សកម្មជនគណបក្សសង្គ្រោះជាតិបីរូបត្រូវចោទប្រកាន់ជុំវិញការគាំទ្រឲ្យមានការដោះលែងលោក រ៉ុង ឈុន

អ្នកគាំទ្រលោក រ៉ុង ឈុន លើកបដាដែលសរសេរថា «ដោះលែងលោក រ៉ុង ឈុន» ខណៈអ្នកតវ៉ាត្រូវបានក្រុមសន្តិសុខខណ្ឌរារាំងនៅមហាវិថីព្រះសីហនុកាលពីថ្ងៃទី៥ ខែសីហា។ រូបភាព៖ បញ្ញា ឆព័ណ្ណ

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​សកម្មជន និង​អតីត​មន្ត្រីគណ​បក្ស​សង្គ្រោះជាតិ​កម្ពុជា​ចំនួន​បីរូប​​ពីបទញុះញង់​ឲ្យ​មាន​​ភាព​វឹកវរដល់​សន្តិសុខ​សង្គម​ដោយ​សារការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងការ​តវ៉ាគាំទ្រ​ឲ្យដោះលែង មេដឹកនាំ​សហជីព​ គឺលោក រ៉ុង ឈុន ដែល​ត្រូវបានចោទ​ប្រកាន់​ពី​បទ​ញុះញង់​​ផង​ដែរ​នៅ​ខែ​នេះ​ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​នគរបាល។

លោក ស ថេត ស្នងការ​នគរបាលរាជធានីភ្នំពេញ​បាន​បញ្ជាក់ប្រាប់​កាល​ពីថ្ងៃទី​៨​ ខែ​សីហា​ថា អ្នក​ទាំងបី​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​សារមានគម្រោង​បង្ក​ការ​រំខានដល់​​សណ្តាប់ធ្នាប់សង្គម​តាម​រយៈ​ការ​ទាម​ទារ​ឲ្យ​ដោះ​លែង​លោក រ៉ុង​ ឈុន ពីពន្ធនាគារ។

លោកបាន​មាន​ប្រសាសន៍ថា៖ «​ពួកគេ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារកាលពីម្សិល​មិញ​។ ពួកគេ​ត្រូវ​បាន​ចោទប្រកាន់ពី​បទញុះញង់ឲ្យមាន​ភាពវឹកវរដល់សណ្តាប់ធ្នាប់និង​សន្តិសុខ​សង្គម»។

លោក ឈួ ផេង  លោក ជុំ ពុទ្ធី លោក អ៊ុក សំអូន និង​លោក ឈិន សុវណ្ណ ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ល្ងាចថ្ងៃទី​៤​ ខែសីហា​ នៅពេលពួកគាត់​បាន​ធ្វើដំណើ​រទៅ​វត្តថាន់ ដើម្បី​ឃ្លាំមើល​ស្ថានភាព​ព្រះសង្ឃ​៨អង្គ​មក​ពីខេត្តបាត់ដំបង ដែល​ត្រូវ​បាន​ហាមឃាត់មិនឲ្យចូលរួម​ការ​ដើរ​ត្បួន​តវ៉ា​កាល​ពីថ្ងៃទី៥​ ខែសីហា​ ដើម្បី​ទាម​ទារ​ឲ្យដោះ​លែង​លោក រ៉ុង ឈុន ជាមេដឹកនាំសហជីព​ដ៏លេចធ្លោ។​ ក្រោយមក លោក អ៊ុក សំអូន និង​លោក ឈិន សុវណ្ណ​ ត្រូវ​បាន​ដោះ​លែង​វិញ​ដោយ​សារគ្មាន​ភស្តុតាងគ្រប់គ្រាន់។

យុវតី ស កន្និកា ដែល​ក៏ជា​សកម្មជន​ម្នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​នោះ ត្រូវបានចាប់ខ្លួន​កាល​ពី​ថ្ងៃទី​៧​ ខែ​សីហា។

