សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ទោះប្រាក់ខែទាប កម្មករកាត់ដេរខ្លះត្រូវបង្ខំចិត្តមកធ្វើការដោយប្រើកម្លាំងខ្លាំង

កម្មករសំណង់ជាស្រ្តីពីរនាក់រុញរទេះនៅការដ្ឋានមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែតុលា។ (បញ្ញា ឆព័ណ្ណ)

មាន​ពាក់មួកសុវត្ថិភាព និង​ពាក់​អាវក្រៅពណ៌ទឹក​ក្រូចភ្លឺ​ ដែល​ប្រើ​សម្រាប់​កម្មករ​សំណង់ ថា ស្រីរ័ត្ន មិនមែន​ជា​នារីតែ​ម្នាក់​ទេ​ដែល​បាន​ដើរ​ចេញពី​កាដ្ឋាន​សំណង់​មួយ​នៅ​ក្បែរ​វត្ត​ភ្នំ កាលពី​ថ្ងៃទី​១ ខែ​តុលា​។ ស្រីរ័ត្ន ជា​នារី​ម្នាក់​ ក្នុង​ចំណោម​នារីជាកម្មករ​ជាច្រើន​​នាក់​ផ្សេង​ទៀត​ ដែល​កំពុង​ធ្វើការ​ជា​កម្មករ​ក្នុងការដ្ឋានសំណង់​។ ការងារ​ជា​កម្មករ​សំណង់​ពីមុន​ភាគច្រើន​ជា​បុរស តែ​នៅ​ឆ្នាំ​នេះវត្ត​មាន​របស់​កម្មករ​ស្រីៗ​ក៏មាន​ការ​កើន​ឡើង​ដែរ​។​

ស្រីរ័ត្ន មាន​អាយុ​ ២៦ឆ្នាំ បាន​ចាប់​ផ្ដើម​ធ្វើការជាកម្មករ​សំណង់បន្ទាប់ពី​នាង​ត្រូវ​បញ្ចប់​កិច្ច​សន្យា​ការងារ​ពី​រោងចក្រ​ដេរស្បែក​ជើង​មួយ​កន្លែង​ក្នុង​ខេត្ត​កណ្ដាល នៅ​ពេល​រោងចក្ររបស់​នាង ក៏​ដូចជា​រោងចក្រ​ផ្សេងទៀត​នៅ​ក្នុង​ប្រទេស​បាន​ផ្អាក​ដំណើរ​ការ ដោយសារ​វិបត្តិ​កូវីដ១៩។​

​ស្រីរ័ត្ន និយាយថា៖ «កិច្ច​សន្យាការងារ​ខ្ញុំ​នៅ​រោងចក្រ​ដេរ​ស្បែកជើង​​ត្រូវ​បាន​បញ្ចប់កាលពី​ខែ​មីនា អំឡុងពេល​ដែល​មា​នការរាលដាល​វីរុស​កូរ៉ូណា ហើយ​ខ្ញុំ​ក៏បាន​ត្រឡប់ទៅ​សម្រាក​នៅ​ផ្ទះអស់ជា​ច្រើន​ខែ»។  ក្រោយ​មក​ទៀត នាង​រកបាន​ការងារ​ជា​កម្មករ​សំណង់​នៅ​ការ​ដ្ឋាន​សំណង់​មួយតាម​បណ្ដោយ​វិថីព្រះសីសុវត្ថិ ជិត​វត្ត​ភ្នំ ក្នុង​ខណ្ឌ​ដូន​ពេញ។​

ស្រីរ័ត្ន រៀប​រាប់​បន្តថា៖ «ខ្ញុំ​បាន​មក​ធ្វើការ​នៅ​ក្នុង​ការ​ដ្ឋាន​សំណង់​នេះកាលពី​មួយ​ខែ​មុន ព្រោះ​ខ្ញុំ​ត្រូវ​ការ​ប្រាក់​ដើម្បី​ផ្គត់​ផ្គង់​កូនស្រី​អាយុ​ ៩​ឆ្នាំ និង​គ្រូសារ​របស់​ខ្ញុំ»។ ស្រី​រ័ត្ន​បន្ថែម​ថា ប្អូន​ស្រី​របស់​នាង​ក៏​បាន​មក​ធ្វើ​ការ​នៅ​ក្នុង​ការដ្ឋាន​សំណង់នេះ​ជាមួយ​គ្នា​ដែរ ដោយ​អ្នក​ទាំង​ពីរ​ធ្វើការជាអ្នក​អនាម័យ។​​

