អង្គការសង្គមស៊ីវិល កាលពីថ្ងៃទី១៣ ខែសីហា បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលនូវសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ដោយលើកឡើងថា ច្បាប់នេះនឹងនាំឲ្យមានការបង្រ្កាបលើសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេស តាមរយៈការផ្តល់សិទ្ធិអំណាចទូលំទូលាយជាងមុនដល់រដ្ឋាភិបាល និងធ្វើឲ្យមានការគាបសង្កត់សិទ្ធិមនុស្ស។
សេចក្តីថ្លែងការណ៍មួយចុះហត្ថលេខាដោយក្រុមអង្គការសង្គមស៊ីវិលក្នុង និងក្រៅប្រទេស សរុបចំនួន ៦៥ រួមមានអង្គការអាដហុក (Adhoc) អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការលីកាដូ (Licadho) បានអំពាវនាវឲ្យរដ្ឋាភិបាលទម្លាក់ចោលនូវសេចក្តីព្រាងច្បាប់ខាងលើ និងគោរពតាមកាតព្វកិច្ចរបស់ខ្លួនទៅនឹងច្បាប់ស្តីពីសិទ្ធិមនុស្សអន្តរជាតិ។
សេចក្តីថ្លែងការណ៍ខាងលើបានសរសេរថា៖ «សេចក្តីព្រាងច្បាប់នេះមានបទប្បញ្ញត្តិជាច្រើនដែលមានវិសាលភាពទូលំទូលាយក្នុងការកំណត់បទល្មើសចំពោះសកម្មភាពស្របច្បាប់ប្រចាំថ្ងៃជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដែលនឹងរំលោភលើសិទ្ធិសេរីភាពខាងការបញ្ចេញមតិ ខាងសមាគម ខាងការជួបប្រជុំ និងសិទ្ធិមនុស្សផ្សេងៗទៀត»។
សេចក្តីថ្លែងការណ៍នេះបានបន្តថា៖ «ប្រសិនបើសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័ត ច្បាប់នេះនឹងក្លាយជាច្បាប់គាបសង្កត់មួយផ្សេងទៀតនៅក្នុងក្របខណ្ឌច្បាប់ដែលប៉ះពាល់សិទ្ធិមនុស្សធ្ងន់ធ្ងរ»។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក អ៊ុក គឹមលេខ ដែលដឹកនាំការរៀបរៀងសេចក្តីព្រាងច្បាប់ខាងលើ បាននិយាយកាលពីថ្ងៃទី១៣ ខែសីហាកន្លងទៅថា ក្រសួងមហាផ្ទៃស្វាគមន៍ការផ្តល់មតិយោបល់ផ្សេងៗពីក្រុមអង្គការសង្គមស៊ីវិល ប៉ុន្តែការរៀបរៀងច្បាប់មិនអាចត្រូវទម្លាក់ចោលបាននោះទេ។
លោកបានមានប្រសាសន៍ថា៖ «នេះជាសិទ្ធិរបស់ពួកគាត់នៅក្នុងការធ្វើសំណើ ប៉ុន្តែអាជ្ញាធរថ្នាក់ក្រោមជាតិគាំទ្រការបង្កើតច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈក្នុងគោលបំណងគ្រប់គ្រងឲ្យបានត្រឹមត្រូវនូវប្រពៃណីវប្បធម៌ជាតិ»។ លោកបានបន្ថែមថា សេចក្តីព្រាងច្បាប់ខាងលើត្រូវបានបញ្ជូនទៅអាជ្ញាធរថ្នាក់ក្រោមជាតិនាសប្តាហ៍នេះ ដើម្បីពិនិត្យនិងកែសម្រួលបន្ថែម។
លោក គឹមលេខ បានមានប្រសាសន៍ថា៖ «យើងស្វាគមន៍មតិយោបល់ពីអង្គការសង្គមស៊ីវិល ប៉ុន្តែយើងមិនអាចទម្លាក់ចោលសេចក្តីព្រាងច្បាប់នេះទេ»។
លោកបានបន្តថា៖ «សូមជួយប្រាប់ទៅក្រុមអង្គការក្រៅរដ្ឋាភិបាលទាំងនោះថា វាគ្រាន់តែជាគំនិតតាក់តែងបឋមតែប៉ុណ្ណោះ ហើយមិនមែនជាសេចក្តីព្រាងច្បាប់ពេញលេញនោះទេ» ខណៈលោកបានចោទសួរថា៖ «តើក្រុមអង្គការសង្គមស៊ីវិលទាំងនោះមានអ្វីមកអះអាង? តើចំណុចណាមួយដែលថា រឹតត្បិតសេរីភាពនោះ?»។