លោក ស ថេត បាន​មាន​ប្រសាសន៍ថា៖ «ស្ត្រីរូបនេះ​ត្រូវ​បាន​ចាប់ខ្លួនតាមដីកា​​កាល​ពីល្ងាច​ថ្ងៃសុក្រ​» ដោយ​លោក​បាន​បន្ថែម​ថា នាង​ត្រូវ​បាន​ឃាត់​ខ្លួន​នៅក្រុងតាខ្មៅ។

ស្នងការ​នគរបាលរូបនេះបាន​មាន​ប្រសាសន៍ថា៖ «​គាត់បាន​ចូល​រួម​ប្រជុំនិង​រៀប​ចំផែនការ​បង្កអសន្តិសុខ​សង្គម​» ដោយធ្វើការ​តវ៉ា​គាំទ្រ​លោក រ៉ុង​ ឈុន ប៉ុន្តែ​លោកមិន​បាន​ផ្តល់​ព័ត៌មានលម្អិត​បន្ថែមអំពីកិច្ច​ប្រជុំនោះទេ។

លោក ស ថេត បានមានប្រសាសន៍ថា ការ​ចាប់ខ្លួន​នេះ​ត្រូវ​បាន​ធ្វើឡើង ដោយសារតែ​ក្រុម​នេះ​រៀបចំការតវ៉ា​ ដើម្បីគាំទ្រ​លោក រ៉ុង​ ឈុន តាម​បញ្ជា​មេរបស់ពួកគេ ប៉ុន្តែ​​លោក​មិនបាន​ប្រាប់ឈ្មោះ​នោះទេ។

លោក ស ថេត មាន​ប្រសាសន៍ថា៖ «ពួកគេ​ទទួល​បញ្ជាមេរបស់ពួកគេពីក្រៅ​ប្រទេស​”» ដោយ​លោក​និយាយសំដៅដល់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក សម រង្ស៊ី ដែល​កំពុង​រស់នៅដោយនិរទេសខ្លួនឯង​នៅ​ប្រទេសបារាំង។

លោក គុជ គឹមឡុង អ្នក​នាំពាក្យ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​បដិសេធមិន​ធ្វើអត្ថាធិប្បាយ។ ចំណែក​លោក អ៊ី រិន ប្រធាន​លេខាធិការដ្ឋាន​នៃសាលាដំបូងរាជធានីភ្នំពេញ​មិនអាចទាក់ទងសុំការ​អត្ថាធិប្បាយ​បានទេ។

លោក ឆាយ គឹមឃឿន អ្នក​នាំពាក្យ​អគ្គស្នងការនគរបាលជាតិបាន​មាន​ប្រសាសន៍​កាល​ពីថ្ងៃទី​៧​ ខែសីហា​ថា នគរបាលបាន​ចាប់ខ្លួន​លោក ឈួ ផេង លោក ជុំ ពុទ្ធី លោក អ៊ុក សំអូន និង​លោក ឈិន សុវណ្ណ ដោយសារតែពួកគេ​​​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ធ្វើ​បាតុកម្ម​នាពេល​ថ្មីៗនេះ។ លោកមាន​ប្រសាសន៍ថា នៅពេលដោះ​លែង​ លោក សុវណ្ណនិង​លោក សំអូន​ បាន​ចុះហត្ថលេខា​លើ​កិច្ច​សន្យា​ឈប់​ចូល​រួម​ការ​ធ្វើ​បាតុកម្ម​នាពេល​ខាងមុខ​ទៀត​ ដើម្បី​គាំទ្រ​ដល់​មេដឹកនាំ​សហជីព​ដែល​កំពុង​ជាប់ពន្ធនាគារ។

លោក ឆាយ​ គឹមឃឿន បាន​មាន​ប្រសាសន៍ថា៖ «បាតុកម្មទាមទារដោះលែង​លោក រ៉ុង ឈុន គឺជាការដាក់សម្ពាធ​លើ​តុលាការ​ ហើយ​ដែល​ខុស​ច្បាប់​»​ ដោយលោក​យោងទៅ​លើ​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួងយុត្តិធម៌ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​៣​ខែ​សីហា​ ដែល​ព្រមាន​អ្នក​តវ៉ា​ថា ការ​ព្យាយាម​បង្ខំស្ថាប័នយុត្តិធម៌ដោះលែងលោក រ៉ុង ឈុន ពុំមែនជា​ទង្វើ​ត្រឹម​ត្រូវ​តាម​​ច្បាប់នោះទេ​។

លោក កត់សម្គាល់ថា សាលាក្រុងភ្នំពេញ​ក៏បាន​ចេញ​សេចក្តីប្រកាសព័ត៌​មាន​​មួយដែរ ​ដោយ​លើកឡើងថា ក្រុម​ដែល​កំពុង​តវ៉ា​គាំទ្រ​លោក រ៉ុង ឈុន ចាប់តាំងពី​លោក​ត្រូវ​បាន​ចោទប្រកាន់​កាល​ពីថ្ងៃទី​១​ ខែសីហា​នោះមិន​មាន​ការ​អនុ​ញ្ញា​តឲ្យ​ធ្វើ​បាតុកម្មនោះទេ។

លោក​បានមាន​ប្រសាសន៍ថា៖ «ប្រសិនបើ​ពួកគាត់មិនបាន​សុំច្បាប់អនុញ្ញាត គេមិន​ហៅ​ថា សិទ្ធិ​ឬសេរីភាព​នោះទេ ប៉ុន្តែវាគឺជា​អំពើអនាធិបតេយ្យ” ។

លោក សំ សុគង់ ជា​មេធាវីការពារលោក ផេង និងលោក ពុទ្ធី​ បានបញ្ជាក់ប្រាប់ថា កូនក្តីរបស់លោកត្រូវ​បាន​ចាប់ខ្លួន​នៅពេលពួកគេ​ទៅឃ្លាំ​មើល​កិច្ច​ប្រជុំមួយ​រវាងចៅអធិការវត្ត​និង​ព្រះសង្ឃ​ប្រាំបីអង្គ​ដែល​បាននិមន្ត​មក​ពី​ខេត្ត​​បាត់ដំបង​ ដើម្បី​ចូល​រួម​ការ​ដើរ​ក្បួន​​គាំទ្រ​មេដឹកនាំ​សហជីព​ដែល​និយាយ​ឥត​​សំច័យ​រូបនេះ។

លោក សំ សុគង់​ បាន​មាន​ប្រសាសន៍ថា៖ « ខ្ញុំគិតថា ការចាប់ខ្លួន​នេះ​មិនត្រឹម​​ត្រូវទេ ដោយសារគ្មាន​ធាតុផ្សំដែល​ស៊ីគ្នានឹង​ការញុះញង់ឲ្យប្រព្រឹត្តិបទល្មើស​ ពីព្រោះ​ពួកគាត់គ្រាន់តែ​ឃ្លាំមើលស្ថានភាព​និង​នីតិវិធី​ដែល​មន្ត្រីសង្ឃកំពុង​ដោះ​ស្រាយ​ជាមួយ​ព្រះសង្ឃទាំងនោះ»។

លោក ពុទ្ធី គឺជាសកម្មជនម្នាក់របស់​គណបក្ស​សង្គ្រោះជាតិ​នៅខេត្តស្វាយ​រៀង​ ហើយ​លោក ផេង គឺជា​អ្នក​គាំទ្រ​គណបក្ស​នេះ​​និង​រស់នៅ​ខណ្ឌដង្កោ​រាជធានីភ្នំពេញ​ នេះបើតាម​ការអះអាងរបស់​លោក សំ សុគង់។

អ្នកស្រី ដោក គឹមទៀង អាយុ៤២ឆ្នាំ ជា​ភរិយា​របស់​លោក ឈួ ផេង កាល​ពីថ្ងៃសុក្រ​បាន​អំពាវនាវឲ្យ​រដ្ឋាភិបាលដោះលែងស្វាមី​របស់​អ្នក​ស្រី។

អ្នក​ស្រី​បាន​និយាយថា ការឃុំខ្លួន​លោក ឈួ ផេង គឺជារឿង​អយុត្តិធម៌។​

អ្នក​ស្រីបាន​និយាយថា៖ «​ខ្ញុំគិតថា វាមិន​យុត្តិធម៌​ទេ ពីព្រោះ​គាត់មិនបាន​ចូលរួម​សកម្មភាព​ណាមួយ​ទេ»​ ដោយ​បាន​បន្ថែមថា ប្តីរបស់អ្នក​ស្រី​គ្រាន់តែ​ទៅលេងវត្តថាន់ជាមួយ​លោក អ៊ុក សំអូន ជាអតីត​ចៅសង្កាត់ដង្កោនិង​ជាសមាជិករបស់​គណបក្ស​សង្គ្រោះជាតិ​ ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​ទាក់ទិននឹង​ព្រះសង្ឃប្រាំបីអង្គ​មកពីខេត្តបាត់ដំបង​ ដែល​កំពុង​ប្រជុំជាមួយ​ចៅអធិការវត្តនៅទីក្រុងភ្នំពេញ​។

អ្នកស្រី គឹមទៀង បាន​និយាយថា៖ «ខ្ញុំសូមអង្វរឲ្យ​រដ្ឋាភិបាល​ដោះ​លែង​ប្តី​​របស់​ខ្ញុំ ដោយ​ឥតលក្ខខណ្ឌ​ ដោយសារ​គាត់មិន​បាន​ធ្វើ​អ្វីខុស​ទេ»។

លោក រ៉ុង ឈុន ​ជា​ប្រធាន​សហភាពសហជីពកម្ពុជា​ត្រូវ​បាន​ចាប់​ខ្លួន​​ បន្ទាប់ពី​លោក​ផ្តល់សម្ភាសជាមួយ​វិទ្យុអាស៊ីសេរី​កាល​ពីថ្ងៃទី​៣១ ខែកក្កដា​ ដែល​ពេល​នោះលោកមាន​ប្រសាសន៍ថា ទាហាន​វៀតណាម​បាន​បោះ​បង្គោលព្រំដែន​ចូល​មក​ក្នុងទឹកដី​កម្ពុជា​ជម្រៅ៥០០ម៉ែត្រ​ ហើយ​បានបណ្តេញអ្នក​ភូមិ​ចេញពី​ដីរបស់​ពួកគាត់។ លោក​ត្រូវ​បាន​ចោទពីបទ​កញុះញង់​ឲ្យមាន​ភាពវឹកវរដល់សន្តិសុខ​សង្គម​និង​ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន​មុន​ការកាត់ក្តីកាល​ពីថ្ងៃទី​១ ខែសីហា។

លោក អំ សំអាត នាយករងអង្គការលីកាដូ​បាន​មាន​ប្រសាសន៍កាល​ពីថ្ងៃទី​៧ ខែ​សីហា​ ថា លោក​មាន​ការបារម្ភជុំវិញ​ការបន្ត​​រំលោភសិទ្ធិមូលដ្ឋាន ដោយ​កត់សម្គាល់ថា ការ​រារាំង​ការ​ធ្វើបាតុកម្ម​​ គឺរំលោភសិទ្ធិរបស់ពលរដ្ឋកម្ពុជា​ក្នុង​ការសម្តែង​មតិ ​​ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។

លោក​មាន​ប្រសាសន៍​ថា៖ «​វាគឺជាការបំផិត​បំភ័យ​រួចទៅហើយ» ដោយ​សំ​ដៅ​ដល់​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​យុត្តិធម៌និង​ការ​ព្រមាន​របស់​អា​ជ្ញា​ធរ​រាជធានីភ្នំពេញ​ដែលថា អ្នក​តវ៉ាទាំងនោះ​នឹង​ប្រឈម «វិធានការ​ច្បាប់» ប្រ​សិន​​បើពួកគេនៅបន្ត​សកម្មភាពនេះ។

លោក អំ សំអាត បាន​មានប្រសាសន៍ថា៖ «​វាគឺការគំរាមកំហែងដល់​ប្រជាពលរដ្ឋដទៃទៀត​ ដោយសារតែ​មាន​ការ​ចាប់ខ្លួន​មនុស្ស​មួយចំនួន​ដែល​បាន​ចូលរួម​ ការតវ៉ានេះ»។

លោក​បន្ថែមថា៖ «យើងបារម្ភថា ប្រសិន [ ការរឹតត្បិតសិទ្ធិពលរដ្ឋ​​] បន្តកើតមាន​ វានឹង​ប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា»។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យក្រសួង​យុត្តិធម៌កាល​ពីថ្ងៃទី​៧ ខែសីហា​បានការពារចំណាត់ការ​របស់នគរបាល ដោយ​អះអាងថា ការរក្សាសណ្តាប់ធ្នាប់សាធារណៈដោយ​ធ្វើការចាប់ខ្លួន​សកម្មជនបក្សប្រឆាំង​គឺជា​រឿងចាំបាច់​ ហើយ​មិន​មែនជាការរឹតត្បិត​លើសេរីភាពនោះទេ។

លោក​មាន​ប្រសាសន៍ថា៖ «​សូមសង្គមស៊ីវិល​ពិនិត្យ​មើល​ឲ្យបាន​ស៊ីជម្រៅថា តើ​មាន​អ្វីនៅពីក្រោយ​ ដូចជា​ផែនការ​ផ្តួល​រំលំឬការចាត់តាំង​ពី​អង្គការ​​ឲ្យ​ធ្វើ​សកម្មភាពទាំងនេះ»។

កាលពីថ្ងៃទី​៧ ខែ​សីហា​ ផងដែរ អ្នក​តវ៉ាប្រហែល​២០នាក់​បាន​ធ្វើ​បាតុកម្មនៅ​ក្រៅស្ថានទូត​អាមេរិកនិង​ស្ថានទូតបារាំង​ ទីដែល​ពួកគេ​បានដាក់ញត្តិ​ស្នើឲ្យប្រទេសទាំង​នេះ​អន្តរាគមន៍​ ជួយ​ឲ្យមាន​ការ​ដោះលែង​លោក រ៉ុង ឈុន។

កាលពីខែមុន សម្ព័ន្ធអង្គការ​ជាតិ​និង​អន្តរជាតិ​បាន​ចេញផ្សាយ​របាយការ​ណ៍​​មួយ​ដោយ​និយាយលម្អិតពីពេលវេលាជាក់លាក់ចាប់ពីខែមេសាឆ្នាំ​២០១៩​ដល់​​ខែមីនាឆ្នាំ​២០២០ ដែល​ក្នុង​នោះ រដ្ឋាភិបាល​រឹតត្បិតនិង​រំលោភលើ​សេរីភាពជាមូលដ្ឋាន​ក្នុងការ​ជួប​ជុំ ប្រមូលផ្តុំនិង​សម្តែងមតិ​ ដោយ​កត់សម្គាល់ពីការ​បង្ក្រាប​កាន់តែខ្លាំងឡើង​លើការជំទាស់​ផ្នែក​​នយោបាយនិង​ការ​បំបិទ​សេរីភាព​នៃការ​បញ្ចេញមតិ។​

គណៈកម្មាធិការសិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​បានជំទាស់នឹងការរកឃើញ​នេះ​ដោយ​អះអាងថា របាយការណ៍​នេះមាន​ភាព​លម្អៀងនិង​បង្កើត​ឡើង​ដើម្បី​គាំទ្រ​ដល់​របៀបវារៈនយោបាយ៕

81 views
ព័ត៌មានទាក់ទង
ព័ត៌មានថ្មីៗ »
អត្ថបទពេញនិយម »