សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អ្នកបញ្ជាម៉ាស៊ីនស្ទូចត្រូវបានឃុំខ្លួន បន្ទាប់ពីឧបទ្ទវហេតុបាក់ដងស្ទូចសម្លាប់មនុស្ស៥នាក់

នគរបាល និងមន្រ្តីមូលដ្ឋានកំពុងជួយជនរងគ្រោះនៅកន្លែងកើតហេតុការណ៍បាក់ដងស្ទួចមួយនៅក្រុងប៉ោយប៉ែត ដែលបានសម្លាប់មនុស្ស ០៥នាក់។ រូបភាពផ្តល់ឲ្យ

អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​បាន​ឃុំ​ខ្លួន​អ្នក​បញ្ជា​ម៉ាស៊ីន​ស្ទូច​ ដែល​បាន​បាក់​រលំ​នៅ​ការដ្ឋាន​សំណង់​មួយ​កាល​ពី​ថ្ងៃ​ទី១២ ខែ​សីហា កន្លង​ទៅ​នេះ ដោយ​បាន​សម្លាប់​មនុស្ស ០៥​នាក់ និង​បង្ក​របួស​ដល់​មនុស្ស​០៤​ផ្សេង​ទៀត ដែល​រស់​នៅ​ជិត​ការដ្ឋាន​សំណង់​នោះ។ ​

មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែតលោក នួន នីណារ៉ូ បាន​ថ្លែង​ថា នគរបាល និង​កងរាជអាវុធហត្ថ​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ស្ថិត​នៅ​ឃុំ​ផ្សារកណ្តាល បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​ខាងលើ​ ហើយ​បាន​ឃុំ​ខ្លួន​អ្នក​បញ្ជា​ម៉ាស៊ីន​ស្ទូច ឈ្មោះ ទុត លីវីន អាយុ ២០​ឆ្នាំ ដើម្បី​យក​មក​សាកសួរ​នៅ​បញ្ជាការដ្ឋានកងរាជអាវុធហត្ថ។​

​​លោក នីណារ៉ូ បាន​មានប្រសាសន៍​ថា៖ «យើង​​បាន​ឃុំ​ខ្លួន​អ្នក​បញ្ជា​ដង​ស្ទូច។ យើង​កំពុង​សាកសួរ​គាត់ ហើយ​អាជ្ញាធរ​យើង​​កំពុង​ស៊ើប​អង្កេត​លម្អិត​លើ​រឿង​នេះ»។ ​

លោក​បាន​បន្ត​ថា អ្នក​បញ្ជាម៉ាស៊ីន​ស្ទូច​ឈ្មោះ លីវីន ​បាន​បញ្ជាក់​ថា នៅពេលដែលគាត់​កំពុង​បញ្ជា​ម៉ាស៊ីន​ស្ទូច​នៅ​ម៉ោង​ប្រមាណ ៣​ រសៀល ស្រាប់​តែ​មាន​ខ្យល់​បក់​ខ្លាំង​ភ្លាមៗ និង​ដី​ក្រោម​ម៉ាស៊ីន​ស្ទួច​បាន​ស្រុត​និង​ផុង ដោយ​ធ្វើ​ឲ្យ​ម៉ាស៊ីន​ស្ទូច​ដួលរលំ។ ​

មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែតលោក នួន នីណារ៉ូ បាន​លើកឡើង​ថា នៅ​ពេល​ដែល​ម៉ាស៊ីន​ស្ទួច​បាក់​រលំ បន្ទះ​បេតុង​​បាន​ធ្លាក់​មក​លើ​ផ្ទះ​អ្នក​ជិតខាង​ ដោយ​បាន​សម្លាប់​ស្រ្តី​ចំនួន​ប្រាំនាក់ ដែល​កំពុង​អង្គុយ​លេង​បៀរ​លើ​គ្រែ​ឈើ​នៅ​ខាង​មុខ​ផ្ទះ។

​​​របាយការណ៍​នគរបាល​បាន​កំណត់​អត្តសញ្ញាណអ្នក​ស្លាប់​តាមឈ្មោះ ឈាង ហុង​ អាយុ ៤៩​ឆ្នាំ ឡៅ លី អាយុ ៥០​ឆ្នាំ​  ឡឹក ស្រី អាយុ​៦៦ឆ្នាំ សេង មុយគា  អាយុ ៥៧​ឆ្នាំ និង ដឹម ស្រីណាក់ អាយុ​ឆ្នាំ ៣៦ ខណៈ ផន សុខធីដា អាយុ ៣០​ឆ្នាំ កា សុម៉ាមាន អាយុ ៣៧​ឆ្នាំ សៅ រិទ្ធ អាយុ ៤០​ឆ្នាំ និង ​ខាន់ ស្រីឌី អាយុ​២៧​ឆ្នាំ ​បាន​រងរបួស។​

