ក្រុមអង្គការសិទ្ធិមនុស្ស និងអង្គការប្រព័ន្ធផ្សព្វផ្សាយចំនួន៧៤ បានអំពាវនាវឱ្យរដ្ឋាភិបាលក្នុងបណ្តាប្រទេសអាស៊ានរួមមានទាំងកម្ពុជាផងឱ្យ «ដោះលែងអ្នកសារព័ត៌មានដែលជាប់ឃុំ» ខណៈមានការកើនឡើងនៃការភ័យខ្លាច ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងពន្ធនាគារដែលចង្អៀត។
ដឹកនាំដោយគណៈកម្មាធិការការពារអ្នកសារព័ត៌មាន(CPJ)ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ក្រុមអង្គការដែលរួមមានទាំងសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទ ដោយអំពាវនាវឱ្យ«ដោះលែងជាបន្ទាន់នូវអ្នកសារព័ត៌មានទាំងអស់ដែលកំពុងជាប់ឃុំ ដោយសារតែការបំពេញការងាររបស់ពួកគេ»។
ក្រុមអង្គការទាំងនោះបានលើកឡើងថា៖«ដោយហេតុថាអ្នកសារព័ត៌មានកំពុងជាប់ឃុំក្នុងចំនួនជាច្រើននៅតាមបណ្តាពន្ធនាគារនានាក្នុងប្រទេសនៅតំបន់អាស៊ី ពួកយើងសូមអំពាវនាវម្តងទៀតឱ្យរដ្ឋាភិបាលរបស់បណ្តាប្រទេសទាំងនោះនៅពេលនេះឱ្យយកចិត្តទុកដាក់ពីការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរលើបញ្ហាសុខភាពសាធារណៈ»។
របាយការណ៍របស់គណៈកម្មាធិការការពារអ្នកសារព័ត៌មានបានបង្ហាញថា ចាប់ពីថ្ងៃទី១ ខែធ្នូ បានរកឃើញថាអ្នកសារព័ត៌មានចំនួន៦៣នាក់ក្នុងទ្វីបអាស៊ីបានជាប់ឃុំដោយសារតែពួកគេបានបំពេញការងាររបស់ពួកគេ ដែលក្នុងនោះរួមមាន៤៨នាក់នៅប្រទេសចិន ១២នាក់នៅវៀតណាម ២នាក់នៅឥណ្ឌា និងម្នាក់នៅប្រទេសមីយ៉ាន់ម៉ា។ ចាប់តាំងពីពេលនោះរហូតដល់ថ្ងៃទី៣១ ខែមីនា ៥នាក់ក្នុងចំណោមពួកគេ ដែល៤នាក់នៅប្រទេសចិន និងម្នាក់នៅវៀតណាម ត្រូវបានដោះលែង។ ប៉ុន្តែក្នុងពេលជាមួយគ្នានោះអ្នកសារព័ត៌មានចំនួនយ៉ាងហោចណាស់៥នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ។
ក្នុងចំណោមពួកគេទាំងនោះក៏មានអ្នកសារព័ត៌មានកម្ពុជាលោក សុវណ្ណ រិទ្ធី ដែលត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នក្នុងខែនេះ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទញុះញង់ដែលលោកបានធ្វើសេចក្តីរាយការណ៍ដោយដកស្រង់ដំបូន្មានរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចំពោះអ្នករត់ម៉ូតូឌុបអំឡុងពេលមានការផ្ទុះឡើងនូវកូវីដ១៩។
សេចក្តីថ្លែងការណ៍ក៏បានលើកជាពិសេរពីករណីលោក រិទ្ធី ក៏ដូចជាបានលើកឡើងផងដែរថាអ្នកសារព័ត៌មានមិនត្រូវជាមុខសញ្ញាក្នុងការទទួលទណ្ឌកម្មធ្ងន់ធ្ងរផ្នែកសុខភាពនោះទេ ដែលក្នុងនោះរួមមានការប្រឈមនឹងសេចក្តីស្លាប់ព្រោះតែការឆ្លងកូវីដ១៩ នៅក្នុងពន្ធនាគារដែលចង្អៀតដូចក្នុងប្រទេសកម្ពុជា ដោយសារតែពួកគេបំពេញការងាររបស់ពួកគេនោះទេ។
ក្រុមអង្គការទាំងនោះបានអំពាវនាវបន្តថា៖«យើងជំរុញឱ្យរដ្ឋាភិបាលលោក លោកស្រី ដោះលែងអ្នកសារព័ត៌មានដែលកំពុងជាប់ឃុំ ក្នុងប្រទេសរបស់អស់លោក លោកស្រី ក៏ដូចជាការពារសារព័ត៌មាន និងលំហូរព័ត៌មានដោយសេរីក្នុងកាលៈទេសៈដ៏សំខាន់នេះ»។
ខេមបូចា មិនអាចទាក់ទងសុំការអត្ថាធិប្បាយពី ឈឹម ធីតា ប្រធានពន្ធនាគារPJ ដែលកំពុងឃុំខ្លួនលោក រិទ្ធី បានទេ។ ទោះយ៉ាងណាក៏ដោយ ប្រធានរដ្ឋបាលពន្ធនាគារPJ លោក យឿន ថានរ័ត្ន បាននិយាយថាលោកលោករិទ្ធីមិនមានបញ្ហាសុខភាពអ្វីនោះឡើយ។
លោកប្រាប់ថា៖«សុខភាព សុវណ្ណ រិទ្ធី គឺល្អទេ។ ប្រសិនបើគាត់ឈឺ ពន្ធនាគារនឹងយកគាត់ទៅពេទ្យហើយ»។
លោក ចាន់ គឹមសេង ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បាននិយាយថាសុខភាពរបស់លោករិទ្ធី មិនមានបញ្ហាអ្វីទេ ហើយគាត់ក៏មិនមានសញ្ញាណាមួយថាឈឺដែរ។ លោកបានបន្ថែមថាលោកអាចដោះលែងអ្នកសារព័ត៌មានរូបនោះបានដរាបណាមានការបញ្ជាពីតុលាការ។
លោក បានថ្លែងថា៖«វាអាស្រ័យលើតុលាការ និងថាតើពួកគាត់សម្រេចបែបណាចំពោះករណីគាត់»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានលើកឡើងថាសំណើរបស់ក្រុមអង្គការទាំង៧៣ ឱ្យដោះលែង លោក រិទ្ធី ករណីយកសម្រង់សម្តីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន មករាយការណ៍ មិនសមស្របនឹងច្បាប់នោះទេ។
លោកបានលើកឡើងថា៖«សំណើនេះមិនសមស្របនឹងច្បាប់កម្ពុជានោះទេ ព្រោះថាករណីសុវណ្ណ រិទ្ធី ស្ថិតនៅក្នុងដំណើរការតុលាការ» ដោយពន្យល់បន្ថែមថាលោកគិតថាគណៈកម្មាធិការការពារអ្នកសារព័ត៌មានគួរតែអប់រំអ្នកសារព័ត៌មានឱ្យមានវិជ្ជាជីវៈជាងនេះ ទើបវាមានប្រយោជន៍ជាង។
លោកបានថ្លែងថា៖«ខ្ញុំស្នើឱ្យអ្នកសារព័ត៌មានទាំងអស់គោរពវិជ្ជាជីវៈរបស់ពួកគេ ក៏ដូចជាច្បាប់កម្ពុជា ព្រោះថាមិនមែនត្រឹមតែពេលមានជំងឺកូវីដ១៩ ឬក្រៅពីពេលមានកូវីដ១៩នោះទេ អាជ្ញាធរតែងតែចាត់វិធានការទៅតាមច្បាប់»។
ប្រធានផ្នែកអង្កេតនៃអង្គការសិទ្ធិមនុស្សអាដហុក លោក នី សុខា បានលើកឡើងថាផលប៉ះពាល់នៃការឃុំខ្លួនអ្នកសារព័ត៌មានដូចករណីលោករិទ្ធីដែលគ្រាន់តែរាយការណ៍ព័ត៌មានតាមធម្មតាអាចនឹងមានឥទ្ធិពលទៅលើអ្នកសារព័ត៌មានផ្សេងទៀត នៅពេលដែលពួកគេពិចារណាពីការធ្វើសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងកូវីដ១៩។
លោក សុខា បាននិយាយថា៖«យើងជំរុញ ហើយជំរុញទៀតដល់រដ្ឋាភិបាល សូមមេត្តាដោះលែងពួកគេ រួមទាំងអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនដីធ្លី» ដោយបន្ថែមទៀតថាប្រសិនមន្រ្តីរដ្ឋាភិបាលមិនសប្បាយចិត្តជុំវិញសេចក្តីរាយការណ៍ណាមួយរបស់អ្នកសារព័ត៌មាន អាចប្រាប់ពួកគេឱ្យកែតម្រូវកំហុសរបស់ពួកគេបាន។
លោកបន្ថែមថាបើធ្វើបានដូច្នេះលំហូរសេរីភាពសារព័ត៌មាននឹងមានកាន់តែច្រើន។
លោកបាននិយាយទៀតថា៖«ប្រសិនបើពួកគាត់នៅតែធ្វើ វានឹងធ្វើឱ្យអ្នកកាសែតខ្លាច និងបាក់ស្មារតី»៕