ស្រីរ័ត្ន ឲ្យ​ដឹង​ទៀតថា៖ «​ទាំង​ខ្ញុំ​និង​ប្អូនស្រី​សម្រេច​ចិត្ត​មក​ធ្វើ​ការ​នៅ​ទី​នេះ ព្រោះ​ពួក​យើង​មិន​អាច​រក​ការងារ​នៅរោងចក្រកាត់ដេរ ឬដេរស្បែក​ជើង​ណា​ផ្សេង​បាន»។ ស្រី​រ័ត្ន​បន្តថា នាង​ចង់ធ្វើការ​នៅ​រោងចក្រជាង​ព្រោះថា​កម្មករ​សំណង់​មិនមាន​បន្ថែមប្រាក់​អត្ថប្រយោជន៍អ្វីទេ ហើយ​ក៏​មិន​មាន​ការ​កំណត់​ប្រាក់ឈ្នួល​គោល​ដែរ។​

កម្មករជា​ស្រ្តី​កំពុង​រើឈើ និងដែក​​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​នៅភ្នំពេញ កាលពីថ្ងៃទី១ ខែតុលា។ (បញ្ញា ឆព័ណ្ណ)

បើ​តាម​ ស្រី​រ័ត្ន ថ្វីដ្បិត​ថា​ការងារ​ជាកម្មករ​សំណង់​មិនសូវ​មាន​សម្ពាធ​ដូច​ការងារ​នៅ​រោង​ចក្រ​ ដែល​នាង​បាន​ធ្វើ​ពីរ​ឆ្នាំកន្លងទៅ ក៏ពិត​មែន តែថា​ប្រាក់ខែ​ដែល​ទទួល​បាន​ក៏​ខុស​គ្នា​ច្រើន​ដែរ។​

ស្រ្តី​វ័យ​ ២៦​ឆ្នាំ ខាង​លើ​ឲ្យ​ដឹង​ទៀតថា៖ «សម្រាប់​ស្រីៗ  ការងារ​​នៅ​ការដ្ឋាន​សំណង់ គឺមិន​ខុស​គ្នា​អ្វី​ពី​នៅ​រោង​ចក្រ​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​និយាយ​ពី​ប្រាក់ខែ​វិញ​គឺ​ខុស​គ្នា»

នាង​បន្ត​ថា៖ «​ខ្ញុំ​ធ្វើ​ការជាកម្មករ​សំណង់​បាន​ប្រាក់ខែ​តែ១៥០ទៅ​២០០​ដុល្លារ​ក្នុង​មួយ​ខែ ប៉ុន្តែ​កាលធ្វើ​ការ[​នៅ​រោង​ចក្រ] ​ខ្ញុំទទួល​បាន​ប្រាក់ខែ​ពី២០០​ ទៅ​៣០០ដុល្លារក្នុង​មួយ​ខែ»។​​

លោក ឃុន​ ថារ៉ូ អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃអង្គការ​សង់ត្រាល់ បាន​ឲ្យ​ដឹងថា​ជា​ធម្មតា​វិស័យ​សំណង់នៅ​កម្ពុជា​ផ្ដល់​ការងារ​ដល់​កម្មករ​ប្រមាណជា​ពីរ​សែន​នាក់ ប៉ុន្តែ​ចំនួន​នេះ​​បាន​ធ្លាក់​ចុះបន្តិច​នៅ​ឆ្នាំនេះ ដោយ​សារ​ការដ្ឋាន​សំណង់​មួយ​ចំនួន​ក៏​បាន​ផ្អាក​ដំណើរ​ការ​ដែរ។ លោក​បន្ថែម​ថា កម្មករ​ជា​ស្រ្តី​មាន​ប្រ​ហែល​ជា​៣៥​ភាគរយ ហើយជា​ធម្មតា​ស្រីៗ​មិន​សូវ​ធ្វើ​កិច្ច​ការណាគ្រោះថ្នាក់ទេ​ទេ គឺ​ច្រើនធ្វើជា​អ្នក​អនាម័យ លាយ​ស៊ីម៉ងត៍ សែងស៊ីម៉ងត៍ និង​ជញ្ជូន​ឥដ្ឋ​ជា​ដើម​។​