លោក​ នីណារ៉ូ បាន​មានប្រសាសន៍​ថា៖ «អ្នករងរបួស​ពីរ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត ​អ្នក​រងរបួស​ធ្ងន់​ពីរ​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មង្គលបុរី ហើយ​អ្នក​រងរបួស​ធ្ងន់ម្នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មួយ​នៅ​ក្រុង​ភ្នំពេញ»។

យោង​ទៅ​តាម​របាយការណ៍​ ម៉ាស៊ីនស្ទូច​នោះ​មាន​ប្រវែង​ ៤០​ម៉ែត្រ​ និង​កំពុង​លើក​បន្ទះ​បេតុង​​ទំហំ​បួនម៉ែត្រ​ការ៉េ ​កម្រាស់ ១២​សង់ទីម៉ែត្រ​ នៅ​ពេល​ដួលរលំ។ បន្ទះ​បេតុង​​នោះ​ត្រូវ​បាន​ស្ទូច​ឡើង​នៅ​កម្ពស់​ប្រហែល​ ២០​ម៉ែត្រ នៅ​ពេល​មាន​ឧបទ្ទវហេតុ​។

អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត​លោក ធិន ស៊ិនដេត បាន​បញ្ជាក់​ពី​ហេតុការណ៍​ខាង​លើ​នេះ ប៉ុន្តែ​បាន​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយបន្ថែម។

​​លោក ចូវ សុភឿត ប្រធាន​ការិយាល័យ​សុរិយោដី​​ក្រុង​ប៉ោយប៉ែត បាន​និយាយ​ថា សំណង់អគារ​ស្នាក់​នៅ​ ដែល​កើត​មាន​ឧបទ្ទវហេតុ​ខាង​លើ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​​ក្រុមហ៊ុន The Park City ដែល​ជា​ក្រុមហ៊ុន​របស់​ជនជាតិ​ខ្មែរ​ម្នាក់​រស់​នៅ​ក្រុង​ភ្នំពេញ។

លោក​បាន​ថ្លែង​ថា៖ «កាល​ពី​ម្សិលមិញ [ថ្ងៃ​ពុធ] ប្រធាន​មន្ទីរ​សុរិយោ​​ដី​ខេត្ត [លោក អាង ណារិទ្ធ] និង​ខ្ញុំ​បាន​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ហើយ​បាន​ឃើញ​ថា មាន​បញ្ហា​ប្រើ​ប្រាស់​គ្រឿងចក្រ​ខុស​​បច្ចេកទេស»។ ​

​​លោក​ សុភឿត បាន​បន្ត​ថា ក្រុមហ៊ុន​ត្រូវ​តែ​ទទួល​ខុសត្រូវ​លើ​ឧបទ្ទវហេតុ​នេះ ខណៈ​បន្ថែម​ថា ក្រុមហ៊ុន​​ទទួល​​បាន​អាជ្ញាបណ្ណ​​​​ដើម្បី​ធ្វើ​ការ​សាងសង់​ក៏​ដោយ។

លោក​បាន​មានប្រសាសន៍​ថា៖ «ក្រុមហ៊ុន​ត្រូវ​ទទួល​​ខុសត្រូវ​ [លើបញ្ហា​នេះ]» ស្រប​ពេល​ពន្យល់​ថា ក្រុមហ៊ុន​មិនមាន​ការ​ប្រុងប្រយ័ត្ន និង​មិន​អើពើ​ពី​ការ​គ្រប់គ្រង​នៅ​ការដ្ឋាន​សំណង់។

លោក សុភឿត ​បាន​លើកឡើង​បន្ត​ទៀត​ថា ទោះបី​ជា​លោក​តែងតែ​ទៅ​ពិនិត្យ​ការដ្ឋាន​សំណង់​នានា​នៅ​ក្រុង​ប៉ោយប៉ែត​ និង​បាន​ផ្តល់​ជា​មតិ​វាយតម្លៃ​ទៅ​កាន់​ក្រុមហ៊ុន​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ច្បាប់​សំណង់​ក៏​ដោយ​ ក៏​មាន​​តែ​ក្រុមហ៊ុន​សំណង់​​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ដែល​​ធ្វើតាម​ការណែនាំ​របស់លោក និង​​គោរព​ច្បាប់។

លោក សុភឿត បាន​មានប្រសាសន៍​ថា៖ «ខ្ញុំ​បាន​សហការ​ជាមួយ​នឹង​មន្រ្តី​មន្ទីរ​គ្រប់គ្រង​ដែនដី ដែល​តែង​តែ​ចុះ​ទៅ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​តាម​ការដ្ឋាន​សំណង់​នានា​កាល​ពី​ពេល​មុនៗ»។​

​​​ក្រុមហ៊ុន​ The Park City បាន​ផ្តល់​ប្រាក់ឧបត្ថម្ភ​ចំនួន ៣០០​ដុល្លារ​ទៅ​ដល់​ក្រុមគ្រួសារ​អ្នក​ដែល​បាត់បង់​ជីវិត​នីមួយៗ​ ហើយ​អភិបាល​ខេត្ត​​បន្ទាយ​មាន​ជ័យ លោក អ៊ុំ រាត្រី​ បាន​ផ្តល់​ថវិកា​ចំនួន ២៥០​ដុល្លារ​ក្នុងមួយគ្រួសារ និង​​ឧបត្ថម្ភ​បន្ថែម​ជា ​អង្ករ និង​គ្រឿងសម្ភារៈ​មួយ​ចំនួន​ទៀត។ នេះ​បើ​យោង​ទៅ​តាម​លោក សុភឿត ។ ​​

​​​កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា​ លោក​​ អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​ភ្លាមៗ បន្ទាប់​ពី​មាន​ហេតុការណ៍​ខាង​លើ​​ ហើ​យបាន​បញ្ជា​ឲ្យ​មន្រ្តី​បិទ​ការដ្ឋាន​សំណង់​នោះ​ជា​បណ្តោះអាសន្ន​ ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​បន្ថែម។ នៅ​ពេល ខេមបូចា ​ទូរសព្ទ​ចូល​នៅ​ថ្ងៃ​បន្ទាប់ លោក​បាន​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ ដោយ​និយាយ​ថា លោក​ជាប់​រវល់​ប្រជុំ។

លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា ​បាន​មានប្រសាសន៍​ថា ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​តែ​ជួយ​លើកកម្ពស់​សុវត្ថិភាព​នៅ​តាម​ការដ្ឋាន​សំណង់​ និង​ត្រូវ​គោរព​តាម​ច្បាប់​​ស្តី​ពី​សំណង់​ ដែល​​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន។ ​​​​

លោក​ សុខ​ គីន​ បាន​មាន​ប្រសាសន៍​ថា៖ «តាម​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ អាជ្ញាធរ​ពាក់ព័ន្ធ​មាន​ចន្លោះ​ខ្វះខាត​នៅ​ពេល​ចុះ​ពិនិត្យ​មើល​ថា​តើ​ការ​ដ្ឋាន​សំណង់​គោរព​តាម​ច្បាប់​ និង​​ថា​តើ​ការដ្ឋាន​គោរព​តាម​បទដ្ឋាន​សំណង់​ផ្អែក​លើ​ច្បាប់​ឬ​ទេ»។

លោក សុខ គីន បាន​បន្ត​ថា ផ្នែក​សន្តិសុខ និង​សុវត្ថិភាព​របស់​ក្រុមហ៊ុន​​សំណង់​ត្រូវ​ធ្វើ​ការ​ប្រជុំ​ប្រចាំ​ថ្ងៃ​ ដើម្បី​ផ្តល់​ការ​ណែនាំ​ដល់​កម្មករ មុន​ពេល​អនុញ្ញាត​ឲ្យ​ពួកគេ​ចូលធ្វើ​ការ​នៅ​​ការដ្ឋាន​ ហើយ​ត្រូវ​​ផ្តល់​គ្រឿង​ប្រដាប់​​ការពារ​សុវត្ថិភាព​ឲ្យ​មាន​គ្រប់គ្រាន់​ទៅ​ដល់​នយោជិក។

លោក​ សុខ គីន​ បាន​មានប្រសាសន៍​ថា៖ «អ្នក​ដែល​មាន​ការ​ទទួលខុសត្រូវ​ធំ​ជាង​គេ​នៅ​ក្នុង​ករណី​នេះ​គឺ​ក្រុមហ៊ុន​សំណង់» ដោយ​បន្ថែម​ថា កម្មករ​មិនគួរ​​ត្រូវ​រង​ការ​ដាក់​​ពិន័យ​ចំពោះ​កំហុស​បច្ចេកទេស​ដោយ​អចេតនា​នោះទេ ប៉ុន្តែ​ពួកគេ​ត្រូវ​ទទួល​ការ​ព្រមាន និង​ការ​អប់រំ​ជំនួស​វិញ។

