អង្គការសង្គមស៊ីវិលបានអះអាងថាសេរីភាពនៃការជួបជុំរបស់ពួកគេត្រូវបានរឹតត្បិតដោយអាជ្ញាធរមូលដ្ឋាន ខណៈការធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលហៅកាត់ថា Lango ត្រូវក្រុមការងាររដ្ឋាភិបាលលើកយកមកពិភាក្សានៅក្នុងសប្ដាហ៍នេះ។
ក្រុមការងារបច្ចេកទេសរបស់ក្រសួងមហាផ្ទៃ ដែលមានសមាសភាពមកពីខាងមន្ត្រីរដ្ឋាភិបាល និងថ្នាក់ដឹកនាំអង្គការ សង្គមស៊ីវិលតំណាងឲ្យ៥០០ ស្ថាប័ន បានរៀបចំកិច្ចពិភាក្សានេះ នៅថ្ងៃទី៦ ខែកក្កដា ដើម្បីលើកសំណើកែសម្រួលលើមាត្រាចំនួន១៤ បន្ទាប់ពីមានការជជែកពិភាក្សាគ្នាជាងប្រាំបីខែមកហើយ។
ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាសនេះបានចូលជាធរមានកាលពីខែសីហា ឆ្នាំ២០១៥ ដោយទទួលបានការអនុម័តទាំងស្រុងពីសមាជិកសភាបក្សកាន់អំណាច ខណៈពេលនោះសមាជិកសភាមកពីអតីតគណបក្សសង្គ្រោះជាតិបានធ្វើពហិកា។
ក្រុមអង្គការសង្គមស៊ីវិលបានស្នើឲ្យមានការពិនិត្យឡើងវិញ ឬលុបចោលតែម្ដងនូវមាត្រាចំនួន១៤ នៃច្បាប់នេះ។ មាត្រាចំនួន១៤នេះមាននិយាយដល់នីតិវិធីចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ នីតិវិធីបង់ពន្ធ និងនីតិវិធីបង្កើត និងចុះឈ្មោះអង្គការមិនមែនរដ្ឋាភិបាល។ មាត្រាដែលស្នើឲ្យមានធ្វើវិសោធកម្មនោះមាន មាត្រា១ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១០ មាត្រា១១ មាត្រា២០ មាត្រា២៤ មាត្រា២៥ មាត្រា២៦ មាត្រា៣០ មាត្រា៣១ មានត្រា៣២ និងមាត្រា៣៥។
មន្ត្រីសម្របសម្រួលអង្គការ ខុមហ្រ្វែល លោក កន សាវាង្ស មានប្រសាសន៍ក្នុងកិច្ចប្រជុំនៅក្រសួងមហាផ្ទៃថាលោកនៅតែមានការព្រួយបារម្ភចំពោះការតាមដាន និងការរឹតត្បិតរបស់អាជ្ញាធរមូលដ្ឋានមកលើសកម្មភាពរបស់អង្គការសង្គមស៊ីវិល។
លោកមានប្រសាសន៍ថា៖ « នៅដើមខែនេះ នៅតែមានបញ្ហាប្រឈមទាក់ទងនឹងការងាររបស់ពួកយើង ដូចជាការរៀបចំវេទិកានៅតាមសហគមន៍ជាដើម»។
លោកបន្តថា ដើម្បីបានរៀបចំប្រជុំ ឬកម្មវិធីផ្សេងៗអង្គការក្រៅរដ្ឋាភិបាលនៅតែតម្រូវឲ្យសុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន និងមានការជួបជុំខ្លះក៏មានអាជ្ញារតាមថតរូប យកឈ្មោះអ្នកចូលរួម ឬក៏ទាមទារឲ្យអង្គការផ្ដល់របាយការណ៍ទៀតផង។
លោក សាវាង្ស មានប្រសាសន៍ថា៖«ក្រុមអង្គការសង្គមស៊ីវិលបានស្នើទៅកាន់ក្រសួងមហាផ្ទៃឲ្យបញ្ឈប់សកម្មភាពនេះ និងស្នើឲ្យណែនាំទៅដល់មន្ត្រីថ្នាក់ក្រោម(ឲ្យធ្វើដូចគ្នានេះដែរ»។
លោកឲ្យដឹងដែរថាកាលពីខែមិថុនាកន្លងទៅមានអង្គការសង្គមស៊ីវិលប្រហែល១០០បានរាយការណ៍មកថាពួកគេពិបាកធ្វើការជាមួយអាជ្ញាធរមូលដ្ឋានពេលចុះបំពេញការងារ។
លោក សាវាង្ស មានប្រសាសន៍ថា៖ «នៅតែមានបញ្ហាប្រឈមជាមួយអាជ្ញាធរ ពេលចុះបំពេញការងារនៅថ្នាក់មូលដ្ឋាន ដោយអាជ្ញាធរបានតាមដាន និងទាមទារឲ្យសុំការអនុញ្ញាតជាមុន(បើអង្គការចង់) ដើម្បីរៀបចំវេទិកា»។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារដឹកនាំកិច្ចពិភាក្សាច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លោក ប៊ុន ហុន មានប្រសាសន៍ក្នុងកិច្ចប្រជុំថាមិនមានការចាំបាច់ដែលអង្គការសង្គមស៊ីវិល «ត្រូវសុំការអនុញ្ញាត» ដើម្បីធ្វើសកម្មភាពធម្មតារបស់ខ្លួននោះទេ ប៉ុន្តែ លោកថាអង្គការសង្គមស៊ីវិលត្រូវតែសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ។
លោកមានប្រសាសន៍ថា៖ «គួរតែមានការជូនដំណឹង (ដល់អាជ្ញាធរ) ពេលខ្លះ (អង្គការសង្គមស៊ីវិល) ធ្វើសកម្មភាពនៅកន្លែងណាអាចថាមានការបង្កចលាចលជាយថាហេតុណាមួយ»។
លោកបន្ថែមថា៖ «យើងបារម្ភខ្លាំងចំពោះស្ថានភាពបច្ចុប្បន្ន ពីព្រោះពិភពលោកកំពុងមានអំពើភេរវកម្មកើតឡើង។ ដូចនេះប្រទេសរបស់យើងក៏បានគិតពីបញ្ហានេះទាក់ទងនឹងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ»។
ទោះយ៉ាងណា លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមនអាដហុកបាននិយាយថាក្រុមសង្គមស៊ីវិលនៅតែមានក្ដីបារម្ភទាក់ទងនឹងការរឹតត្បិតសេរីភាពរបស់អង្គការមិនមែនរដ្ឋាភិបាល។ លោកកត់សម្គាល់ថាខាងទីស្ដីការគណៈរដ្ឋមន្ត្រីធ្លាប់បានហៅក្រុមសង្គមស៊ីវិលថាជាក្រុមប្រឆាំង ឬបាននិយាយថាសកម្មភាពតស៊ូមតិផ្នែកសិទ្ធិមនុស្សគឺជា «បដិវត្តន៍ពណ៌»។
លោក សែនករុណា មានប្រសាសន៍ថា៖«យើងបានឃើញការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីរដ្ឋាភិបាល និងសូម្បីឥឡូវនេះខាងរដ្ឋាភិបាលនៅតែមិនទាន់ដកពាក្យ (ចោទប្រកាន់)វិញទេ ទោះបីជាពួកយើងបានស្នើសុំហើយក៏ដោយ»។
លោកសែនករុណា បន្ថែម៖«វាធ្វើឲ្យពួកយើងមានការពិបាកក្នុងការបំពេញការងារ និងធ្វើសកម្មភាពប្រចាំថ្ងៃរបស់យើងនៅថ្នាក់មូលដ្ឋាន»។
នៅក្នុងកិច្ចប្រជុំ លោក យ៉ង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព បានស្នើឲ្យលុបចោលមាត្រា៣២ ដែលចែងថាអង្គការដែលមិនបានចុះបញ្ជីនឹងត្រូវពិន័យប្រាំលានរៀល និងធ្វើវិសោធនកម្មមាត្រា៣៥ ដែលចែងថាក្រសួងការបរទេសអាចបិទអង្គការអន្តរជាតិណាដែលធ្វើសកម្មភាព «ប៉ះពាល់ដល់សន្តិសុខជាតិ»។
លោក គឹមអេង មានប្រសាសន៍ថា៖ «យើងសូមស្នើឲ្យលុបចោលកឋាខណ្ឌខ្លះក្នុងមាត្រា៣៥ ដែលចែងថាសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល(អាចនឹងត្រូវបិទ)ពេលធ្វើសកម្មភាពណាមួយអាចប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ»។
បើតាមមាត្រា៣៥ អង្គការអន្តរជាតិអាចនឹងត្រូវបិទបើសិនជាមិនបាន «អនុវត្តត្រឹមត្រូវតាមអនុសារណៈយោគយល់ជាមួយក្រសួងការបរទេស ឬក៏អង្គការ សមាគមបរទេសទាំងនោះធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខ ស្ថេរភាព និងសណ្ដាប់ធ្នាប់សាធារណៈ ឬបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ ឯកភាពជាតិ វប្បធម៌ និងប្រពៃណីទំនៀមទំលាប់ល្អប្រសង្គមកម្ពុជា»។
លោក គឹមអេង មានប្រសាសន៍ថាការសម្រេចបិទនេះគួរតែជាសម្ថកិច្ចរបស់តុលាការ មិនមែនក្រសួង ជាអ្នកសម្រេចថាអង្គការណាមួយបានប្រព្រឹត្តខុសច្បាប់នោះទេ។
លោក គឹមអេង មានប្រសាសន៍ថា៖ «[វា]គួរតែប្ដូរថាក្រសួងមិនអាចបិទអង្គការបរទេសបានទេ ដរាបណាតុលាការមិនទាន់សម្រេចថាសមាគម ឬអង្គការបានប្រព្រឹត្តបទព្រហ្មទណ្ឌ»។
លោកបន្ថែមថា៖ «អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិដែលយើងធ្វើការជាមួយបាននិយាយថាពួកគេមានការបារម្ភចំពោះចំណុចនេះ»។
លោកបន្តថា ខណៈកម្ពុជាកំពុងបន្តមានទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ និងកសាងកេរិ៍ឈ្មោះលើឆាកអន្តរជាតិ ជារឿងសំខាន់ណាស់ដែលកម្ពុជាត្រូវកែសម្រួលច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ដើម្បីឲ្យទាំងអង្គការជាតិ និងអន្តរជាតិទទួលយកបាន។
លោកមានប្រសាសន៍ថាការធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នឹងលើកទឹកចិត្តដល់ពលរដ្ឋក្នុងការចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ។
លោក គឹមអេង បានលើកឡើងថា៖ «ខ្ញុំគិតថាការផ្ដល់សេរីភាពក្នុងការជួបជុំគឺជារឿងចាំបាច់ ហើយខ្ញុំសូមស្នើឲ្យមានការពិចារណា[ធ្វើវិសោធនកម្ម]»។
ឆ្លើយតបចំពោះការស្នើឲ្យមានការលុបចោលមាត្រា៣២នេះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក ប៊ុន ហុន មានប្រសាសន៍ថារដ្ឋធម្មនុញ្ញ បានចែងពីសិទ្ធិក្នុងការជួបជុំ និងធានាសិទ្ធិធ្វើនយោបាយរបស់ក្រុមទាំងនោះ ប៉ុន្តែសិទ្ធិទាំងនោះត្រូវស្ថិតនៅក្រោមច្បាប់។
លោក ប៊ុន ហុន សង្កត់ធ្ងន់ថាការប្រើប្រាស់សិទ្ធិរបស់មនុស្សម្នាក់ៗគឺមិនអាចទៅបំពានសិទ្ធិរបស់អ្នកដទៃបានទេ ឬក៏ធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈនោះដែរ។
លោកមានប្រសាសន៍ថា៖ «យើងមិនអាចមើលតែមួយជ្រុងដោយច្បាប់ផ្ដល់តែប្រយោជន៍ដល់ក្រុមអង្គការសង្គមស៊ីវិលទេ ប៉ុន្តែពួកគេមិនបានគិតដល់ផលប្រយោជន៍របស់ប្រជាជន១៦លាមនាក់ ឬក៏ផលប្រយោជន៍ជាតិ រួមទាំងសន្តិសុខជាតិ»។
មាត្រា៣២ ចែងថាអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់ចំពោះសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកណាដែលធ្វើសកម្មភាពដោយមិនបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ ក្នុងករណីមិនរាងចាលសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនោះត្រូវពិន័យជាប្រាក់ពីប្រាំលាន ទៅ១០លានរៀល។ ក្នុងករណីបន្តធ្វើសកម្មភាពទៀត អាជ្ញាធរមានសមត្ថកិច្ចត្រូវប្ដឹងទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។
លោក ប៊ុន ហុន មានប្រសាសន៍ថា លោកនឹងធ្វើរបាយកាណ៍លម្អិតដាក់ជូនរាជរដ្ឋាភិបាលទាក់ទងនឹងការស្នើធ្វើវិសោធនកម្មរបស់សមាគម និងអង្គការនេះ។
លោកបន្ថែមថា៖ «រាជរដ្ឋាភិបាលនឹងពិចារណាសម្រេចថាមាត្រាណាខ្លះនឹងត្រូវធ្វើវិសោធនកម្ម»។
កាលពីខែកញ្ញា ឆ្នាំ២០១៨ សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុករួមទាំងអង្គការអាដហុក និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាផងបានចេញរបាយការណ៍លើកទីពីរវិភាគទៅលើសេរីភាពមូលដ្ឋាននៅកម្ពុជា។
បន្ទាប់ពីចំណាយពេលពីរឆ្នាំក្នុងការប្រមូលអត្ថបទព័ត៌មានចំនួន៣២១៤ ការស្ទង់មតិជាសាធារណៈមានអ្នកចូលរួមឆ្លើយជិត២០០០នាក់ និងការស្ទង់មតិលើអង្គការសង្គមស៊ីវិលជាច្រើនរយទៀត «គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា» បានរកឃើញថាមានការកើនឡើងនូវការរឹតត្បិតសិទ្ធិជាមូលដ្ឋាន៥២ភាគរយចន្លោះពីខែមេសា ឆ្នាំ២០១៧ ដល់ខែមីនា ឆ្នាំ២០១៨ ច្រើនជាងឆ្នាំកន្លងទៅ។
របាយការណ៍នេះបន្ថែមថាសិទ្ធិក្នុងការប្រមូលផ្ដុំគឺត្រូវបានហាមឃាត់នៅក្នុងឆ្នាំទី២ នេះដោយសារការកើតមានការធ្វើវិសោធនកម្មច្បាប់ថ្មី ការកើនឡើងការតាមដាន ឃ្លាំមើលសកម្មភាពរបស់សមាគម និងការកើនឡើងនូវទណ្ឌកម្មប្រឆាំងគណបក្សយោបាយ និងអង្គការសង្គមស៊ីវិល។