អតីតបុគ្គលិកប្រមាណ ៥០នាក់នៃអតីតសណ្ឋាគារ អាំងទ័រកុងទីណង់តាល់ នៅរាជធានីភ្នំពេញ ដែលត្រូវបានលក់ និងបន្ទាប់មក បិទទ្វារ កាលពីឆ្នាំមុន ហើយដែលឥឡូវនេះ ត្រូវបានគេទុកប្រើប្រាស់ជាសាលមន្ទីរពេទ្យសម្រាប់អ្នកឆ្លងវីរុសកូវីដ១៩ បាននាំគ្នាតវ៉ានៅខាងក្រៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃសុក្រ ដើម្បីទាមទារប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ដែលមិនទាន់បានទូទាត់សង។
សណ្ឋាគារផ្កាយ៥ ត្រូវបានប្ដូរឈ្មោះទៅជា The Great Duke វិញ នៅពេលដែលបិទទ្វារកាលពីថ្ងៃទី៣១ ខែធ្នូ ហើយគិតមកត្រឹមពេលបិទទ្វារ សណ្ឋាគារនេះបានដំណើរការអស់រយៈពេល ២៣ឆ្នាំមកហើយ នៅក្រោមយីហោឈ្មោះ អាំងទ័រកុងទីណង់តាល់ ដែលជាក្រុមហ៊ុនពហុសាសន៍របស់អង់គ្លេស។ នៅពេលសណ្ឋាគារនេះបិទលែងដំណើរការ បុគ្គលិកមិនបានទទួលសំណងតាមកិច្ចសន្យាគ្រប់គ្នានោះទេ ។
ដោយមានការព្រមព្រៀងពីម្ចាស់ ក្រសួងសុខាភិបាល និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមុន បាននិយាយថា សណ្ឋាគារដែលគ្មានភ្ញៀវស្នាក់នៅនេះនឹងត្រូវទុកធ្វើជាមន្ទីរពេទ្យ និងសាលចតាឡីស័កសម្រាប់ជនរងគ្រោះដោយសារវីរុសកូរ៉ូណា ប្រសិនបើមន្ទីរពេទ្យទូទៅមានអ្នកជំងឺចូលលើសចំណុះ ។
ញត្តិដែលសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៅកម្ពុជា (CTWU) បានដាក់ជូនទៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅឯកន្លែងតវ៉ា កាលពីថ្ងៃសុក្រ បានស្នើសុំឲ្យអាជ្ញាធរជួយពួកគេដើម្បីទាមទារនូវអត្ថប្រយោជន៍ការងារដែលមិនទាន់បានទូទាត់សម្រាប់បុគ្គលិកចំនួន ១៥២នាក់ ស្របទៅតាមសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ចេញថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ។
ញត្តិនោះបាននិយាយថា៖ «អតីតបុគ្គលិកទាំងនេះ រួមទាំងក្រុមគ្រួសាររបស់ពួកគេ កំពុងជួបការលំបាក និងជំពាក់បំណុលដោយសារការបាត់បង់ការងារ» ។
ញត្តិដដែលបានបន្តថា៖ «បុគ្គលិកសណ្ឋាគារ The Great Duke Phnom Penh បានសម្រេចចិត្តប្រមូលផ្ដុំគ្នានៅមុខក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីអំពាវនាវទៅដល់រដ្ឋមន្ត្រីក្រសួងការងារ សូមជួយដោះស្រាយនិងជំរុញសណ្ឋាគារ ជាពិសេស លោកសេដ្ឋី ខូវ សម្បត្តិ ដែលជាម្ចាស់សណ្ឋាគារ ឲ្យទូទាត់សំណងដល់អតីតបុគ្គលិករបស់លោក»។
អគ្គលេខាធិការរងនៃ CTWU លោក ដា ចាន់ម៉ុន បាននិយាយថា មន្ត្រីក្រសួងបានផ្ដល់ការធានាដល់ក្រុមអ្នកតវ៉ា និងមេដឹកនាំសហជីព ថា ពួកគេនឹងបញ្ជូនបញ្ហានេះទៅកាន់រដ្ឋមន្ត្រី ។
លោក ចាន់ម៉ុន និយាយថា៖ «ប្រសិនបើនៅតែគ្មានដំណោះស្រាយពីរដ្ឋមន្ត្រីក្រសួងការងារទៀត យើងនឹងនាំយកញត្តិនេះទៅដាក់ជូនខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នពាក់ព័ន្ធដទៃទៀត»។
មន្ត្រីសហជីពដដែល និងជាបុគ្គលិកបម្រើការងារនៅសណ្ឋាគារដែលកំពុងមានបញ្ហានេះផងដែរ បាននិយាយថា ភាគច្រើននៃអតីតបុគ្គលិកមានការចំណាយដែលត្រូវដោះស្រាយ ហើយពុំបានរំពឹងទុកជាមុនទេថា កិច្ចសន្យាការងាររបស់ខ្លួននឹងត្រូវបញ្ចប់មុនកាលកំណត់ ដែលនាំឲ្យពួកគេបាត់បង់ការងារធ្វើ ។ លោកបាននិយាយថា អ្វីដែលម្ចាស់សណ្ឋាគារ The Great Duke អាចធ្វើបាន គឺទូទាត់សំណងដែលជំពាក់បុគ្គលិកទាំងនេះ ។
លោក ចាន់ម៉ុន និយាយថា៖ «ឥឡូវនេះ យើងអត់មានលុយសម្រាប់ការចំណាយរស់នៅប្រចាំថ្ងៃទេ ហើយយើងថែមទាំងជំពាក់បំណុលធនាគារថែមទៀត។ ដូច្នេះ យើងត្រូវការលុយដើម្បីសងបំណុលធនាគារ ។ ខ្ញុំបានខ្ចីលុយជិត ២០០០ដុល្លារ ដើម្បីទិញម៉ូតូមួយឲ្យកូនស្រី ខណៈដែលខ្ញុំកំពុងធ្វើការនៅក្នុងសណ្ឋាគារនេះ។ ឥឡូវ ធនាគារទារលុយរៀងរាល់ខែ»។
លោក ចាន់ម៉ុន បានបន្ថែមថា វាជាពេលវេលាដ៏លំបាកបំផុត ដែលការងារក៏អត់មានធ្វើ ហើយលុយក៏អត់មានចាយ ។
លោកនិយាយបន្តទៀតថា៖ «ទោះបីជំងឺកូវីដ១៩ឆ្លងរាលដាលមែន ប៉ុន្តែ យើងគិតថា បញ្ហាដាច់ពោះ វាជារឿងបន្ទាន់ជាងកូវីដ១៩ ទៅទៀត»។
លោក និន វណ្ណៈ អគ្គលេខាធិការរងនៃគណៈកម្មាធិការដោះស្រាយកូដកម្មនៅក្រសួងការងារ បាននិយាយថា លោកបានទទួលញត្តិពីបុគ្គលិកសណ្ឋាគារ The Great Duke និងបានបញ្ជូនញត្តិនេះទៅរដ្ឋមន្ត្រីក្រសួងការងារដើម្បីសុំការសម្រេចរួចហើយ ។
លោក វណ្ណៈ និយាយយ៉ាងដូច្នេះថា៖ «ក្រសួងនឹងពន្លឿនការងារនេះ ដើម្បីស្វែងរកដំណោះស្រាយជូនពួកគេហើយ។ ដូច្នេះ សូមបុគ្គលិកទាំងអស់រក្សាភាពស្ងប់ស្ងៀមដើម្បីរង់ចាំការដោះស្រាយពីក្រសួង»។
លោក លី តៃសេង មេធាវីតំណាងឲ្យសណ្ឋាគារ The Great Duke មិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានឡើយ ៕