មន្ទីរការងារខេត្តសៀមរាបកាលពីថ្ងៃទី៦ខែសីហា បានព្រមានមេដឹកនាំសហជីពការងារចំនួនពីររូបថា ពួកគេបានរំលោភច្បាប់សហជីពដោយរៀបចំការតវ៉ានៅសណ្ឋាគារ ឡឺ ម៉េរីឌាន អង្គរ ដែលកំពុងជាប់គាំងក្នុងជម្លោះការងារចាប់តាំងពីមានការបណ្តេញបុគ្គលិកជាសកម្មជនសហជីពបីរូបកាលពីខែកក្កដា។
លោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF) បានមានប្រសាសន៍ថា មន្ទីរការងារបានផ្ញើលិខិតដូចគ្នាមករូបនេះ និងលោក លី លីនដា ជាប្រធានសហជីពប្រចាំនៅសណ្ឋាគារឡឺ ម៉េរីឌាន អង្គរ ដោយព្រមានអ្នកទាំងពីរថា បានរៀបចំកូដកម្មខុសច្បាប់និងបិទផ្លូវសាធារណៈនៅមុខសណ្ឋាគារ ហើយថា សកម្មភាពទាំងពីរនេះបានរំលោភច្បាប់សហជីព។
លិខិតព្រមាននេះបានសរសេរថា៖ «ក្នុងករណីពុំមានការប្រែប្រួល ឬផ្គើនចំពោះលិខិតព្រមាននេះ អង្គការវិជ្ជាជីវៈរបស់លោកអាចនឹងត្រូវប្តឹងរំលាយចោលឬទទួលនូវវិធានការផ្សេងៗតាមកំណត់ច្បាប់ជាកំហិត»។
លោក ទូច កុសល បានអះអាងថា បាតុកម្មនេះមិនបានរំលោភច្បាប់ណាមួយទេ។
លោក កុសល បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ការព្រមានមកលើសហព័ន្ធឬសហជីពគឺមិនត្រឹមត្រូវទេ ពីព្រោះគាត់ចោទប្រកាន់យើងថា បិទផ្លូវសាធារណៈចូលសណ្ឋាគារ ប៉ុន្តែតាមពិតយើងមិនបានបិទផ្លូវនោះទេ» ដោយលោកបានបន្ថែមថា បុគ្គលិកសណ្ឋាគារបានតវ៉ានៅក្នុងបរិវេណសណ្ឋាគារ។
លោក កុសល បានលើកឡើងថា លិខិតនេះក៏បានចោទប្រកាន់សហជីពថា បានរៀបចំកូដកម្មខុសច្បាប់ផងដែរ ប៉ុន្តែមេដឹកនាំសហជីពទាំងពីរបានអះអាងថា ពួកគាត់បានជូនដំណឹងមុន៧ថ្ងៃ មុនចាប់ផ្តើមកូដកម្មនៅថ្ងៃទី៦ ខែសីហាដូចមានចែងក្នុងច្បាប់សហជីព។
លោកបានបន្ថែមថា មន្ទីរការងារខេត្តបានអញ្ជើញសកម្មជនសហជីពបីរូបទៅចរចាជាមួយតំណាងសណ្ឋាគារកាលពីថ្ងៃទី៧ ខែសីហា ប៉ុន្តែការចរចាបានបរាជ័យនៅពេលបុគ្គលិកបន្តទាមទារឲ្យមន្ទីរការងារខេត្តបញ្ចូលករណីរបស់សមាជិកសហជីពទាំងបីរូបនេះជាផ្នែកមួយនៃបញ្ហារួមជុំវិញការតវ៉ាប្រាក់ឈ្នួល ជាជាងចាត់ទុកជាជម្លោះបុគ្គល។
កាលពីថ្ងៃទី៣ ខែសីហា មន្ទីរការងារខេត្តបានរៀបចំជំនួបស្រដៀងគ្នានេះប៉ុន្តែមិនអាចរកដំណោះស្រាយផងដែរ។
លោក ទូច កុសល បានមានប្រសាសន៍ថា៖ «បុគ្គលិកបានចេញតវ៉ានៅមុខសណ្ឋាគារតាំងពីព្រឹករហូតដល់ល្ងាច កាលពីថ្ងៃទី៧ ខែសីហា»។
កាលពីថ្ងៃទី៩ និងទី១០ ខែកក្កដា សណ្ឋាគារនេះបានបណ្តេញសកម្មជនសជីពបីររូបជាសមាជិកសហជីព ឡឺ ម៉េរីឌាន អង្គរ ដោយចោទប្រកាន់ពួកគេថា បានញុះញង់បុគ្គលិក បន្ទាប់ពីអ្នកទាំងបីបានប្រមូលស្នាមមេដៃដោយស្នើឲ្យកាត់ប្រាក់ឈ្នួលរបស់ពួកគេត្រឹម២០ភាគរយជំនួសឲ្យការតាត់៣៥ភាគរយដោយសារការខាតបង់ចំណូលបណ្តាលមកពីវិបត្តិវីរុសកូវីត១៩នោះ។
លោក ផេង ឈាងលី ប្រធានការិយាល័យអធិការកិច្ចនិងដោះស្រាយវិវាទការងារនៅមន្ទីរការងារខេត្តសៀមរាបដែលបានផ្ញើលិខិតព្រមានទៅកាន់មេដឹកនាំសហជីពទាំងពីរនេះបាននិយាយថា កូដកម្មរបស់បុគ្គលិកនាពេលនេះគឺខុសច្បាប់ ដោយសារថា បុគ្គលិកមិនអាចធ្វើកូដកម្មបានទេ លុះត្រាពួកគេមានការសន្និដ្ឋានបឋមនៅក្នុងកិច្ចពិភាក្សាជាមួយមន្ទីរនិងសណ្ឋាគារសិន។
លោកមានប្រសាសន៍ថា បុគ្គលិកបានចូលរួមការចរចានៅមន្ទីរការងារ ប៉ុន្តែបានដើរចេញពីបន្ទប់ចរចា ដើម្បីតវ៉ានៅក្រៅអគារនោះទៅវិញ។
លោក ផេង ឈាងលី មានប្រសាសន៍ថា៖ «នៅព្រឹកនេះ ពួកគេចេញតវ៉ានៅមុខមន្ទីរការងារខេត្តជាថ្មី…ហើយបន្ទាប់មកបន្តធ្វើការតវ៉ានៅមុខសណ្ឋាគារទៀត»។
លោកបានបន្ថែមថា៖ «សូមបុគ្គលិកទាំងអស់មុនពេលធ្វើកូដកម្ម ពួកគេត្រូវតែពិនិត្យមើលច្បាប់ការងារជាមុនសិន»។
លោក ឈាងលី បាននិយាយថា មន្ទីរការងារមិនទាន់សម្រេចកិច្ចព្រមព្រៀងរវាងបុគ្គលិកនិងថ្នាក់ដឹកនាំសណ្ឋាគារនៅឡើយទេ ខណៈពេលបុគ្គលិកទទូចឲ្យបញ្ចូលបញ្ហាប្រាក់ឈ្នួលនិងការបណ្តេញសមាជិកសហជីពទៅក្នុងជម្លោះរួម។
លោក ឈាងលី បានមានប្រសាសន៍ថា៖ «យើងពិនិត្យមើលករណីនេះដោយផ្អែកលើច្បាប់…ជម្លោះសមូហភាពគឺជាជម្លោះសមូហភាព ហើយជម្លោះបុគ្គលគឺជាជម្លោះបុគ្គល ពីព្រោះយើងមិនអាចបញ្ចូលករណីបុគ្គលទៅក្នុងករណីសមូហភាពបានទេ»។
លោកកត់សម្គាល់ថា ប្រសិនបើមន្ទីរការងារមិនអាចដោះស្រាយករណីនេះបាន បុគ្គលិកត្រូវដាក់ពាក្យបណ្តឹងទៅតុលាការខេត្តពាក់ព័ន្ធនឹងជម្លោះសមូហភាពជុំវិញប្រាក់ឈ្នួល ចំណែកជម្លោះបុគ្គលជុំវិញការបណ្តេញចេញសកម្មជនសហជីព នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។
លោក លី លីនដា ប្រធានសហជីពនៅសណ្ឋាគារ ឡឺ ម៉េរីឌាន អង្គរបាននិយាយថា មន្ទីរការងារខេត្តគ្មានសិទ្ធិចេញលិខិតព្រមានលោកទេ ដោយសារសហជីពរបស់លោកបានគោរពតាមច្បាប់។
លោកបាននិយាយថា កាលពីថ្ងៃទី៧ ខែសីហា មានបុគ្គលិកប្រហែល២០នាក់បានលើកបដានៅមុខមន្ទីរការងារខេត្តមុនពេលងាកមកធ្វើការតវ៉ានាពេលរសៀលថ្ងៃដដែលនៅសណ្ឋាគារ ហើយទីនោះមានបុគ្គលិកប្រហែល៣០នាក់ផ្សេងទៀតបានចូលរួមជាមួយពួកគេ។
លោក លីនដា បាននិយាយថា៖ «យើងនឹងបន្តតវ៉ាដោយសារតែយើងចង់បានដំណោះស្រាយ។ បុគ្គលិក៩៦នាក់ក្នុងចំណោមបុគ្គលិកសរុប ១៧០នាក់ [ សរុបទាំងអស់នៅសណ្ឋាគារ ] បានផ្តិតមេដៃទាមទារឲ្យទទួលយកសកម្មជនសហជីពបីនាក់ត្រឡប់ចូលធ្វើការវិញ»។
លោក លីនដា បាននិយាយថា៖ «ក្នុងនាមគាត់ [ មន្ទីរការងារខេត្ត ] គឺជាអាជ្ញាធរនិងជាអាណាព្យាបាល គាត់ត្រូវចុះទៅមើលដោយខ្លួនឯង ពីព្រោះគាត់មិនត្រូវស្តាប់តែអ្នករាយការណ៍ប្រាប់ពួកគាត់នោះទេ។ យើងនៅតែទាមទារឲ្យមន្ទីរការងារខេត្តពិចារណាជម្លោះនេះ ជាជម្លោះសមូហភាព ប៉ុន្តែពួកគាត់មិនព្រម»។
លោកស្រី សាប៊្រីណា ចាកុប (Sabreena Jacob) អគ្គនាយកនៅសណ្ឋាគារឡឺ ម៉េរីឌាន អង្គរ បានឲ្យដឹងតាមអ៊ីម៉េលថា ដោយសារសណ្ឋាគារនេះបានបិទដំណើរការតាំងពីខែមេសាដល់ខែមិថុនា ដូច្នេះការកាត់បន្ថយប្រាក់ឈ្នួលគឺផ្អែកលើអតីតភាពការងារ ហើយកញ្ចប់ចូលនិវត្តដោយស្ម័គ្រចិត្តគឺជាវិធានការចាំបាច់ដែលបុគ្គលិកភាគច្រើនអាចទទួលយកបាន។
លោកស្រីបានបន្ថែមថា សមាជិកសហជីពបីរូបដែលត្រូវបានបណ្តេញចេញនោះបានរំលោភច្បាប់។
លោកស្រីបានឲ្យដឹងតាមអ៊ីម៉េលកាលពីថ្ងៃទី៧ ខែសីហាថា៖ «បុគ្គលិកដែលត្រូវបានបណ្តេញចេញទាំងបីនាក់នោះបានរំលោភច្បាប់ក្រុមហ៊ុននិងបញ្ញត្តិមួយចំនួននៅក្នុងច្បាប់ការងារកម្ពុជា»។
លោកស្រី លើកឡើងថា៖ «បើទោះបីជាទទួលបានការជូនដំណឹងពីសណ្ឋាគារនិងអាជ្ញាធរថា សកម្មភាពចូលរួមរបស់ពួកគេនាំឲ្យមានជាសកម្មភាពខុសច្បាប់ក៏ដោយ ក៏បុគ្គលិកដែលត្រូវបានបណ្តេញចេញទាំងបីនាក់នេះនៅតែបន្តចូលរួមសកម្មភាពខុសច្បាប់ដដែល»។
លោកស្រីបន្តថា៖ «យើងខកចិត្តដែលពួកគេសម្រេចចូលរួមកូដកម្មខុសច្បាប់ជាជាងធ្វើការពិភាក្សាជាមួយក្រុមហ៊ុននិងអាជ្ញាធររដ្ឋនៅពេលត្រូវបានអញ្ជើញឲ្យមកពិភាក្សា។ ក្រុមហ៊ុនរបស់យើងគោរពនិងអនុវត្តតាមច្បាប់ការងារកម្ពុជាជុំវិញបញ្ហានេះ»។
កាលពីថ្ងៃទី ៤ ខែសីហា លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានមានប្រសាសន៍ថា មានសណ្ឋាគារតែ៦៤ក្នុងចំណោមសណ្ឋាគារ២៣០ កន្លែងនិងផ្ទះសំណាក់៨៥ក្នុងចំណោមផ្ទះសំណាក់២០៤កន្លែងក្នុងខេត្តនេះនៅដំណើរការនៅឡើយ ហើយថា ការបើកដំណើរការឡើងវិញអាស្រ័យលើការធ្លាក់ចុះនៃករណីវីរុសកូវីដ១៩៕