រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៥០ បានព្យួរប្រតិបត្តិការរបស់ខ្លួន ដែលបណ្ដាលឲ្យប៉ះពាល់ដល់ការងារកម្មករជាង ២ម៉ឺននាក់ ខណៈដែលពិភពលោកទាំងមូលកំពុងប្រឈមនឹងបញ្ហាលំបាក។ នេះបើតាមការឲ្យដឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។
ការព្យួរការងារនេះ បានធ្វើឡើងខណៈដែលការផ្គត់ផ្គង់វត្ថុធាតុដើមពីប្រទេសចិនត្រូវបានកាត់ផ្ដាច់ដោយសារតែការផ្ទុះឡើងនូវជំងឺកូរ៉ូណា។ ក្រសួងការងារ និងថៅកែរោងចក្រ បាននិយាយថា ឥឡូវនេះ ការផ្គត់ផ្គង់កំពុងរើបឡើងវិញហើយ ខណៈដែលចំនួនអ្នកឆ្លងវីរុសកូរ៉ូណាបានកើនឡើងនៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងមួយសប្ដាហ៍ចុងក្រោយនេះ ។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានមានប្រសាសនថា រោងចក្រទាំងនោះបានព្យួរការងារកម្មករចំនួន ២០.៩៤០នាក់ ក្នុងនោះ ១៦.១៨៣នាក់ជាស្ត្រី ។
លោក ហេង សួរ មានប្រសាសន៍ថា៖ «រោងចក្រ៥០បានផ្អាកប្រតិបត្តិការ ក្នុងនោះ រួមទាំងរោងចក្រចំនួន៨ នៅក្នុងរាជធានីភ្នំពេញ និង៩ នៅក្នុងខេត្តកំពង់ស្ពឺ ផងដែរ»។
លោក ហេង សួរ បានបន្ថែមថា ភាគច្រើននៃរោងចក្រទាំងនោះគ្រាន់តែព្យួរការងារផ្នែកខ្លះតែប៉ុណ្ណោះ មិនមែនព្យួរទាំងស្រុងនោះទេ ដោយរោងចក្រ៥០ នោះ មានកម្មករសរុប ៥៣.០០០នាក់ ។
លោក ហេង សួរ បានមានប្រសាសន៍ថា ក្រសួងបាននិងកំពុងសម្របសម្រួលការផ្ដល់វគ្គបណ្ដុះបណ្ដាលដល់កម្មករដែលត្រូវបានព្យួរការងារ ហើយកម្មករទាំងឡាយដែលចូលរួមនៅក្នុងកម្មវិធីនេះ នឹងទទួលបាន ២០% នៃប្រាក់ឈ្នួលរបស់ពួកគេពីរដ្ឋាភិបាល បន្ថែមលើ៤០% ពីថៅកែរោងចក្រ។
លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បាននិយាយថា ចំនួនរោងចក្រដែលបានកាត់បន្ថយផលិតកម្មរបស់ខ្លួន គឺមានតិចជាងការរំពឹងទុករបស់សមាគម ។ ហើយលោកថា វត្ថុធាតុដើមបានចាប់ផ្ដើមដាក់ជញ្ជូនពីប្រទេសចិនមកហើយ ។
លោក ស៊ូអៀង មានប្រសាសន៍ថា៖ «វត្ថុធាតុដើមប្រហែល ១០០០កុងតឺន័រ ត្រូវបានបញ្ជូនមកភ្នំពេញហើយ ។ វានឹងគ្មានបញ្ហាអ្វីទៀតទេ»។
នៅឯរោងចក្រ Dignity Knitter នៅក្នុងខេត្តកណ្ដាល តំណាងកម្មករ ឈ្មោះ ភីន សុភា បាននិយាយថា ការងារទាំងអស់ត្រូវបានព្យួរតាំងពីថ្ងៃទី២ ខែមីនា មកម្ល៉េះ ហើយកម្មករជាប់កិច្ចសន្យាបានទទួលប្រាក់ឈ្នួល ៥០% នៃប្រាក់ឈ្នួលសរុប ។
លោក សុភា បាននិយាយថា៖ «រោងចក្រមិនមានទំនិញ និងវត្ថុធាតុដើមសម្រាប់ការផលិតឡើយ»។
កម្មករយល់ថា ការកាត់បន្ថយទិន្នផលផលិតកម្មក៏ដោយសារសេចក្ដីសម្រេចកាលពីខែកុម្ភៈ របស់សហភាពអឺរ៉ុបក្នុងការដកហូតការអនុគ្រោះពាណិជ្ជកម្មពីកម្ពុជាដោយសារការព្រួយបារម្ភលើរឿងនយោបាយនិងសិទ្ធិមនុស្ស ។ ការដកដោយផ្នែកនូវប្រព័ន្ធអនុគ្រោះពន្ធ EBA គ្រោងនឹងចូលជាធរមាននៅខែសីហាខាងមុខនេះ នៅក្រោយពេលដែលមានការរិះគន់យ៉ាងខ្លាំងទៅ លើការរំលាយគណបក្សប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា ។
លោក សុភា និយាយថា ជម្លោះការងារនៅក្នុងរោងចក្រ Dignity បានចាប់ផ្ដើមឡើងកាលពីខែធ្នូ គឺនៅមុនពេលនៃការបិទការផ្គត់ផ្គង់វត្ថុធាតុដើមពីចិន ដោយសារតែអ្នកគ្រប់គ្រងរោងចក្របានព្យាយាមកាត់បុគ្គលិករួចស្រេចទៅហើយ នៅពេលនោះ ។
នៅឯរោងចក្រដទៃទៀត កម្មករបាននិយាយថា មានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ អំពីបញ្ហាវីរុសកូរ៉ូណាផង និងអំពីការបាត់បង់ការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបផង និងបានអំពាវនាវឲ្យថៅកែរោងចក្រ និងរដ្ឋាភិបាល ចាត់វិធានការជាមុនឲ្យបានប្រសើរជាងនេះ ។
លុយ អេង អាយុ ៤០ឆ្នាំ ជាកម្មករធ្វើការនៅរោងចក្រ Eastex Garment នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននិយាយថា កម្មករបាននាំគ្នាចោទសួរថា តើវាមានសុវត្ថិភាពទេក្នុងការបន្តធ្វើការងារនៅក្នុងរោងចក្រ នៅពេលដែលរដ្ឋាភិបាលបានបិទសាលារៀន និងកន្លែងសេវាកម្សាន្តនានា នៅចំពេលដែលមានការកើនឡើងនូវករណីឆ្លងវីរុសកូរ៉ូណា ។
លុយ អេង បាននិយាយថា៖ «រដ្ឋាភិបាល ឬថៅកែរោងចក្រគួរតែផ្ដល់ទឹកអាល់កុលលាងដៃ និងប្រដាប់វាស់កម្ដៅខ្លួន ដល់កម្មករ ។ ឥឡូវនេះ កម្មករបានត្រឹមតែពាក់ម៉ាស់ការពារប៉ុណ្ណោះ»។
លុយ អេង និយាយបន្តទៀតថា រោងចក្រដែលនាំចេញច្រើនបំផុតទៅកាន់សហភាពអឺរ៉ុប ក្នុងនោះរួមទាំងសម្លៀកបំពាក់ម៉ាក H&M ផងនោះ បានកាត់បន្ថយកម្មកររាប់រយនាក់ដោយមិនបន្តកិច្ចសន្យារយៈពេលខ្លីឲ្យទៀតទេ ។ ប៉ុន្តែ កាលពីថ្ងៃចន្ទ នាងបាននិយាយថា កម្មករត្រូវបានប្រាប់ឲ្យធ្វើការថែមម៉ោង ដោយលើឡើងថា វត្ថុធាតុដើមបានមកដល់ហើយ ។
ម៉ាន់ សេងហាក់ អនុប្រធានសហជីពសេរីកម្មករ បាននិយាយថា ការឆ្លងរាលដាលនៃវីរុស
កូរ៉ូណានៅតាមរោងចក្រកាត់ដេរសម្លៀកបំពាក់ អាចនឹងបង្កគ្រោះមហន្តរាយខ្លាំង។
លោក សេងហាក់ បាននិយាយដោយសំដៅទៅលើវីរុសកូរ៉ូណា យ៉ាងដូច្នេះថា៖ «រដ្ឋាភិបាលគួរមានវិធានការនៅតាមរោងចក្រកាត់ដេរ ដើម្បីទប់ស្កាត់វីរុសកូវីដ១៩ ផងដែរ ពីព្រោះថា ប្រសិនបើយើងធ្វេសប្រហែស វានឹងឆ្លងរីករាលដាលកាន់ដាលខ្លាំងឡើង»។
លោក សេងហាក់ បានបន្តថា កម្មកររោងចក្រកាត់ដេរពាក់ម៉ាស់ការពារនៅតាមរោងចក្រ ប៉ុន្តែ ជាទូទៅ រោងចក្រអត់មានផ្ដល់ទឹកអាល់កុលលាងដៃ និងឧបករណ៍វាស់កម្ដៅខ្លួន ដើម្បីវាស់កម្ដៅកម្មករ ឡើយ ។
លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ បានបន្ទរការគាំទ្រចំពោះការថ្លែងខាងលើនេះ ដោយនិយាយថា រោងចក្រគឺជាកន្លែងប្រមូលផ្ដុំមនុស្សដ៏ច្រើន ដូច្នេះវាជាកន្លែងដែលមានហានិភ័យខ្ពស់ ។
លោក ស៊ីណា មានប្រសាសន៍ថា៖ «សូមពិចារណាអំពីសុវត្ថិភាពផងដែរ»។