ភរិយាអតីតសមាជិកក្រុមប្រឹក្សារបស់អតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៥ ខែកញ្ញា នេះបានដឹកពាក្យបណ្ដឹងប្រឆាំងនឹងសន្តិសុខខណ្ឌមួយរូប ដោយចោទថាបានរុញច្រានអ្នកស្រីឲ្យដួលបោកទៅនឹងផ្លូវថ្នល់ អំឡុងពេលតវ៉ាឲ្យដោះលែងស្វាមីដែលកំពុងជាប់ឃុំ។
អ្នកស្រី សេង ចាន់ថន វ័យ៤៩ឆ្នាំ ជាភរិយាអតីតក្រុមប្រឹក្សាខេត្តកំពង់ធំ បានដាក់ពាក្យបណ្ដឹងនេះនៅសាលាដំបូងរាជធានីភ្នំពេញ ប្រឆាំងនឹងសន្តិសុខខណ្ឌ៧មករា ឈ្មោះ ឆោម ប្រសិដ្ឋ ដោយអ្នកស្រីបានចោទថាសន្តិសុខរូបនេះប្រើហិង្សាមកលើអ្នកស្រី អំឡុងពេលតវ៉ាមួយកាលពីថ្ងៃទី៤ ខែកញ្ញា។
នៅថ្ងៃកើតហេតុ ក្រុមសាច់ញាតិរបស់អតីតសមាជិក អតីតគណបក្សសង្គ្រោះជាតិបានប្រមូលផ្ដុំគ្នាតវ៉ានៅមុខតុលាការ ដោយទាមទារឲ្យទម្លាក់ចោលការចោទប្រកាន់លើមនុស្សចំនួន១៧នាក់ ដែលបានចាប់ខ្លួនតាំងពីខែមករា។ អ្នកទាំងនោះត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងផែនការផ្ដួលរំលំរដ្ឋាភិបាល។
បើតាមសេចក្ដីថ្លែងការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ សន្តិសុខខណ្ឌ៧មករា បានព្យាយាមបំបែកការតវ៉ាដោយសន្តិវិធីមួយដែលធ្វើឡើងនៅមុខតុលាការ។
បើតាមអង្គការលីកាដូឲ្យដឹងថា នៅពេលដែលក្រុមសន្តិសុខមួយចំនួនកំពុងរុញច្រានគ្នាជាមួយក្រុមអ្នកតវ៉ា មានសន្តិសុខម្នាក់បានច្រានអ្នកស្រី ចាន់ថន ឲ្យដួលទៅលើដី ហើយអ្នកស្រីក៏ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីព្យាបាលភ្លាមៗដែរ។
អ្នកស្រី សេង ចាន់ថន មានប្រសាសន៍ថា៖ «ខ្ញុំដាក់ពាក្យប្ដឹងឈ្មោះ ឆោម ប្រសិដ្ឋ ដែលបានប្រើអំពើហិង្សាមកលើពួកយើង ហើយខ្ញុំសំណូមពរឲ្យមន្ត្រីតុលាការដាក់ទោសគាត់ទៅតាមច្បាប់»។ លោកស្រីបញ្ជាក់ថា លោកស្រីបានធ្វើការតវ៉ាដោយសន្ដិវិធីនៅពេលនោះ តែខាងសន្ដិសុខបានបង្កជាអំពើហិង្សា។
អ្នកស្រីលើកឡើងថា៖ «ខ្ញុំមិនបានឈ្លោះជាមួយគាត់ទេ ប៉ុន្តែគាត់បានច្រានខ្ញុំឲ្យបោកទៅនឹងដី»។ អ្នកស្រីរៀរាប់ថា អ្នកស្រីមានរបួសជាច្រើនកន្លែង ហើយឥឡូវនេះនៅឈឺស្មា និងឆ្អឹងជំនីខាងឆ្វេងនៅឡើយ។
អ្នកស្រីឲ្យដឹងទៀតថា៖ «ខ្ញុំគិតថា គាត់មានបំណងសម្លាប់ខ្ញុំ។ ហើយខ្ញុំសង្ឃឹមថាតុលាការនឹងអនុវត្តច្បាប់ និងផ្ដល់យុត្តិធម៌ដល់ខ្ញុំ»។
មេធាវីការពារក្ដីឲ្យ អ្នកស្រី ចាន់ថន គឺលោក សំ សុគង់ និយាយថា លោកសង្ឃឹមថាតុលាការនឹងមានវិធានការច្បាប់ចំពោះ លោក ប្រសិដ្ឋ។
លោក សំ សុគង់ មានប្រសាសន៍ថា៖ «យើងមានភស្តុតាងគ្រប់គ្រាន់ចំពោះរឿងនេះ ដូចនេះព្រះរាជអាជ្ញាត្រូវតែចោទប្រកាន់អ្នកដែលបានប្រព្រឹត្តកំហុស ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ»។ លោកបន្ថែមថា លោកបានប្រមូលភស្តុតាងជាឃ្លីបវីដេអូ រូបថត និងចម្លើយសាក្សី ទុកធ្វើជាភស្តុតាង។
អភិបាលខណ្ឌ៧មករា លោក លឹម សុភា មិនអាចទាក់ទងសុំការឆ្លើយតបបានទេនៅថ្ងៃនេះ។
ដោយឡែក អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មានប្រសាសន៍ថាពលរដ្ឋមានសិទ្ធដាក់ពាក្យប្ដឹងទៅតុលាការ ប៉ុន្តែថាអាជ្ញាធរខណ្ឌបានបញ្ជាក់រឿងនេះច្បាស់ហើយ និងបានដាក់ពិន័យលើសន្តិសុខរូបនោះទៀតផង។
លោក មាសភក្ដី មានប្រសាសន៍ថា៖ «ពលរដ្ឋមានសិទ្ធិប្ដឹងទៅតុលាការ ដូចនេះខ្ញុំគ្មានយោបល់អ្វីទេ»។ លោកបន្ថែមថា វាអាស្រ័យលើតុលាការជាអ្នកសម្រេចថាតើត្រូវបន្ដនីតិវិធីលើសំណុំរឿងនេះឬយ៉ាងណា។
កាលពីថ្ងៃទី៤ ខែកញ្ញា សាលាខណ្ឌ៧មករា បានចេញសេចក្ដីប្រកាសព័ត៌មានមួយបាននិយាយថា លោក ប្រសិដ្ឋ ត្រូវបានអប់រំ និងពិន័យរួចហើយ។
សេចក្ដីប្រកាសព័ត៌មានឲ្យដឹងទៀតថា អ្នកតវ៉ាចំនួន១៥នាក់បានប្រមូលផ្ដុំគ្នាដោយខុសច្បាប់នៅលើមហាវិថីព្រះមុនីរ៉េត មុខតុលាការក្រុងភ្នំពេញ ហើយវាជារឿងចាំបាច់ដែលសន្តិសុខត្រូវបំបែកអ្នកទាំងនោះ ដើម្បីរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងចៀសវាងការកកស្ទះចរាចរណ៍។ ការទាស់សម្ដីគ្នាក៏បានកើតឡើង ពេលដែលក្រុមបាតុករមិនព្រមបំបែកគ្នាតាមការបញ្ជារបស់សន្តិសុខខណ្ឌ។
សេចក្ដីប្រកាសព័ត៌មានបានសរសេរទៀតថា៖ «នៅពេលមានការរុញច្រានគ្នានោះ សន្ដិសុខ ខណ្ឌឈ្មោះ ឆោម ប្រសិដ្ឋ បានព្យាយាមទប់កុំឲ្យអ្នកតវ៉ារំកិលទៅមុខ ហើយក៏បានជ្រុលដៃរុញស្រ្តីម្នាក់ ឈ្មោះ សេង ចាន់ថន ឲ្យដួលលើថ្នល់»។
បើតាមអង្គការសិទ្ធមនុស្សលីកាដូ ក្រុមមនុស្សជាង២០នាក់ ដែលជាអ្នកគាំទ្រអតីតសមាជិកគណបក្សសង្គ្រោះជាតិកំពុងជាប់ឃុំបានចេញតវ៉ាជាប្រចាំតាំងពីខែមិថុនា និងបានដាក់ញត្តិទៅកាន់ស្ថានទូតផ្សេងៗដើម្បីស្វែងរកការដោះលែងអ្នកជាប់ឃុំទាំងនោះ។ អំឡុងពេលធ្វើការតវ៉ាដោយសន្ដិវិធី មានអ្នកតវ៉ាខ្លះត្រូវគេរុញច្រាន ទាត់ធាក់ និងប្រមាថផងដែរ។
លោក ស៊ន់ ធន់ ជាស្វាមីរបស់ អ្នកស្រី ចាន់ថន និងជាសមាជិកម្នាក់របស់សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា គឺជាមនុស្សម្នាក់ក្នុងចំណោមបួននាក់របស់អតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិដែលបានជាប់ឃុំតាំងពីថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី១ ខែមិថុនា។
នាយករងអង្គការលីកាដូ លោក អំ សំអាត ស្វាគមន៍ចំពោះការដាក់ពាក្យបណ្ដឹងរបស់អ្នកស្រី ចាន់ថន និងបានអំពាវនាវឲ្យតុលាការចាត់វិធានការផ្លូវច្បាប់លើអ្នកប្រព្រឹត្តបទល្មើស។
លោក សំអាត មានប្រសាសន៍ថា៖ «យើងចាំមើលថាតើតុលាការនឹងដំណើរការនីតិវិធីលើសំណុំរឿងនេះឬអត់»។
ទោះយ៉ាងណា លោក សំអាត នៅមិនទាន់ប្រាកដថាតុលារនឹងបន្តនីតិវិធីសំណុំរឿងនេះឬយ៉ាងណានោះទេ ដោយថាកន្លងមកធ្លាប់មានការណីអនុវត្តស្តង់ដារពីរក្នុងប្រព័ន្ធតុលាការ។
លោកបន្តថា៖ «យើងធ្លាប់បានឃើញថាដំណើរការនីតិវិធីមានភាពយឺតយ៉ាវពេលមានអ្នកតវ៉ាដាក់ពាក្យប្ដឹង ប៉ុន្តែបើអាជ្ញាធរប្ដឹងនីតិវិធីគឺលឿន ដូចរឿងសន្ដិសុខប្ដឹងក្រុមអ្នកតវ៉ាជាដើម»។
លោកបន្ថែមថា៖ «បើសិនជាតុលាការមិនចាត់វិធានការទេ វានឹងក្លាយជាវប្បធម៌ទទួលយកនូវអំពើហិង្សា ហើយអ្នកប្រព្រឹត្តមិនត្រូវផ្ដន្ទាទោសតាមច្បាប់»៕