នគរបាលខេត្តព្រះសីហនុកាលពីថ្ងៃទី៨ ខែកញ្ញា បានចាប់ខ្លួនមនុស្ស៦នាក់ដែលក្នុងនោះមានអ្នកសារព័ត៌មានចំនួន៤នាក់ ក្រោមបទចោទថាបានគំរាមនិងទារប្រាក់ពីជនជាតិចិនម្នាក់។
ស្នងការនគរបាលខេត្តព្រះសីហនុលោក ជួន ណារិន្ទ បានប្រាប់ខេមបូចាកាលពីថ្ងៃទី១០ ខែកញ្ញា ថានគរបាលបានចាប់ខ្លួនអ្នកទាំង៦ពីបទជំរិតទារប្រាក់ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើស បន្ទាប់ពីសមត្ថកិច្ចបានទទួលបណ្តឹងពីជនជាតិចិនម្នាក់ឈ្មោះ ចាង ខាង (Zhang Kang) កាលពីថ្ងៃទី៦ ខែកញ្ញា។
លោក ជួន ណារិន្ទ បានមានប្រសាសន៍ថា៖«យើងមិនមែនចាប់ខ្លួនអ្នកកាសែតទេ ប៉ុន្តែពួកគេត្រូវបានចាប់ខ្លួនដោយសារតែបានប្រព្រឹត្តបទល្មើសជាក់ស្តែងទាក់ទងនឹងការញុះញង់ ហើយនិងគំរាមកំហែងទារប្រាក់»។ លោកបានបន្ថែមថាសមត្ថកិច្ចទើបតែដឹងថាពួកគេជាអ្នកកាសែតធ្វើការឱ្យភ្នាក់ងារសារព័ត៌មានអនឡាញ បន្ទាប់ពីសួរចម្លើយពួកគេតែប៉ុណ្ណោះ។
លោក ណារិន្ទ បានឱ្យដឹងថាអ្នកទាំង៦នាក់នោះបានប្រាប់លោក ចាង ខាង ដែលជាអ្នកបើកតាក់ស៊ី ថាពួកគេជានគរបាល ហើយទារប្រាក់៤០០០ដុល្លារពីជនរងគ្រោះ ដែលពេលនោះជនរងគ្រោះបានឱ្យប្រាក់២៣០០ដុល្លារដល់ពួកគេ ព្រោះតែគាត់ខ្លាចថាគាត់អាចនឹងត្រូវបានចាប់ខ្លួនបើមិនធ្វើតាមពួកគេ។
លោក ណារិន្ទ បានបន្ថែមថា៖«ពួកគេបានគំរាមជនរងគ្រោះថាប្រសិនបើគាត់មិនបង់ប្រាក់[ដែលនៅសល់] ទេ ពួកគេនឹងចាប់ខ្លួនគាត់ ហើយយកគាត់ទៅដាក់គុក»។
នគរបាលបានប្រាប់ថាជនសង្ស័យទាំងនោះមានឈ្មោះ ហាក់ សុធាបញ្ញា អាយុ៣០ឆ្នាំ អ្នកសារព័ត៌មាន The Cambodia News Places អ៊ួន ប្រុស អាយុ២៧ឆ្នាំ និងជំនួយការរបស់ខ្លួនឈ្មោះ ស៊ឹម សុខដា អាយុ៣០ឆ្នាំធ្វើនៅសារព័ត៌មានCAM POST ចិន ប៊ុនធឿន អាយុ២៧ឆ្នាំ មុខរបរ អ្នកកាសែតសារព័ត៌មាន News Online ជនជាតិចិនឈ្មោះ ចូវ តុងយ៉ា (Zhou Dongya) អាយុ៣០ឆ្នាំ និងជនជាតិខ្មែរម្នាក់ទៀតឈ្មោះចំរើន លាងម៉េង អាយុ២៧ឆ្នាំ។
