កាលពីរសៀលថ្ងៃសុក្រ ក្រុមហ៊ុនណាហ្គាវើលដ៍ បានយល់ព្រមទទួលយកតំណាងសហជីព កញ្ញា ឈឹម ស៊ីថរ ចូលធ្វើការវិញ និងតំឡើងប្រាក់ឈ្នួលចន្លោះពី ១៨ ទៅ ៣០ភាគរយដល់បុគ្គលិកទាំងអស់ បន្ទាប់ពីពួកគេធ្វើកូដកម្មអស់រយៈពេលពីរថ្ងៃ។
ការសម្រេចបែបនេះកើតឡើងបន្ទាប់ពីកិច្ចប្រជុំមួយរវាងបុគ្គលិកនិងក្រុមហ៊ុនកាលពីថ្ងៃសុក្រ ដែលមានការសម្របសម្រួលពីក្រសួងការងារនិងអាជ្ញាធរខណ្ឌចំការមន។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់បាននិយាយថា៖ «បុគ្គលិកទាំងអស់យល់ព្រមត្រឡប់ចូលធ្វើការវិញកាលពីថ្ងៃអាទិត្យ»។
លោកបានបន្ថែមថា៖ «យើងស្វាគមន៍លទ្ធផលនេះ។ ខ្ញុំគិតថា បើគ្មានសាមគ្គីភាពក្នុងចំណោមបុគ្គលិកណាហ្គាវើលដ៍ទេ ពួកគេប្រហែលជាមិនអាចសម្រេចបានលទ្ធផលនេះទេ»។
កញ្ញា ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរប្រចាំនៅក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ ត្រូវបានព្យួរការងារកាលពីខែកញ្ញា បន្ទាប់ពីកញ្ញាចេញមុខការពារសហការី បន្ទាប់ពីសហការីរូបនេះបានយកអាវយឺតដែលគេបោះពុម្ពជាផ្នែក នៃយុទ្ធនាការទាមទារការតំឡើងប្រាក់ឈ្នួលចូលទៅកាស៊ីណូនេះ។
បុគ្គលិកចាប់ផ្តើមធ្វើកូដកម្មកាលពីថ្ងៃព្រសហ្បតិ៍ទាមទារឲ្យក្រុមហ៊ុនទទួលយកតំណាងរូបនេះចូលធ្វើការងារវិញ ព្រមទាំងតំឡើងប្រាក់ឈ្នួលដល់បុគ្គលិកទាំងអស់។
រី សូវាន់ឌី ជាប្រធានក្រុមផ្នែកហ្គេមលើតុនៅណាហ្គាវើលដ៍ បានប្រាប់ខេមបូចាថា នាងនិងបុគ្គលិកដទៃទៀតដែលបានចូលរួមធ្វើកូដកម្ម ពេញចិត្តនឹងលទ្ធផលនេះ។
សូវាន់ឌី បាននិយាយថា៖ «យើងគ្រាន់តែចង់ឲ្យក្រុមហ៊ុនតំឡើងប្រាក់ខែរបស់ពួកយើង ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់យើងបានសមរម្យ»។
សាលាដំបូងរាជធានីភ្នំពេញមុននេះបានចេញដីការក្សាការពារមួយជំទាស់នឹងកូដកម្មរបស់បុគ្គលិក ជាសេចក្តីសម្រេចមួយដែលរងការរិះគន់ពីសហជីពនិងអង្គការក្រៅរដ្ឋាភិបាលចំនួន២៣ រួមទាំងអង្គការសង់ត្រាល់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការលីកាដូផងដែរ។
សេចក្តីថ្លែងការណ៍រួមបានលើកឡើងថា៖ «យើងសង្កេតឃើញថា ការការពារសណ្តាប់ធ្នាប់សាធារណៈគឺជាលេសមួយសម្រាប់ឲ្យតុលាការផ្អាកកូដកម្មដែលបុគ្គលិកសម្រេចចិត្តធ្វើដោយសេរីនេះ»។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍កាលពីថ្ងៃសុក្រថា លោកមិនចង់ឃើញបញ្ហារវាងក្រុមហ៊ុននិងបុគ្គលិកបន្តអូសបន្លាយទៀតនោះទេ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ «ក្នុងនាមអាជ្ញាធរ យើងចង់ឲ្យភាគីទាំងពីរព្រមព្រៀងជាមួយគ្នាដូច្នេះយើងសម្របសម្រួលរវាងភាគីទាំងពីរ»។ ប៉ុន្តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។
ខេមបូចាមិនអាចទាក់ទងសុំការបំភ្លឺពីតំណាងរបស់ក្រុមហ៊ុនណាហ្គាវើលដ៏បានទេកាលពីថ្ងៃសុក្រ៕