លោក​បន្ថែមថា៖ «ជា​ទូទៅ​វិស័យ​សំណង់​មានការ​រើស​អើសច្រើន​លើ​កម្មករ​ជា​ស្រ្តី ទោះបីជា​ស្រ្តី​រូប​នោះ​មាន​ជំនាញ​ក៏​ដោយ ហើយ​មេការ និង​ប្រធាន​គ្រប់​គ្រង​ការ​ដ្ឋាន​ក៏​មិន​សូវ​ផ្ដល់​ឱកាស​ឲ្យ​ស្រ្តីៗបង្ហាញពីជំនាញ​របស់​គាត់​​ដែរ»។ លោក​ថា ចំពោះ​កម្មករ​ស្រ្តី​ណា​មាន​ផ្ទៃ​ពោះ​នឹង​ត្រូវ​បញ្ឈប់​ពីការ​ងារ​​ភ្លាមៗ​ដែរ។​

​​

លោក ម៉ម ឈុនណាង វ័យ​៣០​ឆ្នាំ ជា​ប្រធាន​ផ្នែក​គ្រប់​គ្រង​សុវត្ថិភាព​នៅ​ការដ្ឋាន​អាគារ​១១​ជាន់ ដែល​ស្រី​រ័ត្ន​ កំពុង​ធ្វើ​ការ​បា​ន​ឲ្យ​ដឹង​ដែរថា នៅ​ការដ្ឋាន​នេះមាន​កម្មករ​សរុប​៥០០​នាក់ និង​មាន​កម្មករ​ជា​ស្រ្តីប្រហែល​២០០​នាក់។

ស្រ្តី​ជាកម្មករ​សំណង់ជា​ច្រើន​បាន​ប្រាប់​លោក​ថា​ពួក​គេជា​អ្នក​រង​គ្រោះពីការ​ព្យួរការងារ​នៅ​រោចក្រ​កាលពី​ដើម​ឆ្នាំ​នេះ ដោយសារ​តែ​បញ្ហា​កូវីដ​១៩។​

​​លោក​ឲ្យដឹងទៀតថា៖ «ចំនួន​កម្មករ​សំណង់​ជា​ស្រ្តី​បាន​កើន​ក្នុង​អំឡុង​វិបត្តិកូវីដ​១៩ នេះ ព្រោះ​ថា​រោងចក្រ​ជាច្រើន​បាន​បិទ និង​មាន​កម្មករ​ខ្លះ​ត្រូវ​បញ្ចប់កិច្ច​សន្យា​ការងារ។​

​​លោក​ថា​ទោះ​បី​ជាអ្នក​ខ្លះដែល​​មិន​សូវ​ដឹង​​ច្បាស់​ពី​ការងារ​ក្នុង​វិស័យសំណង់ យល់​ថា​ការងារនេះ​ពិបាក​ខ្លាំងសម្រាប់​ស្រីៗ តែ​​ការងារ​នេះ​មិន​សូវ​មាន​សម្ពាធ​ពី​ថ្នាក់​លើ​ដូច​នៅ​រោង​ចក្រ​នោះទេ។ យ៉ាងណា លោក ឈុនណាង ថា​ លោក​សម្គាល់ឃើញ​ថា​អ្នក​ទើប​ចូលធ្វើការ​ថ្មី​ភាគ​ច្រើន​ចង់ទៅ​ធ្វើ​ការ​នៅ​រោងចក្រ​ជាង។

ម៉ាច កញ្ញា វ័យ​ ២៣ឆ្នាំ ​និយាយថា​នាង​បានធ្វើការ​នៅ​រោង​ចក្រ​កាត់ដេរភ្នំពេញ​អស់​រយៈពេល​ប្រាំ​ឆ្នាំ ប៉ុន្តែ​នាង​បាន​ឈប់​ពី​ការងារ​នេះ​កាលពី​ខែ​មេសា ដោយ​សារតែ​រោងចក្រ​បាន​ផ្អាក​ដំណើរ​​ការ។ ជំនួស​មក​វិញ កញ្ញា ត្រូវ​មក​ធ្វើ​ការ​ប្រើកម្លាំង​ខ្លាំងជាងមុន​នៅ​ឡឥដ្ឋ​មួយ​កន្លែង​ក្នុងស្រុក​មុខកំពូល ខេត្ត​កណ្ដាល។​

កញ្ញា ឲ្យ​ដឹងថា៖ «ខ្ញុំ​ពេញ​ចិត្ត​នឹង​ការងារ​នៅ​រោងចក្រ ជាងការងារ​នៅឡឥដ្ឋ ព្រោះ​នៅ​រោងចក្រ​មាន​ផ្ដល់​អត្ថបប្រ​យោជន៍​ផ្សេង​ៗ​ច្រើន ហើយ​ការងារ​នៅ​រោងចក្រ​ក៏​បាន​ប្រាក់ខែ​ខ្ពស់​ជា​ង ប្រាក់ខែនៅ​ឡឥដ្ឋដែរ»។​

ប្រធានសហភាពការងារកម្ពុជា(CLC) លោក អាត់ ធន់ បាន​និយាយ​ថា​ដរាបណា​វិបត្តិ​កូវីដ​១៩​នៅ​តែ​បន្ត នោះ​ការ​បាត់បង់​ការងារ​របស់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​នឹង​នៅ​តែ​បន្ត​កើន​ឡើង។​

លោកថា៖ «នៅ​ពេល​ដែល​ពួកគាត់​បាត់​បង់ការងារ ហើយ​មិ​នអាច​រក​ការងារ​នៅ​រោង​ចក្រ​ផ្សេង​បាន ពួកគាត់​នឹង​រក​ការងារ​ក្នុង​វិស័យ​ផ្សេង​វិញ ដូចជា​វិស័យសំណង់ជា​ដើម។ ជា​ធម្មតា ការងារ​ក្នុង​វិស័យ​មួយ​ចំនួន​មិន​ជាប់​លាប់​នោះទេ ហើយ​ពេល​ខ្លះ​ប្រព័ន្ធ​គ្រប់​គ្រង​ក៏មិន​ច្បាស់​លាស់​ទៀត ហើយ​កម្មករ​ក៏​បាត់​បង់​ផល​ប្រយោជន៍​ផ្សេងៗ»។​

លោក​បន្តថា នៅ​ពេល​ថ្មីៗនេះ​កម្មករ​កាត់ដេរ​ដែល​បាត់បង់ការងារ បាន​ប្ដូរ​មក​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម និង​សំណង់​វិញ។​

លោក អាត់ ធន់ បន្ថែមថា៖ «ខ្ញុំ​គិត​ថា​ដើម្បី​ឲ្យ​ពួកគាត់​មានការងារ​ជាប់លាប់​វិញ អ្វីយើង​ត្រូវ​ធ្វើ គឺ​រដ្ឋាភិបាល​​ត្រូវ​ធ្វើ​ម៉េចត្រូវ​​យក​ប្រ​ព័ន្ធ​អនុគ្រោះព័ន្ធ EBA ឲ្យ​បាន​ពេញ​លេញ​មក​វិញ»

លោក​ឲ្យ​ដឹង​ទៀត​ថារដ្ឋា​ភិបាល​ក៏​ត្រូវ​តែ​ពិនិត្យ​មើល​រោងចក្រទាំង​អស់​ដែល​បិទ​នៅ​ឆ្នាំនេះ​ដែរ ព្រោះវា​​មិន​ច្បាស់ថារោងចក្រណា​បាន​ប្រើ​លេស​កូវីដ​១៩ ដើម្បី​បិទ​រោងចក្រ ស្រប​ពេល​ដែល​រោងចក្រ​ខ្លួន​​មិន​មាន​លទ្ធភាព​បើក​ប្រាក់ខែឲ្យ​កម្មករ។​