លោក ណារិន្ទ បានឱ្យដឹងបន្ថែមទៀតថាអ្នកទាំង៦នាក់នោះត្រូវបានបញ្ជូនទៅតុលាការដើម្បីសួរបន្តតាមនីតិវិធី។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ លោក លឹម ប៊ុនហេង បានប្រាប់ថាជនសង្ស័យត្រូវបានបញ្ជូនមកឃុំនៅស្នងការខេត្តវិញ ហើយនឹងត្រូវតុលាការសួរចម្លើយបន្ថែមទៀតនៅថ្ងៃទី១២ ខែកញ្ញា។
លោក ស្រេង ដារ៉ា នាយកប្រតិបត្តិសារព័ត៌មានអនឡាញ Cam Post បានអំពាវនាវកាលពីថ្ងៃទី១១ ខែកញ្ញា ឱ្យនគរបាលធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់ជុំវិញការចាប់ខ្លួនអ្នកកាសែតរបស់ខ្លួន ឈ្មោះ អ៊ួន ប្រុស ដោយលោកបាននិយាយសង្កត់ធ្ងន់ថារបាយការណ៍ពាក់ព័ន្ធបទល្មើសជំរិតទារប្រាក់ដែលសមត្ថកិច្ចបានលើកឡើងមិនបានទាក់ទងនឹងជនសង្ស័យដែលបំពេញតួនាទីជាអ្នកសារព័ត៌មានទេ។
លោក ដារ៉ា បានបញ្ជាក់ថាលោក ប្រុស មិនមានចេតនាប្រព្រឹត្តបទឧក្រិដ្ឋអ្វីនោះទេ ហើយថាគាត់បាន«ជាន់ដាន»។ លោកបានប្រាប់ថា លោកបានទទួលព័ត៌មានថាជនជាតិចិនដែលជាជនរងគ្រោះ ហើយនិងជនសង្ស័យ២នាក់ទៀតដែលមានសញ្ជាតិចិនដែរបានស្គាល់គ្នា និងបានរៀបចំគម្រោងមួយឱ្យមានអ្នកកាសែតមកពាក់ព័ន្ធជាមួយដែរដោយឱ្យអ្នកកាសែតចូលរួមរាយការណ៍ដើម្បីជាថ្នូរនឹងប្រាក់។
ដារ៉ា បានឱ្យដឹងថា៖«គាត់[ចូវ តុងយ៉ា] បានប្រាប់គាត់[ប្រុស]ថាប្រសិនបើគាត់ជួយផ្សាយព័ត៌មាន គាត់នឹងបានលុយមួយចំនួន ហើយនឹងអាហារ ជាគុយទាវ និងកាហ្វេ»។
ដារ៉ា បានបន្ថែមថាលោកមិនគាំទ្រអ្នកសារព័ត៌មានណាម្នាក់រួមទាំងបុគ្គលិករបស់លោកផងដែលធ្វើឱ្យបាត់បង់វិជ្ជាជីវៈសារព័ត៌មានដោយប្រព្រឹត្តបទល្មើសនោះទេ។
លោកបានលើកឡើងបន្តទៀតថា៖«ចំពោះខ្ញុំជាអ្នកសារព័ត៌មានម្នាក់ ខ្ញុំមិនគាំទ្រអ្នកទាំងឡាយណាដែលរំលោភច្បាប់នោះទេ។ ប៉ុន្តែយើងសូមស្នើមន្រ្តីប៉ូលីសឱ្យស៊ើបអង្កេតដោយយកចិត្តទុកដាក់ ដើម្បីកុំឱ្យមានភាពអយុត្តិធម៌ចំពោះអ្នកសារព័ត៌មានដែលមិនបានប្រព្រឹត្តកំហុស»។
ចាងហ្វាងសារព័ត៌មាន The Cambodia News Places លោក រ៉ី នោវៀ បានលើកឡើងថា សុធាបញ្ញា និងប៊ុនធឿន ត្រូវបានបណ្តេញចេញពីអង្គភាពព័ត៌មានរបស់លោកតាំងពីថ្ងៃទី១២ ខែសីហា បន្ទាប់ពីពួកគេបានល្មើសនឹងបទបញ្ជាផ្ទៃក្នុងរបស់ស្ថាប័ន។
លោកបាននិយាយថាបន្ទាប់ពីចាកចេញ លោក ប៊ុនធឿន បានប្រគល់កាតឱ្យស្ថាប័នវិញហើយ ប៉ុន្តែសុបញ្ញា មិនទាន់បានឱ្យទេ។ ក្រោយពីចាកចេញពី The Cambodia News Place មិនបានប៉ុន្មានផង លោក ប៊ុនធឿន ត្រូវបានជ្រើសរើសឱ្យធ្វើការនៅសារព័ត៌មានមួយទៀតគឺ News Online។
លោក នោរៀ បានបន្ថែមថា៖«អ្វីដែលពួកគេបានធ្វើមិនពាក់ព័ន្ធនឹងអង្គភាពព័ត៌មានខ្ញុំទេ ព្រោះថាពួកគេទាំងពីរនាក់ត្រូវបានបណ្តេញចេញហើយ»។ «ខ្ញុំតែងតែណែនាំពួកគេឱ្យគោរពតាមក្រមសីលធម៌សារព័ត៌មាន»។
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ថាក្លឹបកំពុងស៊ើបអង្កេតលើករណីនេះ។
លោកបានប្រាប់ថា៖«ក្រុមការងារខ្ញុំកំពុងស៊ើបអង្កេត ព្រោះតែយើងត្រូវដឹងពីឬសគល់នៃករណីនេះ» ដោយបន្ថែមថាក្លឹបអ្នកកាសែតកម្ពុជាតែងតែគាំពារអ្នកកាសែតដែលត្រូវបានចាប់ខ្លួនអំឡុងពេលបំពេញការងារ។
លោក បូណា បានបន្ថែមថា៖«ពេលខ្លះ យើងត្រូវបញ្ជាក់ព័ត៌មានដើម្បីនិយាយដោយស្មោះត្រង់ជាមួយអាជ្ញាធរថាតើអ្នកកាសែត ឬក៏ភាគីផ្សេងជាអ្នកប្រព្រឹត្តកំហុស»។
លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ខេមបូចា បានលើកឡើងថាអ្នកសារព័ត៌មានមិនគួរត្រូវបានចោទប្រកាន់ដោយប្រើក្រមព្រហ្មទណ្ឌទេ ក្នុងករណីដែលពួកគេបានយកប្រាប់ជាថ្នូរនឹងការមិនចេញផ្សាយរឿងណាមួយ។
លោក ណុប វី បានមានប្រសាសន៍ថា៖«ខ្ញុំគិតថាករណីនេះ អាជ្ញាធរគួរធ្វើការស៊ើបអង្កេតដោយយកចិត្តទុកដាក់ មុននឹងធ្វើការចោទប្រកាន់ ព្រោះថាអ្នកសារព័ត៌មានយើងមានបំណងផ្សព្វផ្សាយព័ត៌មានដើម្បីបម្រើប្រយោជន៍សាធារណជនតែប៉ុណ្ណោះ»។ ប៉ុន្តែលោកបានបន្ថែមថាខេមបូចាមិនគាំទ្របុគ្គលណាដែលមិនគោរពក្រមសីលធម៌សារព័ត៌មាននោះទេ។
លោកបានមានប្រសាសន៍ថា៖«យើងគាំទ្រកិច្ចប្រឹងប្រែងរបស់សមត្ថកិច្ចក្នុងការអនុវត្តច្បាប់ ប្រសិនបើមានបុគ្គលណាម្នាក់ប្រព្រឹត្តបទល្មើស»។ «យើងកំពុងសិក្សាករណីនេះ ហើយក្រោយមកនឹងចុះទៅស៊ើបអង្កេតផ្ទាល់»។
លោកបានបន្ថែមទៀតថាអ្នកសារព័ត៌មានអនឡាញមួយចំនួនប្រហែលជានៅខ្វះការបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន ហើយប្រហែលជាមិនសូវយល់ច្បាប់ទៀតផង៕