ក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា ជារួម សេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ដែលមាន ៨ជំពូក និង ៤៨មាត្រា រឹតត្បិតសេរីភាពជាមូលដ្ឋាននៅកម្ពុជា។
សេចក្តីព្រាងច្បាប់នេះមានវិសាលភាពទូលំទូលាយ ហើយការបញ្ចូលបញ្ញត្តិហាមឃាត់ ដែលមានន័យទូលំទូលាយលើសកម្មភាពមួយចំនួននោះ ស្ទើរតែពុំអាចអនុវត្តបានជាទូទៅ ដែលផ្ទុយទៅនឹងគោលការណ៍នីតិរដ្ឋជាសាកលដែលមានជាយូរមកហើយ។ មាត្រាទី១ នៃសេចក្តីព្រាងច្បាប់នេះចែងអំពីគោលបំណង «ធានាដល់ការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈឲ្យមានរបៀបរៀបរយ សោភ័ណភាព អនាម័យ បរិស្ថាន ភាពស្ងប់ស្ងាត់ សុវត្ថិភាពសង្គម រក្សាប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ»។
សេចក្តីថ្លែងការណ៍បានបន្តថា៖ «វាក្យសព្ទ និងនិយមន័យជាច្រើននៅពុំទាន់ត្រូវបានពន្យល់ឲ្យបានច្បាស់លាស់ និងដោយអាស្រ័យថា ដើម្បីតម្លៃសង្គម ដែលអាចបកស្រាយផ្សេងៗគ្នា គ្មានមូលដ្ឋានគតិយុត្តិ និងអាចផ្លាស់ប្តូរជាបន្តបន្ទាប់»។
សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា៖ «ជាចុងក្រោយ សេចក្តីព្រាងច្បាប់នេះមានឥទ្ធិពលខ្លាំងក្នុងការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិទាំងនៅលើ និងក្រៅបណ្តាញអ៊ីនធឺណិត» ដោយចង្អុលបង្ហាញពីបញ្ជីសកម្មភាពមួយចំនួនដែលត្រូវបានហាមឃាត់នៅក្រោមមាត្រាទី៣៧ ដូចជា «ការដាក់បង្ហាញ ឬចែកចាយនូវសំណេរ ឬរូបភាព ឬពាក្យសម្តីមានខ្លឹមសារជេរប្រមាថតាមបណ្តាញព័ត៌មានសង្គម» «ការបញ្ចេញអាកប្បកិរិយាច្រងេងច្រង៉ាង» និង «ការចែកចាយ ឬដាក់បង្ហាញនូវសំណេរ សញ្ញាសម្គាល់ ឬរូបភាព ដែលតំណាងឲ្យការគំរាមកំហែង»។
ទោសទណ្ឌចំពោះការបំពានលើសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈមានរាប់ពី «ការព្រមាន» និង «ការពិន័យផ្នែករដ្ឋបាល» រហូតដល់ «ការដាក់ពន្ធនាគារពីមួយថ្ងៃទៅប្រាំមួយថ្ងៃ និងពិន័យជាប្រាក់រហូតដល់ ៥០ម៉ឺនរៀល (១២០ដុល្លារអាមេរិក)។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ ក៏បានអំពាវនាវឲ្យមានការទម្លាក់ចោលសេចក្តីព្រាងច្បាប់នេះផងដែរ ដោយលើកឡើងថា សេចក្តីព្រាងច្បាប់នេះរឹតត្បិតសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ ជាពិសេសស្រ្តី។
លោកបានមានប្រសាសន៍ថា៖ «វាប៉ះពាល់ទៅដល់សិទ្ធិនៃការជួបប្រជុំនៅទីសាធារណៈ ដោយសារតែសេចក្តីព្រាងច្បាប់នេះផ្តល់សិទ្ធិអំណាចដល់អាជ្ញាធរមូលដ្ឋាន ដូច្នេះនឹងមានការបង្រ្កាប និងការផាកពិន័យ ឬការដាក់ពិន័យលើអ្នកចូលរួមក្នុងការប្រមូលផ្តុំគ្នា ដែលនេះជាការបំពាននឹងច្បាប់»។
លោក សំអាត បានបន្តថា លោកអាចលើកឡើងពីដើមចមមួយចំនួន ដែលនាំឲ្យរដ្ឋាភិបាលសម្រេចរៀបរៀងជាសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ។
លោក សំអាត បានមានប្រសាសន៍ថា៖ «កាលពីពេលមុនៗ ខ្ញុំបានឃើញថា មានក្រុមយុវជនជិះកង់ [ដើម្បីគាំទ្រការថែរក្សាបរិស្ថាន] ហើយមនុស្សដទៃទៀត ដែលបានប្រមូលផ្តុំគ្នាដើម្បីចែករំលែកមតិយោបល់របស់ពួកគេលើការគាំពារសិទ្ធិ តែងតែរងការហាមឃាត់»។
លោកបន្ថែមថា៖ «មិនមានច្បាប់ណាដែលហាមឃាត់សកម្មភាពដូចជា ការជិះកង់នោះទេ។ ដូច្នេះប្រសិនបើសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈត្រូវបានអនុម័ត អ៊ីចឹងគេនឹងអាចហាមឃាត់សកម្មភាពទាំងនោះដោយផ្អែកទៅលើច្បាប់នេះ»។
លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានឆ្លើយតបកាលពីថ្ងៃទី១៣ ខែសីហាកន្លង តាមរយៈអ៊ីម៉ែលថា សេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈគឺជា ការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្ស និងសេរីភាព ដូចជាអ្វីដែលមានចែងនៅក្នុងមាត្រាទី ៣៦ ដែលហាមឃាត់ស្រ្តីពីការស្លៀកពាក់ «ខ្លីខោចលើខោចក្រោម» ឬ «ស្លៀកពាក់ស្តើងមើលឃើញកេរភេទ» ជាដើម។
មាត្រាទី ៣៦ ចែងថា៖ «ហាមស្លៀកពាក់ ដែលប៉ះពាល់ប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូរ នៅទីសាធារណៈជាអាទិ៍៖ ក-បុរសស្លៀកតែខោអត់ពាក់អាវនៅទីប្រជុំជន ឬស្លៀកតែខោទ្រនាប់បង្ហាញផ្នែកខ្លះនៃកេរភេទ។ ខ-នារីស្លៀកពាក់ខ្លីខោចលើខោចក្រោម ឬស្លៀកពាក់ស្តើងមើលឃើញកេរភេទ ឬស្លៀកពាក់បង្ហាញផ្នែកខ្លះនៃកេរភេទ»។
លោកស្រីចក់ សុភាពបានសរសេរថា៖ «ច្បាប់នេះរឹតត្បិតទៅលើឯកជនភាព និងធ្វើឲ្យមានការបកស្រាយវាក្យសព្ទតាមបែបផែនផ្សេងៗពីសំណាក់មន្រ្តីអនុវត្តច្បាប់ ហើយការណ៍នេះនាំឲ្យមានវិសមភាពក្នុងការអនុវត្តច្បាប់»។
លោកស្រីបានបន្ថែមថា៖ «លើសពីនេះទៀត នាពេលថ្មីៗនេះនៅកម្ពុជា យើងបានឃើញមានការតាមដានលើរាងកាយ និងការស្លៀកពាក់របស់ស្រ្តីពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាល ការបន្ទាបសិទ្ធិរបស់ស្រ្តីទៅលើឯកជនភាពរាងកាយ និងការបញ្ចេញមតិយោបល់ និងការទម្លាក់កំហុសទៅលើស្រ្តីចំពោះអំពើហិង្សាដែលបានប្រព្រឹត្តមកលើពួកគេ»។
លោកស្រីសុភាពបានលើកឡើងថា ស្រ្តីមួយចំនួនធ្លាប់រងការឃុំខ្លួនរួចមកហើយដោយសារជម្រើសនៃការស្លៀកពាក់របស់ពួកគេនៅឆ្នាំនេះ ដោយមានស្រ្តីម្នាក់បានរងទោសទណ្ឌពីការចែករំលែករូបថតរបស់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុកពីបទ «បង្កឲ្យមានការប៉ះពាល់ទៅដល់ប្រពៃណី ជាពិសេសទំនៀមទម្លាប់ស្រ្តីភេទ»។ នេះបើយោងទៅតាមសេចក្តីថ្លែងការណ៍មួយរបស់ប៉ូលិស។
ចាប់តាំងពីសេចក្តីលម្អិតពីសេចក្តីព្រាងច្បាប់រឹតត្បិតលើការស្លៀកពាក់ត្រូវបានបង្ហាញរួចមកកាលពីដើមខែសីហានេះ ស្រ្តីជាពលរដ្ឋខ្មែរបានធ្វើការតវ៉ាតាមបណ្តាញផ្សព្វផ្សាយសង្គម តាមរយៈការចែករំលែករូបថតរបស់ពួកគេ ដោយស្លៀកពាក់ក្នុងឈុតសម្លៀកបំពាក់ហែលទឹកជាដើម។
លោកស្រីចក់ សុភាពបានមានប្រសាសន៍ថា ក្រៅពីសេរីភាពរបស់ស្រ្តី ច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈនឹងប៉ះពាល់សិទ្ធិរបស់មនុស្សមួយចំនួននៅក្នុងប្រទេស រួមមាន ប្រជាពលរដ្ឋដែលមានភាពលំបាកផ្នែកសេដ្ឋកិច្ច អ្នកធ្វើការនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ បុគ្គលដែលមានបញ្ហាសុខភាពផ្លូវចិត្ត និងបុគ្គលដែលប្រើប្រាស់សិទ្ធិមូលដ្ឋានរបស់ពួកគេ ដើម្បីបញ្ចេញមតិយោបល់ ជាសមាគម និងជួបប្រជុំគ្នា។
លោកស្រីសុភាពបានថ្លែងថា៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងពាក់ព័ន្ធនឹងកថាខណ្ឌក្នុងសេចក្តីព្រាងច្បាប់ ដែលរំលោភបំពានការការពារសិទ្ធិមនុស្សដែលត្រូវបានចែងនៅក្នុងច្បាប់ជាតិ និងអន្តរជាតិ ហើយជាលទ្ធផលនៃការរំលោភបំពាននេះ រដ្ឋាភិបាលកម្ពុជាត្រូវទម្លាក់ចោលសេចក្តីព្រាងច្បាប់នេះ»។
បន្ទាប់ពីបានដឹងពីសេចក្តីលម្អិតនៃសេចក្តីព្រាងច្បាប់ថ្មីដែលអាចរឹតត្បិតសិទ្ធិរបស់ស្រ្តី យុវត្តី សេន លេ អាយុ ២៣ឆ្នាំ បាននិយាយថា នាងមិនគាំទ្រច្បាប់ថ្មីនោះទេ ជាពិសេសមាត្រាពាក់ព័ន្ធនឹងជម្រើសសម្លៀកបំពាក់របស់ស្រ្តី។
កញ្ញា លេ បាននិយាយថា៖ «ខ្ញុំមិនគាំទ្រច្បាប់នោះទេ ពីព្រោះថា ច្បាប់នេះរឹតត្បិតសិទ្ធិរបស់ស្រ្តីភេទ ដោយធ្វើឲ្យពួកគាត់មិនមានសេរីភាពនៅក្នុងស្លៀកពាក់តាមអ្វីដែលខ្លួនចង់បាន»។
នាងបានបន្តថា៖ «សម្រាប់ខ្ញុំ គេមិនត្រូវប្រើពាក្យថា «ខោចខ្លាំង ឬមើលឃើញខាងក្នុង» នោះទេ ពីព្រោះយើងមិនអាចកំណត់ឲ្យច្បាស់បានថាតើសម្លៀកបំពាក់យើងពាក់នោះខ្លីខ្លាំងឬយ៉ាងណានេះទេ»។
យុវវត្តីម្នាក់ទៀតដែលសុំត្រឹមឲ្យឈ្មោះថា ដាវី អាយុ ១៩ឆ្នាំ បាននិយាយថា វាជាការសំខាន់សម្រាប់ស្រ្តីនៅក្នុងការស្លៀកពាក់តាមរបៀបដែលតំណាងឲ្យវប្បធម៌ខ្មែរ។
ដាវី បាននិយាយថា៖ «ពេលខ្លះ ប្រសិនបើយើងស្លៀកពាក់ស៊ិចស៊ីជ្រុល វាមើលទៅមិនល្អនោះទេ ពីព្រោះយើងជាស្រ្តីខ្មែរ ហើយយើងត្រូវលើកកម្ពស់វប្បធម៌ប្រពៃណីរបស់យើង»។
លោក អ៊ុក គឹមលេខ ដែលដឹកនាំរៀបរៀងសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ បានសង្កត់ធ្ងន់ថា មាត្រាទី៣៦ គឺសំដៅទៅលើការចាត់វិធានការលើការស្លៀកពាក់របស់បុរស និងស្រ្តីនៅទីសាធារណៈ។
លោក គីម លេខ បានមានប្រសាសន៍ថា៖ «ការបង្ហាញកេរភេទដោយផ្នែកគឺសំដៅទៅលើស្រ្តីដែលពាក់អាវឃើញសុដន់ ឬសំពត់ដែលបង្ហាញកេរភេទ»។
លោកបានបន្ថែមថា បុរសដែលពាក់តែខោក្នុង ឬមិនពាក់អាវ នឹងប្រឈមមុខនឹងចំណាត់ការដូចគ្នា។
លោក គឹមលេខ បានបន្តទៀតថា ករណីលើកលែងនឹងមានសម្រាប់វិស័យទេសចរណ៍ សិល្បៈ កីឡា និងវិស័យដទៃទៀត ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