សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលករខ្មែរម្នាក់ទើបត្រឡប់ពីម៉ាឡេស៊ីតេស្តវិជ្ជមានវីរុស COVID-19

ពលករខ្មែរធ្វើការនៅប្រទេសម៉ាឡេស៊ីបានវិលមកដល់អាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញថ្ងៃទី១៦ ខែមិថុនា។ បញ្ញា ឆព័ណ្ណ

ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា​​ពលករ​ខ្មែរ​វ័យ​២១​ឆ្នាំ​ម្នាក់​តេស្ត​វិជ្ជមាន​វីរុស COVID-19 បន្ទាប់ពី​បាន​វិល​ត្រឡប់​ពី​ប្រទេស​ម៉ាឡេស៊ី​​មក​ដល់​កម្ពុជាថ្ងៃទី១៦ ខែ​មិថុនា ដែល​នេះ​ជា​ករណី​ឆ្លង​ទី​១២៩​នៅ​កម្ពុជា​ គិត​ចាប់ពី​ថ្ងៃ​ទី​២៨ ខែ​មករា​ មក។​

បុរស​ខាង​លើ​គឺ​ជា​ពល​ករ​ម្នាក់​ក្នុង​ចំណោម​ពល​ករ​១១៥​នាក់​ផ្សេង​ទៀត​ដែល​បាន​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ​ Malaysian Airlines MH 762 ពី​ទី​ក្រុង​កូឡាឡាំពួ​មក​កាន់​អាកាស​យាន្ដ​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​មិថុនា​។ ពល​ករ​ខ្មែរ​ទាំងនេះ​បាន​ជាប់​គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​ជាច្រើន​ខែ​ដោយ​សារ​ការ​ផ្ទុះ​វីរុស COVID-19។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី​១៨ ខែ​មិថុនា ក្រ​សួង​សុខាភិបាល​បញ្ជាក់​ថា​បុរស​ខាង​លើ​តេស្ត​វិជ្ជមាន​វីរុស​COVID-19 ​កាលពីថ្ងៃទី១៧ ខែមិថុនា ហើយ​បុរស​នេះ​​​ជា​អ្ន​ក​ស្រុក​ស្រែ​អំបិល ខេត្ត​កោះ​កុង។ បើ​តាម​សេច​ក្ដី​ថ្លែង​ការណ៍​បុរស​រូប​នេះ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត ដែល​ជា​កន្លែង​ទទួល​ព្យាបាល​អ្នកជំងឺ​ COVID-19 នៅ​កម្ពុជា។

អ្នកនាំពាក្យ​ក្រ​សួង​សុខាភិបាល​លោកស្រី ឱ វណ្ណឌីន បាន​បញ្ជាក់​ថា​​បុរស​នោះ​ពិត​ជា​មាន​វិជ្ជមាន​វិរុស​ COVID-19 មែន។

លោកស្រី​មានប្រសាសន៍ថា៖ «គាត់​ជា​អ្នក​នៅ​ក្នុង​ក្រុម​អ្នក​ទើប​ហោះ​មកពី​ម៉ាឡេស៊ីចំពោះ​អ្នក​រួម​ដំណើរ​ផ្សេង​ទៀត​គឺ​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន ហើយ​យើង​នឹង​រៀប​ចំ​ដាក់​ពួក​គាត់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈពេល​១៤ថ្ងៃ​នៅ​ខេត្ត​របស់​ពួកគាត់»។ ទោះ​យ៉ាងណា​លក​ស្រី​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​ខេត្ត ឬ​ក៏​ចំនួន​មនុស្ស​ប៉ុន្មាន​នាក់​ក្នុងចំណោម​២១២​នាក់​ក្នុង​ជើង​ហោះ​ហើរ​ជាមួយ​គ្នា​នោះ​ត្រូវចាក​ចេញពី​ភ្នំពេញ​នោះ​ទេ។

