នៅឆ្នាំនេះ កម្មកររាប់ពាន់នាក់នៅរោងចក្រសម្លៀកបំពាក់ និងស្បែកជើងចំនួន១២ដែលបិទទ្វារ បានធ្វើការតវ៉ា បន្ទាប់ពីម្ចាស់រោងចក្រខកខានបង់ថ្លៃប្រាក់ខែ និងប្រាក់ឧបត្ថម្ភផ្សេងៗ ដែលរោងចក្របានជំពាក់ ខណៈការរាតត្បាតជំងឺកូវីដ១៩ ជាសាកល បានបង្កឲ្យរោងចក្រចំនួនរាប់រយផ្អាកដំណើរការ។
ក្រុមតំណាងសហជីពនិយាយថា កម្មករមួយចំនួនមិនបានទទួលប្រាក់ឈ្នួល និងសំណងផ្សេងៗពីម្ចាស់រោងចក្រ ដែលបានបិទរោងចក្រ ដោយបានប្រាប់ឲ្យដឹងមុនត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ខណៈរដ្ឋាភិបាលបានសេចក្តីប្រកាសបង្គាប់នាពេលថ្មីនេះៗ ដោយលុបចោលនូវតម្រូវការឲ្យម្ចាស់រោងចក្របំពេញនូវការបង់ថ្លៃប្រាក់ឧបត្ថម្ភមួយចំនួន។
លោក ឃុន ថារ៉ូ ប្រធានគ្រប់គ្រងកម្មវីធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) បាននិយាយថា រោងចក្រចំនួន ១២ ដែលជួលកម្មករជិត ១ម៉ឺន៥ពាន់នាក់បានបិទទ្វារ។
លោក ថារ៉ូ បាននិយាយថា៖ «រោងចក្រចំនួន១២ ក្នុងចំណោមរោងចក្រទាំងនោះត្រូវបានបិទទ្វារ ហើយរោងចក្រមួយចំនួនបានផ្តល់សំណងឲ្យកម្មករ និងរោងចក្រផ្សេងទៀតមិនបានផ្តល់ឲ្យនោះទេ។ កម្មករមួយចំនួនកំពុងបន្តការតវ៉ា»។
រោងចក្រដែលបានធ្វើបាតុកម្មស្នើសុំជំនួយប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលរួមមានរោងចក្រ Hana (Cambodia) នៅក្រុងភ្នំពេញ រោងចក្រ New Best Global Textile Co., Ltd នៅខេត្តកំពង់ស្ពឺ រោងចក្រ Dignity Knitter និងរោងចក្រ Eco Base នៅខេត្តកណ្តាល និងរោងចក្រ Thai Ya Garment នៅខេត្តកណ្តាលដូចគ្នា។
ទោះបីយ៉ាងណាក៏ដោយ តំណាងពីរោងចក្រ Hana1 និងរោងចក្រ New Best Global Textile និយាយថា រាល់ប្រាក់ជំពាក់ទៅកាន់កម្មករទាំងអស់ត្រូវបានទូទាត់សព្វគ្រប់កាលពីថ្ងៃទី១០ ខែកក្កដា ស្របពេលដែលរោងចក្រ Thai Ya និយាយថា ខ្លួនបានដោះស្រាយបញ្ហាជុំវិញការបង់ថ្លៃប្រាក់ឈ្នូលកាលពីថ្ងៃទី១៥ ខែកក្កដា។ កម្មករនៅរោងចក្រ Dignity Knitter និងរោងចក្រ Eco Base មិនទាន់ទទួលបានប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភនៅឡើយទេ។
លោក ឃុន ថារ៉ូ បានបន្តថា ហេតុផលចម្បងមួយដែលកម្មកររោងចក្រអាចនឹងបាត់ប្រាក់ឧបត្ថម្ភ គឺដោយសារតែសេចក្តីប្រកាសបង្គាប់ពីក្រសួងការងារទៅកាន់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC កាលពីខែមិថុនា ដោយលើកឡើងថា រោងចក្រដែលផ្អាកដំណើរការ ឬបិទទ្វារដោយសារវិបត្តិជំងឺកូវីដ១៩ មិនចាំបាច់ផ្តល់ប្រាក់ជូនដំណឹងដល់កម្មករ ឬសំណងផ្សេងៗទេ ដែលនេះគឺផ្ទុយពីច្បាប់ការងារ។
លោកថារ៉ូបាននិយាយថា៖ «ភាពអត់ការងារធ្វើ បាននឹងកំពុងធ្វើឲ្យកម្មករជួបបញ្ហាលំបាកខ្លាំងខាងជីវភាព។ ហើយជាពិសេស កម្មករដែលបាត់បង់ការងារ នៅពេលដែលរោងចក្ររបស់ពួកគេបិទទ្វារ ហើយម្ចាស់រោងចក្រមិនបានផ្តល់សំណងតាមច្បាប់ការងារ» ដោយបន្ថែមថា កម្មកររោងចក្រមួយចំនួនក៏កំពុងជួបប្រទះបញ្ហាចំណាយប្រចាំថ្ងៃ និងកំណើនបំណុល។