បើ​តាម​របាយការណ៍ក្រសួង​ការងារ​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៦ ខែ​សីហា រោងចក្រ​ចំនួន​៤៩១ បាន​ផ្អាក​ដំណើរ​ការ​នៅ​ឆ្នាំនេះ ហើយមាន​កម្មករ​ជាង​២៩០ ០០០ នាក់ ក្នុង​នោះប្រហែល​២៤០ ០០០ នាក់ជានារី ត្រូវ​អត់ការងារ​ធ្វើ។​

អ្នកនាំពាក្យ​ក្រ​សួង​ការងារ លោក ហេង សួរ មិន​អាចទាក់ទងសុំការ​អត្ថាធិប្បាយណាមួយ​បាន​ទេនៅថ្ងៃទី២ ខែតុលា នេះ។​

ប្រធាន​សហព័ន្ធ​សហជីពកម្មករសំណង់ និងព្រៃ​ឈើកម្ពុជា លោក សុខ គីន បាន​ឲ្យដឹងថា​ចំនួន​ស្រ្តី​ធ្វើ​ជាកម្មករ​សំណង់​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅ​ឆ្នាំនេះ។​

លោកថា៖ «ថ្មីៗនេះ ខ្ញុំ​បាន​ឃើញ​កម្មករ​កាត់​ដេរ​ជាច្រើន​ទៅ​ធ្វើការ​ក្នុង​វិស័យ​សំណង់​បន្ទាប់​ពី​រោងចក្រ​មួយចំនួន​​បាន​បិទ និង​ខ្លះ​មិន​បាន​បន្ត​កិច្ច​សន្យា​ការងារ»។​

ក្រៅតែ​ពីប្រាក់ខែ​ទាប និង​មិនមានអត្ថប្រយោជន៍​ផ្សេងទៀត លោក​ថា ស្តង់ដា​សុវត្ថិភាព​ក្នុង​វិស័យ​សំណង់​ក៏​ពិបាក​តាម​ដាន​ដូច​គ្នា។​

​លោក សុខ គីន បន្ថែមថា៖ «ការងារសំណង់​គឺ​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង ហើយ​ការដ្ឋាន​ខ្លះ​មាន​កម្ពស់​ខ្ពស់ និង​គ្រោះថ្នាក់​ណាស់ ប្រសិន​បើ​ពួកគេធ្វើការ​មិន​ប្រ​យ័ត្ន ពួកគេ​នឹង​អាច​មានគ្រោះ​ថ្នាក់ និង​អាច​បាត់​បង់ជីវិត​ទៀត​ផង»។

លោក សុខ គីន សង្ឃឹម​ថា​ទំនោថ្មីងាក​ពីវិស័យ​កាត់​ដេរ​ទៅ​រកការងារ​សំណង់​នេះ នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ និង​ពង្រឹង​ស្ដង់ដា​សុវ​ត្ថិភាព ព្រម​ទាំង​ពិចារណា​កំណត់​ប្រាក់ឈ្នួល​គោល​អប្បបរមា​សម្រាប់​វិស័យ​នេះ​ដែរ។​

​លោក​បន្ថែមថា៖  «​រដ្ឋាភិបាល​គួរពិនិត្យ​លើ​ប្រាក់ឈ្នួល​គោល​អប្បបរមា ព្រោះ​ប្រសិនជាមាន​ប្រាក់​ឈ្នួល​គោលអប្បបរមា ពួកគេ​នឹង​មាន​គោលការណ៍ណែនាំច្បាស់​លាស់ ដើម្បី​កំណត់​ប្រាក់​ឈ្នួល​ប្រ​ចាំ​ថ្ងៃ​សម្រាប់​កម្មករ»។​

ចំណែក លោក ថារ៉ូ ខាង​អង្គការ​សង់ត្រាល់​វិញបាននិយាយថា​ ចំនួន​កម្មករ​កាត់​ដេរ​ដែល​បាន​ចូល​ទៅ​បម្រើការ​ក្នុង​វិស័យ​សំណង់​គឺមាន​ចំនួន​តិច បើ​ប្រៀប​ធៀប​ទៅ​នឹង​ចំនួន​កម្មករ​ដែល​បាន​វិល​ទៅ​ស្រុក​កំណើត​ធ្វើ​ស្រែ​ចម្ការ​វិញ បន្ទាប់ពី​កិច្ច​សន្យាការងារ​បាន​បញ្ចប់។​

យ៉ាងណា​ លោក កត់សម្គាល់​ឃើញ​ថា វា​ពិបាក​បន្តិច​សម្រាប់កម្មករ​កាត់ដេរ​ដែល​ត្រូវ​ប្ដូរ​មកធ្វើ​ការងារ​ថ្មី​ ព្រោះ​ថា​ពួកគេ​កន្លង​មក​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ជំនាញ​តែ​មួយ​មុខ​ ដូច​នេះ​ពួកគាត់មាន​ជម្រើស​តិច​តួចណាស់ ហើយ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ទទួលយក​ការងារផ្សេង ដូច​ជាការងារ​​សំណង់​មាន​ប្រាក់ឈ្នួលទាប​នោះទេ។​

លោកបញ្ជាក់ថា៖ «វាជាឧបសគ្គ​មួយ​សម្រាប់​កម្មករ​កាត់ដេរ ពេល​ដែល​ត្រូវ​ប្ដូរ​ទៅធ្វើការងារ​ផ្សេង ព្រោះថា​ពួកគាត់​​មិនមែនជា​កម្មករ​ជំនាញ»។

លោក ថារ៉ូ ថា​បើ​តាមតួលេខ​របស់សង់តត្រាល់ រោងចក្រ​ចំនួន​១៨០​នៅ​បន្ត​ផ្អាក​ដំណើរ​ការ​នៅ​ឡើង​ក្នុង​ខែ​សីហា ហើយ​បាន​ប៉ះពាល់​ដល់​កម្មករ​រាប់​ម៉ឺន​នាក់។​

លោក​បន្ថែម​ថា៖ «បើ​តាម​តួលេខ​ដែល​សង់ត្រាល់​ទទួលបាន រោងចក្រ​ប្រហែល​២០​បាន​បិទទ្វារ ប៉ះពាល់​ដល់​កម្មករ​ជិត​៤០ ០០០​នាក់»។

លោកថា​បើ​សិនជាបញ្ហា​ជំងឺកូវីដ១៩ នៅតែ​មាន​លើ​ពិភព​លោក វិស័យ​កាត់​ដេរ​នឹង​មិន​អាច​ដំណើរការ​ឡើង​វិញ​បាន​ល្អឆាប់​ៗនេះទេ។

លោក​បន្តថា៖ «ក្នុង​ពេល​ជាមួយ​គ្នា​នេះដែរ ឱកាសការងារ​ផ្សេងៗទៀត​ក៏​ធ្លាក់ចុះ​ដែរ»។ ត្រង់ចំណុចនេះ​លោក​ ថារ៉ូ សំដៅ​ដល់​វិស័យទេសចរណ៍ និង​ការ​បិទ​ការដ្ឋាន​សំណង់​មួយ​ចំនួន​ទៀត។​

លោក​ ថារ៉ូ ឲ្យ​ដឹងថា​ បើ​តាម​សមាគម​អ្នក​សាង​សង់​​កម្ពុជា កម្មករ​សំណង់​ប្រមាណជា​៩០ ០០០​នាក់​ក៏​បានបាត់​បង់​ការ​ងារ​​អំឡុង​វិបត្តិ​កូវីដ​១៩ នេះដែរ។​

​លោក ថារ៉ូបញ្ជាក់ថា​៖ «កម្មករកាត់​ដេរ​ដែលបាត់បង់ការងារ​ មិន​អាច​រក​ការងារ​មានលក្ខខណ្ឌ​ប្រសើរទេ ព្រោះថា​វិស័យ​សំណង់​មិន​មាន​ការ​ផ្ដល់​របប​​បេឡាសន្ដិសុខ​សង្គម និងមានការ​កំណត់​​ប្រាក់ឈ្នួលគោល​អប្បបរមា ដូច​វិស័យ​កាត់ដេរ​នោះទេ»។

លោក​បន្តថា៖ «​ជា​ពិសេស​ គឺ​សុវត្ថិភាពផ្នែក​សុខភាព​ពេល​បំពេញ​ការងារគឺមានការ​ប្រ​ឈម​ខ្លាំង ហើយ​ស្រ្តី​ធ្វើការ​ក្នុង​វិស័យ​នេះ​ក៏​គ្រោះ​ថ្នាក់​ចំពោះ​អំពើ​បៀតបៀន​ផ្លូវ​ភេទ និង​មិន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ពេល​សម្រាល​កូន​ដែរ»។​

អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា(GMAC) លោក កាំង មូនីកា មាន​ប្រសាសន៍ថា​រោងចក្រ​កាត់​ដេរ​មិន​ជួប​បញ្ហា​ខ្វះ​វត្ថុធាតុ​ដើមសម្រាប់​ផលិត​កម្ម​​ទៀតទេ ហើយ​ថា​ការ​បញ្ជា​ទិញ​ក៏​ចាប់​ផ្ដើម​កើន​​​បន្តិច​ដែរ​តាំង​ពីដើម​ឆ្នាំ។​

លោក​ថា៖ «​ឥឡូវ​នេះ​ស្ថានភាព​រោងចក្រ​កាត់ដេរ​ចាប់​ផ្ដើម​ល្អ​ឡើង​វិញ​បន្តិច​​ហើយ»។ លោក​បន្ថែមថា គ្មាន​វិធី​ណាមួយ​​ថា​មិន​អាច​ឲ្យ​គ្មាន​ការ​បាត់​បង់ការងារ​ក្នុង​វិស័យ​នេះដែរ។​

លោក មូនីកា ឲ្យ​ដឹងទៀតថា ខាង​ GMAC បានដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អឺរ៉ុប​ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​សហភា​ពអឺរ៉ុប​ ដោយ​ស្នើឲ្យ​មាន​ការ​ពិចារណា​ឡើង​វិញ​លើការ​ព្យួរ​ផ្នែក​ខ្លះ​របស់​ប្រព័ន្ធ​អនុគ្រោះពន្ធ​លើ​កម្ពុជា។ លោក​ថា តុលាការយុត្តិធម៌​អឺរ៉ុប​កំពុង​ដំណើរការ​សំណុំរឿង​នេះ​ហើយ។​

​លោក​បន្ថែមថា៖ «មន្ត្រី​បាន​ទទួល​បណ្ដឹង​របស់​យើង​រួច​ហើយ ហើយ​តុលាការបាន​ចាប់​ផ្ដើម​នីតិវិធី​ហើយ​ដែរ»។ យ៉ាងណាលោក​ថា លោក​មិន​ដឹង​ថា​តើ​វា​នឹង​ត្រូវ​ចំណាយពេលយូរ​ប៉ុន​ណា​ សម្រាប់​ឲ្យ​តុលាការ​សម្រេច​លើរឿង​នេះទេ។​

​លោក មូនីកា  បន្ថែមទៀតថា៖ «យើង​បាន​ព្យាយាម​អស់ពី​សមត្ថភាព​ហើយ ព្រោះ​នេះ​ជា​កន្លែង​ចុង​ក្រោយ​សម្រាប់​ពួក​យើង​ ដើម្បី​បានការ​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​របស់​សមាជិកយើង​»។

​ ងាក​មក​ ស្រី​រ័ត្ន វិញនាង​សង្ឃឹម​ថា​រោង​ចក្រ​នឹង​អាច​រក​ផ្លូវ​ដំណើរការ​ឡើង​វិញ​បាន ដូច​នេះ​នាង​នឹង​អាច​បាន​ត្រឡប់​មក​ធ្វើការ​ដូច​ដើម​វិញ។

​ស្រីរ័ត្ន បានបន្ថែមថា៖ «ខ្ញុំ​សំណូមពរ [រដ្ឋាភិបាល] ជួយ​រោងចក្រកាត់​ដេរ​ឲ្យ​ចាប់​ផ្ដើម​ដំណើរ​ការ​ឡើង​វិញ ព្រោះ​ស្រ្តី​ធ្វើ​ការ​នៅ​រោងចក្រ​បាន​ទទួល​ផល​ប្រ​យោជន៍​ផ្សេងៗ​ច្រើ​នជាង​នៅ​វិស័យ​ផ្សេង»

248 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម