចារណាកំណត់ប្រាក់ឈ្នួលគោលអប្បបរមាសម្រាប់វិស័យនេះដែរ។
លោកបន្ថែមថា៖ «រដ្ឋាភិបាលគួរពិនិត្យលើប្រាក់ឈ្នួលគោលអប្បបរមា ព្រោះប្រសិនជាមានប្រាក់ឈ្នួលគោលអប្បបរមា ពួកគេនឹងមានគោលការណ៍ណែនាំច្បាស់លាស់ ដើម្បីកំណត់ប្រាក់ឈ្នួលប្រចាំថ្ងៃសម្រាប់កម្មករ»។
ចំណែក លោក ថារ៉ូ ខាងអង្គការសង់ត្រាល់វិញបាននិយាយថា ចំនួនកម្មករកាត់ដេរដែលបានចូលទៅបម្រើការក្នុងវិស័យសំណង់គឺមានចំនួនតិច បើប្រៀបធៀបទៅនឹងចំនួនកម្មករដែលបានវិលទៅស្រុកកំណើតធ្វើស្រែចម្ការវិញ បន្ទាប់ពីកិច្ចសន្យាការងារបានបញ្ចប់។
យ៉ាងណា លោក កត់សម្គាល់ឃើញថា វាពិបាកបន្តិចសម្រាប់កម្មករកាត់ដេរដែលត្រូវប្ដូរមកធ្វើការងារថ្មី ព្រោះថាពួកគេកន្លងមកត្រូវបានបណ្ដុះបណ្ដាលជំនាញតែមួយមុខ ដូចនេះពួកគាត់មានជម្រើសតិចតួចណាស់ ហើយគ្មានជម្រើសអ្វីក្រៅពីទទួលយកការងារផ្សេង ដូចជាការងារសំណង់មានប្រាក់ឈ្នួលទាបនោះទេ។
លោកបញ្ជាក់ថា៖ «វាជាឧបសគ្គមួយសម្រាប់កម្មករកាត់ដេរ ពេលដែលត្រូវប្ដូរទៅធ្វើការងារផ្សេង ព្រោះថាពួកគាត់មិនមែនជាកម្មករជំនាញ»។
លោក ថារ៉ូ ថាបើតាមតួលេខរបស់សង់តត្រាល់ រោងចក្រចំនួន១៨០នៅបន្តផ្អាកដំណើរការនៅឡើងក្នុងខែសីហា ហើយបានប៉ះពាល់ដល់កម្មកររាប់ម៉ឺននាក់។
លោកបន្ថែមថា៖ «បើតាមតួលេខដែលសង់ត្រាល់ទទួលបាន រោងចក្រប្រហែល២០បានបិទទ្វារ ប៉ះពាល់ដល់កម្មករជិត៤០ ០០០នាក់»។
លោកថាបើសិនជាបញ្ហាជំងឺកូវីដ១៩ នៅតែមានលើពិភពលោក វិស័យកាត់ដេរនឹងមិនអាចដំណើរការឡើងវិញបានល្អឆាប់ៗនេះទេ។
លោកបន្តថា៖ «ក្នុងពេលជាមួយគ្នានេះដែរ ឱកាសការងារផ្សេងៗទៀតក៏ធ្លាក់ចុះដែរ»។ ត្រង់ចំណុចនេះលោក ថារ៉ូ សំដៅដល់វិស័យទេសចរណ៍ និងការបិទការដ្ឋានសំណង់មួយចំនួនទៀត។
លោក ថារ៉ូ ឲ្យដឹងថា បើតាមសមាគមអ្នកសាងសង់កម្ពុជា កម្មករសំណង់ប្រមាណជា៩០ ០០០នាក់ក៏បានបាត់បង់ការងារអំឡុងវិបត្តិកូវីដ១៩ នេះដែរ។
លោក ថារ៉ូបញ្ជាក់ថា៖ «កម្មករកាត់ដេរដែលបាត់បង់ការងារ មិនអាចរកការងារមានលក្ខខណ្ឌប្រសើរទេ ព្រោះថាវិស័យសំណង់មិនមានការផ្ដល់របបបេឡាសន្ដិសុខសង្គម និងមានការកំណត់ប្រាក់ឈ្នួលគោលអប្បបរមា ដូចវិស័យកាត់ដេរនោះទេ»។
លោកបន្តថា៖ «ជាពិសេស គឺសុវត្ថិភាពផ្នែកសុខភាពពេលបំពេញការងារគឺមានការប្រឈមខ្លាំង ហើយស្រ្តីធ្វើការក្នុងវិស័យនេះក៏គ្រោះថ្នាក់ចំពោះអំពើបៀតបៀនផ្លូវភេទ និងមិនអនុញ្ញាតឲ្យឈប់សម្រាកពេលសម្រាលកូនដែរ»។
អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) លោក កាំង មូនីកា មានប្រសាសន៍ថារោងចក្រកាត់ដេរមិនជួបបញ្ហាខ្វះវត្ថុធាតុដើមសម្រាប់ផលិតកម្មទៀតទេ ហើយថាការបញ្ជាទិញក៏ចាប់ផ្ដើមកើនបន្តិចដែរតាំងពីដើមឆ្នាំ។
លោកថា៖ «ឥឡូវនេះស្ថានភាពរោងចក្រកាត់ដេរចាប់ផ្ដើមល្អឡើងវិញបន្តិចហើយ»។ លោកបន្ថែមថា គ្មានវិធីណាមួយថាមិនអាចឲ្យគ្មានការបាត់បង់ការងារក្នុងវិស័យនេះដែរ។
លោក មូនីកា ឲ្យដឹងទៀតថា ខាង GMAC បានដាក់ពាក្យប្ដឹងទៅតុលាការយុត្តិធម៌អឺរ៉ុបជំទាស់នឹងសេចក្ដីសម្រេចរបស់សហភាពអឺរ៉ុប ដោយស្នើឲ្យមានការពិចារណាឡើងវិញលើការព្យួរផ្នែកខ្លះរបស់ប្រព័ន្ធអនុគ្រោះពន្ធលើកម្ពុជា។ លោកថា តុលាការយុត្តិធម៌អឺរ៉ុបកំពុងដំណើរការសំណុំរឿងនេះហើយ។
លោកបន្ថែមថា៖ «មន្ត្រីបានទទួលបណ្ដឹងរបស់យើងរួចហើយ ហើយតុលាការបានចាប់ផ្ដើមនីតិវិធីហើយដែរ»។ យ៉ាងណាលោកថា លោកមិនដឹងថាតើវានឹងត្រូវចំណាយពេលយូរប៉ុនណា សម្រាប់ឲ្យតុលាការសម្រេចលើរឿងនេះទេ។
លោក មូនីកា បន្ថែមទៀតថា៖ «យើងបានព្យាយាមអស់ពីសមត្ថភាពហើយ ព្រោះនេះជាកន្លែងចុងក្រោយសម្រាប់ពួកយើង ដើម្បីបានការការពារសិទ្ធិ និងផលប្រយោជន៍របស់សមាជិកយើង»។
ងាកមក ស្រីរ័ត្ន វិញនាងសង្ឃឹមថារោងចក្រនឹងអាចរកផ្លូវដំណើរការឡើងវិញបាន ដូចនេះនាងនឹងអាចបានត្រឡប់មកធ្វើការដូចដើមវិញ។
ស្រីរ័ត្ន បានបន្ថែមថា៖ «ខ្ញុំសំណូមពរ [រដ្ឋាភិបាល] ជួយរោងចក្រកាត់ដេរឲ្យចាប់ផ្ដើមដំណើរការឡើងវិញ ព្រោះស្រ្តីធ្វើការនៅរោងចក្របានទទួលផលប្រយោជន៍ផ្សេងៗច្រើនជាងនៅវិស័យផ្សេង»៕