ឧទាហរណ៍មួយក្នុងចំណោមនោះគឺ ការបិទទ្វារភ្លាមៗរបស់រោងចក្រ Dignity Knitter និងរោងចក្រ Eco Base នៅខេត្តកណ្តាល ដែលកម្មករជាង ១០០០នាក់កំពុងរង់ចាំសំណងចាប់តាំងពីរោងចក្រទាំងពីរ ដែលមានម្ចាស់ដូចគ្នា បានផ្អាកដំណើរការកាលពីខែមីនា។
លោក ភីន សុភា តំណាងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ប្រចាំនៅរោងចក្រ Dignity Knitter បាននិយាយថា កម្មករមិនទទួលបានដំណោះស្រាយនោះទេ ទោះបីជាមានការសន្យាពីសំណាក់អាជ្ញាធរខេត្តក៏ដោយ។ កាលពីថ្ងៃទី១៣ ខែកក្កដា កម្មករបានដាក់ញ្ញត្តិ ស្នើសុំឲ្យរដ្ឋាភិបាលលុបចោលដីការរក្សាការពារ ដែលការពារមិនឲ្យមានការលក់គ្រឿងសម្ភារៈរោងចក្រដើម្បីបង់ថ្លៃប្រាក់ឈ្នួលឲ្យកម្មករ។
លោក សុភា បានបន្តថា កាលពីថ្ងៃទី១៧ ខែកក្កដា លោក អ៊ូ រតនា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាការដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៃក្រសួងការងារបានជូនដំណឹងលោកថា តុលាការខេត្តបានលុបចោលសេចក្តីបង្គាប់តុលាការ បន្ទាប់ពីមានបាតុកម្មកាលពីថ្ងៃទី១៣ ខែកក្កដាកន្លងទៅនេះ។ ប៉ុន្តែលោកបានលើកឡើងថា ក្រុមហ៊ុនចិនមួយទៀតបានដាក់សំណើទៅតុលាការនៅសប្តាហ៍នេះដើម្បីស្នើសុំសេចក្តីបង្គាប់ថ្មី ដោយអះអាងថា ទ្រព្យរបស់រោងចក្រគួរតែត្រូវប្រើដើម្បីបង់ថ្លៃបំណុលម្ចាស់ជំពាក់ទៅកាន់ពួកគេវិញសិន។
លោក សុភា បាននិយាយថា៖ «ករណីរោងចក្រ Dignity Knitter and Eco Base ស្មុគស្មាញណាស់ ហើយយើងរងចាំដំណោះស្រាយយូរមកហើយ។ យើងសូមស្នើរដ្ឋាភិបាល និងសម្តេច ហ៊ុន សែន ជួយអន្តរាគមន៍ដោះស្រាយបញ្ហានេះដល់កម្មករទាំងអស់ ព្រោះយើងកំពុងជួបបញ្ហាលំបាករាល់ថ្ងៃ »។
មន្រ្តីសហជីពដទៃទៀតបាននិយាយថា ខណៈមានការបោះជំហានទៅមុខនៅក្នុងការស្វែងរកដំណោះស្រាយជូនកម្មករដែលមិនទាន់ទទួលបានប្រាក់ឈ្នួល គោលដៅចម្បងគឺគួរតែធានាលើការធ្វើឲ្យប្រសើរឡើងវិញនៃវិស័យកាត់ដេរទាំងមូល។
លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បាននិយាយថា តំណាងសហជីព សមាគមសម្លៀកបំពាក់ និងស្បែកជើង និងក្រុមការងារអន្តរក្រសួងកំពុងជួបប្រជុំគ្នាដើម្បីស្វែងរកដំណោះស្រាយជូនបាតុករដែលបានតវ៉ា។
លោក សោម អូន បាននិយាយថា៖ «ឥឡូវនេះ ត្រីភាគីរួមទាំងតំណាងកម្មករ រោងចក្រ និងអន្តរក្រសួង ត្រូវចូលរួមដោះស្រាយបញ្ហានេះ ហើយរកដំណោះស្រាយឲ្យស្មើភាពមួយ» ដោយបន្ថែមថា នាពេលបច្ចុប្បន្ន មិនមានហេតុផលគ្រប់គ្រាន់ដើម្បីគោរពតាមច្បាប់ការងារទាំងស្រុងនោះទេ នៅពេលដែលរោងចក្រមួយចំនួនមិនបានដំណើរការដូចធម្មតា។
លោក សោម អូន បានបន្ថែមថា៖ «អ្វីដែលសំខាន់ត្រូវធ្វើយ៉ាងណាឲ្យវិស័យកាត់ដេរដំណើរការធម្មតាម្តងទៀត។ ដូច្នេះវាអាស្រ័យលើ ស្ថានភាពកូវីដ១៩បានធូរស្បើយដែរឬទេ។ ខ្ញុំគិតថាបញ្ហារោងចក្រកាត់ដេរគឺពិបាកជាងវិស័យផ្សេង»។
លោក អាត ធន់ ប្រធានសហភាពការងារកម្ពុជា បាននិយាយថា បញ្ហាភាគច្រើនរវាងកម្មករ និងម្ចាស់រោងចក្រកើតឡើងនៅពេលដែលម្ចាស់រោងចក្របានបិទអាជីវកម្ម ដោយមិនបានបង់ថ្លៃប្រាក់ខែ និងប្រាក់ឧបត្ថម្ភផ្សេងៗ។
លោក អាត ធន់ បានមានប្រសាសន៍ថា៖ «ភាគីរោងចក្រមិនបានទូទាត់ប្រាក់សំណងត្រឹមត្រូវ ហើយកម្មករមួយចំនួនមិនទទួលបានប្រាក់ខែនោះទេ» ដោយបន្ថែមថា រដ្ឋាភិបាលគួរតែជួយរក្សាការងារនៅក្នុងវិស័យកាត់ដេរ ដោយធានានូវប្រាក់ឧបត្ថម្ភជូនកម្មករ និងជួយសម្របសម្រួលឲ្យមានការបើករោងចក្រសារជាថ្មី។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ
លោក និន វណ្ណៈ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៃក្រសួងការងារ បានមានប្រសាសន៍ថា លោកបានធ្វើការបកស្រាយទៅកាន់កម្មករដែលបានដាក់ញ្ញត្តិនៅក្រសួងការងារថា អត្រាអ្នកបាត់បង់ការងារកំពុងតែកើនឡើងដូចគ្នានៅតាមប្រទេសមួយចំនួន ហើយបញ្ហានេះមិនមែនមានតែនៅកម្ពុជានោះទេ។
លោក វណ្ណៈ បានមានប្រសាសន៍ថា៖ «ខ្ញុំតែងតែប្រាប់ពួកគាត់ថាក្រសួងការងារមានទីភ្នាក់ងារការងារជាតិ ដូច្នេះប្រសិនបើកម្មករចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសការងារថ្មី ពួកគាត់អាចទៅក្រសួងការងារ ឬទីភ្នាក់ងារនៅក្នុងទីក្រុងភ្នំពេញ ឬតាមខេត្ត»។
លោកបានបន្ថែមថា លោកមិនបានចាំពីចំនួនរោងចក្រដែលបានដាក់ញ្ញត្តិទៅកាន់ក្រសួងការងារដើម្បីស្នើសុំឲ្យមានដំណោះស្រាយផ្នែកប្រាក់ឈ្នួលនៅឆ្នាំនេះនោះទេ។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានអំពាវនាវឲ្យកម្មករ និងម្ចាស់រោងចក្រគោរពតាមច្បាប់ការងារ។
លោក ខេន លូ បាននិយាយថា៖ «យើងសូមឲ្យកម្មករដែលទាមទារប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដោយផ្អែកតាមច្បាប់ការងារ» ដោយឲ្យជាឧទាហរណ៍អំពីកម្មករនៅរោងចក្រ Hana 1 ដែលបានស្នើសុំសំណងក្រៅពីអ្វីដែលមាននៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការងារនាពេលថ្មីៗនេះ។
លោកបានបន្ថែមថា៖ «យើងក៏បានជំរាបជូនម្ចាស់រោងចក្រទាំងអស់ថា មុនពេលដែលពួកគេបិទរោងចក្រ សូមគោរពតាមនិតិវិធីនៃច្បាប់ ហើយប្រសិនបើ យើងអាចផ្តល់ប្រាក់ដល់កម្មករ យើងគួរតែផ្តល់ជូន។ ប៉ុន្តែ ប្រសិនបើរោងចក្រក្ស័យធន សូមលក់សម្ភារក្នុងរោងចក្រដើម្បីផ្តល់សំណងដល់កម្មករ»។
យោងទៅតាមសេចក្តីថ្លែងការណ៍របស់សមាគម GMAC ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ១៩មក រោងចក្រចំនួនប្រមាណ ៤០០ នៅក្នុងវិស័យសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ធ្វើដំណើរ បានផ្អាកដំណើរការ ហើយកម្មករជាង ១សែន៥ម៉ឺននាក់បានបាត់បង់ការងារ៕