បើ​តាម​លោក​ស្រី​ វណ្ណឌីន ក្រុមការងារ​ក្រសួង​សុខាភិបាល​បាន​រៀបចំ​ឲ្យ​អ្នក​ដំណើរ​តាម​ជើង​ហោះហើរ​កាលពីថ្ងៃទី១៦ ខែ​មិថុនា នោះ​នៅ​ដាច់​ដោយ​ឡែក​រយៈពេល​១៤​ថ្ងៃ​។ លោក​ស្រី​ថា​អ្នក​ទាំង​នោះ​អាច​ជ្រើស​រើស​ថា​គួរ​នៅ​ដាច់​ដោយ​ឡែក​នៅ​ភ្នំពេញ ឬក៏​អាច​ទៅ​នៅ​ដាច់​ដោយ​ឡែក​នៅ​ខេត្ត​របស់​ខ្លួន​ក៏​បាន ដែល​តាម​ខេត្ត​ទាំង​នោះ​មាន​ការ​រៀបចំ​កន្លែង​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​មន្ទីរ​ពេទ្យ​បង្អែក ក៏​ដូច​ជា​សណ្ឋាគារ ឬ​ផ្ទះសំណាក់​ផង​ដែរ។​

​លោក​ស្រី ក៏​បាន​អំពាវ​នា​វ​ឲ្យ​​ប្រ​ជា​ពល​រដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ និង​ការ​ពារ​ខ្លួន​ពី​ការ​ឆ្លង​រាល​ដាល​​​វីរុស​នេះ។

​ក្រុម​ពល​ករ​ខ្មែរ​ដែល ទើប​ត្រឡប់​មក​ស្រុកកំណើត​វិញ​ក្នុង​សប្ដាហ៍​នេះ​បាន​ជាប់​គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​ដោយ​គ្មាន​ការងារ និង​មិន​មាន​លទ្ធភាព​ជួល​ផ្ទះ ឬ​ទិញ​ម្ហូបអាហារ​នៅ​ម៉ាឡេស៊ី​តាំង​ពី​​ថ្ងៃ​ទី​៧ ខែ​មេសា មក​ម្លេះ​។ ការ​ជាប់​គាំង​នេះ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​បិទ​ជើង​ហោះ​ហើរ​ពី​ប្រទេស​ម៉ាឡេស៊ី។ ការ​បិទ​ជើង​ហោះហើរ​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​រក​ឃើញ​​មាន​ករណី​ឆ្លង​វីរុស​COVID-19 ជាច្រើន​ករណី​ក្នុង​ចំណោម​អ្នក​ដែល​បាន​ទៅ​ចូល​រួម​ពិធី​សាសនា​ក្នុង​ទី​ក្រុង​កូឡាឡាំពួ​។​​​​​​​

​​​​​​លោក ទូល័ស សាអ៊ីត វ័យ​៣៨​ឆ្នាំ ជា​កម្មករ​សំណង់​នៅ​ម៉ាឡេស៊ី បាន​និយាយ​​ពីមណ្ឌល​ចត្តាឡីស័កនៅសង្កាត់​​ចោម​ចៅ​ដែល​លោក​បាន​នៅ​​ដាច់​ដោយ​ឡែក ថាលទ្ធផល​តេស្ត​ លោក​មិន​មាន​វីរុសCOVID-19 នោះ​ទេ ហើយ​ថា​លោក​នឹង​ទៅ​បន្ត​ធ្វើ​ចត្តាឡីស័ក​នៅ​ឯ​មណ្ឌល​ចត្តាឡីស័ក​ខេត្ត​ត្បូង​ឃ្មុំ​បន្ត​ទៀត។

លោក​ឲ្យដឹងថា៖ «លទ្ធផល​បង្ហាញ​ថា​ខ្ញុំ​អវិជ្ជមាន​វីរុស​ COVID-19 ហើយ​ឥឡូវនេះ​ខ្ញុំ​កំពុង​រៀប​ចំ​អីវ៉ាន់​ ដើម្បី​ទៅ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ​បន្ត​នៅ​ខេត្ត​ត្បូងឃ្មុំ»

លោក​បន្តថា៖ «ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​លទ្ធ​ផល​ចេញ​មក​អវិជ្ជមាន​ ហើយ​ខ្ញុំ​នឹង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​ធ្វើ​ចត្តាឡីស័ក​ចំនួន​១៤​ថ្ងៃ»៕

29 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម