របាយការណ៍​បង្ហាញ​ពី​ផល​ប៉ះពាល់​​នៃ​បន្ទុក​បំណុល​លើ​កម្មករ​រោងចក្រ​​

ក្រុម​​​កម្មករ​រោងចក្រ​​តវ៉ា​នៅមុខក្រសួងការងារ​នាថ្ងៃទី២៩ ខែមិថុនា ដើម្បីទាមទារសំណងបន្ទាប់ពីរោងចក្ររបស់ពួកគបានបិទ ដោយមិនបាន​បើកប្រាក់ឈ្នួលឱ្យពួកគាត់ជាច្រើនខែ។ រូបថត​ បញ្ញា ឆព័ណ្ណ​

របាយការណ៍​មួយ​​ចេញ​ដោ​យ​​ក្រុម​​​អង្គការ​​សិទ្ធិការងារ​​​នៅ​​សបា្តហ៍​​នេះ​​បាន​​បង្ហាញ​​​ថា​​បន្ទុក​​បំណុល​​​កម្មករ​​រោងចក្រ​​​បាន​​កើន​ឡើង​​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ស្រប​ពេល​ដែល​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​១៩​។ ​ក្រុម​​អង្គការ​ទាំង​នេះ​​បាន​ជំរុញ​ឱ្យ​​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ និង​រដ្ឋាភិបាល​​​ជួយ​ស​​ម្រាល​​បន្ទុក​បំណុល​​របស់​ក្រុម​កម្មករ​តាម​រយៈ​ការ​ពន្យា​ពេល​សង​ប្រាក់​ត្រលប់​ទៅ​វិញ​ ក៏​ដូច​ជា​ការបង់​ការ​​ប្រាក់​ក្នុង​រយៈពេល​យ៉ាង​ហោច​ណាស់​៣​ខែ​។ ​

ក្នុង​របាយការណ៍​មួយ​ដែល​មាន​ចំណង​ជើង​ថា​«ធ្វើ​ការងារ​រហូត​ដល់​ជំពាក់​បំណុល​វ័ណ្ឌ​ក​»​ដែល​ជា​ការ​សិក្សា​រួម​គ្នា​រវាង​​​សហភាព​សម្ព័ន្ធ​ការងារ​កម្ពុជា​ អង្គការលីកាដូ​ និង​អង្គការសង់ត្រាល់​ កម្មករ​ភាគ​ច្រើន​នៃ​កម្មករ​ទាំង​១៥៨នាក់ដែលយក​ឥណទានខ្នាតតូច​ហើយ​ត្រូវ​បាន​សម្ភាសន៍​ក្នុង​របាយការណ៍​​នោះ​បាន​មើល​ឃើញ​ថា​​គុណភាព​ជីវិត​របស់​ពួក​គេ​កាន់​តែ​លំបាក​ទៅៗ​ចាប់​តាំង​ពី​យក​កម្ចី​ពី​គេ​​។

របាយការណ៍​ដែល​​ត្រូវ​បាន​ធ្វើ​ឡើង​ចន្លោះ​ពី​ខែ​មីនា​ និង​ឧសភា ​បាន​លើក​ឡើង​ថា​៖«អ្នក​ខ្ចី​កម្ចី​ឥណ​ទាន​ភាគ​ច្រើន​ បាន​កាត់​បន្ថយ​ការ​បរិភោគ​អាហារ​​ ដើម្បី​សន្សំ​ប្រាក់​ទុក​សម្រាប់​បង់​សង​បំណុល​។​ គ្រប់​តួលេខ​នៃ​អ្នក​ខ្ចី​ប្រាក់​​ ដែល​លក់​ដី​ កា​ត់​បន្ថយ​ការ​បរិភោគ​អាហារ​ ឬ​បញ្ឈប់​កូន​មិន​ឱ្យ​​ទៅ​រៀន​សូត្រ​ ដើម្បី​សង​បំណុល​ គួរ​តែ​មិន​អាច​ទទួល​យក​បាន​ទេ​​ សម្រាប់​គ្រឹះស្ថា​ន​មី​ក្រូហិរញ្ញវត្ថុ​​ និង​វិនិយោគិន​»​។

របាយការណ៍​ដដែល​បាន​​បញ្ជាក់​ថា​មូលហេតុ​ចម្បង​ដែល​​កម្មករ​​មក​ពី​រោងចក្រ​ទាំង​បី​ខ្ចី​​កម្ចី​ឥណទាន​ខ្នាត​តូច​​គឺ​ដើម្បី​យក​ទៅ​សង់​ផ្ទះ​ និង​​យក​ទៅ​សង​បំណុល​​ដែល​មាន​ស្រាប់​។

របាយការណ៍បានលើកឡើងថា៖ «បន្ថែ​មលើនេះ​ មូលហេតុ​សំខាន់​ជាង​គេ​ ដែល​នាំ​ឱ្យ​ពួក​គាត់​ខ្ចី​ប្រាក់​​ឯក​ជន​ គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​សង​បំណុល​ដែល​មាន​ស្រាប់​ ដែល​នេះ​បង្ហាញ​ថា​​អតិថិជន​មីក្រូហិរញ្ញវត្ថុ​​ជា​រឿយៗ​បាន​ទៅ​ខ្ចី​ប្រាក់​ឯក​ជន​ដើម្បី​ស​​ង​បំណុល​​ផ្លូវ​ការ​​។ តាម​ពិត​ទៅ​ មូល​ហេតុ​ចំបង​នៃ​កម្ចី​ប្រភេទ​ណា​ក៏​ដោយ​ គឺ​ដើម្បី​យក​​ទៅ​សង​បំណុល​ដែល​មាន​ស្រាប់​»​។​

អតីត​បុគ្គលិក​រោងចក្រ​ New​ Best Global អ្នក​ស្រី ព្រំ​ តុលា​ អាយុ​៣៨​ឆ្នាំ ​បាន​និយាយថា​គាត់​មិន​ទទួល​បាន​ប្រាក់​ខែ​តាំង​ពី​ថ្ងៃ​ទី​១១​ ខែ​កុម្ភៈ​ នៅ​ពេល​​ម្ចាស់​រោង​ចក្រ​បាន​​រត់​ចេញ​ទៅ​ក្រៅប្រទេស​​ ដែលបញ្ហា​នេះបាន​​ធ្វើ​​ឱ្យ​​បាត់បង់​ប្រភព​ចំណូល​ចំបង​របស់​​អ្នក​ស្រី ​ក៏​ដូច​ជាកម្មក​រ​រាប់​រយ​នាក់​ទៀត​​គ្មាន​លទ្ធភាព​សង​កម្ចី​របស់​ពួក​គេ​ត្រលប់​ទៅ​វិញ​។

អ្នកស្រី​ តុលា​ បាន​ប្រាប់​ថា​​គាត់​ជំពាក់​ប្រាក់​ធនាគារ​ស្ថាបនា​ចំនួន​២​ម៉ឺន​ដុល្លារ​ ដែល​ត្រូវ​​សង​ត្រលប់​ទៅ​វិញ​ចំនួន​៦៥០​ដុល្លា​ក្នុង​មួយ​ខែ​។ ចាប់​តាំង​ពី​បាត់​បង់​ការងារ​របស់​ខ្លួន​ អ្នក​ស្រី​​ត្រូវ​លក់​របស់​រប​រ​ និង​ខ្ចី​ប្រាក់​ពី​សាច់​ញាតិ​ដើម្បី​ផ្កត់​ផ្គង់​ការ​រស់​នៅ​។

អ្នក​ស្រី​បាន​និយាយ​ថា​៖​«ឥឡូ​វ​នេះ​ខ្ញុំ​ពិបាក​រក​លុយ​បង់​ធនាគារ​ព្រោះ​ម្ចាស់​រោង​ចក្រ​បាន​រត់​ចោល​ហើយ​។ ខ្ញុំ​ត្រូ​វ​លក់​គ្រឿង​អលង្ការ​របស់​ខ្ញុំ​ដូចជា​ខ្សែ​ក​និង​ខ្សែ​ដៃ​ ហើយ​បាន​ខ្ចី​ប្រាក់​ពី​សាច់​ញាតិ​របស់​ខ្ញុំ​ដើម្បី​បង់​ធនាគារ​កាល​ពី​ប៉ុន្មាន​ខែ​មុ​ន​»​។

អ្នកស្រី​បន្ថែម​ថា​​អ្នក​ស្រី​ត្រូវ​ការ​​ប្រាក់​បន្ថែម​ទៀត​ដើម្បី​អាច​រស់​នៅ​បាន​ព្រោះ​ថា​​អ្នកស្រី​ត្រូវ​ចិញ្ចឹម​កូន​២​នាក់​ ខណៈ​ប្តី​អ្នក​ស្រី​អាច​រក​ចំណូល​បាន​តិច​តួច​ប៉ុណ្ណោះ​ពី​ការ​លក់​ដូរ​ចាប់​ហួយ​បន្តិច​បន្តួច​។​

អ្នកស្រី​ តុលា បាន​បន្ថែម​ថា​៖«​ខ្ញុំ​​គ្មាន​ជម្រើស​ទេ​ ប៉ុន្តែ​ដោយ​សារ​ត្រូវ​សង​ធនាគារ​ អ៊ី​ចឹង​ហើយ​ខ្ញុំ​ត្រូវ​កាត់​បន្ថយ​ចំណាយ​លើ​ថ្លៃ​ម្ហូប​របស់​គ្រួសារ​ខ្ញុំ​»​។​

លោក ឃុន ថារ៉ូ ប្រធាន​គ្រប់​គ្រង​កម្ម​វីធី​នៃ​អង្គការ​សង់​ត្រាល់​ដែល​​ចូល​រួម​​ធ្វើ​របាយការណ៍នេះ​ដែ​រ បាន​​សង្កត់​ធ្ងន់​ថា​​តាម​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ពួកគាត់ ​កម្មករ​រោងចក្រ​កាត់​ដេរ​ និង​ផលិត​ស្បែក​ជើង​ ចំណាយ​ភាគ​ច្រើន​នៃ​ប្រាក់​ឈ្នួល​របស់​ពួក​គេ​សម្រាប់​សង​បំណុល​។

លោក​ ថារ៉ូ​ បាន​លើក​ឡើង​ថា​៖ «បច្ចុប្បន្ន​នេះ​ ចាប់​តាំង​ពី​ពួក​គាត់(​កម្មករ​)ត្រូវ​បាន​ព្យួរ​ការងារ​ ឬ​បញ្ចប់​កិច្ច​ស​ន្យាម​ក​ ពួក​គាត់​ទទួល​រង​ការ​លំបាក​ទ្វេដង​ព្រោះ​ត្រូវ​ព្យាយាម​​សង​កម្ចី​ទាំង​មិនមាន​​​ប្រាក់​ចំណូល​។ ដោយសារ​តែ​បញ្ហា​នេះ​ ជា​លទ្ធផល​ពួក​គាត់​​ជំពាក់​លុយ​គេ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​»​។​

លោក​បាន​បន្ថែម​ថា​កម្មករ​ភាគ​ច្រើន​មិន​មាន​ប្រាក់​សន្សំ​ទុក​ដើម្បី​ដោះស្រាយ​នៅ​ពេល​​​ជួប​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​ទេ​ ហើយ​ពេល​នេះ​ពួក​គេ​កំពុង​ព្យាយាម​​ផ្គត់ផ្គង់​ជីវភាព​​គ្រួសារ​ពួក​គេ​ដោយ​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ​​ឱ្យ​បាន​ច្រើន​តាម​​ដែល​​អាច​ធ្វើ​បាន​។​

លោក​ ថារ៉ូ​ បាន​ឱ្យ​ដឹង​ទៀត​ថា​៖«​ស្ថាន​ភាព​កាន់​តែ​យ៉ាប់​ទៀត​ អំឡុង​ពេល​​រោង​ចក្រ​ព្យួរ​ហ្នឹង​ ពួក​គាត់​(កម្មករ) មិន​​ទទួល​បាន​យ៉ាង​ហោច​ណាស់​៥០​​ភាគ​រយ​នៃ​ប្រាក់​ខែ​របស់​ពួក​គាត់​ទេ​។​ ពួក​គាត់​ទទួល​បាន​តែ​៤០​ដុល្លារ​ពី​រដ្ឋាភិបាល ​និង​៣០​ដុល្លារ​​ពី​ម្ចាស់​រោងចក្រ​ប៉ុណ្ណោះ​(ក្នុង​មួយ​ខែ​)​។​ បញ្ហា​នេះ​ធ្វើ​ឱ្យ​ជីវភាព​រស់​នៅ​របស់​​ពួក​គាត់​កាន់​តែ​លំបាក​ទៅ​ៗ​»​។​

របាយការណ៍​បាន​កត់​សម្គាល់​ដែរ​ថា​សកម្មភាព​នានា​ដែល​​ធ្វើ​ឡើង​ដោយ​ក្រុម​កម្មករ​​ដើម្បី​សង​បំណុល​របស់​ពួក​គាត់​បាន​កាត់​បន្ថយ​​គុណ​ភាព​ជីវិត​​របស់​ពួក​គាត់​ជា​ខ្លាំង​ ដែល​វា​អាច​បង្កើន​រូបភាព​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដោយ​អ្នកផ្តល់​កម្ចី​។

អតីត​កម្មករ​រោងចក្រ ​New Best Global ម្នាក់​ទៀត​ ឈ្មោះ​ ង៉ែត​ ស្រី​ណាក់​ អាយុ​២៧​ឆ្នាំ​ បាន​​និយាយ​ថា​គាត់​ក៏​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ទូទាត់សង​​ប្រាក់​កម្ចី​ដែ​រ​ ហើយ​ត្រូវ​ខ្ចី​ប្រាក់​ពី​សមាជិក​គ្រួសារ​បន្ទាប់​ពី​រោងចក្រ​បាន​បិទ​ទ្វារ​កាល​ពី​ខែ​កុម្ភៈ​។

ស្រី​ ណាក់ ​បាន​ប្រាប់​ថា​៖ «​តាំង​ពី​ខ្ញុំ​គ្មាន​ការងារ​ធ្វើ​មក​ ខ្ញុំ​បាន​ខ្ចី​លុយ​គេ​អស់​៦០០​ដុល្លា​ដើម្បី​សង​ធនាគារ​ ប៉ុន្តែ​ពេល​នេះ​ ខ្ញុំ​គ្មាន​លុយ​ស​​ង​ធនាគារ​ទៀត​ទេ​»​ ដោយការ​និយាយ​នេះ​សំដៅ​ដល់​កម្ចី​ដែល​ដល់​ថ្ងៃ​សង​កាល​ពី​សប្តាហ៍​មុ​ន​។

គាត់​បាន​និយាយ​ថា​​គាត់​បាន​ខ្ចី​ប្រាក់​៦០០០​ដុល្លា​ពី​គ្រឹះ​ស្ថាន​មី​ក្រូហិរញ្ញ​វត្ថុ​អម្រឹត​កាល​ពី​២ឆ្នាំ​មុន​ ហើយ​ត្រូវ​សង​ត្រលប់​ទៅ​វិញ​២០០​ដុល្លារ​ក្នុង​មួយ​ខែ។​​

ទោះ​យ៉ាង​ណា​ក៏​ដោយ​ គាត់​និយាយ​ថា​​ចាប់​តាំង​ពី​ខែ​មេសា​មក​គាត់​បាន​ស្នើ​សុំ​​អម្រឹត​ជាច្រើនដង​ឱ្យ​ពន្យា​ពេល​ឱ្យ​គាត់​ក្នុង​ការ​​សង​ប្រាក់​ទៅ​វិញ​ ប៉ុន្តែ​​សំណើ​ត្រូវ​បាន​បដិសេធ​រាល់​ពេល​ស្នើសុំ​ ដោយ​ភាគី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​ប្រាប់​ឱ្យ​រង់​ចាំ​ការ​សម្រេច​ចិត្ត​។​

គាត់​បាន​និយាយ​ថា​៖«ខ្ញុំ​​​ត្រូវ​សង​ធនាគារ​នៅ​ថ្ងៃ​២៧​ មិថុនា​ ប៉ុន្តែ​ខ្ញុំ​គ្មាន​លុយ​សោះ ​អី​ចឹង​ខ្ញុំ​បាន​ប្រាប់​ធនាគារ​ឱ្យ​ដឹង​អំពី​ស្ថានភាព​រស់​នៅ​របស់​ខ្ញុំ​»​។​

ជា​ដំ​​ណោះ​ស្រាយ​ចំពោះ​ការ​កើន​ឡើង​នៃ​ប្រាក់​កម្ចី​ដែល​មិន​អាច​ចៀស​ផុត​បាន​នេះ​ ក្រុម​​អង្គការ​សង្គម​ស៊ីវិល​​បាន​ផ្តល់​ជា​អនុសាសន៍​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និងធនាគារ​លុប​ចោល​ការ​សង​ប្រាក់​កម្ចី​យ៉ាង​ហោច​ណាស់​​រយៈពេល​៣​ខែ​សម្រាប់​អ្នក​ខ្ចី​ទាំង​អស់​ដោយ​សារ​តែ​មាន​ការ​ផ្ទុះ​ឡើង​នៃ​កូវីដ​១៩​។

របាយ​ការណ៍​លើក​ឡើ​ង​ថា​៖«អ្នក​ផ្តល់​ឥណទាន​ខ្នាត​តូច​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ គួរ​តែ​ធានា​ថា​​ពួក​គេ​នឹង​មិន​ធ្វើ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​លើ​អ្នក​ខ្ចី​ប្រាក់​ ក្នុង​ការ​ធានា​សុវត្ថិភា​ព​​នៃ​ការ​បង់​សង​កម្ចី​​ឥណទាន​របស់​ខ្លួន​»។

លោក​​ កាំង​ តុងងី​​ ប្រធាន​​នាយកដ្ឋាន​​ទំនាក់​​ទំនង​​​​សមាគម​​មីក្រូ​ហិរញ្ញ​​វត្ថុ​​កម្ពុជា​​(CMA) មាន​​ប្រសាសន៍​​ថា​​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ចេញ​គោល​នយោបាយ​មួយ​កាល​ពី​ខែ​មីនា​ស្តី​ពី​ការ​ពន្យា​ពេល​​ទូទាត់​ប្រាក់​ទៅ​ឱ្យ​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​លោក​បាន​និយាយ​ថា​អ្នក​ផ្តល់​ប្រាក់​កម្ចី​បាន​នឹង​កំពុង​អនុវត្ត​រួច​ហើយ​។ លោក​បាន​និយាយ​ថា​គោល​នយោបាយ​របស់​ធនាគារជាតិ​បាន​កំណត់​ថា​អតិថិជន​តម្រូវ​ឱ្យ​សង​តែ​ការ​ប្រាក់​លើ​ប្រាក់​កម្ចី​របស់​ពួក​គាត់​ ឬអាច​ពន្យា​ពេល​ការ​ទូទាត់​ទាំង​ស្រុង​ក្នុង​រយៈ​ពេល​ពីរ​ ឬ​បី​ខែ​។

លោក ​តុងងី​ បានមានប្រសាសន៍​ថា​៖«អ្នក​គ្រប់​គ្នា​រួម​ទាំង​កម្មករ​កាត់ដេរ​ដែល​កំពុង​ជួប​បញ្ហា​ច្រើន​ជាង​មុន​ក៏​​អាច​ធ្វើ​ការ​ស្នើ​សុំ​ទៅ​ស្ថាប័ន​មី​ក្រូហិរញ្ញ​វត្ថុ​ដោយ​ផ្ទាល់​[ដើម្បី​ពន្យា​ពេល​] លោក​បាន​បន្ថែម​ថា​​បន្ទាប់​មក​​តំណាង​គ្រឹះស្ថាន​មី​ក្រូហិរញ្ញវត្ថុ​​ទៅ​ជួប​អ្នក​ខ្ចី​ដោយ​ផ្ទាល់​ដើម្បី​ធ្វើ​ការ​វាយតម្លៃ​ពី​ស្ថាន​ភាព​របស់​ពួក​គាត់​។

លោក​បាន​បន្ថែម​ថា​៖​«​យោង​ទៅ​តាម​​ច្បាប់​ ប្រសិន​បើ​អតិថិជន​មិន​មាន​លទ្ធភាព​សង​កម្ចី​ពួក​គាត់​ [អ្នក​ផ្តល់​កម្ចី​]ត្រូវ​រៀប​ចំ​ពី​ផែន​ការ​​នៃ​សង​ប្រាក់​កម្ចី​ឡើង​វិ​ញ​»​។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ​ ស៊ី​ផាន​ បាន​មានប្រសាសន៍ថា ​ទាក់​ទង​នឹង​ការ​សង​ប្រាក់​កម្ចី​ឥណទាន​ខ្នាត​តូច​ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​អំពាវ​នាវ​រួច​រាល់​ហើយ​ដល់​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ឱ្យ​​ធ្វើ​តាម​ផែន​ការ​របស់​ធនាគារជា​តិ​ ដោយ​ថា​តំណាង​អ្នក​ផ្តល់​ឥណទាន​ខ្នាត​តូច​​​នឹ​ង​ទៅ​ជួប​នរណា​ដែ​ល​បាន​ស្នើ​សុំ​ពន្យា​ពេល​សង​ប្រាក់​កម្ចី​ព្រោះ​តែ​បញ្ហា​កូវីដ​១៩​។

លោក​ ស៊ីផាន​ បាន​លើក​ឡើង​ថា​៖​«យើង​អំពាវ​នាវ​ឱ្យ​អ្នក​ទាំង​ឡាយ​ណា​ដែល​មាន​អារម្មណ៍​ថា​មិន​ទទួល​បាន​យុត្តិធម៌​ ឬ​មាន​អារម្មណ៍​ថា​ពួក​គាត់​ត្រូវ​បាន​រើស​អើង​ដោយ​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញ​វត្ថុ​​អាច​ដាក់​សំណើ​ទៅ​តុលាការ​ឱ្យ​ជួយ​កាត់​សេចក្តី​​ ព្រោះ​ថា​មាន​តែ​តុលាការ​ទេ​ដែល​​អាច​វិនិច្ឆ័យ​ករណី​នេះ​បា​ន​»​។

លោក​បាន​បន្ថែម​ថា​រដ្ឋាភិបាល​បាន​ធ្វើការ​របស់​ខ្លួន​ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​របស់​កម្មករ​រោង​ចក្រ​កាត់​ដេរ​ និង​ស្បែក​ជើង​។​

លោក​បានមានប្រសាសន៍​ថា​៖​«​រដ្ឋាភិបាល​មាន​គោល​នយោបាយ​រប​ស់​ខ្លួន​ ប៉ុន្តែ​យើង​មិន​មាន​សិទ្ធិ​លូក​ដៃ​ចូល​ក្នុង​​វិស័យ​ឯក​ជន​នោះ​ទេ​»​។​

យោង​តាម​​ក្រសួង​ការងារ​គិត​ត្រឹម​​ចុង​ខែ​ឧសភា​ កម្មករ​ប្រហែល​​១០​ម៉ឺន​នាក់​​បាន​បាត់​បង់​ការងារ​ ហើយ​រោង​ចក្រ​ជាង​២០០​បាន​បិទ​ទ្វារ​ ឬ​ផ្អាក​ដំណើរ​ការ​អំឡុ​ង​ពេល​ផ្ទុះ​កូវី​ដ​១៩​។​

ខេមបូចា​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយអ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ លោក​ ហេង​ សួរ​ ​បាន​ទេ​៕

29 views
ព័ត៌មានទាក់ទង
ព័ត៌មានថ្មីៗ »
អត្ថបទពេញនិយម »