​ខេមបូចា មិន​អាច​ទាក់ទង់​សុំ​ការ​អធិប្បាយ​ពី​​​​ស្នងការ​នគរបាល​​ខេត្ត​បន្ទាយមានជ័យ​លោក អាត់ ខែម ​បាន​ទេ។

បុគ្គលិក​ផ្នែក​លក់​របស់​ក្រុមហ៊ុន The Park City ប្រចាំ​នៅ​ក្រុង​ប៉ោយប៉ែត​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ក្រុមហ៊ុន​នឹងដោះស្រាយ​ករណី​គ្រោះថ្នាក់​​ខាង​លើ​ ប៉ុន្តែ​មិន​បានដឹង​ព័ត៌មាន​លម្អិត​នោះ​ទេ។

កាល​ពី​ដើម​ឆ្នាំ​នេះ​ ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់​​បាន​ចេញ​សេចក្តី​ប្រកាស​​ទូទាំង​ប្រទេស​មួយ ​ដោយ​ដាក់​បម្រាម​លើ​សំណង់​ណា​ដែល​មិនមាន​អាជ្ញាបណ្ណ និង​ហាមឃាត់​​កម្មករ​​​សំណង់​មិន​ឲ្យ​ស្នាក់​នៅ​ការដ្ឋាន។

ការ​រីកចម្រើន​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​បាន​នាំ​​ឲ្យ​មាន​គ្រោះថ្នាក់​រហូត​ដល់​មាន​ការ​​បាត់បង់​ជីវិត​នៅ​តាម​ការដ្ឋាន​សំណង់​នានា​ចាប់តាំង​ពី​ឆ្នាំ​ ២០១៩មក។

​​​​​កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន ហេតុការណ៍​​បាក់​សំណង់​អគារ​ប្រាំពីរ​ជាន់​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ បាន​សម្លាប់​មនុស្ស​ ២៨​នាក់ និង​បង្ក​ឲ្យ​​ ២៦​នាក់​ទៀត​​រងរបួស។ អាជ្ញាធរ​បាន​និយាយ​ថា សំណង់អគារ​នោះ​មិនមាន​អាជ្ញាបណ្ណ​ត្រឹមត្រូវ ហើយ​មន្រ្តីមូលដ្ឋាន​បាន​បញ្ជា​ឲ្យ​មាន​ការ​ផ្អាក​ដំណើរការ​សាងសង់​ប៉ុន្មាន​ដង​រួច​មក​ហើយ ប៉ុន្តែ​អ្នកគ្រប់គ្រង​ការដ្ឋាន​មិន​បាន​ស្តាប់​ការ​ណែនាំ​នោះ​ទេ។ ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​នោះ​ចំនួន​ប្រាំនាក់ ​រួម​មាន​ ជនជាតិ​ចិន​ចំនួន​ ៤​នាក់ និង​ជនជាតិ​វៀតណាម​ចំនួន​មួយ​នាក់ ​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់​បី​ឆ្នាំ កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​នេះ។​

កាល​ពី​ដើម​ឆ្នាំ​នេះ​ សំណង់អគារ​ចំនួន​ប្រាំពីរ​ជាន់​មួយ​​ទៀត​បាន​បាក់​រលំ​នៅ​ក្រុង​កែប ខេត្ត​កែប ដោយ​បាន​សម្លាប់​មនុស្ស ៣៦​នាក់ ក្នុង​នោះ​រួម​មាន​កុមារ​ផងដែរ​ និង​បង្ក​ឲ្យ​២៣​នាក់​ទៀត​រងរបួស។ គ្មាន​នរណា​ផ្សេងទៀត​​ត្រូវ​បាន​ចោទប្រកាន់​តាម​ផ្លូវ​ច្បាប់​នោះ​ទេ​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​នេះ​ បន្ទាប់​ម្ចាស់​ជនជាតិ​ខ្មែរ​ពីរ​នាក់​ត្រូវ​បាន​ដោះលែង​ឲ្យ​ស្ថិត​នៅ​ក្រៅឃុំ។

​​​​​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៩ មនុស្ស​បី​នាក់​បាន​ស្លាប់ ហើយ​​ជាង​១០​នាក់​ទៀត​បាន​រងរបួស​ធ្ងន់​ បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​បាក់ព្រះវិហារ​​​​ក្នុង​​បរិវេណ​វត្ត​អារាម​មួយ​នៅ​ក្រុង​សៀមរាប​ ខេត្ត​សៀមរាប៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម